លោកខៀវ សំផន មានឈ្មោះនៅសម័យខ្មែរក្រហមគឺ មិត្ត ហែម។ កើតនៅថ្ងៃទី២៧ខែកក្កដាឆ្នាំ១៩៣១ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ខៀវ សំផន គឺជាកូនប្រុសច្បងនៃគ្រួសារមួយដែលមានបងប្អូនប្រុសស្រីប្រាំនាក់។ ក៏ប៉ុន្ដែគេមិនដឹងពីភូមិកំណើតពិតប្រាកដរបស់គាត់នោះទេ។
គាត់គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំកំពូលខ្មែរក្រហមដែលគាត់មានសញ្ញាប័ត្រនិងចំណេះដឹងយ៉ាងជ្រៅជ្រះបំផុត។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ខៀវ សំផន គឺជាអ្នកគូសវាសគោលនយោបាយរបស់ពួកខ្មែរក្រហមដែលបានរុញច្រានឲ្យមានវិនាសកម្មដល់ជីវិតប្រជាពលរដ្ឋខ្មែរ។
«គាត់គឺជាអ្នកដែលចូលរួមក្នុងការសម្រេចនូវគោលនយោបាយរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ដែលធ្វើឲ្យប្រជាជនជាងពីរលាននាក់បានស្លាប់បាត់បង់ជីវិត»។
ឪពុករបស់លោក ខៀវ សំផន គឺជាចៅក្រមម្នាក់នៅខេត្តកំពត ដែលបានរៀបការជាមួយម្ដាយរបស់គាត់នៅ ស្រុកជីហែខេត្តកំពង់ចាម។ គាត់បានស្លាប់នៅពេលដែលលោកខៀវ សំផន មានអាយុ១៦ឆ្នាំ។ ម្ដាយរបស់លោកខៀវ សំផន ជាឈ្មួញប្រហុកម្នាក់នៅខេត្តកំពង់ចាម។
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិក្រុងភ្នំពេញ ខៀវ សំផន បានចាកចេញទៅបន្ដការសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៥៣។ នៅទីនោះគាត់បានជួបជាមួយ ប៉ុល ពត មេស្ថាបនិករបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមនិងជួបជាមួយ អៀង សារី នៅក្នុងពេលនោះដែរ។ គាត់ក៏បានចូលរួមក្នុងចលនាកុម្មុយនីស្ដនិយមជាមួយ អៀង សារី និង ប៉ុល ពត នៅក្នុងប្រទេសបារាំង។
ខៀវ សំផន បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្ដ្រសេដ្ឋកិច្ចនៅឆ្នាំ១៩៥៩ ហើយបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
នៅពេលនោះខៀវ សំផន បានធ្វើជាសាស្ដ្រាចារ្យភាសាបារាំងនៅវិទ្យាល័យកម្ពុជាបុត្រ និងធ្វើជាសាស្ដ្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភ្នំពេញ។ គាត់បានបង្កើតកាសែតមួយឈ្មោះថាកាសែត Observateur ដែលមាននិន្នាការឆ្វេងនិយម។
ជាប់ឆ្នោតជាតំណាងរាស្ដ្រនៅខែមិថុនាឆ្នាំ១៩៦២ សម្រាប់មណ្ឌលខេត្តកណ្ដាល លោកត្រូវបានតែងតាំងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មមុននឹងបានរត់គេចខ្លួនពីទីក្រុងភ្នំពេញទៅដោយការគំរាមចាប់ខ្លួនពីសំណាក់សម្តេច នរោត្តម សីហនុ ពីការចោទប្រកាន់ថា បានបង្កការបះបោរនៅស្រុក សំឡូតជាមួយលោក ហ៊ូ នឹម និង លោក ហ៊ូ យន់។
ភៀសខ្លួនដល់ស្រុកត្រាំកក់ខេត្តតាកែវ គាត់បានជួបជាមួយតា ម៉ុក ដែលជាអនុលេខាតំបន់និរតី។ តាម៉ុក ពេលនោះ ស្លៀកពាក់ឯកសណ្ឋានខ្មៅបង់កក្រមាក្រហម។ អតីតនិស្សិតស្រុកបារាំងរូបនេះ បានចាប់ផ្ដើមបោះជំហានចូលក្នុងចលនាប្រដាប់អាវុធ។ ប្រាំបីខែក្រោយពីស្នាក់នៅក្នុងខេត្តតាកែវ គាត់បានបានចូលធ្វើទ័ពព្រៃនៅតំបន់ភ្នំឱរ៉ាល់ និងព្រៃធំ ខេត្តកំពង់ស្ពឺ។
ខៀវ សំផន ត្រូវតែងតាំងជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ដ្រីការពារប្រទេសចន្លោះពីខែឧសភា ឆ្នាំ១៩៧០ ដល់ខែមេសាឆ្នាំ១៩៧៥នៅតំបន់រំដោះនិងត្រូវតែងតាំងជាអគ្គមេបញ្ជាការកងទ័ពប្រជាជនរំដោះជាតិកម្ពុជាពីខែមិថុនាឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥។ នេះបើផ្អែកតាមឯកសារ ដែលមានឈ្មោះថាវចនានុក្រមខ្មែរក្រហមរបស់លោកសូឡូម៉ុង កាន (Solomon Kan) និងគេហទំព័រដែលមានឈ្មោះថាយុត្តិធម៌សម្រាប់កម្ពុជា។
ពីខែមេសាឆ្នាំ១៩៧៥និងខែមេសា ឆ្នាំ១៩៧៦ ខៀវ សំផន បានត្រូវតែងតាំងជាមេដឹកនាំគណៈកម្មការធម្មនុញ្ញ និងចាប់ផ្ដើមតាក់តែងធម្មនុញ្ញថ្មី ដោយមានការចូលរួមឲ្យយោបល់ពីសមាជិកបក្សកុម្មុយនីស្ដកម្ពុជា។
គាត់ឡើងកាន់តំណែងជាប្រមុខរដ្ឋខ្មែរក្រហមនៅឆ្នាំ ១៩៧៦ ជំនួសឲ្យសម្ដេចសីហនុ ដែលបានលាលែងពីតំណែង។ បន្ទាប់មកគាត់បានចូលជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការកណ្ដាល ដែលគាត់មិនត្រឹមតែចូលរួមប្រជុំតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែគាត់ក៏បានចូលរួមផ្ដល់សេចក្ដីសម្រេចចិត្តនយោបាយដែលត្រូវបានអនុវត្តនៅពាសពេញប្រទេសផងដែរ។
លោក ឆាំង យុ មានប្រសាសន៍ថា លោកខៀវ សំផន មានការទទួលខុសត្រូវពេញលេញ ចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា។
«តាំងពីឆ្នាំ១៩៧៣ ពេលដែលមានសង្គ្រាមជាមួយរបបសាធារណរដ្ឋនៅឡើយនោះ គឺថាគាត់តែងតែចេញមុខសហការជាមួយវៀតណាម ក្នុងការពិនិត្យមើលតំបន់សហករណ៍ តំបន់រំដោះ ដែលគេចាប់ផ្តើមអភិវឌ្ឍនោះ។ គាត់មើលថា តើគោលនយោបាយរបស់បក្សធ្វើបានដល់កម្រិតណា មិនចាំបាច់គាត់យកដៃទៅសម្លាប់ យកកាំភ្លើងទៅសម្លាប់មនុស្សម្នាក់ ហើយយើងបានថា គាត់មានកំហុសទេ។ ឯកសារកំណត់ហេតុរបស់ មជ្ឈិមបក្សនៃបក្សកុម្មុយនីស្តកម្ពុជា ដែលនិយាយអំពីកម្ចេចសត្រូវផ្ទៃក្នុង និងសត្រូវខាងក្រៅក៏មានគាត់ចូលរួមដែរ។ អញ្ចឹង គឺទាំងអស់នេះ វាគ្រប់គ្រាន់បង្ហាញ ឬក៏ដាក់ឲ្យគាត់ទទួលខុសត្រូវជាបុគ្គល»។
ខៀវ សំផន បានហោះទៅកាន់ក្រុងប៉េកាំងមុនកងទ័ពវៀតណាមចូលមកដល់ក្រុងភ្នំពេញ នៅថ្ងៃរំដោះប្រទេសជាតិថ្ងៃ៧មករាឆ្នាំ១៩៧៩។ ហើយមួយឆ្នាំក្រោយមកគាត់បានឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យជំនួសប៉ុល ពត។
ខៀវ សំផន គឺជាអ្នកចូលរួមជាភាគីចរចាសន្ដិភាពនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ខែតុលា ឆ្នាំ ១៩៩១ ក្រោមការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ។ ប៉ុន្ដែក្រោយមកក្រុមកងទ័ពព្រៃខ្មែរក្រហមធ្វើពហិការមិនទទួលស្គាល់កិច្ចព្រមព្រៀងនេះទេ។
នៅខែវិច្ឆិកា ឆ្នាំ១៩៩១ គាត់បានធ្វើទស្សនកិច្ចជាផ្លូវការនៅក្រុងភ្នំពេញ ហើយត្រូវបានកម្លាំងមហាជនវាយសង្រ្គប់បែកក្បាល ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោក។
ខៀវ សំផន បានគេចផុតពីការបោសសម្អាតផ្ទៃក្នុងក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅឆ្នាំ១៩៩៧ គឺនៅពេលនោះប៉ុល ពត បានបញ្ជាឲ្យសម្លាប់សុន សេន អតីតរដ្ឋមន្ដ្រីក្រសួងការពារជាតិ។ ហើយក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវតា ម៉ុក ចាប់ខ្លួនវិញម្តង។
ទីបំផុតនៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ១៩៩៨ ខៀវ សំផន បានចុះចូលជាមួយរដ្ឋាភិបាលជាមួយអតីតបងធំទី២ នួន ជា ផងដែរ។
គាត់ត្រូវចាប់ខ្លួនដោយសាលាក្ដីខ្មែរក្រហមនៅថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០០៧ បន្ទាប់ពីចេញពីមន្ទីរពេទ្យកាល់ម៉ែត គាត់ត្រូវបានចោទប្រកាន់ដូចគ្នានឹងការចោទលើនួន ជា អៀង សារី និងអៀង ធីរិទ្ធ ក្នុងសំណុំរឿង០០២ ពី បទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលទាក់ទង នឹងការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ការធ្វើមនុស្សឃាត និងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ បទចោទទាំងនេះដែលទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងតិច ១,៧លាននាក់ ចន្លោះពី ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
មុនការចាប់ខ្លួនប៉ុន្មានថ្ងៃប៉ុណ្ណោះ លោក ខៀវ សំផន បានផ្ដល់បទសម្ភាសតាមទូរស័ព្ទជាមួយ VOA ជាខេមរភាសាដោយលោកចោទប្រកាន់ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរថាកើតឡើងដោយសារកម្លាំងបង្កប់របស់ប្រទេសវៀតណាម។
«ដូច្នេះខាងវៀតណាម មិនចូលជ្រកជាមួយកម្ពុជាទេ លូកដៃកកូចូលជ្រៅក្នុងកម្លាំងតស៊ូកម្ពុជាឆ្នាំ១៩៧៥និង១៩៧៦ រឿងអត់បាយដាច់ពោះ។ អារឿងស្លាប់រឿងអ្វីហ្នឹង វាមកពីស្អីខ្លះ ខ្ញុំយល់ឃើញថា មិនមែនមកពី ប៉ុល ពត ទេ វាកើតចេញពីមេស្តេចត្រាញ់។ហើយស្តេចត្រាញ់ទាំងអស់សុទ្ធតែធ្លាប់នៅជាមួយយួន»។
នៅក្នុងឯកសារមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថា ប៉ុល ពត នួន ជា ខៀវ សំផន និងអៀងសារី សហការជាមួយកងទ័ពវៀតណាម និងជួបប្រជុំក្នុងក្រុងភ្នំពេញជាមួយគណបក្សពលករវៀតណាម ដោយបង្ហាញការប្ដេជ្ញាប្រឆាំងនឹងសហរដ្ឋអាមេរិក។
ខៀវ សំផន នៅឆ្នាំ២០០៤ បានបោះពុម្ពសៀវភៅមួយ ដែលមានចំណងជើងថា «ប្រវត្តិសាស្ដ្រថ្មីៗរបស់កម្ពុជា និងគោលជំហរបស់ខ្ញុំ»នៅក្នុងសៀវភៅនោះដែលគាត់និយាយថា គាត់មិនបានដឹងពីការកាប់សម្លាប់ប្រជាជនកម្ពុជានោះទេ។ សៀវភៅនោះត្រូវគេមើលឃើញថា គឺជាការប្រឹងប្រែងបង្ហាញនូវភាពស្អាតស្អំរបស់លោក ខៀវ សំផន នៅពេលដែលគាត់ដឹងថា គាត់មិនអាចគេចផុតពីការកាត់ទោសទេនោះ។
ជារៀងរហូតមកខៀវ សំផន បានប្រកាសប្រាប់ក្រុមអ្នកយកព័ត៌មាន ដែលបានទៅធ្វើបទសម្ភាសជាមួយគាត់ថា នៅក្នុងសម័យខ្មែរក្រហម លោកមានតែមុខតំណែងតែប៉ុណ្ណោះ ប៉ុន្ដែគ្មានអំណាចទេ រីឯសិទ្ធិសម្រេចអ្វីទាំងអស់ ស្ថិតនៅលើបក្សកុម្មុយនីស្ដកម្ពុជា។ នៅក្នុងសវនាការប្រឆាំងនឹងការបន្ដការឃុំខ្លួនជាបណ្ដោះអាសន្នកាលពីខែ កុម្ភៈឆ្នាំ២០១០ លោក ខៀវ សំផន បានញែកខ្លួនចេញពីទទួលខុសត្រូវឧក្រិដ្ឋកម្មលើពលរដ្ឋកម្ពុជាពីក្រុមមេដឹកនាំកំពូលខ្មែរក្រហមបីនាក់ផ្សេងទៀត។
«ខ្ញុំមានសិទ្ធិអ្វីសម្រេចពីការសម្លាប់មនុស្ស បើខ្ញុំមានអ្វីដែលគេឲ្យខ្ញុំដឹងពីរឿងសម្រេចចាប់ចងនរណាៗ វាទៅជាខ្ញុំ លោក នួន ជា លោក អៀង សារី លោកស្រី អៀង ធីរិទ្ធ ឯណាៗ ដូចតែគ្នាតែមួយ»។
នៅពេលនេះ អតីតប្រមុខរដ្ឋខ្មែរក្រហមត្រៀមខ្លួនចូលរង្វង់ក្រចកសេះក្នុងសវនាការបឋមជាលើកដំបូងនៅ ថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ ខៀវ សំផន មានមេធាវីបារាំងម្នាក់គឺលោក Jacques Vergès ដែលលោកធ្លាប់ស្គាល់គ្នានិងលោក ស សាវ៉ាន មេធាវីកម្ពុជា៕