រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មកពីសហរដ្ឋអាមេរិក ប្រទេសតួកគី ស៊ីរី បារាំង ប្រេស៊ីល វ៉េណេស៊ុយអេឡា ចិន អាល្លឺម៉ង់ និងជប៉ុន។
រូបភាពជុំវិញពិភពលោក ១៧ កក្កដា ២០១៦

១
បាតុករម្នាក់ដែលកាន់ទង់ជាតិសញ្ញាសន្តិភាពដើរតាមផ្លូវក្នុងក្រុង Cleveland រដ្ឋ Ohio ទីដែលសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា។

២
ប៉ូលិសរបស់ក្រុង Baton Rouge បិទមហាវិថី Airline បន្ទាប់ពីប៉ូលិសត្រូវបានបាញ់នៅក្នុងក្រុងនេះ។ អាជ្ញាធរនិយាយថា ប៉ូលិស៣រូបត្រូវបានគេបាញ់សម្លាប់ និងមួយចំនួនផ្សេងទៀតរងរបួស។

៣
ក្តាមឈូសរបស់ជនរងគ្រោះនៃរដ្ឋប្រហារត្រូវបានគេដាក់តំរៀបជាជួរសម្រាប់ពិធីបុណ្យសពមួយនៅក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី។

៤
លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីជូតទឺកភ្នែកក្នុងពេលប្រារព្ធពិធីបុណ្យសពរបស់ លោក Mustafa Cambaz និងលោក Abdullah Olcak ដែលបានស្លាប់កាលពីថ្ងៃសុក្រ នៅពេលតវ៉ានឹងរដ្ឋប្រហារមួយ នៅក្នុងក្រុង Istanbul។

៥
គូស្វាមីភរិយាដែលទើបតែរៀបអាពាហ៍ពិពាហ៍ថតរូបនៅពីមុខស្ពាន Bosporous នៅកណ្តាលក្រុង Istanbul ប្រទេសតួកគី។

៦
បុរសម្នាក់អង្គុយមើលកងការពារជនស៊ីវិលស៊ីរីស្វែងរកអ្នកនៅរស់ នៅក្នុងកម្ទេចនៃអគារបាក់បែក បន្ទាប់ពីមានការវាយប្រហារតាមអាកាសជាច្រើន នៅក្នុងសង្កាត់ Karm Homad ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។

៧
ក្រដាសប្រកាសស្វែងរកអ្នកបាត់ខ្លួនត្រូវបានគេបិទនៅលើជញ្ជាំង បន្ទាប់ពីការវាយប្រហារដោយឡានធុនធ្ងន់មួយ នៅថ្ងៃបុណ្យជាតិ Bastille Day ដែលបានសម្លាប់មនុស្សជាច្រើននាក់ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស នៅក្នុងក្រុងនីស ប្រទេសបារាំង។

៨
បុរសម្នាក់ហាត់ជិះក្តារលើទឹក នៅឆ្នេរ Barra da Tijuca ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

៩
ស្រ្តី និងក្មេងម្នាក់ប្រើថង់ប្លាស្ទិចដើម្បីគ្របខ្លួនពីទឹកភ្លៀង នៅពេលពួកគេឆ្លងកាត់ព្រំដែនកូឡុំប៊ី និងវ៉េណេស៊ុយអេឡា នៅលើស្ពានអន្តរជាតិ Simon Bolivar បន្ទាប់ពីដើរទិញឥវ៉ាន់នៅក្នុងក្រុង San Antonio del Tachira ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

១០
សិស្សានុសិស្សសម្តែងជាមួយនឹងបាល់ក្នុងពិធីបើកព្រឹត្តិការណ៍បាល់ទាត់មួយនៅក្នុងក្រុង Dalian ខេត្ត Liaoning ប្រទេសចិន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

១១
កីឡាករប្រណាំងម៉ូតូ Franco Morbidelli មកពីអ៊ីតាលីដួលក្នុងពេលប្រកួតនៅទីលាន Sachsenring ក្នុងក្រុងHohenstein-Ernstthal ប្រទេសអាល្លឺម៉ង់។

១២
អ្នកទេសចរណ៍មើលត្រីត្រូពិចដែលត្រូវបានគេយកមកពីកោះ Okinawa ភាគខាងត្បូងនៃប្រទេសជប៉ុន និងត្រូវបានគេដាក់បង្ហាញនៅក្នុងធុងទឹកដែលមានទម្ងន់១៤តោន នៅទីលាន Sony Square ក្នុងក្រុងតូក្យូ។