ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អ៊ិស្លាម​ពីរ​ភូមិ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ​​ប្រតិបត្តិ​មិន​ត្រឹម​ត្រូវ​តាម​សាសនា


ប្រជាជន​ខ្មែរ​អ៊ិស្លាម​នៅ​ក្នុង​ភូមិ​ជាប់​គ្នា​ចំនួន​ពីរ​ក្នុង​ខេត្ត​ព្រះ​សីហនុ​មាន​ជំនឿ​និង​ការ​ប្រតិបត្តិ​ខុស​គ្នា​ ក្នុង​សាសនា​អ៊ិស្លាម​តែ​មួយ។ ​ក្រុម​អ្នក​ភូមិ​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​កំហុស​នៃ​ការ​ប្រតិបត្តិ​សាសនា​នេះ។

លោក ​ពេជ្រ​ សំណាង ​រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ពី​ខេត្ត​ព្រះ​សីហនុ​ជូន​ដូច​ត​ទៅ៖

លោក​ឌិន ណុះ ​ដែល​ស្លៀក​សារ៉ុង​សូត្រ​មាន​ឆ្នូត​ពណ៌​បៃតង​លាយ​ស​ ហើយ​លែង​ខ្លួន​ទទេ​ កំពុង​សម្រាន្ត​លេង​នៅ​លើ​ប៉ៅ​អ៊ី​បត់​ក្រោម​សំយាប​ខាង​មុខ​ផ្ទះ​របស់​លោក​ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​វិហារ​អ៊ិស្លាម​ថ្មី​មួយ​ក្នុង​ភូមិ​បន្ទាយ​ប្រិយ ​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះសីហនុ។

ថ្វី​ត្បិត​តែ​រស់​នៅ​ជាប់​នឹង​របង​វិហារ​អ៊ិស្លាម​ថ្មី​នេះ​ក៏​ដោយ ​ក៏​បុរស​ចាម​វ័យ​៧៦​ឆ្នាំ​រូប​នេះ​មិន​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​ថ្មី​នេះ​ទេ ​ដោយ​លោក​សុខ​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​ទៅ​ភូមិ​មួយ​ទៀត​គឺ​ភូមិ​អូរត្រាវ​ ចម្ងាយ​ប្រមាណ​១គ.ម​ ពី​ផ្ទះ​របស់​លោក​ដើម្បី​ទៅ​ថ្វាយ​បង្គំ​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ​នៅ​ឯ​វិហារ​ចាស់​ក្នុង​ភូមិ​នោះ​វិញ។

លោក​ឌិន ណុះ​ ពន្យល់​ថា​ ​វិហារ​ថ្មី​នេះ​គឺ​សម្រាប់​តែ​អ្នកកាន់​សាសនា​អ៊ិស្លាម​ដែល​លោក​ហៅ​ថា​ ជា​"ក្រុមថ្មី"​ដែល​មាន​ជំនឿ​និង​ការ​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​ខុស​ពី​ការ​ប្រតិបត្តិ​តាម​ទំនៀម​ទម្លាប់​របស់​លោក​តាំង​ពី​បុរាណ​មក។

ការ​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​តាម​ទំនៀម​ទម្លាប់​បុរាណ​របស់​លោក ​ឌិន ណុះ ​រួម​មាន​ការ​សូត្រ​ធម៌​ឱ្យ​អ្នក​ស្លាប់​នៅ​ឯ​វិធី​បញ្ចុះ​សព​ដើម្បី​ឱ្យ​សព​នោះ​អាច​ឆ្លើយ​ឆ្លង​ជា​មួយ​យម​បាល​បាន​ និង​ការ​ប្រារព្ធ​វិធី​បុណ្យ​ម៉ាឡូត​ដើម្បី​រំឭក​ខួប​កំណើត​ដល់​ព្យាការី ​មហា​ម៉ាត់ ​ជាដើម​ ដែល​ការ​ប្រតិបត្តិ​បែប​នេះ​ត្រូវ​អ្នក​កាន់​សាសនា​អ៊ិស្លាម​ក្នុង​"ក្រុមថ្មី"​ចាត់​ទុក​ថា​ ជា​ទង្វើ​ខុស​នឹង​សាសនា​អ៊ិស្លាម​ពិត​ប្រាកដ​ ហើយ​ជា​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​ទៀត​ផង។

ការ​យល់​ខុស​គ្នា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​ ឌិន ​ណុះ​ និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​កាន់​សាសនា​អ៊ិស្លាម​ចំនួន​២០០​គ្រួសារ​ក្នុង​ភូមិ​បន្ទាយ​ប្រិយ​នេះ​ សុខ​ចិត្ត​ទៅ​ថ្វាយ​បង្គំ​នៅ​វិហារ​ចាស់​របស់​ខ្លួន​ក្នុង​ភូមិ​អូរត្រាវ​វិញ​នោះ។

“យើង​ធ្លាប់​ធ្វើ​នៅ​ឯ​ណោះ។ ​ពី​ដូន​តា​យើង​មក​យ៉ាង​ម៉ិច​ យើង​ធ្វើ​អញ្ចឹង​ទៅ​តាម​ទំនៀម​ទម្លាប់​ពី​ដើម​ អញ្ចឹង​តែ​ម្តង​ មិន​មែន​ថា ហ្អោ​ ​ឃើញ​ថ្មី ​យើង​ចេះ​តែ​មក​ថ្មី។ ​វា​មិន​កើត​ទេ។​ មិន​មែន​ថា​ គេ​មិន​កើត​ទេ។ ​ គេ​កើត ​ប៉ុន្តែ​យើង​មិន​ទៅ។​ វា​ចូល​គ្នា​មិន​កើត​ទេ"។

ភាព​ខុស​គ្នា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ក្នុង​ជំនឿ​និង​ការ​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​រវាង​"ក្រុម​ទាក់​វាស់"​ឬ​ក្រុម​ដែល​រក្សា​ទំនៀម​ទម្លាប់​ពី​បុរាណ​ ដូច​ជា​លោក​ឌិន ណុះ​ជា​ដើម​នេះ​និង​"ក្រុមថ្មី"​ ឬ"ក្រុមវ៉ាហាប៊ី" ​រួម​មាន​ការ​ជឿ​ទៅ​លើ​អត្ថិភាព​នៃ​ព្រះ​អាឡោះ​និង​ការ​បួង​សួង​សុំ​ពរ​ពី​ព្រះ​អាឡោះ​ក្នុង​វិហារ​ ក្រោយ​ពី​ថ្វាយ​បង្គំ​រួច​ហើយ។

"ក្រុម​ទាក់​វាស់"​ជឿ​ថា​ ព្រះ​អាឡោះ​ដែល​ជា​អាទិទេព​ក្នុង​សាសនា​អ៊ិស្លាម​នេះ​ មិន​មាន​រូប​រាង​និង​ទី​កន្លែង​រស់​នៅ ​ដូច​ជា​មនុស្ស​នោះ​ទេ​ ពោល​គឺ​ព្រះ​អាឡោះ​គឺ​ជា​ភាវៈ​ដែល​គេ​មើល​មិន​ឃើញ​ ​ហើយ​មាន​ឫទ្ធិ​អំណាច​លើស​អស់​អ្វីៗ​ផង​ទាំង​ពួង​ក្នុង​លោក​ ខណៈ​ដែល​"ក្រុមវ៉ាហាប៊ី"​ជឿ​ថា​ ​ព្រះ​អាឡោះ​មាន​រូប​រាង​និង​រស់​នៅ​លើ​ស្ថាន​សួគ៌។

ចំណែក​ឯ​ការ​បួង​សួង​សុំពរ​ ​ពី​ព្រះ​អាឡោះ​ក្រោយ​ពី​ថ្វាយ​បង្គំ​ រួច​វិញ​គឺ​ "ក្រុមទាក់វាស់”​ដែល​ប្រកាន់ការ​ប្រតិបត្តិ​សាសនា​តាម​បែប​បុរាណ​នោះ ​ធ្វើ​ការ​បួង​សួង​រួម​គ្នា​ក្រោម​ការ​ដឹក​នាំ​របស់​អ៊ីមាំ​ក្នុង​វិហារ​តែ​ម្តង​ ខណៈ​ដែល​"ក្រុមវ៉ាហាប៊ី”​បួង​សួង​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​តាម​ការ​ចង់​បាន​របស់​បុគ្គល​ម្នាក់ៗ។

សូម​បញ្ជាក់​ថា ​សាសនា​អ៊ិស្លាម​មាន​និកាយ​ធំៗ​ចំនួន​ពីរ​គឺ​និកាយ​ស៊ុននី​និង​និកាយ​ស៊ីអ៊ីត។​ ហើយ​និកាយ​ធំៗ​ទាំង​ពីរ​នេះ​បែក​ចេញ​ជា​និកាយ​តូចៗ​ជា​ច្រើន​ទៀត​ តួយ៉ាង​ដូច​ជា​និកាយ​ស៊ុននី​បាន​ចែក​ចេញ​ជា​និកាយ​តូចៗ​មួយ​ចំនួន​ទៀត​ រួម​មាន​សាហ្វីអី ​ម៉ាឡាគី ​ហានីហ្វី​ និង​ហាំបាលី​ជាដើម។

ជន​ជាតិ​ចាម​ដែល​កាន់​សាសនា​អ៊ិស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​ ​មាន​ចំនួន​ជាង​៥​សែន​នាក់​នោះ​ ភាគ​ច្រើន​បំផុត​ប្រកាន់​ការ​ប្រតិបត្តិ​សាសនា​នេះ​តាម​និកាយ​សាហ្វីអី​ ដូច​ជា​អ្នក​ភូមិ​ខ្មែរ​អ៊ិស្លាម​នៅ​ក្នុង​ភូមិ​អូរត្រាវ​ និង​ភូមិ​បន្ទាយ​ប្រិយ​ដែល​នៅ​ជាប់​ព្រំ​ប្រទល់​គ្នា​នេះ​ជា​ដើម។

ដំបូង​ឡើយ ​ពួក​គេ​មក​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​អ៊ិស្លាម​តែ​មួយ​ដែល​គេ​ដាក់​ឈ្មោះ​តាម​ភូមិ​ទាំង​ពីរ​នេះ​តែ​ម្តង​គឺ​"វិហារ​អ៊ិស្លាម​អូរត្រាវ​និង​បន្ទាយ​ប្រិយ"​ស្ថិត​នៅ​ក្នុង​ភូមិ​អូរត្រាវ។

ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​បែង​ចែក​ក្រុម​ទៅ​តាម​ជំនឿ​ផ្សេង​គ្នា​ក្នុង​ការ​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​នេះ​នៅក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​អ្នក​ភូមិ​ខ្លះ​ក៏​បាន​ទៅ​ថ្វាយ​បង្គំ​នៅ​ឯ​វិហារ​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​បន្ទាយ​ប្រិយ​វិញ។ ​វិហារ​ថ្មី​ដែល​មាន​ឈ្មោះ​ថា ​"មាស្សិត​ឌឺរ៉ូល​អិស​ឡាស”​នេះ​ត្រូវ​បាន​សាង​សង់​ក្នុង​ឆ្នាំ​២០០៨​ ក្រោម​ថវិកា​ជំនួយ​ប្រមាណ​៣​ម៉ឺន​ដុល្លារ​អាមេរិក​របស់​ប្រទេស​អារ៉ាប៊ី ​សាអូឌិត។​ នេះ​បើ​យោង​តាម​គ្រូ​បង្រៀន​សាសនា​អ៊ិស្លាម​នៅ​ក្នុង​វិហារ​ថ្មី​នេះ។

ការ​បែង​ចែក​ក្រុម​សាសនិក​អ៊ិស្លាម​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​យុវជន​ខ្មែរ​អ៊ិស្លាម​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ដែល​បាន​ទៅ​សិក្សា​រៀន​សូត្រ​អំពី​សាសនា​អ៊ិស្លាម​នៅ​តាម​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ិស្លាម​មួយ​ចំនួន​ ដូច​ជា​អារ៉ាប៊ី​ សាអូឌិត ​ម៉ាឡេស៊ី ​និង​ឥណ្ឌូនេស៊ី​ជាដើម។

លោក​ រូន​ អះម៉ាត់​ ជា​ទួន​ឬ​គ្រូ​បង្រៀន​សាសនា​អ៊ិស្លាម​ក្នុង​វិហារ​ថ្មី​នេះ ​មាន​ប្រសាសន៍​នៅ​ក្នុង​វិហារ​នេះ​ថា ​ការ​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​ក្នុង​ចំណោម​"ក្រុម​ទាក់​វាស់"​ដែល​ធ្វើ​តាម​ទំនៀម​ទម្លាប់​បុរាណ​នោះ​គឺ​ខុស​នឹង​សាសនា​អ៊ិស្លាម​ ដោយ​លោក​ពន្យល់​ថា ​គម្ពីរ​កូអាន​នៃ​សាសនា​នេះ​បាន​បង្គាប់​អ្នក​កាន់​សាសនា​អ៊ិស្លាម​ឱ្យ​ធ្វើ​បុណ្យ​តែ​ពីរ​គត់​ គឺ​បុណ្យ​បួស​តម​អាហារ​ ឬ​បុណ្យ​រ៉ាម៉ាឌន​ដែល​ជា​ទូទៅ​គេ​ធ្វើ​នៅ​ខែ​សីហា​ ឬ​កញ្ញា​និង​បុណ្យ​ហាច​ នៅ​ទី​ក្រុង​ម៉ាកាស​ ប្រទេស​អារ៉ាប៊ី ​សាអូឌិត។

គ្រូ​បង្រៀន​សាសនា​អ៊ិស្លាម​វ័យ​២៩​ឆ្នាំ​ ដែល​បាន​ទទួល​ការ​អប់រំ​ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែក​សាសនា​អ៊ិស្លាម​ ​នៅ​ក្នុង​ប្រទេស​ថៃ​រូប​នេះ​ មាន​ប្រសាសន៍​បន្ថែម​ថា​ ដូច្នេះ​ការ​ប្រារព្ធ​បុណ្យ​ផ្សេង​ពី​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​នៅ​ពេល​អនាគត។

“​ពួក​គាត់​ធ្វើ​ហ្នឹង ​វា​អាច​ប៉ះ​ពាល់​ដល់​ក្មេង​ជំនាន់​ក្រោយ។​ ពេល​ណា​ក្មេង​ជំនាន់​ ក្រោយ​មើល​ឃើញ​ចាស់​ពី​មុន​ធ្វើ​អញ្ចឹង​ វា​អាច​តាម​អញ្ចឹង។​ ដល់​អញ្ចឹង​យើង​ពិបាក​កែ​តម្រូវ។​ ប្រសិន​ណា​ចាស់​ ហ្នឹង​គាត់​ឈប់​ គាត់​ដឹង​ខ្លួន​ខុស។​ កំហុស​ដែល​គាត់​ធ្វើ​ហ្នឹង​អត់​មាន​នៅ​ក្នុង​គម្ពីរ​ ​ដែល​មហា​មាត់​ប្រាប់​ទេ។​ បើ​គាត់​ឈប់ ​អាច​ក្មេង​ជំនាន់​ក្រោយ​មើល​អត់​ឃើញ​ដែរ​ ​តែ​បើ​គាត់​ធ្វើ​ដូច​រាល់​ថ្ងៃ​ហ្នឹង​ អាច​ក្មេង​ជំនាន់​ក្រោយ​មើល​ឃើញ”។

លោក​ សេន​ សាការីយ៉ា ​ដែល​ជា​ទួន​ឬ​គ្រូប​ង្រៀន​សាសនា​អ៊ិស្លាម​ក្នុង​"វិហារ​អ៊ិស្លាម​អូរត្រាវ​និង​បន្ទាយ​ប្រិយ”​នៃ​ក្រុម​ដែល​រក្សា​ទំនៀម​ទម្លាប់​បុរាណ​ ឬ​ក្រុម​ទាក់​វាស់​នោះ ​មាន​ប្រសាសន៍​នៅ​អែប​នឹង​វិហារ​អ៊ិស្លាម​ចាស់​របស់​លោក​ថា ​ក្រុម​របស់​លោក​មិន​អាច​ទទួល​យក​ការ​ប្រតិបត្តិ​ថ្មី​តាម​"ក្រុម​វ៉ាហាប៊ី”​បាន​នោះ​ទេ​ ដោយ​លោក​មាន​ប្រសាសន៍​ថា​ ក្រុម​នោះ​មាន​បំណង​ចង់​លុប​បំបាត់​ការ​ប្រតិបត្តិ​សាសនា​ជា​លក្ខណៈ​ប្រពៃណី​របស់​លោក​តាម​រយៈ​ការ​អូស​ទាញ​ទឹក​ចិត្ត​អ្នក​ភូមិ​ដោយ​ប្រើ​ប្រាស់​សម្ភារៈ​និយម​ដូច​ជា​ការ​សង់​វិហារ​ថ្មី​ឱ្យ​ពួក​គេ​ជា​ដើម។

“ពួក​ទាក់​វាស់​នេះ​មិន​អាច​ទទួល​យក​នៃ​ការ​ប្រៀន​ប្រដៅ​របស់​ពួក​វ៉ាប៊ី​បាន​ទេ​ មិន​អាច​ទទួល​យក​បាន​ មិន​អាច​ឯក​ភាព​ជា​មួយ ​ដោយ​សារ​អី?​ គឺ​ដោយ​សារ​ពួក​ខ្ញុំ​នេះ​ធ្វើ​តាំង​ពី​បុរម​បុរាណ​ ធ្វើ​តាំង​ពី​ចាស់​បុរាណ​មក​ គឺ​ទំនៀម​ទម្លាប់។ ​ពួក​ខ្ញុំ​នេះ​ធ្វើ​អញ្ចឹង​ ធ្វើ​ដូច​ពី​ចាស់​បុរាណ​មក។​ អញ្ចឹង​ពួក​វ៉ា​ហា​ប៊ី​យ៉ាស់​នេះ​ចង់​លុប​បំបាត់​នៃ​ប្រការ​ទាំង​អស់​នោះ។ ​គេ​ថា​ បាប។ ​ប៉ុន្តែ​ពួក​ខ្ញុំ​មិន​អាច​ទទួល​បាន​ទេ”។

ការ​ខ្វែង​គំនិត​គ្នា​ខាង​ជំនឿ​និង​ការ​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​តែ​មួយ​ក្នុង​ចំណោម​អ្នក​ភូមិ​ខ្មែរ​អ៊ិស្លាម​ទាំង​ពីរ​ភូមិ​នេះ​បាន​ធ្វើ​ឱ្យ​ភាគី​ទាំង​សង​ខាង​មើល​មុខ​គ្នា​មិន​ចំ​ ហើយ​ក៏​មាន​ការ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ជា​ហូរ​ហែ​កន្លង​មក​ហើយ​ ​ ប៉ុន្តែពុំ​មាន​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង​នោះ​ទេ។

លោក​ អ៊ុង​ ហ្វើល​ ជា​អ៊ីមាំ​ ឬ​មេ​ដឹក​នាំ​សាសនា​អ៊ិស្លាម​ប្រចាំ​ខេត្ត​ព្រះ​សីហនុ ​មាន​ប្រសាសន៍​នៅ​លើ​ គ្រែ​មុខ​ផ្ទះ​របស់​លោក​ថា ​លោក​បាន​ធ្វើ​ការ​សម្រុះ​សម្រួល​ជា​មួយ​ក្រុម​ទាំង​ពីរ​នោះ​ហើយ​ ដោយ​បាន​ បង្គាប់​ឱ្យ​ក្រុម​នីមួយៗ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​នេះ​ទៅ​តាម​ការ​យល់​ឃើញ​របស់​ភាគី​រៀងៗ​ខ្លួន។

ពី​ខេត្ត​ព្រះ​សីហនុ ​ខ្ញុំ​ ពេជ្រ​ សំណាង ​VOA​សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG