ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស៊ើប​អង្កេត​​រកមិន​ឃើញ​កំហុស​អ្វី​ក្រៅ​ពី​ការស្លន់ស្លោ​លើស្ពាន


ទិដ្ឋភាព​ស្ពាន​ពេជ្រ​ក្រោយ​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​មួយ​ ដែល​បាន​បណ្តាល​ឲ្យ​​មនុស្ស ​៣៥១នាក់​ ស្លាប់ និង ៣៩៥នាក់​ផ្សេងទៀត ​បា​នទទួល​រងរបួស។ ​
ទិដ្ឋភាព​ស្ពាន​ពេជ្រ​ក្រោយ​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​មួយ​ ដែល​បាន​បណ្តាល​ឲ្យ​​មនុស្ស ​៣៥១នាក់​ ស្លាប់ និង ៣៩៥នាក់​ផ្សេងទៀត ​បា​នទទួល​រងរបួស។ ​

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ជាក់​ជាផ្លូវការ​ថា ​មូលហេតុដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងសោកសៅនៅលើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ គឺ​បាន​កើត​ឡើង​ដោយ​សារ​ការស្លន់រត់​ជាន់​គ្នា​។

លោក​ឧបនាយក​រដ្ឋមន្រ្តី ​សុខ អាន​ រដ្ឋមន្រ្តី​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ និង​ជា​ប្រធាន​អនុគណៈ​កម្មការ​ស៊ើប​អង្កេត​លើ​ឧបទ្ទវ​ហេតុ​ដែល​កើត​មាន​ឡើង​នៅ​តំបន់​កោះ​ពេជ្រ​ បាន​ថ្លែង​ប្រាប់​អង្គ​សន្និសីទកាសែត ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ មូល​ហេតុ​ជាផ្លូវការដែល​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​ស្លាប់និង​រងរបួស​កាល​ថៃ្ង​ទី២២​ ខែ​វិច្ឆិកា​ ​កន្លង​ទៅ​នេះគឺ​ដោយ​សារ​តែការជ្រួល​ច្របល់​ និង​រត់ជាន់​គ្នា។

«​គាត់​មនុស្ស​បេះដូង​មក​លើ​កម្លាំង​មកលើ​ខ្លួនទៅ​ សាច់ដុំ ​ដែល​ត្រូវ​ដកដង្ហើម​វា​កម្រើក​លែង​រួច អញ្ចឹង​គាំង​ដកដង្ហើម​អត់រួច​ធ្វើឲ្យ​ថប់ដង្ហើម​។ សាច់ដុំដែល​ត្រូវធ្វើ​ឲ្យ​កម្រើក​ដកដង្ហើម​នោះ​ ដក​ដង្ហើម​លែង​រួច។ ហើយ​វាប៉ះពាល់​ដល់​គ្រឿងក្នុង​ អាចថា​ ចេញឈាម​នៅខាង​ក្នុងហូរហែ​អញ្ចឹង​ ដែល​ធ្វើឲ្យរបួស​ធ្ងន់​របួស​ស្រាល»។

កាល​ពីថ្ងៃទី២២​ ខែ​វិច្ឆិកា​កន្លង​ទៅនេះ​ គឺ​នៅ​ថ្ងៃបញ្ចប់​នៃ​ពិធីបុណ្យ​អុំទូក ​អកអំបុក ​និង​សំពះព្រះខែ​ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​មួយ​ ដែល​បាន​កើត​មាន​ឡើង​នៅលើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កំសាន្ត​កោះ ពេជ្រ​ ដែល​រហូត​មកដល់​ពេលនេះ​ ចំនួន​អ្នកស្លាប់​ផ្លូវការ​បាន​កើនឡើង​រហូត​ទៅដល់​៣៥១​នាក់​ និង ៣៩៥នាក់​ផ្សេងទៀត ​បា​នទទួល​រងរបួស ក៏ប៉ុន្តែ​ពុំមាន​ចំនួន​អ្នក​បាត់ខ្លួន​នោះទេ។

ក្រោយពី​ឧបទ្ទវហេតុនេះ​ កើតឡើង​រដ្ឋាភិបាល​កម្ពុជា ​បាន​បង្កើត​អនុគណៈកម្មការ​ចំនួនបី​ គឺ​អនុ គណៈកម្មការ​ដោះស្រាយ​បន្ទាន់​ អនុ​គណៈកម្មការ​ពិនិត្យ​ និង​កោសល្យ​វិច័យ ​និង​ចុងក្រោយ​គេ ​គឺ​អនុគណៈកម្មការ​ស្រាវជ្រាវ ​ពិនិត្យ​ និង​វាយតម្លៃ​សាកសព​។

អនុ​គណៈកម្មការ​ទាំង​បី​នេះ​ បាន​ប្រើ​រយៈពេល​ចំនួន​ប្រាំបីថ្ងៃ​ ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​របស់ខ្លួន​ទៅ​លើ​ឧបទ្ទវហេតុ​ ដែល​កើត​មាន​ឡើង​នៅលើ​តំបន់​កោះពេជ្រ​នេះ​។ នៅ​ថ្ងៃច័ន្ទ​នេះ រដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ចប់នូវ​មន្ទិល​សង្ស័យទាំងឡាយ​ជុំវិញ​ឧបទ្ទវហេតុ​នេះ​។

លោក​ឧបនាយក​រដ្ឋមន្រ្តី ​សុខ អាន ​បាន​ថ្លែងថា​ តាមការ​សិក្សាស្រាវជ្រាវ​ជនរងគ្រោះ​បាន​ស្លាប់ បាត់​បង់​ជីវិត​ដោយសារ​តែ​ការថប់ដង្ហើម​បណ្តាល​មកពី​មនុស្ស​ច្រើន​កុះករ​ពេក។

លោក ​សុខ អាន​ បាន​ច្រាន​ចោល​ការសង្ស័យ​នានា​ថា ​ការស្លាប់​បាត់បង់​ជីវិត​របស់​ប្រជាពលរដ្ឋ​ មានជាប់​ពាក់ព័ន្ធនឹង​ការឆក់​ចរន្ត​អគ្គិសនី ​ឬ​ក៏​ជាប់ពាក់ព័ន្ធ ​និង​អំពើ​ភេរវកម្ម។

«មិនមាន​រឿង​ឆក់ខ្សែ​ភ្លើង ​ឬ​មិនមាន​រឿង​ប៉ះពាល់​ដោយ​អាវុធ​ ឬ​ដោយអ្វី​ទេ​ បញ្ជាក់​ច្បាស់ហើយ​ មូលហេតុ​ស្លាប់ ​គឺការ​ជាន់គ្នា​។ ហើយ​ការជាន់គ្នា​ថប់ដង្ហើម ​ដោយ​សាច់ដុំ​វាធ្វើ​ចលនា​អត់បាន​ បាន​ន័យថា​ សង្កត់​សម្ពាធ​គ្នា​ខ្លាំង​ទៅ​គឺ​ដោយ​សាច់ដុំ​ធ្វើការ​មិនបាន​ថប់ដង្ហើម​ មិនមែន​ថប់ដង្ហើម​ដោយ សារ​គេ​ខ្ទប់ច្រមុះ​ទេ ថប់​ដង្ហើម​ដោយ​មូលហេតុ​សាច់ដុំ​ដែល​ធ្វើការ​វា​ត្រូវ​កៀប​សង្កត់​ដកធ្វើការ​មិន​រួច»។

លោក​ម៉ម ប៊ុនហេង ​អនុ​ប្រធាន​គណៈកម្ម​ការពិនិត្យនិង​កោស​ល្យ​វិច័យ​ និង​ជារដ្ឋមន្រ្តី​ក្រសួង សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា តាម​ការពិនិត្យ​សាកសព​ជនរងគ្រោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ ដោយ សារតែ​មាន​ស្នាម​ជាំ​យ៉ាង​ច្រើន​កន្លែង​នៅត្រង់​មុខ​ ធ្លាយ​ពោះ ​ហូរឈាម​តាមមាត់ ​និង​ត្រចៀក​ និងបាក់​ជើង​ជា​ដើម។

«មិនមាន​សញ្ញាណ​បញ្ជាក់ថា​មាន​ការ​រលាក​ដោយសារ​ការឆក់ខ្សែ​ភ្លើងទេ ​ការពិនិត្យ​ឈាម​ បញ្ជាក់​ថា មាន​ការបាត់​បង់​ជាតិទឹក​។ ដូច្នេះ​ គឺ​លទ្ធផល​កោសល្យ​វិច័យ គឺស្ទះចង្អៀត​ ដួល​សង្កត់​ជាន់​លើ​គ្នា ទាំង​ទទឹង ​និង​លើក្រោម​ បណ្តាល​ឲ្យ​ថប់​ដង្ហើម​ដោយ​សារ​ការកៀប​សង្កត់​នេះ»។

លោក​ ព្រំ សុខា​ ប្រធាន​អនុ​គណៈកម្ម​ការស្រាវជ្រាវ​ពិនិត្យ ​និង​វាយ​តម្លៃ​សាកសព​ បាន​មាន​ប្រសាសន៍ប្រាប់​អង្គ​សន្និសីទ​កាសែតថា​ នៅ​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​អុំទូក​នេះ ​មាន​មនុស្ស​ច្រើន​ខុសពី​ថ្ងៃទី​មួយ​ និង​ថ្ងៃ​ទី​ពីរ។

លោក​បាន​មាន​ប្រសាសន៍ថា​ នៅ​យប់​ថ្ងៃ​កើត​ហេតុ​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រនេះ​ មាន​មនុស្ស​ចំនួន​ប្រមាណ​ពី​៧.០០០នាក់​ ទៅ​ ៨.០០០នាក់​ ហើយ​គិត​ជាមធ្យម​ក្នុងមួយម៉ែត្រ​ការ៉េ មាន​មនុស្ស​ប្រមាណ​ពី ១០​នាក់​ ទៅ​១២នាក់។

«បាន​កកកុញ ​ការធ្វើ​ចរាចរណ៍បញ្ច្រាស​ទិស​គ្នា​នៅលើ​ស្ពាន​តែមួយ​ បណ្តាល​ឲ្យ​កកស្ទះ​ ហើយ​បាន​រុញ​ច្រាន​គ្នា​ទៅវិញ​ទៅ​មកថប់​ដង្ហើមហើយ​មាន​អ្នកខ្លះ​ខ្យល់គរ​ ចំ​ពេល​នោះគឺ​មាន​ការស្រែក​ថា ​ស្ពាន​បាក់ ​ដាច់​ខ្សែ​កាប​ ឆក់​ខ្សែ​ភ្លើង​។ល។ ដែល​ធ្វើឲ្យ​មាន​ យើង​ហៅថា​ ភាព​ឆោឡោ​ស្លន់​ស្លោ​ប្រជ្រៀត​ជាន់​គ្នា»។

ស្ពាន​ពេជ្រ​ដែល​មាន​ទីតាំង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ​នេះ​មាន​ទទឹង​ជាង​ប្រាំ​ពីរ​ម៉ែត្រ​បណ្តោយ​ប្រមាណ​១០១​ម៉ែត្រនិង​ផ្ទៃ​ក្រឡា​ប្រមាណ​៧២៣ ​ម៉ែត្រ​ការ៉េ​។ ស្ពាន​នេះ​អាច​ផ្ទុក​ទម្ងន់ពី​៥០០ ​ទៅ​៦០០​តោន​៕

XS
SM
MD
LG