ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ វៀតណាម ​ឡាវ​ រួមគ្នា​ប្រយុទ្ធ​នឹង​គ្រឿងញៀន


បុរស​ប្រើ​គ្រឿង​ញៀន​​ដែលមិន​ព្រម​បង្ហាញ​អត្តសញ្ញាណនេះ ​ បង្ហាញ​ដៃ​នៅ​កន្លែង​ដែល​​ខ្លួន​​ប្រើ​គ្រឿង​ញៀន​។
បុរស​ប្រើ​គ្រឿង​ញៀន​​ដែលមិន​ព្រម​បង្ហាញ​អត្តសញ្ញាណនេះ ​ បង្ហាញ​ដៃ​នៅ​កន្លែង​ដែល​​ខ្លួន​​ប្រើ​គ្រឿង​ញៀន​។

ភ្នំពេញ៖ ​ប្រទេស​កម្ពុជា​ វៀតណាម​ ឡាវ ​បា​ន​ប្ដេជ្ញា​រួម​គ្នា​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រយុទ្ធ​ប្រឆាំង​ការ​ចរាចរណ៍​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន​រួម។ ការប្ដេជ្ញា​ចិត្ត​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំនៃ​ប្រទេស​ទាំងបី​ក្នុង​ទីក្រុង​ភ្នំពេញ។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ច្រក​ព្រំដែន​និង​អាកាស​យានដ្ឋាន​អន្តរជាតិ​ កំពុង​តែ​ស្ថិត​នៅជាគោលដៅ​យ៉ាង​សំខាន់​សម្រាប់​ឧក្រិដ្ឋជន​ក្នុង​ការជួញដូរ​គ្រឿង​ញៀន​ឆ្លង​កាត់​ប្រទេស។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ​ដែល​អាន​ដោយ​លោក​ឧត្តមសេនីយ៍ ​មឹក តារា ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​កម្ពុជា​ថា ប្រទេស​ទាំង​បី​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការគ្នា​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត​សម្រាប់​ការប្រឆាំង​នឹង​ចរាចរណ៍​គ្រឿង​ញៀន​។

«អង្គ​ប្រជុំ​បាន​ឯកភាព​ជា​ឯកច្ឆន្ទជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿង​ញៀន​រវាង​កម្ពុជា ឡាវ ​វៀតណាម ​ដើម្បី​រួម​វិភាគទាន​យ៉ាង​សំខាន់​លើ​ការត្រួតពិនិត្យ​គ្រឿងញៀន​ទាំងនៅ​ក្នុង​តំបន់ ​និង​នៅក្នុង​ពិភពលោក​»។

សេចក្តី​ថ្លែងការណ៍​ដដែល​ក៏​បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា​ ប្រទេស​ទាំងបី​ និង​បន្ត​ប្តូរ​បទពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​ ចែក​រំលែក​ព័ត៌មាន​ឲ្យ​គ្នា ​សហការគ្នា​នៅ​ក្នុង​ការស៊ើបអង្កេត​ និង​បង្រ្កាបគ្រឿងញៀន។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ហៅ​កាត់​ថា ​អាស៊ាន​ ដែល​មាន​ដប់​ប្រទេស​ នៅក្នុងនោះ​មាន​ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ ​បាន​កំណត់​ទិសដៅ​ទុកថា ​នៅឆ្នាំ​២០១៥​ ត្រូវតែ​លុប​បំបាត់​ឲ្យ​អស់នូវ​រាល់​ទម្រង់​នៃ​ការជួញ​ដូរ​គ្រឿង​ញៀន​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុងសហគមន៍​របស់​ពួកខ្លួន​។

លោក​ ស៊ូ​បាញ់ ស្រ៊ីធីរ៉ាត់​ រដ្ឋមន្រ្តី​ទទួលបន្ទុក​ខុទុ្ទកាល័យ​នាយករដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ បាន​ថ្លែង​នៅ​ក្រោយ​ពី​កិច្ច​ប្រជុំ​ថា​ ដោយផ្អែក​តាមការសម្រេច​នៅ​ថ្ងៃ​នេះ​ ប្រទេស​ទាំងបី​ត្រូវតែ​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ថែម​ទៀត​ ដើម្បី​បោស​សម្អាតការ​ជួញ​ដូរ​គ្រឿង​ញៀន។

«ចំណុច​សំខាន់​សម្រាប់​យើង​គឺ​ថា​តើ​យើង​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការគ្នា​យ៉ាង​ដូច​ម្តេច ​ពី​ព្រោះ​ថា​យើង​នៅ​សល់​តែ​ប្រាំ​ឆ្នាំ​ទៀត​ទេ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សមាគម​អាស៊ីអាគ្នេយ៍​ទៅ​ជា​តំបន់​គ្មាន​គ្រឿង​ញៀន​»។

លោក​ស៊ូបាញ់ ​មាន​ប្រសាសន៍​ថា មាន​គ្រឿង​ញៀន​ជា​ច្រើន​ត្រូវ​បាន​ចរាចរ​ឆ្លង​កាត់​ប្រទេស​ ឡាវ ​ដូច​ជា​គ្រឿង​ញៀន​ប្រភេទ​ ATS​ ប្រភេទ ​ហេរ៉ូអ៊ីន​ គ្រឿងញៀន​ប្រភេទ​ទឹកកក ​និង​កូកាអ៊ីន​មកពីទ្វីប​អាមេរិក​ខាងត្បូង​ជាដើម​។ ហើយ​គ្រឿងញៀន​ទាំងនេះ ​ត្រូវ​ចរាចរចែក​ចាយ​នៅក្នុង​តំបន់។

របាយ​ការណ៍​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆំាង​គ្រឿងញៀន​របស់​ប្រទេស​កម្ពុជា​ ​បាន​បង្ហាញថា​ ឧក្រិដ្ឋ​ជន​គ្រឿងញៀនមិន​ត្រឹម​តែ​ប្រើប្រាស់​ប្រទេស​កម្ពុជា ជា​កន្លែង​ឆ្លង​កាត់​នៃ​ការជួញដូរ​គ្រឿងញៀន​តែ​ប៉ុណ្ណោះ​ទេ ​ក៏ប៉ុន្តែ​ក្រុម​ឧក្រិដ្ឋជន​ក៏បាន​ព្យាយាម​យក​ប្រទេស​កម្ពុជា​ជា​ទីតាំង​សម្រាប់​ផលិត​គ្រឿង ញៀន​ និ​ងសម្រាប់​ធ្វើការ​ចែកចាយ​ផងដែរ។

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា ​វៀតណាម ​និងឡាវ ​បាន​ទទួល​ស្គាល់​នូវ​គ្រោះ​ថ្នាក់​ចេញពី​ការប្រើប្រាស់​គ្រឿង​ញៀន​ និ​ង​ជំរុញ​ឲ្យ​មាន​ការផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន​ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​ការបង្កើត​ភូមិ​ ឃុំ​សុវត្ថិភាព​ ពី​គ្រឿងញៀន​នៅតាម​តំបន់​ព្រំដែន​រួម​ផងដែរ៕

XS
SM
MD
LG