មន្រ្តីជាន់ខ្ពស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេប្រទេសហូឡង់ បានឲ្យដឹងនៅថ្ងៃអង្គារ៍នេះថា តុលាការនឹងបើកសវនាការផ្ទាល់មាត់ ដើម្បីដោះស្រាយបណ្តឹងរបស់កម្ពុជានៅក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខទៀត ។
សេចក្តីអះអាងធ្វើឡើងបន្ទាប់ពីកម្ពុជា បានដាក់បណ្តឹងមួយច្បាប់កាលពីថ្ងៃទី២៨ ខែមេសា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយស្នើសុំឲ្យមានអន្តរាគមន៍របស់តុលាការចំនួនពីរ គឺទី១ស្នើឲ្យ តុលាការចាត់វិធានការជាបន្ទាន់ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាដើមចមនៃការប្រយុទ្ឋគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងសំណើមួយទៀត គឺសុំឲ្យតុលាការក្រុងឡាអេបកស្រាយសេចក្តីសម្រេចរបស់ខ្លួន ចំពោះការប្រគល់ប្រសាទព្រះវិហារទៅឲ្យកម្ពុជាកាន់កាប់ប្រាសាទដែលថៃធ្លាប់បានទាមទារយកទៅកាន់កាប់កាលពីពេលមុន ។
លោក ប៊ីរិស ហេម (Biris Heim) មន្រ្តីព័ត៌មានរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ បានប្រាប់វីអូអេ ខ្មែរតាមខ្សែទូរស័ព្ទពីទីក្រុងឡាអេថា តុលាការបានទាក់ទងកម្ពុជា និងថៃរួចហើយ ដើម្បីកំណត់ការបរិច្ឆេទបើកសវនការស្តីពីការស្នើសុំការការពារប្រាសាទព្រះវិហារជាបន្ទាន់ពីខាងភាគីកម្ពុជា។ លោកថ្លែងថា៖
«កម្ពុជាបានស្នើសុំជាបន្ទាន់នូវវិធានការការពារប្រាសាទដែលយោងតាមកម្ពុជា គឺដើម្បីឲ្យថៃបញ្ឈប់ការកាន់កាប់ដែនដីមានជម្លោះ ហើយបញ្ឈប់ជាពិសេសការប្រយុទ្ធគ្នា។ ដូច្នេះតុលាការត្រូវកំណត់កាលបរិច្ឆេទមួយក្នុងរយៈពេលដ៏ខ្លីនេះជាមួយនឹងភាគីទាំងពីរដើម្បីឲ្យភាគីនីមួយៗបង្ហាញខ្លួនក្នុងសវនាការដើម្បីផ្ដល់ការអះអាងរបស់ខ្លួន។ សវនាការផ្ទាល់មាត់នេះនឹងត្រូវប្រព្រឹត្តិទៅក្នុងរយៈពេលពីរបីថ្ងៃ ឬពីរ បីសប្ដាហ៍ខាងមុខនេះ»។
យោងតាមលោក ប៊ីរិស តុលាការក្រុងឡាអេ អាចនឹងបើកសវនាការមួយទៀត ដើម្បីផ្តល់ការបកស្រាយសេចក្តីសម្រេចរបស់ខ្លួនកាលពីខែមិថុនា ឆ្នាំ១៩៦២ គឺជាសេចក្តីសម្រេចដែលបានប្រគល់ប្រាសាទព្រះវិហារឲ្យទៅកម្ពុជាកាន់កាប់។ ក៏ប៉ុន្តែបើមិនដូច្នោះនោះទេ តុលាការយុត្តិធម៌អន្តរជាតិ គ្រាន់តែស្នើឲ្យភាគីមានជម្លោះផ្តល់ជូននូវការយល់ឃើញរបស់ខ្លួនជាលាយល័ក្ខអក្សរចំពោះសេចក្តីសម្រេចរបស់តុលាការកាលពី៤៩ឆ្នាំមុន ហើយតុលាការនឹងធ្វើការបកស្រាយជាលាយល័ក្ខអក្សរដែរដោយពុំចាំបាច់បើកសវនការនោះទេ។
កម្ពុជា និងថៃមានជម្លោះប្រទាញប្រទង់គ្នានៅជុំវិញប្រាសាទព្រះវិហារ ដែលអូសបន្លាយចាប់តាំងពីទស្សវត្សទី៥០មកម៉្លេះ ហើយការប្រយុទ្ឋគ្នាក៏បានចាប់ផ្តើមនៅពេលនោះដែរ បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ ក៏ដោយ។
ថៃបានជំទាស់សារជាថ្មីចំពោះការដាក់ប្រាសាទព្រះវិហាររបស់ខ្មែរទៅជាសម្បត្តិបេតិកភណ្ឌ ពិភពលោកនៅឆ្នាំ២០០៨ ហើយជម្លោះប្រដាប់អាវុធ បានរីករាលដាលចាប់ពីពេលនោះមក។
ការប្រយុទ្ឋគ្នាបានឈានទៅដល់ថ្ងៃទី១២ហើយ រហូតមកទល់ព្រឹកថ្ងៃអង្គារ៍នេះ គឺនៅតំបន់ប្រសាទ តាក្របី និងប្រសាទតាមាន់របស់ខ្មែរ ដែលជាប់ព្រំដែនជាមួយខេត្តសុរិន្ទរបស់ថៃ។
មានជនរងគ្រោះយ៉ាងតិចចំនួន១៨នាក់បានស្លាប់ ទាំងភាគីកម្ពុជា និងទាំងភាគីប្រទេសថៃ។ កម្ពុជា បានសម្រេចចិត្តដាក់បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រោយពីពុំអាចស្វែងរកដំណោះស្រាយជាលក្ខណៈទ្វេភាគីបាន ។
ភាគីជម្លោះសុទ្ធតែបានទាមទារដីទំហំ៤.៦ គីឡូម៉ែត្រ នៅក្បែប្រាសាទព្រះវិហារថាជារបស់ខ្លួន។
នាយករដ្ឋមន្រ្តីថៃ លោកអាភីស៊ីប វីចាជីវ៉ា បានអះអាងថា ថៃនឹងរៀបចំក្រុមអ្នកជំនាញមួយទៅកាន់តុលាការក្រុងឡាអេ។ ក៏ប៉ុន្តែរហូតពេលនេះ គេនៅមិនទាន់ដឹងពីសមាសភាពនៃគណៈប្រតិភូរបស់ប្រទេសទាំងពីរសម្រាប់ធ្វើដំណើទៅកាន់ទីក្រុងឡាអេនៅឡើយ៕