ការទារប្រាក់លើសសម្រាប់ការទិញប័ណ្ណបង់ពន្ធយានយន្តប្រចាំឆ្នាំនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានបញ្ចប់ ខណៈដែលពាក្យបណ្តឹងចំនួន៩០កំពុងស្ថិតក្នុងដំណើរការត្រួតពិនិត្យរបស់អង្គភាព ប្រឆាំងអំពើពុករលួយ។ ប៉ុន្តែភ្នាក់ងារពន្ធដារនៅតាមខេត្តខ្លះនៅមិនទាន់បានបោះបង់ចោលអំពីខុសច្បាប់នេះនៅឡើយ។ ការបង់ពន្ធយានយន្តប្រចាំឆ្នាំផុតកំណត់នៅថ្ងៃទី២០ ខែតុលានេះ។
ពាក្យបណ្តឹងចំនួន៩០ពីប្រជាពលរដ្ឋចំនួន២.៧០០នាក់នៅក្នុងខេត្តចំនួន១៤បានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែមុន បន្ទាប់ពីក្រុមឃ្លាំមើលបានប្រកាសថា ប្រជាពលរដ្ឋបានបង់ប្រាក់លើស សម្រាប់ការទិញប័ណ្ណបង់ពន្ធយានយន្តរបស់ខ្លួន។
លោក ជា បូរ៉ា អាយុ៣០ឆ្នាំ ដែលកំពុងដើរចេញពីកន្លែងបង់ពន្ធយានយន្តមួយនៅក្នុងខណ្ឌ៧មករា បន្ទាប់ពីការបង់ពន្ធម៉ូតូពីរគ្រឿងរបស់លោក បានថ្លែងប្រាប់វូអូអេ ថា លោកបានទិញប័ណ្ណបង់ពន្ធទោចក្រយានយន្តសម្រាប់ម៉ូតូឆាលី និងហ្វីណូតាមតម្លៃ ដែលមាននៅក្នុងតារាងតម្លៃកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ លោក ជា បូរ៉ា បានបញ្ជាក់ថា គ្មានភ្នាក់ងារពន្ធដារណាម្នាក់ទារប្រាក់ពីលោកលើសពីវិក្ក័យបត្រ័នោះទេ។ លោក បន្តថា៖
«ខ្ញុំបានបង់ប្រាក់ទិញប័ណ្ណពន្ធយានយន្តតាមតម្លៃនៅក្នុងវិក្ក័យប័ត្រ ដូចជា ម៉ូតូម៉ាកឆាលី ត្រូវកំណត់ឱ្យបង់ពន្ធ៣.៥០០រៀលនៅក្នុងតារាងតម្លៃរដ្ឋកំណត់។ ខ្ញុំទិញតែ៣.៥០០រៀលតាមវិក្ក័យប័ត្ររបស់ភ្នាក់ងារពន្ឌដារ។ ម៉ូតូម៉ាកហ្វីណូត្រូវកំណត់ឱ្យបង់ពន្ធ៤.៥០០រៀល នៅក្នុងតារាងតម្លៃរដ្ឋកំណត់។ ខ្ញុំទិញ តែ៤.៥០០រៀលតាមវិក្ក័យប័ត្ររបស់ភ្នាក់ងារពន្ធដារ។ ខ្ញុំបង់ប្រាក់តម្លៃតាមនៅក្នុងវិក្កយប័ត្រ»។
ភ្នាក់ងារពន្ធដារម្នាក់នៅក្នុងខណ្ឌ័ចំការមនបាននិយាយថា ភ្នាក់ងារពន្ធដារមិនបានទារប្រាក់លើសពីតម្លៃក្នុងតារាងកំណត់តម្លៃ ដូចការចោទប្រកាន់នោះទេ។ ហើយភ្នាក់ងារពន្ធដារមិនអាចរំលោភគោលការណ៍របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទេ។
ភ្នាក់ងារពន្ធដារផ្សេងទៀតបានបញ្ជាក់ថា ភ្នាក់ងារពន្ធដារចង់ឱ្យការប្រមូលពន្ធដារយានយន្តប្រចាំឆ្នាំដំណើរការប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពសម្រាប់ភ្នាក់ងារពន្ធដារ និងអ្នកបង់ពន្ធ។
ភ្នាក់ងារពន្ធដារនៅទីក្រុងភ្នំពេញបានទារប្រាក់លើសសម្រាប់ការទិញប័ណ្ណបង់ពន្ធទោចក្រយានយន្ត ប្រចាំឆ្នាំតាំងពីដំបូង ប៉ុន្តែពួកគេបានបញ្ឈប់ទៅវិញនៅពេលដែលក្រុមឃ្លាំមើលបានបញ្ជូនពាក្យ បណ្តឹងចំនួន៩០ទៅឱ្យអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែមុន។
លោកអោម ចន អនុប្រធាននៃនាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែង ថា អគ្គនាយកដ្ឋានបានធ្វើការរំលឹក និងណែនាំដល់ភ្នាក់ងារពន្ធដារ ដែលមិនស្តាប់បង្គាប់តាមរយៈទូរស័ព្ទ និងលិខិតស្នាមជាបណ្តើរៗដើម្បីកុំឱ្យទារប្រាក់លើស និងកុំឱ្យយកប្រាក់មនោសញ្ចោតនា។
លោកអោម ចន បានបញ្ជាក់ថា ការទារប្រាក់លើសនេះបានកាត់បន្ថយអស់ហើយ។ លោកមានប្រសាសន៍ថា៖
«យើងតែងតែជំរុញដល់ភ្នាក់ងារពន្ធដារឱ្យលុបបំបាត់ឱ្យអស់នូវការទារប្រាក់លើស និងមិនឱ្យទទួលយកប្រាក់មនោសញ្ចោតនា»។
លោកសន ជ័យ អ្នកសម្របសម្រួលបណ្តាញរួបរួម ដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានបញ្ជាក់ថា ឥរិយាបថចុងក្រោយរបស់ភ្នាក់ងារពន្ធដារក្នុងការប្រមូលពន្ធយានយន្តនេះ បានផ្លាស់ប្តូរទៅរកភាពប្រសើរឡើងនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែការទារប្រាក់លើសរបស់ភ្នាក់ងារពន្ធដារនៅតាមខេត្តមួយចំនួននៅមិនទាន់មានការផ្លាស់ប្តូរនៅឡើយ។
ប្រជាពលរដ្ឋមួយចំនួនពីខេត្តផ្សេងៗបាននិយាយថា ពួកគាត់មានការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះការទារប្រាក់លើសដែលប្រព្រឹត្តិដោយភ្នាក់ងារពន្ធដារសម្រាប់ការទិញប័ណ្ណបង់ពន្ធយានយន្តប្រចាំឆ្នាំ ដែលធ្វើឱ្យប៉ះពាល់ដល់ច្បាប់ សតិអារម្មណ៍ និងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
លោកធន សារឿន អាយុ ៣៨ ឆ្នាំ អាជីវករនៅខេត្តសៀមរាប បានបញ្ជាក់ថា រថយន្តម៉ាកCRV របស់លោកត្រូវកំណត់ឱ្យបង់១០០.០០០រៀលស្មើនឹង២៥ដុល្លារអាមេរិក តែភ្នាក់ងារពន្ធដារទារឱ្យលោកបង់ដល់១០៥.០០០រៀលស្មើនឹងជាង២៦ដុល្លារអាមេរិក។ លោកសារឿនបានបន្តថា លោកមានអារម្មណ៍មិនសប្បាយចិត្ត ចំពោះការទារប្រាក់លើសនេះ ពីព្រោះមន្ត្រីរាជការធ្វើការបម្រើផលប្រយោជន៍របស់រាស្ត្រ តែបើមន្ត្រីរាជការទារប្រាក់លើស៥.០០០រៀល ពីរាស្ត្រ យកទៅដាក់ចូលក្នុងខោប៉ាវ។ វាបានប៉ះពាល់អារម្មណ៍របស់លោក ខណៈដែលភ្នាក់ងារពន្ធដារយកប្រាក់ខុសច្បាប់នេះ។ លោកថ្លែងដូច្នេះថា៖
«វាត្រូវប៉ះពាល់អារម្មណ៍របស់ខ្ញុំ។ សុខៗយើងបង់ប្រាក់ទៅគេ៥.០០០រៀលដោយគ្មានមូលហេតុ។ ៥.០០០រៀលមិនច្រើនទេ តែក្នុងម្នាក់៥.០០០រៀល មានមនុស្សជាច្រើននាក់បង់លើសនេះ។ បើរឿងស្តាយ យើងស្តាយប្រាក់៥.០០០រៀលនេះ ពីព្រោះវាជាញើសឈាម»។
លោកកែវ សឿន អាយុ៦៥ឆ្នាំ កសិករនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង បាននិយាយថា ភ្នាក់ងារពន្ធដារ បានមើលងាយច្បាប់ ដោយទាមទារឱ្យលោកបង់ប្រាក់លើសតម្លៃរដ្ឋកំណត់១.៥០០រៀល ខណៈដែលពួកគេ ជាអ្នកអនុវត្តច្បាប់។ លោកសឿន បានបញ្ជាក់ថា ប្រាក់១.៥០០រៀលនេះ មានសារៈសំខាន់សម្រាប់លោក ដែលជាកសិករក្រីក្រ ពីព្រោះលោកអាចរកប្រាក់បានតិចជាង៤.០០០រៀលក្នុងមួយថ្ងៃ ហើយលោកអាចយកប្រាក់១.៥០០រៀលនេះទៅទិញអំបិល ប្រហុក និងទឹកត្រីសម្រាប់បរិភោគបានបីថ្ងៃ។ លោកបន្តថា៖
«ខ្ញុំនឹកឃើញថា វាគួរឱ្យអសោចខ្លួនដែលខំប្រឹងរកប្រាក់ ហើយច្បាប់មានការបន្ធូរបន្ថយ ចំពោះការបង់ពន្ធម៉ូតូនេះ។ ខ្ញុំមានការអាក់អន់ចិត្តចំពោះការមិនគោរពច្បាប់របស់ភ្នាក់ងារពន្ធដារ ហើយយើងជារាស្ត្រពិបាកនឹងនិយាយជាមួយគេ»។
លោកប៉ាង សុជាតិ អាយុ៣១ឆ្នាំ អ្នករត់រម៉កទេសចរណ៍នៅខេត្តព្រះសីហនុ បានថ្លែងថា ការទារប្រាក់លើសនេះជាអំពើពុករលួយ និងការបង្កើនភាពក្រីក្រ ព្រមទាំងធ្វើឱ្យឈឺចាប់ទាំងផ្នែកអារម្មណ៍ ស្មារតី និងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោក។
លោកសុជាតិ បានបន្ថែមថា បើភ្នាក់ងារពន្ធដារនៅតែបន្តទារប្រាក់លើសនេះ វានឹងធ្វើឱ្យទន់ខ្សោយដល់ប្រព័ន្ធច្បាប់ និងប្រព័ន្ធគ្រប់គ្រងរដ្ឋ។ លោកសុជាតិបានប្តឹងប្រឆាំងនឹងការទារប្រាក់លើសដែលត្រូវបានប្រព្រឹត្តិដោយភ្នាក់ងារពន្ធដារដល់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងគោលបំណងចង់លុបបំបាត់អំពើពុករលួយនេះឱ្យបាន ដោយការដាក់ទណ្ឌកម្ម ឬការផ្លាស់ប្តូរមន្ត្រីពុករលួយចេញពីកន្លែងការងារ។ លោកមានប្រសាសន៍ថា៖
«ប្រាក់យកលើសនេះ មិនច្រើនទេ។ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តចំពោះការទារប្រាក់លើស ព្រោះគាត់មានកញ្ចប់ថវិកាសម្រាប់ធ្វើការជូនប្រជាពលរដ្ឋ និងយកប្រាក់បៀវត្សរ៍ពីរាជរដ្ឋាភិបាល និងពីប្រជាពលរដ្ឋហើយ។ គាត់នៅចង់បានប្រាក់ពុករលួយ១.០០០រៀល និង២.០០០រៀលទៀត»។
លោកនួន ឈឿន កសិករនៅស្រុកបាកានខេត្តពោធិសាត់បាននិយាយថា លោកបានគោរព និងបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋតាមគោលការណ៍ច្បាប់ ប៉ុន្តែភ្នាក់ងារពន្ធដារបែរជារំលោភច្បាប់ ដើម្បីប្រព្រឹត្តិអំពើពុករលួយទៅវិញ។ លោកឈឿនបានបន្តថា ច្បាប់មិនមានឥទ្ធិពល និងប្រសិទ្ធិភាពលើភ្នាក់ងារពន្ធដារ ដែលបានបណ្តាលឱ្យកើតមានការទារប្រាក់លើសនេះទេ។ លោកថ្លែងយ៉ាងដូច្នេះថា៖
«ប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែគោរពច្បាប់ និងរស់នៅក្រោមច្បាប់ ប៉ុន្តែមន្ត្រីពន្ធដារមិនគោរពតាមច្បាប់។ ខ្ញុំឈឺឆ្អាល និងឈឺចាប់តែប៉ុណ្ណឹងទេ»។
យោងតាមអ្នកបង់ពន្ធ ភ្នាក់ងារពន្ធដារបាននិយាយថា ការទារប្រាក់លើសនេះ ជាតម្លៃថ្លៃបំពេញទម្រង់ឯកសារ ឬទិញប៉ិចសរសេរ។ ក្រុមអ្នកបង់ពន្ធពីខេត្តផ្សេងៗសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយនឹងរកយុត្តិធម៌សម្រាប់ពួកគាត់ ដែលទទួលរងនូវការបង់ពន្ធលើសនេះ។