ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំឡុង​ទស្សន​កិច្ច​​​ ប្រធានាធិបតី​ឥណ្ឌា​នឹង​មេ​ដឹកនាំ​ខ្មែរ​ជំរុញ​ពាណិជ្ជ​កម្ម​​ និង​​វិនិយោគទុន


លោក​ស្រី​ប្រធានាធិបតី​ឥណ្ឌា​គ្រោង​នឹង​ពិភាក្សា​ការងារ​ជាមួយ​មេ​ដឹកនាំ​កម្ពុជា​អំពី​ការ​ជំរុញ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឥណ្ឌា​សម្រាប់​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ ព្រម​ទាំង​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ពហុវិស័យ​ដែល​រួម​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​ទុន។​ សកម្មភាព​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​ទុន​រវាង​ប្រទេស​ទាំង​ពីរ​បាន​រីក​លូត​លាស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ប៉ុន្តែ​វា​នៅ​មាន​សក្តានុពល​ទាប​នៅ​ឡើយ។

លោក​ស្រី​ប្រធានាធិបតី​ឥណ្ឌា​ Pratibha Patil​ បាន​អញ្ជើញ​មក​ដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ការងារ​ជា​មួយព្រះ​មហាក្សត្រ​ និង​មេ​ដឹកនាំ​កម្ពុជា​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​ទុន​សំដៅ​ពង្រឹង​ចំណង​ទាក់ទង​សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ស្រី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ ​ជា​លើក​ទី​មួយ​នៅ​ប្រទេស​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៨​ ខែ​សីហា​នេះ​ ​ដើម្បី​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ព្រះ​មហាក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហមុនី​ ​លោក​ប្រធាន​ព្រឹទ្ធ​សភា​ជា​ ស៊ីម​ ​លោក​ប្រធាន​រដ្ឋ​សភា​ហេង​ សំរិន​ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។

លោក​គង់​ សំអុល​ ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ប្រចាំ​ព្រះ​បរមរាជ​វាំង​បាន​ទទួល​ស្វាគមន៍​លោក​ស្រី​ប្រធានាធិបតី ​Patil តាម​ប្រពៃណី​នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។

លោក​កុយ​ គួង​ អនុ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​បាន​ថ្លែង​ប្រាប់​ VOA​ ថា​ ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​ប្រធានាធិបតី​ឥណ្ឌា​នេះ ​សំដៅ​ពង្រឹង​ពង្រីក​ចំណង​មិត្ត​ភាព​ សាមគ្គី​ភាព​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ឥណ្ឌា។

ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នេះ​ ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​នានា​តាំង​ពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ​វិនិយោគ​ ​ទេសចរណ៍ ​និង​វិស័យ​ដទៃ​ទៀត​ ​មាន​ការ​ជឿនលឿន​ និង​រីក​ចម្រើន​បន្ថែម​ទៀត។

ក្រុម​មន្ត្រី​បាន​និយាយ​ថា​ ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​មក​កាន់​ទីក្រុង​ភ្នំពេញ​ និង​សៀមរាប​ផ្តល់​ឱកាស​សម្រាប់​បញ្ជាក់​អះអាង​ជាថ្មី​ និង​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ពហុវិស័យ​ដែល​រួមមាន ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ និង​វិនិយោគ។

ទីភ្នាក់ងារ​សារព័ត៌មាន ​Asian​ News​ International​ បាន​ដក​ស្រង់​ប្រសាសន៍​របស់​លោកស្រី​ប្រធានាធិបតី​នៅ​លើ​យន្តហោះ​ពិសេស​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​ជា​ឱកាស​មួយ​បន្ត​ការ​ចរចា​ជា​មួយ​មេ​ដឹកនាំ​កម្ពុជា​ និង​បញ្ជាក់​អះអាង​ជាថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ឥណ្ឌាដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​របស់​ឥណ្ឌា​ ​ព្រម​ទាំង​លើក​កម្ពស់​ការ​សន្យា​ផ្នែក​សេដ្ឋ​កិច្ច​របស់​ឥណ្ឌា​ជាមួយ​ប្រទេស​កម្ពុជា។

លោក​ស្រី​ប្រធានាធិបតី​បាន​គូស​បញ្ជាក់​ពី​ការ​ពង្រឹង​ចំណង​ទាក់ទង​សេដ្ឋ​កិច្ច​ ​ដោយ​ហៅ​ប្រទេស​កម្ពុជា​ថា​ កំពុង​តែ​រីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​ និង​ស្វែងរក​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​សង្គម​ ​សម្រាប់​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​យុទ្ធ​សាស្ត្រ​ ​និង​សេដ្ឋ​កិច្ច​ជាមួយ​ប្រទេស​កម្ពុជា។

លោកស្រី​ប្រធានាធិបតី​បាន​ធានា​អំពី​កិច្ច​ខិតខំ​របស់​ឥណ្ឌា​សំដៅ​ទទួល​រ៉ាប់រង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​កម្ម​វិធី​កសាង​សមត្ថ​ភាព​នៅ​កម្ពុជា។ ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​របស់​ឥណ្ឌា​បាន​រីក​លូតលាស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ ​ទោះ​បី​ជា​វា​នៅ​មាន​សក្តានុ​ពល​ទាប​ក៏​ដោយ។

ការ​នាំចូល​របស់​ប្រទេស​ឥណ្ឌា​មកកាន់​ប្រទេស​កម្ពុជា​មាន​តម្លៃ​ជាង​៣៥​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០៩​ និង​នៅ​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១០​ ​មាន​ប្រមាណ​២២​លាន​ដុល្លារ​អាមេរិក។​ ឯ​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ឥណ្ឌា​មាន​តម្លៃ​ជាង​៧៥៥​.០០០​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០៩​ និង​នៅ​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១០​មាន​តម្លៃ​ជាង​៣២៦.​០០០​ដុល្លារ​អាមេរិក។

ក្នុង​អំឡុង​ទស្សន​កិច្ច​នេះ​ ​លោក​ស្រី​ប្រធានាធិបតី​នឹង​អញ្ជើញ​ចូល​រួម​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​លើ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាជ្ញាធរ​សវន​កម្ម​ជាតិ​នៃ​ប្រទេស​កម្ពុជា​ ​និង​ការិយាល័យ​អគ្គត្រួត​ពិនិត្យ​ និង​អគ្គ​សវនាករ​នៃ​ប្រទេស​ឥណ្ឌា​ហើយនិង​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​តាសាល​រវាង​រដ្ឋា​ភិបាល​កម្ពុជា ​និង​ធនាគារ​នីហរ័ណ​អាហរ័ណ​ឥណ្ឌា។

ចំពោះ​ការលើក​កម្ពស់​ទំនាក់​ទំនង​យុទ្ធ​សាស្ត្រ​ ​លោកស្រី​ប្រធានាធិបតី​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម។

លោក​ស្រី​បាន​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ​បាន​ផ្តល់​ការ​គាំទ្រ​ដោយ​ឥត​លក្ខខណ្ឌ​ដល់​រដ្ឋា​ភិបាល​ក្រុង ​New Delhi​ ​សម្រាប់​បេក្ខ​ភាព​ឥណ្ឌា​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ៕

XS
SM
MD
LG