អតីតមេដឹកនាំខ្មែរក្រហមចំនួនពីររូបដែលកំពុងរង់ចាំការកាត់ទោស គឺ ខៀវ សំផននិង អៀង សារីមានទស្សនៈស្របគ្នាក្នុងការចូលរួមការកាត់ទោសដោយផ្ទាល់។ ដោយឡែកខៀវ សំផន មិនចង់ឲ្យការកាត់ទោសខ្លួនអូសបន្លាយយូរនោះទេ។
អតីតប្រមុខរដ្ឋសម័យកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផនចង់ឲ្យសាលាក្ដីខ្មែរក្រហមធ្វើការកាត់ទោសរូបលោក នៅក្នុងថេរវេលាកំណត់យ៉ាងខ្លីមួយ ដែលក្រុមមេធាវីរំពឹងថា កូនក្ដីរបស់ផងខ្លួនគ្មានកំហុស ទាក់ទងទៅនឹងការស្លាប់ និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់២,២លាននាក់នោះ នេះបើយោងតាមក្រុមមេធាវីរបស់លោកខៀវ សំផន ដែលបានសរសេរបណ្ដឹងមួយទៅកាន់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម កាលពីថ្ងៃច័ន្ទ។
នៅក្នុងលិខិតបណ្ដឹងនោះ លោកមេធាវី ស សាវ៉ាន លោកមេធាវី Jacque Verges និងលោកមេធាវី Philipe Greciano បានសរសេរថា លោកខៀវ សំផនបានស្ថិតក្នុងមន្ទីរឃុំឃាំងបណ្ដោះអាសន្នអស់រយៈពេលជាងបីឆ្នាំមកហើយ ហើយលោកខៀវ សំផន «ចង់ឲ្យការជម្រះទោសរូបលោកប្រព្រឹត្តទៅ នៅក្នុងរយៈពេលដ៏ខ្លីបំផុត ពីព្រោះថា តុលាការត្រូវតែពិនិត្យលើភាពគ្មានកំហុស» របស់លោក។
ក្រុមមេធាវីបញ្ជាក់ប្រាប់អង្គជំនុំជម្រះសាលាដំបូងថា កូនក្ដីរបស់ផងខ្លួនគឺលោកខៀវ សំផន ចង់មានវត្តមានដោយផ្ទាល់នៅក្នុងសវនាការកាត់ទោសរូបលោក។
សាលាក្ដីខ្មែរក្រហមគ្រោងនឹងធ្វើការកាត់ទោសពួកអតីតមេដឹកនាំកំពូលៗខ្មែរក្រហមចំនួនបួននាក់ គឺនួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធក្នុងសំណុំរឿង០០២ នៅក្នុងអំឡុងខែមិថុនា ឆ្នាំនេះ។ ជនសង្ស័យទាំងបួននាក់ត្រូវចោទប្រកាន់អំពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
កាលពីថ្ងៃទី១៩ ខែមករា លោកអៀង សារី បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងបើកសវនាការត្រឹមតែពាក់កណ្ដាលថ្ងៃតែប៉ុណ្ណោះដោយសារមូលហេតុសុខភាព។ ក៏ប៉ុន្ដែសហព្រះរាជអាជ្ញាបានជំទាស់ថា សំណើនេះនឹងធ្វើឲ្យការកាត់ទោសអតីតពួកមេដឹកនាំខ្មែរក្រហមកាន់តែអូសបន្លាយយូរទៀត។ ហើយសហព្រះរាជអាជ្ញាក៏បានស្នើសុំថា ប្រសិនបើពួកអតីតមេដឹកនាំខ្មែរក្រហមមិនមានលទ្ធភាពធ្វើដំណើរមកកាន់បន្ទប់សវនាការនោះទេ ពួកគេនឹងអាចចូលរួមការកាត់ទោសតាមរយៈការថតបន្ដផ្ទាល់ពីបន្ទប់ឃុំឃាំងរបស់ពួកគេ ឬហៅថា វីដេអូលីង។
ក៏ប៉ុន្ដែលោកឌឹម សុវណ្ណរុំ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា ជនជាប់ចោទអៀង សារី និងខៀវ សំផនមានទស្សនដូចគ្នា ដោយមិនចង់ចូលរួមសវនាការតាមរយៈវីដេអូលីងនោះទេ។
«នៅអ.វ.ត.ក. (អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) នេះ យើងប្រើប្រាស់ប្រព័ន្ធច្បាប់ស៊ីវីល មានន័យថា មិនចាំបាច់បង្ខំឲ្យមានវត្តមាន (របស់ជនជាប់ចោទ) គ្រប់សវនាការនោះទេ។ (ពួកគេ)អាចអវត្តមាន ហើយត្រូវតំណាងដោយមេធាវី ក៏សវនាការអាចដំណើរការបានដែរ។ ប៉ុន្ដែខៀវ សំផន ឯកភាពមួយផ្នែកដូចជនជាប់ចោទអៀង សារី ដោយសារតែមិនជ្រើរើសយកការកាត់ទោសដោយមានវីដេអូលីងគឺជ្រើសរើសយកវត្តមានរបស់គាត់ក្នុងសវនាការ»។
ទោះជាយ៉ាងណាក៏ដោយ សាលាក្ដីខ្មែរក្រហមគ្រោងនឹងបើកកិច្ចប្រជុំមួយនៅដើមខែមេសា ខាងមុខនេះ ដើម្បីរៀបចំការបើកសវនាការសម្រាប់ជនជាប់ចោទទាំងបួនក្នុងសំណុំរឿង០០២។ លោកឌឹម សុវណ្ណរុំ បញ្ជាក់ថា បណ្ដឹងរបស់ជនជាប់ចោទ អៀង សារី និងខៀវ សំផន រួមទាំងជំហររបស់សហព្រះរាជអាជ្ញា នឹងត្រូវលើកយកមកពិនិត្យនិងសម្រេចក្នុងគ្រានោះដែរ៕