ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​បដិសេធ​ការ​ឃុំ​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ដោយ​គ្មាន​ដីកា


អ្នកគាំទ្រ​គណបក្ស​សម រង្ស៊ី​​ ក្នុងការ​ដើរ​ក្បួន​ដង្ហែរ​មួយ​នៅ​រាជធានី​ភ្នំពេញ។​
អ្នកគាំទ្រ​គណបក្ស​សម រង្ស៊ី​​ ក្នុងការ​ដើរ​ក្បួន​ដង្ហែរ​មួយ​នៅ​រាជធានី​ភ្នំពេញ។​

បន្ទាប់​ពី​មាន​រឿង​ចម្រូង​ចម្រាស​ក្នុង​ការ​សម្រេច​ឃុំ​ខ្លួន​ជំទប់​ទី​២​ខាង​គណបក្ស​សម រង្ស៊ី​ ដោយ​គ្មាន​ដីការសម្រេច​ឃុំ​ខ្លួន​ត្រឹម​ត្រូវ​កាល​ពី​ចុង​ខែ​កញ្ញា។ លោក​លឹម សុគន្ថា​ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​អះអាង​ថា ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​ពី​សំណាក់​មេធាវី​ការ​ពារ​ជនជាប់​ចោទ​ទេ។

លោក​លឹម សុគន្ថា​ចៅក្រម​ស៊ើប​អង្កេត​នៃ​តុលា​ការ​ខេត្ត​កណ្តាល​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​ថា ការ​ចោទ​ប្រកាន់​របស់​មេធាវី​ជាការ​មិន​ពិត។

«ករណី​ដែល​លោក​មេធាវី​ចោទ​ប្រកាន់​ថា ការ​ចាប់​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ដោយ​គ្មាន​ដីការ លោក​ពិចារណា​ទៅ តើ​ចៅ​ក្រម​អាច​ឃុំ​ខ្លួន​ដោយ​គ្មាន​ដីកា​បាន​ទេ។ គឺ​យើង​ធ្វើ​អ្វី​មាន​និតិ​វិធី​ទាំងអស់​គឺ​យើង​មាន​ដីកា​សម្រច​ហើយ​ទើប​មាន​ដីកា​បង្គាប់។ ថ្ងៃ​នោះ​យើង​បាន​យក​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ទៅ​ដល់​ពន្ធនាគារ»។

កាល​ពី​ចុង​ខែ​កញ្ញា​មាន​ភាព​ចម្រូង​ចម្រាស់​មួយ​បាន​កើត​ឡើងក្នុង​ខណៈ​ដែល​លោក​មាស​ ប៉េង ជំទប់​ទី​២​ឃុំ​បន្ទាយ​ដែក​ ស្រុក​កៀន​ស្វាយ​ខេត្ត​កណ្តាល​ត្រូវ​បាន​នាំខ្លួន​ទៅ​ឃុំ​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាលក្រោម​បទ​ចោទ​ប្រកាន់​ថា​ផ្តើម​គំនិត​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើអ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​ នៅ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​មួយ​ជាមួយ​លោក​ប្រាក់​ សាវុធ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ក្រចេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ជួង ជូងី​ មេធាវី​ការ​ពារ​ក្តី​លោកមាស​ប៉េង​បាន​និយាយ​ថា​ការ​សម្រច​ឲ្យ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​មិន​មាន​ដីកា​សម្រច​ឲ្យ​ឃុំ​ខ្លួន​ដែល​បាន​ចេញ​ពី​លោក​ចៅ​ក្រម​លឹម​ សុគន្ថាទេ​ ទើប​លោក​សម្រេច​នាំកូន​ក្តី​របស់​លោក​ចេញ​ពី​ពន្ធនាគារ​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋាន​វិញ។

លោក ជួង ជូងី​បាន​និយាយ​ថា ការ​បញ្ជាក់​ពី​លោកលឹម​ សុគន្ថា​ ថា​មាន​ដីការ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ត្រឹម​ត្រូវ​នោះ​ជា​ការ​លើក​ឡើង​មិន​ពិត។ ​លោក​បាន​មាន​ប្រសាន៍​ថា ទំនង​ជា​លោក​ចៅ​ក្រម​រៀប​ចំដីកា​ឃុំ​ខ្លួន​ក្រោយ​ពេល​មាន​ចម្រូង​ចម្រាស​នេះ​កើត​ឡើង។

«គាត់​ប្រាកដ​ជា​រៀប​ចំដីកា​ហ្នឹង​តាម​ក្រោយ​ហើយ​ពី​ព្រោះ​សភាព​ជាក់​ស្តែង​ពេល​ហ្នឹង​ខ្ញុំ​ទារក​អត់​មាន​បង្ហាញ​ខ្ញុំ​ទេ។ ខ្ញុំទារ​បី​(ដង)នៅ​បន្ទប់​របស់​គាត់​ អត់​មាន​បង្ហាញ​ខ្ញុំ​ទេ។ ហើយ​ពេល​ដែល​បញ្ជូន​មាស​ ប៉េង​ទៅ​ដល់​ពន្ធនាគារ​ទៀត។​ខ្ញុំ​ទារ​មន្ត្រី​ពន្ឋនា​គារ​ថា​ឯណា​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន? ដល់​ពេល​ខ្ញុំ​សួរ​ទៅ​មន្ត្រី​ពន្ធនាគារ​ទាំង​ហ្វូង​ជាង​១០​នាក់​ឡេង ឡង់ៗ​មើល​មុខ​គ្នា​អត់​មាន​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន។ ខ្ញុំ​ហៅ​កូន​ក្តី​របស់​ខ្ញុំ​ឲ្យមក​ផ្ទះ​វិញ​មក»។

លោក​មាស​ ប៉េង​ ជំទប់​ទី​២​ឃុំ​បន្ទាយ​ដែកបាន​ប្រាប់ ​វីអូអេ​ពី​ន្លែង​លាក់​ខ្លួន​មក​ថា​ការ​សម្រេច​ចេញ​ដីកាឃុំ​ខ្លួន​ពីចៅ​ក្រម ​លឹម សុគន្ថា​ពេល​នោះ​គឺ​ពុំ​មាន​ដីកា​ត្រឹម​ត្រូវទេ។ លោក​បាន​បញ្ជាក់​ថា​ចំណែក​ឯ​ការ​ចោទ​ប្រកាន់ថា​លោក​ជាប់​ពាក់​ព័ន្ឋ និង​ផ្តើម​គំនិត​ឲ្យ​ប្រើ​អំពើ​ហិង្សា​ក៏​មិន​ពិត​ដែរ។

«ចោទ​ហ្នឹង​មិន​ត្រឹម​ត្រូវទេ។ ហេតុអ្វី​បាន​ជា​ខ្ញុំថា ​មិន​ត្រឹម​ត្រូវ។ ពាក្យ​ថា​ផ្តួចផ្តើម​ថា​ដើម​គឺមុន​អញ្ចឹង​រឿង​កើត​ហេតុ​ចប់​ហើយ​បាន​ខ្ញុំ​ទៅ​ហ្នឹង។ ទៅ​មើល​គេ​មួយ​ភ្លែត​ អត់​ហ៊ាន​ទៅ​ជិត​ផង​ថា​ខ្ញុំ​ផ្តើម​ពី​ណា?»

សំណុំ​រឿង​ចាប់​មនុស្ស​ឃុំ​ឃាំង​នេះ​នៅ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​ទេ។ លោក​លឹម សុគន្ថា​ ចៅ​ក្រម​តុលាការ​ខេត្ត​កណ្តាល​បាន​និយាយ​ថា តុលាការ​នៅ​បន្ត​នីតិវិធី​របស់​ខ្លួន​ដដែល។ នៅក្នុង​ខណៈ​ដែលលោក​ជួ ជូងីមេធាវី​ការ​ពារ​ក្តី​ជនជាប់​ចោទ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ចំពោះ​កូន​ក្តី​របស់​លោក។

មន្រ្តី​គណ​បក្ស​ប្រឆាំង​ធ្លាប់​បាន​អះអាង​ថា ​ការ​ចាប់​ឃុំ​ខ្លួន​ជំទប់​ទី​២​នៃ​ឃុំ​បន្ទាយ​ដែក​ជា​រឿង​ពាក់​ព័ន្ធ​នឹង​ផ្នែក​នយោ​បាយ​ក៏ប៉ុន្តែ​ចៅ​ក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បាននិយាយ​ថា ​ជា​ការ​អនុវត្ត​ច្បាប់។

កាលពី​ខែ​កញ្ញា​លោក​មឹក ជា សកម្ម​ជន​ខាង​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្តាល​បាន​ចាប់​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ដូចគ្នា​នេះ​ដែរ​ក្នុង​ទំនាស់​ដី​ធ្លី​ជាមួយ​និង​លោក​ប្រាក់​ សាវុធ។

លោក​ មឹក​ ជា ​សកម្មជន​គណបក្ស​សម រង្ស៊ី​ កាល​ពី​ចុង​ខែ​សីហា​ បាន​ចូល​រួម​តវ៉ា​ជម្លោះ​ដី​ធ្លី​មួយ​នៅ​ស្រុក​គៀនស្វាយ ​ខេត្ត​កណ្តាល និង​តវ៉ា​នៅ​សួន​ប្រជាធិបតេយ្យ​នៅ​ទី​ក្រុង​ភ្នំពេញ។​ ការ​តវ៉ា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​ជំទាស់​នឹង​រឿង​ក្តី​មួយ​ ដែល​តុលាការ​ខេត្ត​កណ្តាល​បាន​សម្រេច​កាត់​ក្តី​ឲ្យ​លោក​ប្រាក់​ សាវុធ​ សមាជិ​ក្រុម​ប្រឹក្សា​ខេត្ត​ក្រចេះ​ឈ្នះ​ក្តី​លើ​ទំហំ​ដី​ជាង​សែសិបប្រាំពីរ ​ហិកតា​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​១១៤​គ្រួសារ​នៅ​ស្រុក​ គៀនស្វាយ​ ខេត្ត​កណ្តាល៕

XS
SM
MD
LG