ប្រជាពលរដ្ឋរាប់សែននាក់បានហែហមដង្ហែសពរបស់អ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម លោកកែម ឡី ពីវត្តចាស់នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរបស់លោកនៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃអាទិត្យ ទី២៤ ខែកក្កដាឆ្នាំ២០១៦ ។ សពរបស់លោកត្រូវបានធ្វើពិធីបញ្ចុះនាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
គួររំលឹកផងដែរ លោកកែម ឡី អ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម ដ៏ល្បីត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ ការបាញ់ប្រហារនេះបានកើតឡើងប៉ុន្មានថ្ងៃ ក្រោយពីលោកបានផ្តល់បទសម្ភាសន៍មួយជាមួយនឹងវីអូអេអំពីការវិភាគរបស់លោកទៅលើរបាយការណ៍ចេញផ្សាយដោយអង្គការ Global Witness អំពី «អាជីវកម្មក្នុងទំហំទឹកប្រាក់ប្រហែល ២០០លានដុល្លារ» របស់ក្រុមគ្រួសារត្រកូលហ៊ុន។