រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ មកពីប្រទេសឈីលី តួកគី រុស្ស៊ី ស្វ៊ីស ម៉ុងតេណេហ្គ្រោ ហៃទី ចិន អូស្រ្តាលី លីបង់ អាល្លឺម៉ង់ អាហ្វហ្គានីស្ថាន អ៊ីតាលី និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៩ មករា ២០១៦

១
លោកស្រី Michelle Bachelet ប្រធានាធិបតីរបស់ប្រទេសឈីលី (Chile) និយាយទៅកាន់មនុស្សយន្តម៉ាក Geminoid HI-2 ដែលត្រូវបានគេបង្កើតឡើងឲ្យដូចទៅនឹងលោកសាស្រ្តាចារ្យជនជាតិជប៉ុនឈ្មោះ Hiroshi Ishiguro ក្នុងពិធីបើកសម្ភោធព្រឹត្តិការណ៍សភានៃអនាគត (Congress of the Future) ក្នុងក្រុងសាន់ត្យាហ្គោ (Santiago)។ លោកសាស្រ្តាចារ្យ Hiroshi Ishiguro ជាអ្នកបង្កើតមនុស្សយន្តប្រភេទនេះ។

២
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ លោក Scott Kelly ដែលជាមេបញ្ជាការនៃបេសកកម្មលើកទី៤៦ក្នុងលំហអាកាសបានចែករំលែករូបថតនៃប្រភេទផ្កាម៉្យាង (ស្រដៀងនឹងផ្កាឈូករ័ត្ន) នៅក្នុងប្រព័ន្ធដាំរុក្ខជាតិ Veggie នៅលើយាន្តរបស់ស្ថានីយ៍អាកាសអន្តរជាតិ។ លោក Kelly បានសរសេរថា៖ «បាទ មានទម្រង់នៃជីវិតផ្សេងៗទៀតនៅក្នុងលំហអាកាស»។

៣
ស្រ្តីម្នាក់ និងកូនៗរបស់គាត់ឈរនៅក្នុងផ្ទះបែកបាក់ នៅក្នុងក្រុង Silopi នៅទិសអាគ្នេយ៍នៃប្រទេសតួកគី ក្បែរព្រំប្រទល់នឹងប្រទេសអ៊ីរ៉ាក់។ ប្រទេសតួកគីកំពុងតែប្រយុទ្ធប្រឆាំងនឹងការវាយលុកយ៉ាងខ្លាំងប្រឆាំងនឹងគណបក្សកម្មករ Kurdistan (PKK) ដោយមានប្រតិបតិ្តការយោធា។ ក៏មានផងដែរនូវបម្រាមគោចរមួយចំនួនដែលមានបំណងបណ្តេញក្រុមបះបោរចេញពីទីក្រុងនៅទិសអាគ្នេយ៍មួយចំនួន។

៤
មនុស្សម្នាដើរកាត់ព្យុះព្រិល ដើម្បីចូលទៅក្នុងទឹកកក ក្នុងពិធីបុណ្យ Orthodox Epiphany នៅលើបឹងដែលគ្របដណ្តប់ដោយទឹកកក នៅក្បែរភូមិ Dubrovichi ប្រទេសរុស្ស៊ី។

៥
កងកម្លាំងពិសេសរបស់ប្រទេសស្វ៊ីសបានឈរយាម នៅពេលបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងក្រុង Davos ប្រទេសស្វ៊ីស។

៦
អ្នកកាន់សាសនាគ្រិស្តហែលកាត់ទឹកត្រជាក់ ដើម្បីឆ្លងកាត់ទន្លេ Ribnica នៅក្នុងក្រុងប៉ូដហ្គោរីកា (Podgorica) ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro) ដើម្បីសាទរពិធីបុណ្យ Orthodox Epiphany។

៧
បុរសម្នាក់ជិះម៉ូតូកាត់ឡានដែលក្រុមបាតុករដុត ក្នុងពេលបាតុកម្មប្រឆាំងដំណើរការបោះឆ្នោតនៅក្នុងក្រុងព័រអូប្រ៉ាំង (Port-au-Prince) ប្រទេសហៃទី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

៨
បុរសម្នាក់ធ្វើស្ករគ្រាប់ប្រពៃណីឈ្មោះ Matang ដើម្បីត្រៀមទទួលឆ្នាំថ្មីរបស់ចិននៅក្នុងតំបន់ Yuqing ក្រុង Zunyi ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

៩
កីឡាករ Viktor Troicki របស់ប្រទេសស៊ែប៊ី (Serbia) មើលបក្សីមួយដែលកំពុងហើរចេញ បន្ទាប់ពីវាទុំលើទីលានប្រកួត ក្នុងពេលប្រកួតវគ្គទី១ តទល់នឹងនឹងកីឡាករ Daniel Munoz de la Nava របស់អេស្ប៉ាញ នៅក្នុងការប្រកួតវាយកូនបាល់ Australian Open នៅឧទ្យាន Melbourne ប្រទេសអូស្រ្តាលី។

១០
មនុស្សម្នាថតរូបខ្លួនឯងនៅកន្លែងលំហែកាយនៅសមុទ្រឈ្មោះ Corniche នៅក្នុងក្រុងបេរូត (Beirut) ប្រទេសលីបង់។

១១
តារាបង្ហាញម៉ូដម្នាក់បង្ហាញការតុបតែង ក្នុងពេលតាំងបង្ហាញមួយដែលរៀបចំដោយក្រុមហ៊ុន Maybelline New York នៅក្នុងសប្តាហ៍បង្ហាញម៉ូដនារដូវស្លឹកឈើជ្រុះ និងរដូវរងាសម្រាប់ឆ្នាំ២០១៦ ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

១២
ក្មេងប្រុសអាហ្វហ្គានីស្ថានម្នាក់កាន់ឈើ នៅពេលព្រាបដែលគាត់ចិញ្ចឹមមួយហ្វូង ហើរនៅលើដំបូលផ្ទះរបស់គាត់ក្នុងក្រុងកាប៊ុល។

១៣
តារាបង្ហាញម៉ូដចាំងនឹងពន្លឺ ក្នុងពេលតាំងបង្ហាញម៉ូដសម្រាប់បុរសក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាសម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមានឈ្មោះថា Dsquared2។ កម្មវិធីនេះជាផ្នែកមួយនៃសប្តាហ៍បង្ហាញម៉ូដ Milan ក្នុងប្រទេសអ៊ីតាលី។

១៤
ឡានមួយដែលច្នៃប្រឌិតដោយសិល្បករ Rachel Ducker ត្រូវបានគេដាក់បង្ហាញក្នុងសន្និសីទកាសែតនៅការតាំងពិព័រណ៍សិល្បៈនៃក្រុងឡុងដ៍ នៅភាគខងជើងនៃក្រុងនេះ។