ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តាអាន ​ជន​សង្ស័យ​នៃសំណុំ​រឿង​ ០០៤ បដិសេធ​ការទទួល​ខុសត្រូវ​ចំពោះ​ការកាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម


តា អាន ជា​ជនសង្ស័យ​ម្នាក់ក្នុងចំណោម​ជនសង្ស័យ​៥នាក់​ ដែលជាប់​ទាក់ទង​នឹងបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ នៅសម័យ​ខ្មែរក្រហម​។​
តា អាន ជា​ជនសង្ស័យ​ម្នាក់ក្នុងចំណោម​ជនសង្ស័យ​៥នាក់​ ដែលជាប់​ទាក់ទង​នឹងបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ នៅសម័យ​ខ្មែរក្រហម​។​

ឯកសារ​សម្ងាត់​របស់​សហ​ព្រះរាជ​អាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​ក្នុង​សំណុំ​រឿង ០០៣/០០៤​ ដែល​វីអូអេ​ខេមរភាសា​ទទួលបាន​ បានចោទ​ប្រកាន់​បន្ថែម​លើ​ជនសង្ស័យ​៥នាក់​ជាអតីត​កម្មាភិបាល​ខ្មែរក្រហម​ពីបទ​សង្ស័យថា​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​នៅសម័យ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​១៩៧០។​ ក៏ប៉ុន្តែ​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​នោះ​គឺ តា អាន ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ នៅខេត្ត​កំពង់ចាម ដែលមាន​ជនរងគ្រោះ​ជាង​១៥ម៉ឺននាក់​ស្លាប់នោះ​ បានអះអាង​ថា ​ការចោទ​ប្រកាន់​រូបលោក​ជាការភ័ន្ត​ច្រឡំ។ តា អាន​បដិសេធ​ថា​ គ្មានជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្មទាំងនោះ​ទេ ហើយ​អះអាង​ថា​ លោក​ក៏​មិនមែន​ជាអ្នក​បង្កើត​ចលនា​ខ្មែរក្រហម​ដែរ។​ តា អាន​ ឬ អោម ​អាន​ អាយុ​៧៨ ឆ្នាំ​ បច្ចុប្បន្ន​ជា​កសិករ។​ លោក​ សុខ ខេមរា​ នៃវីអូអេ​ បាន​ធ្វើ​ដំណើរ​ទៅយក​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែកក្កដា ​ហើយ​បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​តា អាន​នៅផ្ទះ​របស់គាត់​ក្នុងភូមិមួយ​នៃស្រុកកំរៀង​ ខេត្ត​បាត់ដំបង។

ខាង​ក្រោម​នេះ​ជា​ភាគ​ទីមួយ​នៃ​សេចក្តី​សម្ភាស​ដែល​មាន​បីភាគ។

សំណួរ៖ កាល​ពី​ប៉ុន្មាន​ខែ​មុន​ មានសហ​ព្រះ​រាជ​អាជ្ញា​នៅតុលាការ​អន្តរជាតិ​បានរំលឹកឲ្យ​ឃើញ​នៅ​ក្នុង​ឯកសារ​ដែល​ចេញថា លោក​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​សម័យ​អតីតកាលអី ដូច​ថា​មាន​អំពើ​ឃាតកម្ម​អី​ កើត​ឡើង​ច្រើន​ក្នុង​ពេល​មាន​មនុស្ស​ស្លាប់​នៅ​ខាង​កំពង់ចាម​អីចឹង​ តើរឿង​នោះ ​ការ​ចោទ​ប្រកាន់​យ៉ាង​ដូច្នោះ​ មាន​អត្ថាធិប្បាយ​យ៉ាង​ម៉េច​ដែរ​បាទ?

ឆ្លើយ៖​ ខាង​កំពង់ចាម?

ស៖ បាទ។

ឆ៖​ ខ្ញុំ​ អត់​ ខ្ញុំ​សុំ​ជម្រាប​ប្រសាសន៍ក្មួយ​ បញ្ហា​ខ្ញុំ​នៅកំពង់ចាម​នេះ​ ខ្ញុំ​ឥត​មាន​ទាក់​ទិន​អី​ទេ។​ អា​នេះ​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់។ ព្រោះ​ពេល​ដែល​គេ​ឲ្យ​ខ្ញុំ​ ផ្លាស់​ខ្ញុំ​ទៅ​កំពង់ចា​មនេះ​ គឺ​កំពង់ចាម​ពេល​នោះ​មាន​ភាព​ច្របូក​ច្របល់ មាន​ភាព​ច្របូក​ច្របល់​ និង​ខាង​លើ​និង​ឲ្យ​ខ្ញុំ​ទៅ​កំពង់ចាមនោះអត់​មាន​ទេ​អ្នក​ទទួល​ខុស​ត្រូវ​ តាំង​ពី​ភូមិ​ តាំង​ពី​ឃុំ​ ស្រុក​ គេ​ដក​ គេ​គូរ​ គេ​តាល់​អស់​ទៅ​ហើយ។​ ហើយ​ខ្ញុំហ្នឹងទៅ​រៀប​ចំ​ថ្មី​ទេ​។ អត់​មាន​ទាក់​ទិន​អីជា​មួយ​និង​ខ្លួន​ខ្ញុំ​ទេ។​ នេះ​ខ្ញុំ​សុំ​ជម្រាប​ប្រសាសន៍​ ការណ៍​ពិតអញ្ចឹង​ឯង។

ស៖ ប៉ុន្តែ​តុលាការ​ គេ​ថា​ចង់​នាំ​ខ្លួន​អ្នក​ប្រាំ​នាក់​ផ្សេងទៀត​ នៅ​ក្នុង​នោះ​មាន​ឈ្មោះ​លោកម្នាក់​ដែរ​ អញ្ចឹងនៅ​ពេល​និង​មាន​ការ​ព្រួយ​បារម្ភ​ទេ​ ឬ​ក៏​នឹង​ចង់​តវ៉ាយ៉ាង​ម៉េច​អំពី​គេ​បញ្ចេញ​ឈ្មោះ​យ៉ាង​ដូច្នោះ?

ឆ៖​ ខ្ញុំ​ បើ​មាន​សិទ្ធិ​តវ៉ា​ ដូច​ខ្ញុំ​ថាអញ្ចឹង​ គឺ​ខ្ញុំ​ឥត​មាន​បញ្ហា​អី​ទាក់​ទិនអំពី​ឃាតកម្ម​អស់​ហ្នឹង​ទេ​។​ អត់​មាន​ទេ​ ដូច​ខ្ញុំ​ជម្រាប​ប្រសាសន៍​អញ្ចឹង​គឺ​ថា​ ពេល​ដែល​ខ្ញុំ​ទៅ​ គឺ​អស់​ហើយ​តាំង​ពី​ក្រោម​រហូត​ដល់​លើ​ នៅ​តែ​ កែ ពក​ មួយ​ទេ។​ រួច​ខ្ញុំ​ទៅ​រៀប​ចំ​ភូមិ​ ឃុំ​ថ្មី​ ខ្ញុំ​មាន​ការ​ទាក់​ទិន​រឿង​អី?​ (គឺ)អត់​។

ស៖​ កាល​នោះ​លោក​អញ្ជើញ​ទៅ​ នៅ​ពេល​នោះ​ ឆ្នាំ​នោះ​មាន​ន័យ​ថា​ គេ​មាន​ការ​ច្របូក​ច្របល់​គ្នា​រួច​ហើយ​ ហើយ​មនុស្សក៏​មាន​ការ​ស្លាប់​ សម័យ​ហ្នុង​ ​ពី​មុន …?

ឆ៖​ បាទ​គេ​ដោះស្រាយ​អស់​ហើយ​ រួច​ខ្ញុំ​ទៅ​ក្រោយ​។​ ទៅ​អស់​ហើយ​ ខ្ញុំ​រៀប​ចំ​ក្រោយ។​ នៅ​តែ កែ​ ពក​ មួយ។​ ភូមិ​ ឃុំ​ ស្រុក​ តំបន់​ ខ្ញុំ​អត់​មាន​ទៅ​ប្រឡាក់​ប្រឡូស​អី​ទេ អត់​ អាហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​តវ៉ា​អញ្ចឹង​ឯង​ តើ​ខ្ញុំ​មាន​បញ្ហា​អី​ទាក់​ទិន?​ រួច​មក​ដល់​ ៧៧​ ៧៨​ រួច​ ៧៩​ អស់​ហើយ​ មាន​ស្អី​។

ស៖​ កែ ពក កាល​នោះ​គាត់​ធ្វើ​អីនៅ​ទី​នោះ ដែល​នៅ​សល់​គាត់មួយ?

ឆ៖​ លេខាភាគ(លេខាភូមិភាគ)។

ស៖​ អញ្ចឹង​គាត់​ក្តោប​រួម​ទាំង​អស់​ ​សម័យ​នោះ នៅទីនោះ​។

ឆ៖​ បាទ។

ស៖​ អញ្ចឹង​ ការ​ចោទ​ប្រកាន់​ដែល​ថា ​លោក​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហាដូច​ថា មន្ទីរ​សន្តិសុខ​អីហ្នឹង​ អា​ហ្នឹង​ជា​រឿង​មួយ​ដែលគេ​យល់​ច្រឡំ ​ឫ​ក៏​គិត​ថា​ រឿង​ហ្នឹង​វា​ វាយ៉ាង​ម៉េច​បាន​ជា​មាន​ការចោទ​ប្រកាន់​ពី​តុលាការ​ ពី​អី​អញ្ចឹង​មក?

ឆ៖​ អា​ហ្នឹង​ ខ្ញុំ​កំណត់​ថា​ ការ​យល់​ច្រឡំ​របស់​គេ​ ព្រោះ​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត។​ ដូច​ក្មួយ​ជ្រាប​ច្បាស់​ហើយ​ ខ្ញុំជម្រាបការណ៍​ពិត​ខាង​ដើម​អញ្ចឹង។​ គឺ​ថា​អស់​រលីង​ហើយ​ មាន​ស្អី ភូមិ​ ឃុំ​ រហូត​ដល់​ស្រុក​ រហូត​ដល់​តំបន់ កាល​ណោះ​ គេ​មិន​មែន​ថា​ខែត្តទេ​ គេ​ថា​តំបន់​ បើ​អញ្ចឹង​វា​អស់​ទៅ​ហើយ។

ស៖​ អស់​ហ្នឹង​មានន័យ​ថា​ពួក​គាត់​ស្លាប់​មុន​ឬ​ក៏​?

ឆ៖​ គេ​ដក​ចេញ​ ដែល​ថា​ភាព​ច្របូក​ច្របល់​ហ្នឹង​គេ​ដក​ចេញ​អស់ហើយ​ មិន​ដឹង​គេ​យក​ទៅ​ណា បើ​ខ្ញុំ​អត់​ដឹង​ដែរ ពេល​ដែល​ខ្ញុំទៅ​ វា​អស់​ទៅហើយ​ នៅ​តែ​ កែ​ ពក​ មួយ​ ហើយ​ កែ​ ពក​ ហ្នឹង​ កាល​ណោះ​មិន​ដឹង​ជា​គាត់​ទទួល​ខាង​អី​ទេ​ តែ​ខ្ញុំ​មិន​ដឹង​ដែរ​ អត់​ដឹង​ថា​តើគាត់ គ្រាន់​តែ​ដឹង​ថា​គណកម្មាធិការ​ភូមិ​ភាគ ប៉ុន្តែ​ក្នុង​គណកម្មការ​ភូមិភាគ​ទាំង​មូល​ហ្នឹង​នៅ​សល់​តែ​គាត់ហ្នឹង​តើ​ តែ​មួយ។​ ខ្ញុំ​ទៅ ខ្ញុំ​អត់​ដឹង​រឿង​រ៉ាវ​អី​ទេ​ ខ្ញុំ​ទៅ​គឺ​ថា​វា​អស់​ហើយ​ បើ​អស់​ហើយ​ខ្ញុំ​រៀប​ចំ​ជា​ថ្មី​ រៀបចំ​ភូមិ​ រៀបចំ​ឃុំ​ រៀបចំ​ស្រុក​អី​ អញ្ចឹង​ទៅ​។ តែ​ប៉ុណ្ណឹង​ហើយ​ ដំណើរការ​ធម្មតា មាន​ការ​កាប់​សម្លាប់​អី​។​ ដំណើរការ​ធម្មតា​ក្នុង​ពេល​នោះ​ ឥត​មាន​អី​ទេ​ មាន​តែទំនប់​ ​ធ្វើ​ទំនប់ ធ្វើ​បន្លាយ​ប្រព័ន្ធ​ភ្លឺ​ គិត​តែ​ពី​ស្រែ​ អត់​មាន​អី​ ក្នុង​រយៈកាល​ ៧៧​ មក​ ៧៨​ ដល់​ ៧៩​ រាជ​រដ្ឋាភិបាល​វ៉ៃ វា​រត់​បាត់​ទៅ​ ខ្ញុំ​ទៅ​បាន​ពីរ​ឆ្នាំកាល​ណោះ មិន​ពេញ​ផង។​ អញ្ចឹង​បាន​ថា​ពាក្យ​ពេចន៍​ទាំង​អស់​នេះ​ ខ្ញុំ​អត់​មាន​អី​ទាក់​ទិន​ មិន​ដឹង​ជា​យ៉ាង​ម៉េច​ ខ្ញុំ​អត់​ដឹង​ដែរ។ មិន​ដឹង​ជា​ការ​ចោទ​ប្រកាន់​ហ្នឹង​រឿង​យ៉ាង​ម៉េច។​ ការណ៍​ពិត​របស់​ខ្ញុំ​ គឺ​វា​អញ្ចឹង​ បាទ។

ស៖​ ប៉ុន្តែ​ ​ឃើញ​មានសេចក្តី​ប្រកាស​អី​កន្លងៗមក​ថា​ គេចង់​នាំ​ខ្លួនអ្នក​ដទៃ​ប្រាំ​នាក់អី​ទៀត​ហ្នឹង អត់មាន​អ្នក​ណា​មក​ទាក់​ទង​ពី​ខាង​សាលា​ក្តីអី​ តុលាការអី​មក​ មិនដែល​មក​ជួបអី​សួរ​(ទេ)?

ឆ៖​ អត់​ អត់មាន​ផង។

ស៖​ កាល​សម័យ​តស៊ូ​ហ្នឹង​ ហេតុ​អ្វីបានចូល​រួមនៅ​ក្នុង​ចលនា​ខ្មែរ​ក្រហម បាទ​?

ឆ៖​ ខ្ញុំ​ជម្រាប​ប្រសាសន៍​ក្មួយ​ ដូច​ខ្ញុំ​និយាយ​លេង​កន្លង​មក​ហើយ​ណាស់​ ដូច​ខ្ញុំ​និយាយ​លេង​ជា​មួយ​ក្មួយ​អញ្ចឹង​ណាស់​ អំពី​ប្រពៃណី​របស់​ខ្ញុំ​គឺ​ព្រះ​មហាក្សត្រ​ ដូច​ខ្ញុំ​និយាយ​អម្បាញ់​មិញ​អញ្ចឹង​ណាស់​ និយាយ​លេង​ជា​មួយ​ក្មួយ​នោះ​ណាស់​ គឺ​ព្រះ​មហាក្សត្រ​តាំង​ពី​ជីតា​មក រួច​ដល់ពេលថ្ងៃ​ ១៨​ ខែ​បី​ឆ្នាំ​ ៧០ ហ្នឹង​នែ៎ ឯក​ឧត្តម​ លន់​ នល់​ ធ្វើ​រដ្ឋ​ប្រហារ​សម្តេច​។​ ក្នុង​ពេល​នោះ​ វា​មាន​មហា​បាតុកម្ម​គ្រប់​កន្លែង​ ដោយ​សម្តេច​បាន​ប្រកាស​ថា​កូន​ចៅ​ទាំង​អស់​ គឺ​មាន​តែ​នាំ​គ្នា​រត់​ចូល​ព្រៃ​ម៉ាគី​ទេ។​ អា​នេះ​មូលហេតុ​ ទាំង​អស់​ហ្នឹងនែ៎ បាន​តែ​ពេល​ធ្វើ​សម្តេច​ប្រកាសជា​ប្រធាន​រណសិរ្សរួប​រួម​ជាតិ។​ អញ្ចឹង​ណាស់​ បាទ។​ ប្រធាន​រណសិរ្ស​រួប​រួម​ជាតិ។​ អញ្ចឹង​ទៅ ទាំង​អស់​ គ្មាន(សល់)អ្នក​ណា​មួយ​ទេ ​គឺ​ត្រូវ​តែ​ធ្វើ​ការ​តស៊ូ។​ ដូច្នេះ​ក្មួយ​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ខ្ញុំ​ផ្ទាល់​ តើ​សមត្ថភាព​ខ្ញុំហ្នឹង​នែ៎​ បានន័យ​ថា​អ្នក​មាន​គំនិតផ្តួច​ផ្តើមអញ្ចឹងៗទេ?​ អត់​មាន​ទេសមត្ថភាពនេះ ពណ៌​សម្បុរ​នេះ​ សមត្ថភាព​នេះ​មិន​មាន​ទេ​ ប៉ុន្តែ​អញ្ចឹង​ ដែល​ទៅ​ជា​ការ​តស៊ូ។​ រួច​ដល់​ទៅ​សរុប​មក​ ឈ្នះ​ ១៩៧៥​ ហើយ​ ទាំង​អស់​គ្នាវា​ភ្ញាក់​ទាំង​អស់​តែ​គ្នា​ទេ​។​ វា​ទៅ​ជា​លើក​ទង់​សង្គមនិយម​កុម្មុយនិស្តស្អី​ឯ​ណា​ វា​ភ្ញាក់​ខ្លួន​ទាំង​អស់​តែ​គ្នា​ហ្នឹង​ទេ។​ បើ​ទាំង​អស់​កន្លង​មកវា ការ​រួប​រួម​ជាតិ​កម្ពុជា​ហ្នឹង​ក្រោម​ទង់រណសិរ្ស​ដែល​មាន​សម្តេច​ជា​ប្រធាន។​ អា​ហ្នឹង​ ខ្ញុំ​សុំ​ជម្រាបប៉ុណ្ណឹង។​ អា​ហ្នឹង​ ខ្លួន​ខ្ញុំ​ផ្ទាល់​ទេ​ណាស់​ ខ្ញុំជម្រាបប៉ុណ្ណឹង៕

XS
SM
MD
LG