អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោកខៀវ សំផន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាលោកនឹងត្រៀមនិយាយបើកកកាយអំពីអាថ៌កំបាំងនៃការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់នៅក្នុងរយៈពេលដែលលោកកាន់កាប់អំណាចកាលពីជាង៣០ឆ្នាំមុន។
លោកខៀវ សំផន បានប្រកាសយ៉ាងដូច្នេះនៅក្នុងសវនាការថ្ងៃចុងក្រោយនៃសវនាការបឋមរយៈពេលបួនថ្ងៃរបស់អង្គជំនុំជម្រះសាលាដំបូងនៅក្នុងសាលាក្តីខ្មែរក្រហម។
«ខ្ញុំយល់ឃើញថា ជាពេលដែលមានសារៈសំខាន់បំផុតចំពោះខ្ញុំ ក៏ដូចជាបងប្អូន រួមជាតិយើងទាំងអស់ ដែលស្រេកឃ្លានចង់ដឹង ចង់យល់អំពីអ្វីដែលបានកើតឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩»។
របបកម្ពុជាប្រជាធិបតេយ្យ ដែលស្លៀកពាក់ខោវអាវខ្មៅបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់យ៉ាងតិច១,៧លាននាក់ នៅក្នុងរយៈពេលជិតបួនឆ្នាំ។
ខៀវ សំផន និងឈានដល់អាយុ៨០ឆ្នាំនៅក្នុងខែកក្កដាខាងមុខនេះ គាត់គឺជាជនជាប់ចោទម្នាក់ នៅក្នុងចំណោមជនជាប់ចោទបួននាក់នៃសំណុំរឿង០០២ ដែលត្រូវនាំខ្លួនចូលនៅក្នុងសវនាការបឋមនេះ។ ជនជាប់ចោទផ្សេងទៀត ដូចជានួន ជា អតីតប្រធានសភាខ្មែរក្រហម អៀង សារី រដ្ឋមន្រ្តីក្រសួងការបរទេស និងអៀង ធីរិទ្ធ ប្រពន្ធរបស់គាត់អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
ខៀវ សំផន បាននិយាយនៅក្នុងរយៈពេលប្រាំបីនាទីកាលពីព្រឹកម៉ិញនេះ ថាគាត់នឹងត្រៀមខ្លួនសហការជាមួយនឹងសាលាក្តីខ្មែរក្រហមដើម្បីបើកកកាយការណ៍ពិត។
«បើកាលណាលំដាប់ណាខ្ញុំនៅមានសុខភាពល្អដូចសព្វថ្ងៃនេះខ្ញុំនឹងរួមចំណែកឲ្យអស់ពីកម្លាំងចិត្ត កម្លាំងកាយរបស់ខ្ញុំដល់ការងាររបស់តុលាការ ដើម្បីធ្វើម៉េចអ្វីដែលបានកើតឡើងនៅពេលអំឡុងឆ្នាំដែលខ្ញុំបាននិយាយអំបាញ់ម៉ិញនេះ វាលេចចេញឡើងឲ្យបានច្បាស់»។
លោកខៀវ សំផន ក៏ដូចជាអតីតមេដឹកនាំកំពូលខ្មែរក្រហមដទៃទៀតដែរ តែងតែបដិសេធទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងសម័យដែលពួកគេកាន់កាប់អំណាច។
លោកខៀវ សំផន ធ្លាប់បាននិយាយថា លុះណាទឹកថ្លាទើបអាចមើលត្រីឃើញ ដោយទំនងជាគាត់ចង់និយាយថា ស្ថានការណ៍ស្ងប់ស្ងាត់ទើបគេអាចដឹងអំពីមូលហេតុពិតប្រាកដនៃឧក្រិដ្ឋកម្មនៅក្នុងសម័យខ្មែរក្រហមបាន។
នៅក្នុងសវនាការនៅថ្ងៃនេះដែរ ក្រុមមេធាវីការពារក្តី នួន ជា បានស្នើឲ្យមានការស៊ើបអង្កេតអំពីការជាប់ពាក់ព័ន្ធរបស់ប្រទេសវៀតណាមនិងសហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មាននៅល្ងាចនេះក្រុមព្រះរាជអាជ្ញានិងមេធាវីការពារក្តីឲ្យអៀង ធីរិទ្ធ និង ខៀវ សំផន បានប្រកាសថា គឺជាដំណើរការល្អនិងប្រកបទៅដោយជោគជ័យនៅក្នុងសវនាការបឋមនេះ។
ដោយឡែកលោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជាបានសម្តែងស្វាគមន៍ចំពោះចេតនាចង់សហការជាមួយសាលាក្តីខ្មែរក្រហមរបស់លោកខៀវ សំផន។
យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែតដដែលនោះ ក្រុមមេធាវីរបស់នួន ជា និងអៀង សារី បានបង្ហាញការមិនសប្បាយចិត្តដោយសារតែមេធាវីរបស់អៀង សារី បានប្តឹងអាជ្ញាជាច្រើន ប៉ុន្តែអង្គជំនុំជម្រះយកមកពិចារណាត្រឹមតែបួនបណ្តឹងតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ក្រុមមេធាវីរបស់នួន ជា លើកពីការស៊ើបអង្កេតមិនស្មើភាពនិងពុំមានការពិចារណាអំពីសាក្សីដែលខ្លួនបានស្នើសុំ។
ដោយឡែកក្រុមមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីដែលជាភាគីជនរងគ្រោះ បានស្នើឲ្យមានការផ្តល់សំណងផ្លូវចិត្តនិងសំណងជាសមូហភាពដូចជាការសាងសង់មន្ទីរពេទ្យចិត្តសាស្រ្តសម្រាប់ជនរងគ្រោះជាដើម៕