បណ្តុំរូបភាពស្អាតៗមកពីជុំវិញពិភពលោកសម្រាប់ថ្ងៃទី ១៦ មិថុនា ២០១៧
រូបភាពជុំវិញពិភពលោក ១៦ មិថុនា ២០១៧

១
ក្មេងប្រុសជនជាតិអ៊ីរ៉ាក់ដែលបាត់បង់ទីជម្រកម្នាក់ កំពុងកាន់ទ្រុងមានសត្វព្រាប ខណៈពេលដែលមនុស្សម្នាបានមកដល់ជំរំបណ្ដោះអាសន្នមួយនៅសណ្ឋាគារ Nineveh International ដែលគេបិទទ្វារ ក្នុងក្រុង Mosul ដែលទីនេះត្រូវបានកងទ័ពអ៊ីរ៉ាក់វាយយកបានមកវិញពីក្រុមរដ្ឋឥស្លាម កាលពីដើមឆ្នាំនេះ។

២
ជនចំណាកស្រុក និងជនភៀសខ្លួនឈរនៅលើក្បាលនាវា Golfo Azzurro របស់អង្គការជួយសង្គ្រោះឈ្មោះ Proactiva Open Arms បន្ទាប់ពីពួកគេត្រូវបានអង្គការនេះជួយសង្គ្រោះនៅក្នុងសមុទ្រមេឌីទែរ៉ានេ។ កាលពីថ្ងៃព្រហស្បតិ៍ អង្គការនេះបានសង្គ្រោះជនចំណាកស្រុក៦០០នាក់ ដែលព្យាយាមឆ្លងព្រំដែនតាមសមុទ្រមេឌីទែរ៉ានេ ទៅប្រទេសក្នុងទ្វីបអឺរ៉ុប ដោយជិះទូកយ៉ាងណែនចេញពីប្រទេសលីប៊ី។

៣
ក្រុមបាតុករបានដើរទៅកាន់ប្លុក The Grenfell Tower ដែលត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យ នៅ Kensington ខាងត្បូង ក្នុងក្រុងឡុងដ៍ភាគខាងលិច ប្រទេសអង់គ្លេស។

៤
ទូកមកពីប្រទេសបារាំង ស៊ុយអែត និងស្វ៊ីស កំពុងប្រណាំងគ្នានៅក្នុងការប្រកួតយកកៅអីដើម្បីបានចូលរួមក្នុងការប្រកួតពានរង្វាន់ Red Bull Youth America នៅក្នុងសមុទ្រ Great Sound នៃប្រជុំកោះ Bermuda។ ពានរង្វាន់ America នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ។

៥
បាច់ផ្កាត្រូវបានគេដាក់នៅមុខផ្ទះរបស់អតីតអធិការបតីអាល្លឺម៉ង់ Helmut Kohl នៅក្រុង Oggersheim ប្រទេសអាល្លឺម៉ង់។ លោកបានទទួលមរណភាពក្នុងជន្មាយុ៨៧ ឆ្នាំ។

៦
កម្មករឥណ្ឌាម្នាក់កំពុងហាលសរសៃផាស្តា ដែលគេប្រើសម្រាប់ធ្វើបង្អែម sheerkhorma ដែលជាបង្អែមសម្រាប់ថ្ងៃដ៏ពិសិដ្ឋរ៉ាម៉ាដន ក្នុងសាសនាឥស្លាម នៅទីក្រុង Chennai។

៧
ក្រុមតន្ត្រីឈ្មោះ The Middlesex County Volunteers Fife and Drums កំពុងដើរក្បួនចាកចេញពីពិធីបើកសម្ពោធកម្មវិធីនាវាមានក្ដោង Sail Boston នៅទីក្រុង Boston រដ្ឋ Massachusetts។ ពិធីដែលមានការស្លៀកពាក់ចម្រុះពណ៌នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នេះ។

៨
ពពកខ្មៅកំពុងរសាត់លើវាលមានដាំផ្កា Poppy ដែលកំពុងចេញផ្កា នៅជិតភូមិ Hasenfelde នៅភាគខាងកើតនៃប្រទេសអាល្លឺម៉ង់។

៩
ក្រុមជនអន្តោប្រវេសន៍ពីប្រទេសចំនួន២៤ លើកដៃដាក់លើទ្រូង នៅពេលគេចាក់ភ្លេងជាតិក្នុងពិធីផ្តល់សញ្ជាតិអាមេរិកដល់ពួកគេ នៅទីក្រុងញូវយ៉ក។

១០
មនុស្សម្នានិងស្រមោលរបស់ពួកគេនៅពេលពួកគេដើរនៅស្ថានីយ៍រថភ្លើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្នុងបាតុកម្មតវ៉ារឿងធ្វើដំណើរ។ ក្រុមអ្នកធ្វើដំណើរដែលប្រឈមមុខនឹងការលប់ចោលការធ្វើដំណើរតាមរថភ្លើង និងយន្តហោះ បានធ្វើដំណើរនៅលើដងផ្លូវ និងជិះរថយន្តផ្ទាល់ខ្លួនដែលធ្វើឲ្យផ្លូវមានការកកស្ទះនៅលើដងផ្លូវ។ ពួកគេតវ៉ាប្រឆាំងនឹងការដាក់វិស័យដឹកជញ្ជូនឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឯកជន។

១១
មនុស្សលេងពពុះទឹកនៅឧទ្យានហែលទឹកមួយនៅទីក្រុង Yantai ខេត្ត Shandong ប្រទេសចិន។

១២
អ្នកបង្ហាញម៉ូតម្នាក់ស្លៀកសម្លៀកបំពាក់ដែលច្នៃដោយអ្នករចនាម៉ូត Ermenegildo Zegna។ នេះជាម៉ូតមួយក្នុងចំណោមម៉ូតសម្រាប់រដូវផ្ការីកនិងរដូវក្តៅ ឆ្នាំ២០១៨ ដែលគេតាំងបង្ហាញនៅទីក្រុង Milan ប្រទេសអ៊ីតាលី។