គម្រោងបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ដោយមិនឆ្លងកាត់ប្រព័ន្ធតុលាការ បានទាក់ទាញអារម្មណ៍វិនិយោគគិនជាតិនិងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ ក្រុមអ្នកវិនិយោគទំាងនោះនៅមានកង្វល់ចំពោះគុណភាពនៃមជ្ឈមណ្ឌលជាតិនេះ។
នាង រស់ សុធា ជូនសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះពីទីក្រុងភ្នំពេញដូចតទៅ៖
តំណាងអ្នកវិនិយោគធំៗនិងសមាគមពាណិជ្ជកម្មអន្តរជាតិនានា ដែលកំពុងបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជាបានសម្តែងស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ពុជាលើកដំបូង ដោយរំពឹងថាមជ្ឈមណ្ឌលនេះអាចជួយដោះស្រាយវិវាទពាណិជ្ជកម្មរបស់ពួកគេដោយតម្លាភាព និងប្រសិទ្ធភាព។ ក៏ប៉ុន្តែក្រុមអ្នកជំនួញភាគច្រើនហាក់ដូចជាមិនទាន់ជឿជាក់លើគុណភាពនៃមជ្ឈមណ្ឌលដោះស្រាយជម្លោះនេះនៅឡើយទេ។
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មឬហៅថាមជ្ឈមណ្ឌលដោះស្រាយជម្លោះពាណិជ្ជកម្ម មានសមត្ថកិច្ចដោះស្រាយវិវាទក្នុងវិស័យពាណិជ្ជកម្មឬទំនាស់នៅក្នុងការរកស៊ីនានាគ្រប់ប្រភេទ ដោយឯករាជ្យនិងមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធតុលាការបច្ចុប្បន្ន។
ក្រុមអ្នកវិនិយោគធំៗនិងតំណាងប្រទេសម្ចាស់ជំនួយមួយចំនួន ធ្លាប់បានទាមទារឲ្យមានការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនេះជាច្រើនឆ្នាំមកហើយ ដោយរំពឹងថា វាអាចផ្ដល់ការទុកចិត្ដដល់វិនិយោគិនដែលកំពុងតែរកស៊ី នៅក្នុងស្រុក និងអាចទាក់ទាញការចាប់អារម្មណ៍អ្នកវិនិយោគថ្មីៗជាបន្ថែមទៀត។ ស្ថាប័ននេះមានមជ្ឈត្តករ ឬអ្នកកាត់ក្តីទំាងជនជាតិខ្មែរនិងបរទេសសរុបប្រមាណ៦០នាក់។ ប្រទេសកម្ពុជាគ្រោងនឹងបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនេះនៅចុងឆ្នាំ២០១០។
លោកស្រី Janet Luecken Hausen ប្រធានសភាពាណិជ្ជកម្មអន្តរជាតិប្រចាំប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនអន្តរជាតិជាង៧០ជាសមាជិកកំពុងបើកអាជីវកម្មនៅកម្ពុជាបាននិយាយថា វត្តមានមជ្ឈមណ្ឌលជាតិនៃមជ្ឍត្តការពាណិជ្ជកម្មនេះជាគ្រឿងលើកទឹកចិត្តឲ្យក្រុមហ៊ុនអន្តរជាតិពង្រីកទុនវិនិយោគរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
"ក្តីកង្វល់ចម្បងមួយរបស់អ្នកវិនិយោគបរទេសនោះ គឺការដោះស្រាយជម្លោះ។ និតិវិធីតុលាការ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាទេ នៅប្រទេសផ្សេងៗក៏សុទ្ធតែគួរឲ្យធុញទ្រាន់។ ដូច្នេះពាណិជ្ជករមិនសូវមានទឹកចិត្តមុតមាំក្នុងការធ្វើពាណិជ្ជកម្ម នោះទេ ប៉ុន្តែយន្តការដែលនឹងមាននេះប្រាកដជាក្លាយជាចលករបន្ថែមមួយក្នុង ការទាក់ទាញឲ្យមានការពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសនេះ។ ហើយប្រសិនបើការដោះស្រាយអាចធ្វើឡើងនៅក្នុងស្រុក (បាន) វានឹងកាត់បន្ថយថ្លៃចំណាយបានយ៉ាងច្រើន"។
នៅក្នុងពេលមិនទាន់មានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ឬអាចហៅថាតុលាការពាណិជ្ជកម្មនេះ ក្រុមអ្នករកស៊ីនៅក្នុងប្រទេសកម្ពុជាត្រូវពឹងផ្អែកការដោះស្រាយទំនាស់តាមប្រព័ន្ធតុលាការធម្មតាដែលមានស្រាប់ ឬត្រូវពឹងផ្អែកលើតុលាការនៅក្រៅប្រទេស ប្រសិនបើក្រុមហ៊ុនដែលមានទំនាស់មានលក្ខខ័ណ្ឌសម្រាប់ដោះស្រាយទំនាស់នៅក្រៅប្រទេសបាន។
យោងតាមរបាយការណ៍របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលបានធ្វើការស្ទាបស្ទង់ក្នុងចំណោមពាណិជ្ជករជាតិនិងអន្តរជាតិកាលពីឆ្នាំ២០០៩បានបង្ហាញថា ក្រុមពាណិជ្ជករត្រូវការយ៉ាងខ្លំាងនូវមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្មនេះ ដោយហេតុថា ចាប់តំាងពីពួកគេចាប់ផ្តើមបណ្ដាក់ទុននៅប្រទេសកម្ពុជានាចុងទសវត្សរ៍១៩៩០មក គឺបន្ទាប់ពីកម្ពុជាផ្លាស់ប្ដូរពីរបបទីផ្សារគ្រប់គ្រងដោយរដ្ឋ ទៅរករបបទីផ្សារសេរី នៅពេលដែលពួកគេមានជម្លោះពាណិជ្ជកម្ម ពួកគេតែងតែទៅដោះស្រាយជម្លោះនេះនៅប្រទេសសិង្ហបុរី ឬទីក្រុងហុងកុង ដែលមានមជ្ឈមណ្ឌលមជ្ឈត្តការប្រកបដោយការជឿទុកចិត្តជាយូរណាស់មកហើយ។ ចំណែកពាណិជ្ជករក្នុងស្រុកជាច្រើន ដែលជួបប្រទះជម្លោះពាណិជ្ជកម្មហើយគ្មានលទ្ធភាពដោះស្រាយនៅក្រៅប្រទេសបានត្រូវប្រឈមទៅនឹងការដោះស្រាយវិវាទនោះតាមនិតិវិធីតុលាការដ៏ស្មុគស្មាញ និងខ្វះទំនុកចិត្ត។
លោក សុខ រ៉ាដែន នាយកប្រតិបត្តិនៃក្រុមហ៊ុន Enviro Corporation Cambodia និយាយថា ក្រុមហ៊ុនរបស់លោកបានធ្លាក់ក្នុងជម្លោះសាច់ប្រាក់ប្រមាណជា ៣៥ ម៉ឺនដុល្លារជាមួយអតីតដៃគូវិនិយោគរបស់ខ្លួន។ ហើយលោកបានចំណាយអស់រយៈពេល ២ឆ្នាំ ក្នុងការដោះស្រាយជម្លោះនេះតាមប្រព័ន្ធតុលាការខ្មែរ ប៉ុន្តែនៅមិនទាន់មានលទ្ធផលនៅឡើយ។
"ប្តឹងគាត់ទៅតុលាការហ្នឹង តំាងពី 2008 ប៉ុន្តែតំាងពីហ្នឹងមកអត់ទាន់ឃើញចាត់ការអ្ហីទេ។ ដូច្នេះវាធ្វើឲ្យវិនិយោគទុនហ្នឹង ខ្លាចរអា "។
ប៉ុន្តែលោក សុខ រ៉ាដែន រំពឹងថា វត្តមាននៃមជ្ឈមណ្ឌលដោះស្រាយជម្លោះពាណិជ្ជកម្មអាចជួយសម្រួល ដល់ការប្រកបអាជីវកម្មនៅប្រទេសកម្ពុជាបាន។ យោងតាមរបាយការណ៍ស្តីពីបរិយាកាសធ្វើអាជីវកម្មប្រចំាឆ្នាំ២០០៩ របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC បានបង្ហាញថា គេត្រូវចំណាយពេលច្រើនជាង ៤០០ ថ្ងៃ ដើម្បីដោះស្រាយជម្លោះមួយទៅតាមនិតិវិធីតុលាការរបស់កម្ពុជា។ ហើយមានពេលខ្លះ គេត្រូវធ្វើការចំណាយខ្ពស់ជាងចំនួនប្រាក់ជាប់ក្នុងជម្លោះទៅទៀត។ ស្ថាប័នសេដ្ឋកិច្ចអន្តរជាតិសំខាន់ៗជាច្រើន ធ្លាប់បានលើកឡើងថា ភាពយឺតយ៉ាវនិងការខ្វះតម្លាភាពនៃប្រព័ន្ធតុលាការនេះហើយ គឺជាឧបសគ្គដ៏ចម្បងរបស់ប្រទេសកម្ពុជាក្នុងការទាក់ទាញវិនិយោគគិន ដែលមានសក្តានុពល។
ជាក់ស្តែងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ បើទោះជាលំហូរទុនវិនិយោគផ្ទាល់ពីបរទេសនិងការដាក់ទុនក្នុងវិស័យ ពាណិជ្ជកម្មនៅប្រទេសកម្ពុជាបានបន្តកើនឡើងជាលំដាប់ក៏ដោយ ក៏កំណើនទុនទំាងនោះភាគច្រើនបានមកពីវិនិយោគគិននិងពាណិជ្ជករជនជាតិចិន កូរ៉េខាងត្បូង និងវៀតណាមតែប៉ុណ្ណោះ។ ដោយឡែក ប្រទេសកម្ពុជាមានបរាជ័យក្នុងការទាក់ទាញអ្នកវិនិយោគសំខាន់ៗមកពីប្រទេសអភិវឌ្ឍន៍ធំៗច្រើនទៀត ដូចជាប្រទេសជប៉ុន អាមេរិក និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបជាដើម ហើយវិនិយោគគិននៃប្រទេសទំាងនេះ បានបណ្តាក់ទុនរាប់ពាន់លានដុល្លារនៅប្រទេសក្បែរខាងនឹងកម្ពុជា ដូចជាប្រទេសថៃ វៀតណាម និងសិង្ហបុរីជាដើម ដែលមានប្រព័ន្ធតុលាការល្អប្រសើរជាង។
លោកឯកអគ្គរដ្ឋទូត David Lipman ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចំានៅកម្ពុជាបានប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកថា ក្រុមអ្នកវិនិយោគសហភាពអឺរ៉ុបតែងសម្លឹងរកប្រទេសណា ដែលធានាបានថា ការវិនិយោគ ឬពាណិជ្ជកម្មរបស់គេទទួលបានសុវត្ថិភាព ជាពិសេសនៅពេលមានជម្លោះកើតឡើង។ ហើយរយៈពេលកន្លងមក ការដោះស្រាយជម្លោះពាណិជ្ជកម្មតាមប្រព័ន្ធតុលាការកម្ពុជា មានភាពស្មុគស្មាញដែលជាក្តីកង្វល់មួយ។ ហេតុដូច្នេះហើយទើបរហូតមកដល់ពេលនេះ មានតំណាងក្រុមហ៊ុនមកពីអឺរ៉ុបប្រហែល ២០០ ប៉ុណ្ណោះដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា ដូចជាក្នុងវិស័យទេសចរ កាត់ដេរ និងនាំចូលផលិផលប្រើប្រាស់មួយចំនួន។ ចំណែកការវិនិយោគធំៗមានតិចតួចបំផុត។ យ៉ាងណាក៏ដោយលោក David Lipman ជឿជាក់ថា អ្នកវិនិយោគជាតិអឺរ៉ុបនឹងសម្លឹងមករកទីផ្សារវិនិយោគនៅកម្ពុជា នៅពេលដែលពួកគេដឹងថាប្រទេសនេះមានយន្តការដោះស្រាយជម្លោះដោយឯករាជ្យនិងឆាប់រហ័ស។
ការវិនិយោគផ្ទាល់នឹងកើនឡើងនៅពេលដែលអ្នកវិនិយោគជឿថា បរិយាកាសនៅទីនេះមានសុវត្ថិភាពសម្រាប់ការវិនិយោគរបស់ពួកគេ ហើយប្រព័ន្ធកាត់ក្តីថ្មីនេះ គឺដើរចំទិសដៅដែលយើងចង់បាន។ នៅពេលដែលអ្នកវិនិយោគអឺរ៉ុបឃើញថា ការវិនិយោគរបស់ពួកគេមានសុវត្ថិភាពហើយ និងមានប្រព័ន្ធមជ្ឈត្តកម្មសមរម្យដើម្បីដោះស្រាយជម្លោះដែលកើតមានទៀតនោះ អ្នកវិនិយោគនឹងចូលមកប្រទេសកម្ពុជាកាន់តែច្រើន ហើយខ្ញុំជឿថាយើងនឹងបានឃើញផ្លែផ្កានេះនៅក្នុងរយៈពេល ១ ឬ ២ ឆ្នាំទៀត។
បើទោះជាយ៉ាងនេះក្តី មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្មនេះ ទំនងជាមិនមានឥទ្ធិពលទាក់ទាញការវិនិយោគក្នុងវិស័យប្រេងនិងឧស្ម័ននៅប្រទេសកម្ពុជានោះទេ។
លោក Michael MacWalter ទីប្រឹក្សានៃអាជ្ញាធរប្រេងកាតជាតិកម្ពុជាបានប្រាប់ VOA តាមសារអេឡិចត្រូនិចថា លោកមិនគិតថាការបង្កើតមជ្ឈមណ្ឌលមជ្ឈត្តការនេះ អាចទាញការវិនិយោគនៅក្នុងវិស័យប្រេងឥន្ធនៈរបស់កម្ពុជានោះទេ ព្រោះថាយោងតាមកិច្ចព្រមព្រៀងជាលក្ខណៈអន្តរជាតិរវាងរដ្ឋាភិបាល និងដៃគូវិនិយោគ ការដោះស្រាយជម្លោះតែងត្រូវធ្វើឡើងនៅបរទេសនិងទៅតាមច្បាប់អន្តរជាតិ។ ហើយជាទូទៅ គេជ្រើសយកប្រទេសដែលមានប្រព័ន្ធតុលាការដោះស្រាយជម្លោះអន្តរជាតិ ដែលល្អប្រសើរនិងរឹងមាំ។ ចំណែកការប្រើប្រាស់មជ្ឈមណ្ឌលមជ្ឈត្តការក្នុងស្រុក មិនអាចត្រូវបានចាត់ទុកជាកន្លែងអព្យាក្រឹតសម្រាប់ដោះស្រាយជម្លោះរវាងអ្នកវិនិយោគប្រេងអន្តរជាតិនោះទេ លុះត្រាតែអ្នកវិនិយោគនោះសុទ្ធតែជាជនជាតិកម្ពុជា។
ទន្ទឹមនឹងនោះ លោកស្រី Billie Jean Slott ទីប្រឹក្សានៃក្រុមហ៊ុនប្រឹក្សាច្បាប់ Sciaroni & Associate បានឲ្យដឹងថា ក្រុមអ្នកវិនិយោគនឹងមិនទាន់ប្រើប្រាស់សេវាកម្មរបស់មជ្ឈមណ្ឌលនេះភ្លាមទេ ដរាបណាពួកគេមិនទាន់ដឹងច្បាស់ពីកម្រិតគុណភាពនៃមជ្ឈត្តករ។
"គុណភាពនៃមជ្ឈត្តករ និងគុណភាពនៃមជ្ឈមណ្ឌល គឺជាប្រការសំខាន់ណាស់សម្រាប់វិស័យឯកជន។ វិស័យឯកជននឹងប្រើប្រាស់មជ្ឈមណ្ឌលនេះ នៅពេលដែលវាអាចមានដំណើរការរលួននិងមានមជ្ឈត្តករល្អៗ។ បើមិនអីចឹងទេ ពួកគេនឹងបន្តជ្រើសយកមជ្ឈត្តការនៅក្រៅប្រទេសកម្ពុជា" ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការខ្វះការគំាទ្ររបស់វិស័យឯកជននឹងបណ្តាលឲ្យមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការបាត់រូបរាងទៅវិញ ដូច្នេះក្រសួងរបស់លោកកំពុងព្យាយាមធានាឲ្យបានថា មជ្ឈមណ្ឌលនេះមាន គុណភាពខ្ពស់ តាមរយៈការបណ្តុះបណ្តាលជំនាញមជ្ឈត្តកម្មទៅដល់បេក្ខជនមជ្ឈត្តករ ហើយនឹងជ្រើសរើសយកតែអ្នកមានសមត្ថភាពខ្ពស់ប៉ុណ្ណោះ។ លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបន្ថែមថា រដ្ឋាភិបាលត្រូវបញ្ចៀសអំពើពុករលួយដែលអាចកើតមាននៅក្នុងជម្ឈមណ្ឌលមជ្ឈត្តការនេះ ដើម្បីទាញយកទំនុកចិត្តពីអ្នកវិនិយោគ និងអ្នកទាញលំហូរទុនពី បរទេស៕