លោកសម រង្ស៊ីប្រធានគណបក្សប្រឆាំងនៅប្រទេសកម្ពុជាបានមកធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២៤និងទី២៥ខែកុម្ភៈ ដើម្បីជួបប្រជុំជាមួយមន្រ្តីស្ថាប័នផ្សេងៗរបស់សហរដ្ឋអាមេរិកនិងសួរសុខទុក្ខក្រុមអ្នកគាំទ្រ។
នេះជាដំណើរទស្សនកិច្ចដែលយូរៗម្តង លោក សម រង្ស៊ី មកបំពេញនៅសហរដ្ឋអាមេរិកដើម្បីទាក់ទាញរកការគាំទ្រ។
ប៉ុន្តែការវិវត្តចុងក្រោយនៃរឿងក្តីក្តាំរបស់លោកទាក់ទងនឹងការដកបង្គោលព្រំដែននិងការប្រែប្រួលនៃស្ថានភាពនយោបាយនៅបណ្តាប្រទេសអារ៉ាប់មួយចំនួន ផ្តល់ឱ្យលោកនូវឱកាសស្នើឱ្យប្រទេសដ៏ធំមួយដូចជាសហរដ្ឋអាមេរិកគិតគូរឡើងវិញដល់ទំនាក់ទំនងជាមួយប្រទេសដូចជាកម្ពុជា។
លោក សម រង្ស៊ី បានចំណាយពេលពីរថ្ងៃជួបជាមួយមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថាប័ននីតិប្បញ្ញត្តិ អង្គការសង្គមស៊ីវិលនិងសហគមន៍ខ្មែរ-អាមេរិកាំង។
ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្រោយពីជំនួបជាមួយមន្ត្រីក្រសួងការបរទេស លោក សម រង្ស៊ីបញ្ជាក់នូវជំហរយ៉ាងច្បាស់ថាប្រទេសធំៗដូចជាអាមេរិកត្រូវយកចិត្តទុកដាក់លើបញ្ហាទាក់ទងនឹងការបោះឆ្នោតដែលមានដូចជា៖ ការធានាថាប្រធានបក្សដូចជារូបលោកអាចមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតដែលនឹងត្រូវរៀបចំធ្វើឡើងនៅឆ្នាំ២០១២និង២០១៣ កែប្រែប្រព័ន្ធបោះឆ្នោតដោយមានរៀបចំបញ្ជីអ្នកបោះឆ្នោតឱ្យបានត្រឹមត្រូវ ផ្តល់អត្តសញ្ញាណប័ណ្ណឱ្យទាន់ពេលឱ្យប្រជាពលរដ្ឋនិងបង្កើនចំនួនអាសនៈនៅក្នុងសភាជាតិ។
«បើបញ្ហាទាំងបួនដែលយើងលើកឡើងអម្បាញ់មិញមិនទទួលបានដំណោះស្រាយត្រឹមត្រូវទេគឺការបោះឆ្នោតខាងមុខគឺគ្មានន័យ គ្មានតម្លៃ គ្មានប្រយោជន៍ មិនចាំបាច់ឱ្យអ្នកសង្កេតការណ៍ទៅតាមឃ្លាំសង្កេតមើលការបោះឆ្នោតនោះទេ ព្រោះលទ្ធផលនៃការបោះឆ្នោតនោះ គឺដឹងមុន ហើយដឹងមុនតាំងពីឥឡូវ ពីព្រោះតាមរយៈការបន្លំ ការលួចឈ្មោះ ការលុបឈ្មោះ ការរៀបចំបញ្ជីអ្នកបោះឆ្នោតមិនត្រឹមត្រូវគឺគណបក្សកាន់អំណាចសព្វថ្ងៃគេធានាជោគជ័យរបស់គេក្នុងការបោះឆ្នោតរួចទៅហើយ»។
លោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស ដោយសារត្រូវតុលាការប្រទេសកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំទាក់ទងនឹងរឿងដកតម្រុយបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ លោកអាចនឹងបាត់ឈ្មោះចេញពីបញ្ជីបេក្ខជនឈរបោះឆ្នោតដោយសារច្បាប់បោះឆ្នោតហាមឃាត់មិនឱ្យអ្នកមានជាប់ទោសទណ្ឌឈរឈ្មោះបានឡើយ។
ក៏មានបញ្ហាធំៗជាច្រើនដែលជាបញ្ហាអាយុជីវិតរបស់កម្ពុជា ហើយជារងើកភ្លើងមួយអាចនឹងឆាបឆេះនៅពេលណាមួយមិនខាន ក្នុងនោះមានដូចជាភាពក្រីក្រ ភាពអត់ការងារធ្វើ ការរឹបអូសដីធ្លីប្រជារាស្ត្រ អំពើពុករលួយ ការមិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងការជួបជុំជាមួយសហគមន៍ខ្មែរ-អាមេរិកាំងធ្វើនៅភោជនីយដ្ឋានហាវ៉េសមូន ដែលក៏ជាផ្នែកមួយនៃការទាក់ទាញរកការគាំទ្រ លោកសម រង្ស៊ី បញ្ជាក់ថា ព្រឹត្តិការណ៍ដែលលោកបានតាមដាននៅបណ្តាប្រទេសដែលមានការបះបោរនាពេលថ្មីៗនេះ ឃើញថាវាមានលក្ខណៈប្រហាក់ប្រហែលឬដូចគ្នានឹងសង្គមនៅប្រទេសកម្ពុជា៖
«យើងមើលឃើញថាប្រជាពលរដ្ឋដែលបះបោរនៅប្រទេសទាំងប៉ុន្មាន នៅអាហ្រ្វិកខាងជើងនេះជាពិសេសគឺបះបោរដើម្បីអ្វី? ចង់បានអ្វី? គឺប្រជាពលរដ្ឋឥឡូវនេះឈឺចាប់ដោយសាររឿងអ្វី? គឺដូចគ្នា គឺ ទីមួយភាពក្រីក្រ ដរាបណាគេចេះតែថាស្រុកអភិវឌ្ឍ ប៉ុន្តែអភិវឌ្ឍសម្រាប់នរណា? អភិវឌ្ឍសម្រាប់អ្នកមានអំណាច អភិវឌ្ឍសម្រាប់មហាសេដ្ឋីឱ្យកាន់តែមានឡើង ដូចនេះប្រជារាស្រ្តអត់ចង់បានទេ គាត់ចង់បានការអភិវឌ្ឍសម្រាប់ប្រជារាស្ត្រទូទៅឱ្យអ្នកក្របានទទួលផលពីការអភិឌ្ឍផង។ បើអ្នកក្រនៅតែក្រដដែល មានអ្នកខ្លះកាន់តែក្រទៅក៏មានដែរ នេះច្បាស់ជាមានការតវ៉ានៅប្រទេសអេហ្ស៊ីប ទុយនេស៊ី លីប៊ី ហើយនៅប្រទេសកម្ពុជាគឺដូចគ្នាអញ្ចឹងដែរ»។
នៅប្រទេសទុយនេស៊ីនិងអេហ្ស៊ីប ចលនាបដិវត្តន៍របស់ក្រុមយុវជនបានផ្តួលរំលំមេដឹកនាំដែលបានកាន់កាប់ប្រទេសទាំងនេះជាយូរមកហើយ។ រីឯនៅប្រទេសលីប៊ី ក្រុមប្រជាពលរដ្ឋដែលមានការខឹងសម្បារកំពុងបះបោរទម្លាក់មេដឹកនាំផ្តាច់ការដែលបានកាន់កាប់ប្រទេសអស់រយៈពេលជិត៤២ឆ្នាំ។
ការធ្វើការប្រៀបធៀបនេះបានត្រូវចំទឹកចិត្តអ្នកចូលរួមស្តាប់ដូចជាលោក កែវ ថម អនុប្រធានសមាគមអង្គរ។
«ខ្ញុំមានជំនឿមួយចំនួនដែរថា ប្រហែលជាថ្ងៃណាមួយ ការស្រេកឃ្លានប្រជាធិបតេយ្យនិងយុត្តិធម៌ អាចមានកើតឡើងនៅក្នុងប្រទេសជាតិយើង ប្រសិនបើការរស់នៅរបស់ប្រជាជាតិយើងនៅក្នុងភាពក្រីក្រខ្លាំងឡើងៗគឺថ្ងៃណាមួយប្រជាជាតិប្រជាជនយើងក៏មិនអាចនៅសំងំស្ងៀមបានដែរ»។
ជាផ្នែកនៃការទាក់ទាញឱ្យមានការគាំទ្រទូលំទូលាយលោក សម រង្ស៊ីក៏បានដឹកនាំប្រតិភូទៅជួបជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិរបស់អាមេរិកផងដែរ។
នៅទីបញ្ចប់ការប្រមូលផ្តុំការគាំទ្រពីក្រុមអង្គការសង្គមស៊ីវិលជាការសំខាន់ក្នុងយុទ្ធនាការរបស់លោកសម រង្ស៊ីក្នុងការជំរុញឱ្យមានការកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិក។ លោក សម រង្ស៊ី បានបញ្ជាក់ក្រោយពីជំនួបមួយជាមួយមន្រ្តីនៃវិទ្យាស្ថានដើម្បីសន្តិភាពរបស់សហរដ្ឋអាមេរិកថា៖
«ជំហរដែលសហរដ្ឋអាមេរិកត្រូវប្រកាន់ចំពោះប្រទេសនានាក្នុងពិភពលោកជាពិសេសប្រទេសដែលមានមេដឹកនាំអំណាចផ្តាច់ការ ប្រទេសដែលប្រជារាស្ត្ររងគ្រោះដោយអំណាចផ្តាច់ការ ដោយអំពើអយុត្តិធម៌ ប្រជារាស្រ្តដែលរស់នៅក្នុងភាពក្រីក្រ ខ្ញុំជឿជាក់ថា ចាប់ពីពេលនេះទៅ សហរដ្ឋអាមេរិកនឹងឱ្យនិយមន័យថ្មីមួយ «អ្វីដែលហៅថាស្ថេរភាព»។ តើស្ថេរភាពក្នុងរបបប្រជាធិបតេយ្យឬស្ថេរភាពក្នុងរបបផ្តាច់ការ? យើងមិនត្រូវឱ្យតម្លៃចំពោះស្ថេរភាពក្រោមអំណាចផ្តាច់ការទេព្រោះស្ថេរភាពបែបនេះមិនយូរទេគង់តែថ្ងៃណាមួយគង់តែផ្ទុះកំហឹងប្រជារាស្រ្ត នឹងផ្ទុះដូចនៅប្រទេសលីប៊ី ប្រទេសអេហ្ស៊ីប ប្រទេសទុយនីស៊ី»។
បន្ទាប់ពីសហរដ្ឋអាមេរិក លោកសម រង្ស៊ីក៏នឹងធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់បន្តទៀតដើម្បីទាក់ទាញឱ្យមានការគាំទ្របន្ថែម៕