ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃនេះថា ក្រសួងរៀបចំបើកការស៊ើបអង្កេតទៅលើអង្គការមួយក្នុងខេត្តព្រះវិហារ ដែលត្រូវបានគេរាយការណ៍ថា បានរំលោភបំពានប្រជាពលរដ្ឋ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមប្រជាពលរដ្ឋចំនួន ១០៥ នាក់ តំណាងឲ្យអ្នកភូមិ៣១៩ គ្រួសារ និងសមាគម និងអង្គការការពារសិទ្ធិមនុស្ស ដែលជាសមាជិកគណៈកម្មាធិការប្រព្រឹត្តិកម្មចំនួន២៣ បានដាក់ពាក្យបណ្ដឹងមួយទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីស្នើឲ្យមានការស៊ើបអង្កេត និងចាត់វិធានការទៅលើអង្គការស្រាវជ្រាវ ទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ ដែលមានទីតាំងនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ដ ស្ថិតនៅចំងាយប្រមាណជាង ១០០គម ពីទីរួមខេត្តព្រះវិហារ។
ក្រុមអ្នកភូមិ និងគណៈកម្មាធិការប្រព្រឹត្តិកម្ម បានលើកឡើងថា ប្រធានអង្គការស្រាវជ្រាវ ទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍នេះ គឺលោក ប៉ែន លឹម ដែលប្រជាពលរដ្ឋនៅតំបន់នោះស្គាល់ថា ជាលោក ស ឈួនលឹម បានធ្វើការរំលោភលើសិទ្ធិសេរីភាព និងប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើប្រជាជន ដែលកំពុងរស់នៅលើដីទីតាំងអង្គការរបស់ខ្លួន។
លោកឧត្តមសេនីយ ខៀវ សុភក្ដ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍នៅថ្ងៃចន្ទ័នេះថា ក្រសួងមហាផ្ទៃ បានទទួលបណ្ដឹងនេះ រួចហើយ ហើយក៏បានរៀបចំចាត់វិធានការផងដែរ។ លោកថ្លែងដូច្នេះថា៖
«ក្រោយពីបានទទួលពាក្យបណ្ដឹង ក្រសួងក៏ចាត់ឲ្យជំនាញធ្វើការស៊ើបអង្កេតក្នុងរឿងហ្នឹង ហើយលទ្ធផលយើងមិនទាន់ដឹងភ្លាមទេ។ យើងឲ្យអគ្គជំនាញ ធ្វើការស៊ើបអង្កេតករណីហ្នឹង»។
លោកប៉ែន លឹម មានតួនាទីជាឧត្តមសេនីយត្រី ជាឧកញ្ញ៉ា និងជាទីប្រឹក្សា លោក ជា ស៊ីម ប្រធានព្រឹទ្ធិសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការប្រព្រឹត្តិកម្ម ដែលបានចែកចាយក្នុងសន្និសីទព័ត៌មានកាលពីព្រឹកថ្ងៃចន្ទ័នេះ បានបង្ហាញថា លោកបានទទួលដីសម្បទានសង្គមកិច្ចចំនួន៥៥៦ ហិចតា ជាគោលការណ៍ពីរដ្ឋាភិបាល ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ នៅឆ្នាំ ២០០៧។
ក៏ប៉ុន្ដែបន្ទាប់ពីទទួលបានដីសម្បទាននេះរួចហើយ លោក ប៉ែន លឹម បែរជាយកដីទាំងនេះទៅលក់ដូរឲ្យប្រជាជនក្រីក្រ ព្រមទាំងបានប្រវាស់ដី ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៥៧ គ្រួសារផ្សេងទៀត។
ប្រជាពលរដ្ឋចំនួនប្រមាណ១០នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះផ្ទាល់ បានថ្លែងនៅក្នុងសន្និសិទ្ធកាសែតដែរថា ពួកខ្លួនត្រូវបានប្រធានអង្គការស្រាវជ្រាវ ទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ និងបក្សពួកវាយដំនឹងដំបង សម្លុតនឹងកាំភ្លើង ដុតផ្ទះចោល និងគម្រាមសម្លាប់ ហើយដីរបស់ពួកគេ ត្រូវប្រធានអង្គការនេះ លក់ដូរជាច្រើនដំណរផ្សេងទៀត ។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ នៅក្នុងសន្និសីទនោះថា ការផ្ដន្ទាទោសទៅលើប្រធានអង្គការ គឺអាស្រ័យទៅលើការរកឃើញកំហុសដោយក្រុមស៊ើបអង្កេតនៃក្រសួងមហាផ្ទៃ។ លោកបន្តទៀតថា៖
«វាអាស្រ័យទៅលើការពិចារណារបស់ក្រសួងមហាផ្ទៃផ្ទាល់ថា តើអង្គការបានប្រព្រឹត្តិអ្វីផ្ទុយនឹងលក្ខខន្ដិកៈ ដែលបានដាក់ជូនក្រសួងមហាផ្ទៃក្នុងការបើកអង្គការឬទេ។ ហើយកម្រិតនៃការធ្វើខុសនៃលក្ខខន្ដិកៈរបស់ខ្លួន ក៏ដូចជាច្បាប់ជាតិមួយចំនួននោះ ត្រូវបិទ ឬក៏ត្រូវផ្ដន្ទាទោស»។
លោកប៉ែន លឹម ប្រធានអង្គការស្រាវជ្រាវ ទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ បានបដិសេធរាល់របាយការណ៍របស់ក្រុមប្រជាពលរដ្ឋ និងរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា លោកមិនបារម្ភចំពោះការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃនោះទេ ហើយលោកនឹងរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតនេះ៕