សាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៖ ស្ថិតក្នុងចំណោមពលរដ្ឋខ្មែរ-អាមេរិកាំងប្រមាណជា៥០នាក់ដែលបានមកជួបជុំគ្នានៅឯវត្តខេមរារង្សីក្នុងទីក្រុងសាន់ហូស្សេរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាគ្នាពីអ្វីដែលជាសំណងផ្លូវចិត្តដែលពួកគេចង់បានពីការកាត់ក្តីមេខ្មែរក្រហមកំពូល លោកស្រីបៃ សូផានី ចង់ឱ្យមានការកសាងនូវស្តូបអនុស្សាវរីយ៍មួយដែលគាត់អាចចារឈ្មោះនិងរក្សាទុករូបថតកូនរបស់គាត់នៅក្នុងនោះបាន។
ជាង៣៥ឆ្នាំហើយតាំងពីលោកស្រីបានឃើញកូនស្រីពៅរបស់គាត់ត្រូវគ្រូពេទ្យខ្មែរក្រហមចាក់ថ្នាំសម្លាប់និងត្រូវពួកគេយកទៅកប់ចោលដោយគ្មានពិធីតាមសាសនាត្រឹមត្រូវនៅឯខេត្តតាកែវនិងបន្ទាប់មកបានស្លាប់បាត់បង់កូនពីរនាក់ទៀតជាបន្តបន្ទាប់ លោកស្រីសុផានីប្តេជ្ញាថានឹងតស៊ូដើម្បីយុត្តិធម៌ហើយសង្ឃឹមថាថ្ងៃណាមួយក្រុមមេដឹកនាំនៃរបបដ៏សាហាវឃោឃៅនិងបានចេញនូវគោលនយោបាយដ៏ចម្លែកនោះ នឹងត្រូវនាំយកមកកាត់ទោសចំពោះការបង្កឱ្យស្លាប់បាត់បង់ជីវិតប្រជាជនខ្មែរជិតពីរលាននាក់។
ឥឡូវនេះ លោកស្រីបៃ សុផានី ស្ថិតក្នុងក្រុមពលរដ្ឋខ្មែរ-អាមេរិកាំង៤១នាក់ដែលបានដាក់ពាក្យតាមរយៈវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជាតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។
«ខ្ញុំដែលដាក់ពាក្យប្តឹងទៅសាលាក្តីខ្មែរក្រហមតាមរយៈមេធាវីហ្នឹងគឺមិនមែនចង់បានជារបស់អ្វីសម្រាប់ផ្ទាល់ខ្លួនខ្ញុំទេ។ ខ្ញុំចង់បានយុត្តិធម៌មួយដ៏ត្រឹមត្រូវ យុត្តិធម៌ដ៏ច្បាស់លាស់ ដែលមិនមែនជាយុត្តិធម៌ក្លែងក្លាយ ហើយដែលមិនមែនធ្វើទៅដូចជាឆាកកំប្លែង ដូចឆាកល្ខោននោះទេ គឺខ្ញុំចង់ឱ្យមានយុត្តិធម៌ត្រឹមត្រូវចំពោះកូនខ្ញុំដែលស្លាប់ទាំងបីនេះដោយអយុត្តិធម៌បំផុតនេះ»។
ការជួបជុំកាលពីថ្ងៃសៅរ៍នេះជាផ្នែកមួយនៃវេទិកាជាបន្តបន្ទាប់ រៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជានិងមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួលខុសត្រូវដើម្បីសាកសួរយោបល់សហគមន៍ខ្មែរ-អាមេរិកាំងអំពីសំណងផ្លូវចិត្តដែលពួកគេចង់បានពីសាលាក្តីខ្មែរក្រហម និងក៏ដើម្បីជួយផ្សះផ្សាផ្លូវចិត្តរបស់ពួកគេផងដែរ។
លោកស្រីបណ្ឌិត នូ លក្ខិណា នាយិកាប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជាបានបញ្ជាក់ថា៖
«អ្វីៗពួកខ្ញុំរៀបចំថ្ងៃនេះ គឺពួកខ្ញុំចង់ស្វែងរកយកគំនិតពីពួកគាត់ផ្ទាល់ហើយពិគ្រោះជាមួយតុលាការប៉ុន្តែបើតុលាការគេអត់ទទួលស្គាល់ ពួកខ្ញុំក៏នៅតែចាប់ផ្តើមធ្វើអ្វីដែលពួកខ្ញុំចង់ធ្វើសម្រាប់ឱ្យបងប្អូនខ្មែរយើងធ្វើអ្វីមួយជាអនុស្សាវរីយ៍។ ពួកខ្ញុំនៅតែរៀបចំព្រោះនេះជាការសំខាន់ដែលពួកខ្ញុំចង់ជួយផ្លូវចិត្តគាត់»។
អ្នកចូលរួមខ្លះបានយករូបថតសមាជិកក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហមដើម្បីរំលឹកទៅដល់រឿងរ៉ាវរបស់ពួកគេហើយសម្រាប់អ្នកខ្លះអនុស្សាវរីយ៍ហាក់នៅស្រស់ៗពេកដែលធ្វើឱ្យពួកគេមិនអាចទប់ទឹកភ្នែកបាន។
ក្រុមមេធាវីនឹងធ្វើដំណើរទៅរដ្ឋមួយចំនួនទៀតដើម្បីជួបជាមួយសហគមន៍ខ្មែរនៅទីនោះ។ លោកស្រី អាន់ឌ្រៀ អេវ៉ាន នាយិកាខាងផ្នែកច្បាប់នៃមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួលខុសត្រូវបានបញ្ជាក់ថា៖
«យើងសង្ឃឹមថានឹងប្រមូលព័ត៌មានឱ្យបានច្រើនតាមដែលយើងអាចធ្វើបាន។ បន្ទាប់មកពួកយើងនឹងទៅសហគមន៍ដទៃទៀតនៅជុំវិញសហរដ្ឋអាមេរិកដើម្បីប្រមូលព័ត៌មានឱ្យបានច្រើនតាមដែលយើងអាចធ្វើបានដើម្បីឱ្យយើងអាចទៅតុលាការយើងអាចមានជំហរល្អមួយដើម្បីតស៊ូទាមទារអ្វីដែលសហគមន៍នៅទីនេះចង់បាន»។
លោកស្រីអាន់ឌ្រៀបញ្ជាក់ថារហូតមកដល់ពេលនេះ សហគមន៍ខ្មែរចង់បានជាស្តូបអនុស្សាវរីយ៍និងវត្តុផ្សេងៗដើម្បីផ្តល់ជាកិត្តិយសដល់អ្នកដែលស្លាប់បាត់បង់ជីវិត៕