ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មន្ត្រី​ជាន់​ខ្ពស់​ប្រឆាំង​គ្រឿង​ញៀន​ឆ្លើយ​សារភាព​អំពី​ការប្រឌិត​របាយការណ៍​ពាក់ព័ន្ធ​ជាមួយ​គ្រឿង​ញៀន


សាលសវនាការ​​ក្នុង​តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
សាលសវនាការ​​ក្នុង​តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ការ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ នៃ​ការ​ជំនុំ​ជម្រះ​ជា​ប្រវត្តិសាស្ត្រ​ នៅ​ក្នុង​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ លោក​ មឹក​ ដារ៉ា ​អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន ​និង​លោក ​ជា ​ឡេង​ អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​ក្រសួង​មហាផ្ទៃ​ បាន​ប្រឈម​នឹង​ការចោទ​ប្រកាន់​ចំនួន​ ៣៨​ករណី​ សម្រាប់​អំពើ​ពុករលួយ​ និង​អំពើ​ជួញ​ដូរ​គ្រឿង​ញៀន​ នៅ​ក្នុង​ឆ្នាំ​២០០៧​ និង​ឆ្នាំ​២០១១​ ដែល​នឹង​អាច​ ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក​ វ៉ាន់ ​កុសល ​មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន ​និង​ជា​សាក្សី ​បាន​ថ្លែង​ប្រាប់​សវនាការ​ថា​លោក​ មឹក​ ដារ៉ា ​បាន​ធ្វើ​ការ​កែប្រែ​របាយការណ៍​ស្តីពី​ការចាប់​គ្រឿង​ញៀន​ខុស​ពី​ការពិត​ បន្ទាប់​ពី​លោក​បាន​រាយការណ៍​អំពី​កំណត់​ហេតុ​ជាក់​ស្តែង​ពី​ជន​ល្មើស​ជួញ​ដូរ​គ្រឿង ​ញៀន​ជូន​លោក​ មឹក ​ដារ៉ា។

លោក​ វ៉ាន់ ​កុសល ​បាន​បញ្ជាក់​ថា​លោក​ មឹក​ ដារ៉ា ​បាន​ប្រឌិត​របាយការណ៍​ស្តីពី​ការ​ចាប់​គ្រឿង​ញៀន​ដោយ​កែ​ពី​ការយក​គ្រឿង​ញៀន​ប្រមាណ​មួយ​គីឡូក្រាម​ ចេញ​ពី​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ទៅ​ជា​ការយក​គ្រឿង​ញៀន​នេះ​ ចេញ​ពី​បន្ទប់​ទឹក​ នៃ​ស្ថានីយ​ចាក់​ប្រេង​សាំង​នៅ​ក្បែរ​នោះ​វិញ។

អតីត​ឧត្តមសេនីយឯក ​លោក​ មឹក ​ដារ៉ា ​បាន​ទទួល​ស្គាល់​អំពី​ការប្រឌិត​របាយការណ៍​បែប​នេះ​មែន​ ដោយ​បញ្ជាក់​ប្រាប់​តុលាការ​ថា​លោក​ធ្វើ​បែប​នេះ ​ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​ និង​កិត្តិយស​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក។

លោក ​កា ​សាវុធ ​មេធាវី​ការពារក្តី​របស់​ជន​ត្រូវ​ចោទ​ មឹក​ ដារ៉ា ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«គាត់​កែប្រែ​តែ​មួយ​ចំណុច​ទេ ​ដោយសារ​គាត់​ខ្លាច​ខូច​ឈ្មោះ​អង្គភាព។ ​ហេតុអ្វី​បាន​ជា​គាត់​សារភាព ​គាត់​និយាយ​ថា​ វា​ជា​បទល្មើស​ដែល​ត្រូវ​ជាប់​គុក ​នៅ​តែ​ជាប់គុក​ដដែល​ គ្រាន់​តែ​ខុស​ទីតាំង»។

លោក ​ស៊ុំ ​ចាន់គារ ​មន្ត្រី​សម្រប​សម្រួល​ នៃ​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ បានថ្លែង​ថា​លោក​ មឹក ​ដារ៉ា ​បាន​បង្ហាញ​នូវ​សេចក្តី​ក្លាហ៊ាន​ក្នុង​ការឆ្លើយ​សារភាព​អំពី​ទោស​កំហុស​របស់​លោក​ ពាក់ព័ន្ធ​នឹង​ការប្រឌិត​របាយការណ៍​ពាក់ព័ន្ធ​ជា​មួយ​គ្រឿង​ញៀន​ នៅ​ចំពោះមុខ​តុលាការ​ ដោយ​មាន​សាក្សី​បញ្ជាក់​ភស្តុតាង​ច្បាស់លាស់។

«ទាក់ទង​អំពី​សវនាការ​នេះ ​យើង​ឃើញ​ថា​លោក​ មឹក​ ដារ៉ា ​បាន​និយាយ​សារភាព​ថា​ គាត់​បាន​កែ​នូវ​សំណុំរឿង ​ប៉ុន្តែ​ក្នុង​គោលបំណង​របស់​គាត់​គឺ​មិន​ឱ្យ​ពាក់ព័ន្ធ​ ទៅ​លើ​កន្លែង​អង្គភាព​របស់​គាត់។​ បើ​សិន​ជា​ទុក​ឱ្យ​មាន​បញ្ហា​នៅ​កន្លែង​របស់​គាត់​អញ្ចឹង​ វា​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​នូវ​អង្គភាព​របស់​គាត់។​ អញ្ចឹង ​គាត់​កែ​សំណុំរឿង​ ដើម្បី​ឱ្យ​អង្គភាព​របស់​គាត់​បាន​ល្អ»។

ទណ្ឌិត​ ឌៀប ​សុផាត ​អតីត​មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន ​និង​ជា​សាក្សី ​បាន​ថ្លែង​ប្រាប់​សវនាការ​ថា​ លោក​បាន​ទទួល​បញ្ជា​ពី​លោក​ ជា ​ឡេង ​អតីត​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ឱ្យ​យក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ប្រមាណ​១​គីឡូក្រាម​ ទៅ​ឱ្យ​បណ្តាញ​អ្នក​លក់​គ្រឿង​ញៀន​នៅ​ក្នុង​ឆ្នាំ​២០០៧។

ជន​ត្រូវ​ចោទ​ ជា ​ឡេង ​បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រគល់​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ ទៅ​ឱ្យ​លោក​ ឌៀប​ សុផាត ​ដូច​ការចោទ​ប្រកាន់​នេះ​ទេ។

មេធាវី​របស់​លោក​ ជា ​ឡេង ​បាន​ថ្លែង​ថា​លោក​មិន​អាច​ទទួល​យក​ចម្លើយ​របស់​សាក្សី​នេះ​បានទេ។

ជន​ត្រូវ​ចោទ​ មឹក ​ដារ៉ា ​និង​ ជា ​ឡេង ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​មករា។​ ការ​ជំនុំជម្រះ​នេះ​មាន​សាក្សី​ច្រើន​ជាង​១០០​នាក់​ រួម​មាន​នគរបាល ​និង​ទណ្ឌិត​ ហើយ​គ្រោង​នឹង​ចំណាយ​ពេល​ ៧៥​ថ្ងៃ៕

XS
SM
MD
LG