ភ្នំពេញ — ស្របពេលដែលពលរដ្ឋខ្មែរ និងអតីតបុគ្គលិកកាសែត ឌឹ ខេមបូឌាដេលី (The Cambodia Daily) ចូលរួមមរណទុក្ខលោក Bernard Krisher ស្ថាបនិកកាសែតជាភាសាអង់គ្លេសប្រចាំថ្ងៃដំបូងគេនៅកម្ពុជា សេរីភាពសារព័ត៌មាននិងការបញ្ចេញមតិនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភ។
អ្នកបង្កើតកាសែតជាភាសាអង់គ្លេសប្រចាំថ្ងៃដំបូងគេ ឌឹ ខេមបូឌាដេលី លោក Bernard Krisher បានទទួលមរណភាពក្នុងមន្ទីរពេទ្យមួយនៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ហើយសពរបស់លោកត្រូវបានបញ្ចុះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ដំណឹងនៃមរណភាពរបស់លោកត្រូវបានប្រកាសកាលពីថ្ងៃចន្ទ លើគេហទំព័ររបស់ ឌឹ ខេមបូឌាដេលី។
រីឯក្នុងប្រទេសកម្ពុជាវិញ អ្នកសារព័ត៌មាន និងអតីតបុគ្គលិករបស់កាសែត ឌឹ ខេមបូឌាដេលី ព្រមទាំងមិត្តភក្តិ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលរបស់លោក Bernard Krisher បានជួបជុំគ្នានៅមជ្ឈមណ្ឌលក្មេងកំព្រានៃអង្គការដែលលោកបង្កើត ស្ថិតនៅជាយរាជធានីភ្នំពេញ ដើម្បីកាន់ទុក្ខនិងបង្ហាញការគោរពជាលើកចុងក្រោយដល់អ្នកសារព័ត៌មានជើងចាស់ជនជាតិអាមេរិករូបនេះ។
ពិធីបុណ្យបែបព្រះពុទ្ធសាសនារយៈពេល២ថ្ងៃបានបញ្ចប់កាលពីថ្ងៃអង្គារ ប៉ុន្តែការកាន់ទុក្ខ និងរូបថតរបស់លោក ត្រូវបន្តដាក់ក្នុងមណ្ឌលកុមារកំព្រាមួយនោះ សម្រាប់ឲ្យភ្ញៀវចូលទៅបង្ហាញមរណទុក្ខកាន់តែច្រើន រហូតដល់ចុងសប្តាហ៍នេះ។
បន្ទាប់ពីអុជធូប និងគោរពវិញ្ញាណក្ខន្ធរបស់លោក Bernard Krisher លោក វណ្ណ រើន អតីតការីនិពន្ធនៃកាសែត The Cambodia Daily កាលពីមុនពេលដែលកាសែតនេះត្រូវបានបិទ ប្រាប់ VOA ថា លោក Bernard ជាបុគ្គលមួយរូបដែលតែងបណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងជនជាតិខ្មែរ និងបរទស ឲ្យប្រកាន់នូវវិជ្ជាជីវៈ។
អតីតការីនិពន្ធដែលធ្លាប់ធ្វើការឲ្យកាសែត The Cambodia Daily អស់រយៈពេល២០ឆ្នាំរូបនេះបន្ថែមថា ការបាត់បង់លោក Bernard ប្រៀបដូចជាការបាត់បង់ពន្លឺនៃវិជ្ជាជីវៈសារព័ត៌មានមួយនៅកម្ពុជាយ៉ាងដូច្នោះ។
«កាសែតដេលីជាមួយគាត់ គាត់នៅជាមួយគ្នា បានន័យថា ការបាត់បង់គាត់ដូចជាការបាត់បង់កាសែតមួយទៅជាមួយគ្នាដែរ ព្រោះអ្វីៗដែលគាត់បានធ្វើឡើងហ្នឹងគឺដើម្បីសិទ្ធិសេរីភាពសារព័ត៌មាន ហើយនិងការដែលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានខ្មែរ និងបរទេស»។
លោក វណ្ណ រើន បន្ថែមថា អំឡុងពេលធ្វើការជាមួយលោក Bernard កាសែតខ្មែរអង់គ្លេសមួយនោះ តែងរងនូវការគំរាមកំហែង និងការព្រមានបិទជាច្រើនដង ប៉ុន្តែលោកថា លោក Bernard តែងព្យាយាមដោះស្រាយដោយសន្តិវិធី និងថែរក្សាកាសែតមួយនេះឲ្យដំណើរការទៅមុខចាប់តាំងពីឆ្នាំ១៩៩៣ ដល់ចុងឆ្នាំ២០១៧នេះ។
«បញ្ហាភាគច្រើនគាត់ប្រកាន់ជំហររឹងមាំដដែល គាត់ត្រូវតែទៅមុខ គាត់មិនអាចដើរថយក្រោយបានទេ។ អ្វីដែលគាត់ដោះស្រាយ គាត់ដោះស្រាយតាមសន្តិវិធី គាត់ធ្វើអ្វីដោយមិនប្រញាប់ប្រញាល់ បានន័យថា គាត់ធ្វើអ្វីដោយជឿជំនឿទុកចិត្ត មិនមែនលក្ខណៈឆូងឆាំង»។
កាសែត ឌឹ ខេមបូឌាដេលី ត្រូវបានចេញផ្សាយជាប្រចាំថ្ងៃ ប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ចាប់តាំងពីការបើករបស់ខ្លួនក្នុងឆ្នាំ១៩៩៣។ ការបើកដំណើរការរបស់កាសែតជាភាសាអង់គ្លេសនិងខ្មែរនេះ ធ្វើឡើងមួយឆ្នាំក្រោយ កាសែតភ្នំពេញប៉ុស្តិ៍បានចេញផ្សាយរបស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ម្តង។
ចាប់ឆ្នាំ២០១៦មក សកម្មភាពនៃការគ្រប់គ្រងកាសែត The Cambodia Daily របស់លោក Bernard Krisher កាន់តែតិចទៅៗ នៅពេលដែលលោកបានធ្លាក់ខ្លួនឈឺ ហើយផ្ទេរកម្មសិទ្ធិទៅឲ្យកូនស្រីរបស់លោក គឺអ្នកស្រី Deborah Krisher-Steele ពោលគឺមួយឆ្នាំ មុនពេលដែលរដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹងផ្នែកពន្ធដារជាង ៦លានដុល្លារ ដែលធ្វើឱ្យកាសែតនេះសម្រេចបិទការិយាល័យរបស់ខ្លួន។
ក្នុងឆ្នាំ២០១៨ កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាគូប្រជែងក៏ត្រូវបានលក់ឱ្យអ្នកវិនិយោគមកពីម៉ាឡេស៊ី ដ៏គួរឱ្យមន្ទិលសង្ស័យ។ ស្របគ្នានោះដែរ រដ្ឋាភិបាលក៏បានដាក់សម្ពាធពន្ធលើវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក និងបញ្ជាឲ្យបិទស្ថានីយវិទ្យុក្នុងស្រុកជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា។
លោក ឆន ចាន់ស៊ី អតីតអ្នកសារព័ត៌មាន The Cambodia Daily ម្នាក់ដែលចូលរួមក្នុងពិធីបុណ្យសពរបស់លោក Bernard ដែរនោះ បានបន្ទោសការបិទកាសែត ឌឹ ខេមបូឌាដេលី ថាមានការពាក់ព័ន្ធនឹងនយោបាយ។ ទោះយ៉ាងណា លោកជឿថាកាសែតមួយនេះនឹងនៅជាមួយលោក Bernard Krisher។
«ជាក់ស្តែងយើងត្រូវមើលអំពីស្ថានភាព ឬក៏ទំនោរនយោបាយ ថាតើគេចង់ឲ្យដេលីហ្នឹងនៅបិទទ្វារ ឬក៏បើក? ប៉ុន្តែអ្វីដែលខ្ញុំដឹងគឺថា គាត់ជាមនុស្សឆ្លាតមួយគាត់អាចដោះស្រាយបញ្ហាបានជាច្រើន ទោះបីជាបញ្ហាហ្នឹងលំបាកប៉ុណ្ណាក៏ដោយ គាត់អាចរកដំណោះស្រាយ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅកាសែត The Cambodia Daily ថាជា«មេចោរ» ដែលបានលួចពន្ធរបស់កម្ពុជាអស់រយៈពេល២៤ឆ្នាំ។ ក្រោយមក ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលរបស់លោកក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងកូនស្រីរបស់លោក Bernard Krisher ឈ្មោះ Deborah Krisher-Steele។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយក្នុងព្រឹត្តិប័ត្រចុងក្រោយនៃកាសែត ឌឹ ខេមបូឌាដេលី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក Bernard Krisher បានរៀបរាប់ថាកាសែតរបស់លោកជាកាសែតមិនរកកម្រៃពីអ្នកអានក្នុងរយៈពេល២៤ឆ្នាំ ហើយលោកថា លោកនឹងទទួលខុសត្រូវទាំងស្រុងចំពោះដំណើរការរបស់កាសែតមួយនេះ។
អ្នកសារព័ត៌មានជើងចាស់អាមេរិករូបនេះ បានសរសេរក្នុងសេចក្តីថ្លែងការណ៍ចុង ក្រោយរបស់លោកដែលបានចេញផ្សាយនៅលើកាសែត The Cambodia Daily ថា៖
«ប្រសិនបើពួកគេចង់កាត់ទោសនរណាម្នាក់ ខ្ញុំនឹងត្រឡប់មកវិញ ព្រោះខ្ញុំជាអ្នកធ្វើវា។ ការចោទប្រកាន់ប្រឆាំងនឹងកាសែតរបស់ខ្ញុំ គឺជាការប៉ុនប៉ងដ៏តឹងតែងរបស់របបនេះ ក្នុងការបិទប្រតិបត្តិការរបស់យើងភ្លាមៗ»។
លោក ពូ សុធីរៈ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ដែលមានទំនាក់ទំនងល្អជាមួយលោក Bernard Krisher មានប្រសាសន៍ថា លោក Bernard គឺជាមិត្តភក្តិល្អរបស់កម្ពុជា និងថា លោកជាបុគ្គលមួយរូបដែលប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន។លោកបន្តថា មរណភាពរបស់លោក Bernard គឺជារឿងដែលគួរឲ្យសោកស្តាយសម្រាប់កម្ពុជា។
លោកបញ្ជាក់ថា៖
«គាត់ជា Champion [ជើងឯក] ខាងសេរីភាពក្នុងរឿងព័ត៌មាន យើងដឹងស្រាប់ហើយគាត់ជា Owner [ម្ចាស់] របស់ ខេមបូឌា ដេលី ដូច្នេះខ្ញុំមានការសោកស្តាយណាស់ដែលដឹងថាគាត់ស្លាប់ ហើយនៅតែដឹងថាគាត់បានធ្វើអំពើល្អច្រើនណាស់ជាមួយស្រុកខ្មែរ។ ហើយគាត់ស្គាល់អ្នកដឹកនាំខ្មែរច្រើនណាស់ ជាពិសេសសម្តេចតា សម្តេចនរោត្តមសីហនុ ដែលលោកសុគតទៅ»។
លោក Bernard Krisher បានជួបសម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៦៤ នៅពេលលោកបានសម្ភាសន៍ប្រធានាធិបតីនៃប្រទេស ឥណ្ឌូណេស៊ី ស៊ូកាណូ ពេលលោកយកព័ត៌មានឱ្យកាសែតអាមេរិក Newsweek។ សម្តេច នរោត្តម សីហនុ បានអញ្ជើញលោក Krisher ឲ្យមកលេងកម្ពុជា។ ចំណងទាក់ទងនៃអ្នកទាំងពីរកាន់តែប្រសើរឡើងក្រោយឆ្នាំ១៩៩៣ ពេលលោកបើកកាសែត ឌឹ ខេមបូឌាដេលី និងអង្គការមនុស្សធម៌ជួយដល់កម្ពុជា។ នេះបើយោងតាមអត្ថបទរបស់សារព័ត៌មាន ឌឹ ខេមបូឌាដេលី ដែលផ្សាយអំពីមរណភាពរបស់លោកកាលពីថ្ងៃចន្ទ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតជំនួយការរបស់ព្រះមហាវីរក្សត្រព្រះបាទនរោត្តម សីហនុ មានបន្ទូលថា លោក Bernard Krisher មានភាពជិតស្និទ្ធខ្លាំងជាមួយព្រះមហាវីរក្សត្រ ចាប់តាំងពីឆ្នាំ១៩៩៣មក ពោលគឺនៅពេលដែលលោកចាប់ផ្តើមបង្កើតកាសែត The Cambodia Daily។ ព្រះអង្គម្ចាស់បន្ថែមថា ព្រះមហាវីរក្សត្របានចាត់ទុកកាសែតនេះជាកាសែតដែលមានវិជា្ជជីវៈខ្ពស់ និងឈប់អានកាសែតក្នុងស្រុកផ្សេងទៀត ចាប់ពីអំឡុងឆ្នាំ២០០២មក។
ព្រះអង្គម្ចាស់បញ្ជាក់ថា៖
«ចាប់ពីឆ្នាំ២០០២ ឬ ២០០៣អីហ្នឹងព្រះករុណាព្រះវររាជបិតា ព្រះបរមរតនកោដិ លោកឈប់អានកាសែតមួយចំនួន ដូចភ្នំពេញប៉ុស្តិ៍ដូចអីហ្នឹង ដោយសារលោកមិនពេញចិត្តចំពោះការអត្ថាធិប្បាយមិនយុត្តិធម៌ មិនសមស្រប។ ហេតុដូច្នេះលោកអានត្រឹមតែខេមបូឌាដេលីទេ។ រៀងរាល់ថ្ងៃ ស្ទើតែគ្រប់អត្ថបទ លោកទតខេមបូឌាដេលី»។
ក្រៅពីជួយកម្ពុជាឲ្យមានសេរីភាពសារព័ត៌មាន លោក Bernard Krisher ក៏បានដឹកនាំជំនួយអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះថា ជំនួយសម្រាប់ពិភពលោកដល់កម្ពុជា World Assistance for Cambodia ដោយបានកសាងសាលារៀនចំនួន៥៦០ នៅតាមជនបទនៃប្រទេសកម្ពុជា និងបានដាក់គ្រូបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ។ លោកក៏បានជួយឱ្យមានការបើកកន្លែងព្យាបាលដ៏ធំក្នុងមន្ទីរពេទ្យព្រះសីហនុ កណ្តាលក្រុងភ្នំពេញ ដែលមានឈ្មោះថា មជ្ឈមណ្ឌលនៃក្តីសង្ឃឹម ឬ Hope Centre ដែលជួយព្យាបាលពលរដ្ឋខ្មែរក្រីក្រ។ ក្រៅពីនេះ លោក Bernard Krisher ក៏បានជួយឱ្យមានការបកប្រែនឹងបោះពុម្ពសៀវភៅល្បីៗមួយចំនួនជាភាសាខ្មែរនិងអង់គ្លេសផងដែរ។
អ្នកស្រី Elezabeth Becker អ្នកកាសែតជើងចាស់ ដែលធ្លាប់យកព័ត៌មានអំពីសង្គ្រាមក្នុងប្រទេសវៀតណាមនិងកម្ពុជា បាននិយាយថា អ្នកស្រីកោតសរសើរលោក Krisher ថាជាមនុស្សដ៏គួរឱ្យគោរពនិងមានឆន្ទៈមោះមុតជួយប្រទេសកម្ពុជា ដែលទើបតែចេញផុតពីសង្គ្រាមនាគ្រានោះ។
«មានជនបរទេសតិចតួចណាស់ដែលមានការប្តេជ្ញាចិត្តជាវិជ្ជមានចំពោះប្រទេសកម្ពុជាដូចជាលោក Bernie។ ការចាប់ផ្តើមកាសែតសំខាន់មួយ និងការចាប់ផ្តើមគ្រឹះស្ថានបោះពុម្ពផ្សាយ គឺមានការលំបាកនៅគ្រប់កាលៈទេសៈទាំងអស់។ ហើយគាត់បានរក្សាការប្តេជ្ញាចិត្តរបស់គាត់រហូតទាល់តែកាសែតរបស់គាត់ត្រូវបានបង្ខំចិត្តបិទទ្វារ»។
លោក ពូ សុធីរៈ បន្ថែមថា បើតាមការសង្កេតរបស់លោកកាសែត The Cambodia Daily គឺជាសារព័ត៌មានមួយដែលមានវិជ្ជាជីវៈ និងភាពសុក្រឹត្យជាងគេនៅកម្ពុជា។ លោកថា ទន្ទឹមនឹងការសោកស្តាយដែលបាត់បង់លោក Bernard លោកក៏មានការសោកស្តាយដែលកាសែត The Cambodia Daily លែងមានវត្តមាននៅកម្ពុជា។
«វាធ្វើឲ្យមានការបាត់បង់នូវវេទិកាមួយដែលមានសារសំខាន់ក្នុងការផ្តល់ព័ត៌មានឲ្យមតិសាធារណៈដឹងអំពីព្រឹត្តិហេតុផ្សេងៗដែលមានសារប្រយោជន៍ចំពោះសង្គម ក៏ដូចជាតំបន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នឹងដែរ»។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានប្រាប់ VOA ថា ស្ថាបនិកកាសែត ឌឹ ខេមបូឌាដេលី របស់លោក Bernard Krisher បានចូលរួមក្នុងការបញ្ចេញសំឡេងកម្ពុជាឲ្យបានឮទៅដល់អន្តរជាតិ ហើយជូនដំណឹងជាសាធារណៈនូវអ្វីដែលបានកើតឡើងនៅកម្ពុជា និងនៅបរទេស។ ប៉ុន្តែលោកបាននិយាយថា កាសែតបរទេសមួយនេះមិនមែនជាកាសែតដែលមានវិជ្ជាជីវៈនោះទេ ព្រោះកាសែតនេះបានរិះគន់រដ្ឋាភិបាល។
«បើសិនយើងចង់និយាយថា Cambodia Daily ជាកាសែតប្រកបដោយវិជ្ជាជីវៈ ប្រកបដោយអីហ្នឹង ខ្ញុំមើលទៅដូចជាមិនអញ្ចឹងប៉ុន្មានទេ ក៏ប៉ុន្តែគាត់មាននិន្នាការដែលមិនមែនរដ្ឋាភិបាល ហើយមិនមែនជានិន្នាការអ្នកផ្សព្វផ្សាយនៅក្នុងរបៀបជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ ពីព្រោះគាត់មាននិន្នាការ។ អាហ្នឹងចំណុចទី១។ ទី២ Cambodia Daily គ្រាន់តែជាកន្លែងបំពងបន្តពីអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានទិសដៅនយោបាយ ដែលខ្ញុំសង្កេតឃើញ»។
ការបិទកាសែត ឌឹ ខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងស្ថានីយ៍វិទ្យុក្នុងស្រុក ដោយធ្វើឲ្យសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានចាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងលេខរៀងទី ១៤២ ក្នុងចំណោមប្រទេសចំនួន១៨០ នៅឆ្នាំ២០១៨។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លើកឡើងថា កាសែត The Cambodia Daily ដែលបង្កើតឡើងដោយលោក Bernard Krisher ជាកាសែតដែលមានវិជ្ជាជីវៈ ផ្សាយពីការពិតក្នុងសង្គម ដោយមិនមានការភ័យខ្លាច។
លោកបន្ថែមថា ចាប់តាំងពីកាសែត The Cambodia Daily ត្រូវបានបិទរហូតមកដល់បច្ចុប្បន្នស្ថានភាពសារព័ត៌មាននៅកម្ពុជាមានការធ្លាក់ចុះខ្លាំង ដែលលោកថា ការណ៍នេះកំពុងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការវិវត្តនៅកម្ពុជា ក៏ដូចជាការជំរុញអ្នកពាក់ព័ន្ធដោះស្រាយបញ្ហាផ្សេងៗដែលជាប់គាំងក្នុងសង្គម។
លោកមានប្រសាសន៍ថា៖
«បើសិនជាមិនមានវត្តមានសារព័ត៌មានឯករាជ្យហ្នឹងទេ អ្វីដែលជាបញ្ហាហ្នឹងគឺវានៅមានចំណុចខ្វះខាត។ ដូចខ្ញុំបានលើកឡើងអញ្ចឹង ឧទាហរណ៍ តម្លាភាពសង្គម ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការធ្វើឲ្យមានគណនេយ្យភាពសង្គមហ្នឹង គឺអត់អាចទៅរួចទេ»។
លោក ណុប វី លើកឡើងថា លោក Bernard គឺជាអ្នកសារព័ត៌មានជើងចាស់មួយរូបដែលមានចំណេះដឹងជ្រៅជ្រះ និងឧត្តមគតិក្នុងការកសាងឯករាជ្យភាពលើប្រព័ន្ធផ្សព្វផ្សាយទាំងនៅលើពិភពលោក និងនៅកម្ពុជា។ លោកបន្តថា វីរភាពរបស់លោក Bernard គឺជាគំរូសម្រាប់អ្នកសារព័ត៌មានផ្សេងទៀតនៅកម្ពុជា ក្នុងការពង្រឹងវិជ្ជាជីវៈ និងឯករាជ្យភាពរបស់ខ្លួន។
អ្នកស្រី Elizabeth Becker បានបន្ថែមថា សេរីភាពសារព័ត៌មាននៅកម្ពុជាអាចនឹងត្រូវបានឡោមព័ទ្ធដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បន្ទាប់ពីការបិទស្ថាប័នព័ត៌មានឯករាជ្យដូចជាកាសែត ឌឹ ខេមបូឌាដេលី និងមរណភាពរបស់លោក Bernard Krisher ប៉ុន្តែអ្នកកាសែតដែលបានទទួលការហ្វឹកហ្វឺនពីកាសែតដ៏មានឥទ្ធិពលនេះគឺជាអ្នកបន្តវេននៅថ្ងៃអនាគត។
អ្នកស្រីបាននិយាយថា៖
«ពួកគេគឺជាឆ្អឹងខ្នងនៃសារព័ត៌មានល្អនាពេលបច្ចុប្បន្នក៏ដូចជាអនាគត»។
អស់រយៈពេលជាង ២៤ ឆ្នាំនៃដំណើរការរបស់ខ្លួន កាសែត ឌឹ ខេមបូឌាដេលី គឺជាកន្លែងបង្ហាត់បង្រៀនអ្នកសារព័ត៌មានវ័យក្មេងជាច្រើននាក់ទាំងបរទេសនិងជនជាតិខ្មែរ ដែលភាគច្រើនកំពុងធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗគ្នា ទាំងនៅកម្ពុជា និងនៅជុំវិញពិភពលោករួមទាំងកាសែត Washington Post ទីភ្នាក់ងារសារព័ត៌មាន AP និង Reuters ជាដើម។
អ្នកស្រី ចេង សុខហ័ង អតីតអ្នកសារព័ត៌មានកាសែត The Cambodia Daily មួយរូបដែរ ក៏បាននិយាយថា លោក Bernard Krisher បានការធ្វើការងារយ៉ាងខ្លាំងដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដោយមិនមានភាពលម្អៀង ដូច្នេះអ្នកស្រីរំពឹងថា ប្រជាជនកម្ពុជានឹងចងចាំកេរ្តិ៍ឈ្មោះរបស់លោក Bernard ហើយអ្នកស្រីក៏ចង់ឃើញសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពប្រសើរឡើងនាពេលខាងមុខ។
«ខ្ញុំជឿជាក់ថាស្នាដៃរបស់គាត់នៅតែដិតជាប់ក្នុងប្រទេសកម្ពុជាយើង ហើយកូនខ្មែរជាច្រើននឹងចងចាំឈ្មោះគាត់ជារៀងរហូត»។
អ្នកស្រី Elizabeth Becker បាននិយាយថា លោក Bernard Krisher បានទទួលមរណភាពក៏ពិតមែន ប៉ុន្តែគំនិតរបស់លោក និងអ្នកដែលរៀន និងអានព័ត៌មានរបស់លោកនៅតែបន្ត។
«វាស្ថិតនៅជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលបានរៀនជំនាញសារព័ត៌មានតាមរយៈកាសែតរបស់គាត់ និងមនុស្សដែលបានអានវាហើយមានការយល់ដឹងកាន់តែច្បាស់អំពីរបៀបមើលពិភពរបស់ពួកគេ»។
លោក Bernard Krisher កើតក្នុងឆ្នាំ១៩៣១ ក្នុងប្រទេសអាល្លឺម៉ង់ ដែលមានឪពុកជាជនជាតិ ជ្វីព។ គ្រួសាររបស់លោក បានរត់ភៀសខ្លួន ពីការកាប់សម្លាប់រង្គាលរបស់ក្រុម ហ៊ីត្លែរ នឹងបានទៅតាំងទីលំនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៤១។
លោកបានរស់នៅក្នុងប្រទេសជប៉ុនចាប់តាំងពីឆ្នាំ ១៩៦២ និងបានរៀបការជាមួយស្ត្រីជនជាតិជប៉ុន និងមានកូនពីរនាក់ និងចៅពីរនាក់។ ក្នុងមួយឆាកជីវិតរបស់លោកចាប់តាំងពីកុមារភាពរហូតដល់ជីវិតចុងក្រោយ លោក Bernard Krisher ដែលចូលចិត្តការអាននិងសរសេរ នៅមិនឆ្ងាយពីអាជីពសារព័ត៌មាន៕