អ្នកគាំទ្របទចម្រៀងសម័យដើមមួយក្រុមបានព្យាយាមប្រមូលថាសចម្រៀងចាស់ៗក្នុងអំឡុងទសវត្សរ៍១៩៥០ដល់ដើមឆ្នាំ១៩៧០ ហើយកំពុងផលិតថាសទាំងនោះឡើងវិញដើម្បីរក្សាតម្លៃនៃស្នាដៃរបស់អ្នកនិពន្ធបទភ្លេងនិងសំឡេងដើមរបស់អធិរាជសំឡេងមាសនាសម័យកាលនោះ។
លោកឱក ប៊ុណ្ណារ័ត្នកំពុងរើថាសចម្រៀងចំនួន២៧បន្ទះចេញពីប្រអប់ក្រដាសមួយនៅក្នុងផ្ទះរបស់លោកក្នុងទីក្រុងភ្នំពេញ។ ថាសចម្រៀងដែលបន្ទះនីមួយៗមានទំហំស្ទើរស្មើ២ដងនៃថាសចម្រៀងឬ CD សម័យបច្ចុប្បន្នមានគម្របដាច់រហែកនិងខ្លះទៀតសឹករេចរឹលទៅតាមអាយុកាលនៃថាសទាំងនោះ។
លោកឱក ប៊ុណ្ណារ័ត្ន ដែលសព្វថ្ងៃបម្រើការងារជាអនុប្រធានការិយាល័យសូនរូបនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា លោកបានដើរប្រមូលថាសចម្រៀងដែលផលិតតាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០និង៦០ទាំងនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ។
«ពីព្រោះខ្ញុំស្រឡាញ់បទចម្រៀងពីដើម ស្តាប់ទៅវាមានមនោសញ្ចេតនា ធ្វើឲ្យយើងស្តាប់ទៅរំជួលក្នុងចិត្ត។ ខ្ញុំក៏បានដាក់ចិត្តស្រឡាញ់។ ដល់អញ្ចឹង ខ្ញុំដើរប្រមូលថាសចម្រៀងទាំងនេះ ឲ្យតែមាន ខេត្តណាដែលមានថាសចម្រៀងនេះ ខ្ញុំចុះទៅហើយ បាត់ដំបង កំពង់ចាម សៀមរាប។ ឲ្យតែស៊ើបទៅថាមាន ខ្ញុំចុះទៅភ្លាម។ ចុះទៅទិញប្រមូលមក។ ខ្លះក៏គេឲ្យខ្លះដែរ»។
លោកឱក ប៊ុណ្ណារ័ត្ន មានម៉ាស៊ីនចាក់ថាសចម្រៀងដ៏ចាស់ទ្រុឌទ្រោមមួយ ដែលលោកបានរក្សាទុកសម្រាប់ចាក់ស្តាប់បទចម្រៀងពីថាសដែលលោកខិតខំដើរប្រមែប្រមួលទាំងនេះ។
ស្ថិតក្នុងវ័យ៤៨ឆ្នាំ ហើយជាវិចិត្រករខាងគំនូរផងដែរនោះ លោកប៊ុណ្ណារ័ត្នមានប្រសាសន៍បន្ថែមទៀតថា ការដែលលោកចូលចិត្តស្តាប់បទចម្រៀងតាមថាសសម័យដើមនេះ គឺដោយសារគុណភាពភ្លេងច្បាស់ ហើយសំឡេងច្រៀងជាសំឡេងដើម (Original) ឥតមានការកែច្នៃ ឬបញ្ចេញបញ្ចូលបន្ថែមឡើយ។
«Original វាច្បាស់។ សំឡេងពិត អត់មានបញ្ចេញបញ្ចូលភ្លេងបន្ថែម ដូចភ្លេងឥឡូវគេធ្វើទេ។ ប្អូនស្តាប់នៅផ្សារស្តាប់អត់កើតទេ។ ស៊ីន ស៊ីសាមុត លែងជាស៊ីន ស៊ីសាមុត ហើយទៅជាមនុស្សខ្ទើយច្រៀងហើយរាល់ថ្ងៃនេះ។ វាម្ញែកអស់ហើយ។ វា mix សារថ្មី លែងស្អាតហើយ។ អានេះគេធ្វើមក វាត្រូវតែម្តង ស្តាប់មក រកកន្លែងរិះគន់អត់បានទេ។ វាត្រូវសង់តង់គេទាំងអស់តែម្តង»។
តន្រ្តី ឬចម្រៀងខ្មែរបានស្គាល់យុគសម័យមាសរបស់ខ្លួននៅក្នុងអំឡុងទសវត្សរ៍១៩៦០និងដើមឆ្នាំ១៩៧០ នៅពេលដែលអ្នកនិពន្ធបទភ្លេងនិងសិល្បករចម្រៀងដ៏អស្ចារ្យជាច្រើនបានលេចរូបរាងឡើង ជាពិសេសគឺអធិរាជ និងរាជនីសំឡេងមាស លោកស៊ិន ស៊ីសាមុត និងលោកស្រីរស់ សិរីសុទ្ធា ដែលទឹកដមសំឡេងរបស់លោក និងលោកស្រីនៅតែដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែររហូតដល់សព្វថ្ងៃ។
ប៉ុន្តែថាសចម្រៀងរបស់សិល្បករ សិល្បការិនីដ៏ល្បីល្បាញទាំងនេះបានបាត់បង់និងត្រូវបំផ្លាញខ្ទេចខ្ទីសើ្ទរគ្មានសល់ដោយសារសង្រ្គាមនិងភាពវឹកវរក្នុងស្រុកដែលអូសបន្លាយពេលអស់ជិត៣ទសវត្សរ៍ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៧០មក។
លោកសេង តារា គឺជាអ្នកប្រមែប្រមូលថាសចម្រៀងពីសម័យដើមមួយរូបដែរ បច្ចុប្បន្នជាអ្នកនិពន្ធសៀវភៅហើយជាពិធីករនិងជាអ្នកអត្ថាធិប្បាយបទចម្រៀងពីសម័យដើមនៅក្នុងកម្មវិធីវិទ្យុក្នុងស្រុកមួយ។ លោកសេង តារា វ័យ២៩ឆ្នាំ បានប្រមូលថាសចម្រៀងសម័យដើមបានជាង១០០ថាសហើយ ចាប់តាំងពីឆ្នាំ២០០៤មក។
លោកតារាមានប្រសាសន៍ថា ការដែលលោកព្យាយាមប្រមូលទុកថាសចម្រៀងចាស់ៗទាំងនេះគឺដើម្បីរក្សាតម្លៃនៃស្នាដៃរបស់អ្នកនិពន្ធបទចម្រៀង បទភ្លេង និងជាពិសេសសំឡេងដើមរបស់អ្នកចម្រៀងល្បីៗនាសម័យកាលនោះឲ្យនៅគង់វង្ស។
«ជំនាន់នេះគេហៅថា ជាសម័យសាកលភាវូបនីយកម្ម អញ្ចឹងអ្វីៗបានលុកលុយចូលក្នុងសង្គមយើងច្រើន។ ប៉ុន្តែអ្វីទាំងនោះមិនបានបម្រើដល់សិល្បៈតន្រ្តីខ្មែរចំទេ។ ភាគច្រើនគឺវាបម្រើវប្បធម៌បរទេសទៅវិញ។ អញ្ចឹងហើយបានជាខ្ញុំស្តាយស្រណោះ យកពេលវេលាទាំងអស់ហ្នឹងទៅស្រាវជ្រាវមរតកចម្រៀងជំនាន់លោកស៊ីន ស៊ីសាមុតហ្នឹង ព្រោះជំនាន់នោះគេនិពន្ធមកគឺបម្រើឲ្យវប្បធម៌ខ្មែរ១០០% គ្មានបទចម្រៀងណាដែលបម្រើវប្បធម៌បរទេសទេ។ ទោះមានបទចម្រៀងមួយចំនួនលោកយកចេញពីបរទេសមែន ក៏ប៉ុន្តែលោករចនាឲ្យទៅជាបទភ្លេងខ្មែរ ទំនុកច្រៀងក៏ខ្មែរ ហើយមានលក្ខណៈរូប ក្លិន ពណ៌ សម្បុរជាខ្មែរទៀតផង»។
លោកសេង តារា មានប្រសាសន៍បន្ថែមថា ចម្រៀងសម័យដើមមានតម្លៃគួរឲ្យថែរក្សាទុកនេះគឺដោយសារអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង ហើយអ្នកចម្រៀងផ្ទាល់នាសម័យនោះសុទ្ធតែមានទេពកោសល្យ និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវផ្នែកដូរ្យតន្ត្រី។
«ហេតុអ្វីបានជាចម្រៀងសម័យដើម កន្លះសតវត្សរ៍ទៅហើយប្រជាជនខ្មែរស្តាប់នៅតែពីរោះ នៅតែល្បី ហើយចម្រៀងបច្ចុប្បន្ន យើងស្តាប់បានត្រឹមតែមួយអាទិត្យ កន្លះខែ ឬមួយខែ បាត់ទៅវិញ។ វាមានកន្លែងត្រង់ណា? អានេះកន្លែងយើងគួរពិចារណា។ ពីដើម អ្នកនិពន្ធ អ្នកភ្លេង គឺសុទ្ធតែចេញពី សាលាភ្លេង ចេញពីសាកលវិទ្យាល័យសិល្បៈ ដូរ្យតន្រ្តី អញ្ចឹងហើយទេពកោសល្យដែលគាត់បានបញ្ចេញហើយថតជាចម្រៀងនេះគឺមានលក្ខណៈ Logic ច្បាស់ណាស់»។
បច្ចុប្បន្ន ថាសចម្រៀងដែលលោកសេង តារា និងលោកឱក ប៊ុណ្ណារ័ត្ន បានព្យាយាមប្រមូលទុកទាំងនេះ កំពុងត្រូវបានរៀបចំផលិតឡើងវិញ តាមប្រព័ន្ធឌីជីថល ដោយរក្សាធាតុដើមទាំងស្រុង។
លោកអ៊ុំ រតនឧត្តម គឺជាអ្នករៀបចំគម្រោងផលិតឡើងវិញនូវថាសចម្រៀងរបស់សិល្បករ និងសិល្បការិនីល្បីៗនៅក្នុងអំឡុងទសវត្សរ៍១៩៥០ដល់ដើមទសវត្សរ៍១៩៧០នោះ។
«ខ្ញុំផលិតថាសហ្នឹងឡើងវិញគឺខ្ញុំចង់ប្រាប់ថា អរិយធម៌ខ្មែរយើងកាលដើមឡើយ សិល្បៈចម្រៀងបុរាណរបស់ខ្មែរយើងគឺខ្លាំងណាស់។ នៅ Southeast Asia ហ្នឹងអត់មានអ្នកណាដល់ប្រទេសខ្មែរយើងទេ។ សូម្បីតែថៃ វៀតណាម ឡាវក៏អាចចាញ់យើងដែរ ព្រោះអ្នកចម្រៀងរបស់យើង គាត់មានថ្វីដៃប៉ិនប្រសប់នៃការតែងបទភ្លេងជាដើម មានអត្ថន័យជ្រាលជ្រៅ។ អញ្ចឹងខ្ញុំចង់ឲ្យថាសហ្នឹងលក់ក្នុងទីផ្សារ ហើយចង់ឲ្យថាសហ្នឹងបានទៅដល់ដៃរបស់អ្នកស្នេហាសិល្បៈពីដើម ដែលគាត់មានអារម្មណ៍ស្រឡាញ់ ហើយអភិរក្សដូចពួកខ្ញុំអញ្ចឹង»។
លោករតនឧត្តមមានប្រសាសន៍បន្ថែមទៀតថា គោលបំណងមួយទៀតនៃការផលិតថាសចម្រៀងសម័យដើមទាំងនេះឡើងវិញ គឺដើម្បីប្រមូលថវិកាជួយដល់ក្រុមគ្រួសាររបស់សិល្បករនិងសិល្បការិនីដ៏ល្បីល្បាញទាំងនោះ ដែលបច្ចុប្បន្នមានជីវភាពយ៉ាប់យ៉ឺន។
«ក្រុមហ៊ុនមួយចំនួនយកបទចម្រៀងរបស់ឪពុកម្តាយគាត់ ជីដូនជីតាគាត់ មីងមាគាត់មកច្រៀង ហើយលក់យកលុយចូលហោប៉ៅទៅ។ គាត់អត់បានគិតថា ម្ចាស់គ្រួសារអ្នកចម្រៀងហ្នឹងនៅរស់រានមានជីវិតនៅឡើយ។ អញ្ចឹងខ្ញុំចង់លក់ថាសចម្រៀងហ្នឹងដើម្បីស្វែងរកមូលនិធិឲ្យទៅក្រុមគ្រួសារដែលនៅរស់ ដូចជាគ្រួសាររបស់លោកស៊ីន ស៊ីសាមុត គ្រួសាររបស់អ្នកស្រីរស់ សិរីសុទ្ធា ជាដើម។ គាត់ក្រណាស់ ខ្ញុំទៅដល់ផ្ទះគាត់ ខ្ញុំសួរគាត់ផ្ទាល់។ ខ្ញុំសម្ភាសន៍គាត់ផ្ទាល់។ ក្នុងបេះដូងខ្ញុំ ឈឺចិត្តដោយថា គាត់មានប្អូនស្រីម្នាក់ដែលច្រៀងចម្រៀងល្បីទូទាំងប្រទេសប៉ុន្តែ មើលបងស្រីគាត់កំព្រាពិការ វេទនា អត់មាននរណាយកភ្នែកមើលគាត់ទេ»។
ប៉ុន្តែតើគម្រោងរបស់លោករតនឧត្តមអាចនឹងសម្រេចទៅបានទេ នៅពេលដែលបច្ចុប្បន្ននេះ ម៉ាស៊ីនចាក់ថាសចម្រៀងពីសម័យដើមនេះស្ទើរតែគ្មានវត្តមាននៅក្នុងប្រទេសកម្ពុជាផងនោះ?
លោករតនឧត្តមមានប្រសាសន៍ថា ជាជំហានដំបូង ថាសចម្រៀងពីសម័យដើមដែលលោកកំពុងផលិតឡើងវិញនេះ នឹងត្រូវលក់នៅក្រៅប្រទេសដែលនៅរក្សាម៉ាស៊ីនចាក់ថាសបុរាណបែបនេះ ប៉ុន្តែលោកសម្តែងក្តីសង្ឃឹមថា ម៉ាស៊ីនចាក់ថាសចម្រៀងពីសម័យដើមនេះនឹងមានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាឡើងវិញដើម្បីឲ្យប្រជាជនកម្ពុជាអាចប្រើប្រាស់ថាសចម្រៀងពីសម័យដើមឡើងវិញបាន៕