ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រាជ្ញ​ ឈួន​រៀបរាប់​ពី​ខ្សែជីវិត​លោក​ពេលចូលនិវត្តន៍


លោកតាប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ី​ដ៏ល្បី​នៅ​កម្ពុជា​។ បច្ចុប្បន្ននេះ​លោក​កំពុង​​ចូល​និវត្តន៍​នៅស្រុក​កំណើត។​
លោកតាប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ី​ដ៏ល្បី​នៅ​កម្ពុជា​។ បច្ចុប្បន្ននេះ​លោក​កំពុង​​ចូល​និវត្តន៍​នៅស្រុក​កំណើត។​

ជា​ច្រើន​ទសវត្សរ៍មក​ហើយ​ដែល​លោក​ប្រាជ្ញ ឈួន​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​អាជីព​អ្នក​ច្រៀងចាប៉ី។​ ទោះបី​ជា​សព្វ​ថ្ងៃ​លោក​បាន​សម្រាក​ពី​ការ​ច្រៀង​ ហើយ​សុខភាពរបស់​លោក​ក៏​ចុះ​ទ្រុឌទ្រោម​ ប៉ុន្តែ​ឈ្មោះ​របស់​លោក​នៅ​តែ​នៅ​ជាប់​លើ​ទំព័រ​ប្រវត្តិសាស្រ្ត​សិល្បៈ​ភ្លេង​ខ្មែរ​ដដែល។​ ក្នុង​ទឹក​មុខ​ញញឹម​ញញែម​ លោក​ប្រាជ្ញ ឈួន ​បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​អ្នក​យក​ព័ត៌មាន​វីអូអេ​ ដោយ​សំនៀង​ចាប៉ី​អម​នឹង​ការ​ច្រៀង​ឥត​ព្រៀង​ទុក។​

អង្គុយ​នៅ​លើ​គ្រែ​ធ្វើ​ពី​ឈើ​មួយ​នៅ​ក្នុង​ភូមិ​ត្រពាំងកក់ ​ខេត្ត​តាកែវ​ លោក​ប្រាជ្ញ​ ឈួន​យក​ដៃ​ដ៏​ជ្រីវជ្រួញរបស់​គាត់​ខាង​ឆ្វេង​ចាប់​ខ្ទង់​ចាប៉ី ​និង​ដៃ​ខាង​ស្តាំ​កេស​ខ្សែ​ចាប៉ី​ដង​វែងនិង​ច្រៀង​យ៉ាង​ស្ទាត់​ជំនាញ ​ដោយ​មាន​សំឡេងញ័រ​បន្តិចៗ។

នេះ​គឺ​ជា​ចម្រៀង​ដែល​មិន​បាន​គ្រោង​ទុក ​ក៏​ប៉ុន្តែ​លោក​ប្រាជ្ញ ឈួន​បាន​ចាប់​យក​ពាក្យ​មក​តម្រៀបជា​ចុង​ជួនស្ទើរ​តែ​ងាយ​ស្រួល​ជាង​លើក​ដុំ​ឥដ្ឋ​តម្រៀប​លើ​គ្នា​ទៅ​ទៀត។ ​ទេព​កោសល្យ​នេះ​បាន​ចារឹក​យ៉ាង​ច្បាស់​ក្នុង​អាជីព​របស់​លោក​ជា​អ្នក​ចម្រៀងចាប៉ី​រយៈ​ពេល​ជាង​៥០​ឆ្នាំ។​

ក្នុង​អាយុ​៧៨​ឆ្នាំ​ លោក​ប្រាជ្ញ​ ឈួន​ជ្រុះ​ធ្មេញ​ស្ទើរ​ទាំង​អស់​ នៅ​សល់​តែ​ធ្មេញ​ក្រោមពីរ​បី​ប៉ុណ្ណោះ​សម្រាប់​ជួយ​ទប់​សំឡេង នៅ​ពេល​ដែល​គាត់​ច្រៀង​ម្តងៗ។​

គាត់អង្គុយ​នៅ​ក្នុង​ខ្ទម​ស្លឹក​ហាក់​ដូច​ជា​រម្ងាប់នូវ​ភាព​ចាស់​ជរា​របស់​គាត់។ ​លោក​បង្ហាញ​នូវ​ស្នាម​ញញឹម​មិន​ឈប់ ​នៅ​ពេល​ដេញ​ចាប៉ី ​ហើយ​ទឹក​មុខ​លោក​កាន់​តែ​រីករាយ​ នៅ​ពេល​ឮ​សូរ​សំឡេងទះ​ដៃ​ បើ​ទោះ​ជា​ភ្នែក​ទាំង​គូ​របស់​លោក​មិន​អាច​មើល​ឃើញ​ក៏​ដោយ។​

«ឥឡូវ​ហ្នឹង​វា​ ទារុណ​ទារា ​គ្រាំគ្រា ​ចាស់​ហើយ។​ ច្រៀង​បាន​ប៉ិន​ហ្នឹង​ហៅ​ថា​ គ្រាន់​បន្តិច។​ ប៉ុន្តែ​ក្រៅពី​ហ្នឹង ​អ្នក​ណា​ជួល​បី​ បួន ​ប្រាំ​អី ​ក៏​មិន​ហ៊ាន​ដែរ។​ ព្រោះ​កាលពី​មុន​សំឡេង​ក៏​ពិរោះ​ដែរ​ ហើយ​ច្រៀង​ក៏​ជួន​ដែរ»។​

លោក​ប្រាជ្ញ ឈួន​ចាប់​កំណើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន​ប្រាំ​មួយ​នាក់​នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ ​អ្នក​ចម្រៀង​ចាប៉ី​វ័យ​ជរា​នេះ​ពិការ​ភ្នែង​ទាំង​សងខាង​តាំងពី​អាយុ​៥​ឆ្នាំ​ដោយ​សារ​រោគ​កញ្ជ្រិល។ ​ថ្វី​ថា​ពិការ​ភ្នែក​មែន​ ប៉ុន្តែ​លោក​នៅ​អាច​បែង​ចែក​ពេល​ថ្ងៃ​និង​ពេល​យប់ ​និង​អាច​មើល​ឃើញ​ព្រាលៗ​នូវ​វត្ថុ​ដែល​នៅ​ជិត​នឹង​ភ្នែក​បាន។

លោក​ប្រាជ្ញ ​ឈួន​មាន​អាជីព​ខុស​ពី​បង​ប្រុស​ទាំង​៤​នាក់​ដែល​ធ្វើ​ជា​ទាហាន​ និង​បងស្រី​ម្នាក់​ទៀត​ដែល​ជួយ​ការងារ​ស្រែ​ចម្ការ។​

លោក​ចាប់​ផ្តើម​រៀន​ចាប៉ី​នៅ​អាយុ​៩​ឆ្នាំ​ពី​ឪពុកមារ​ខាង​ឪពុក​ម្នាក់​ឈ្មោះ​ប៉ែត ឌុប​ ហៅ​ចង្កូម​ប្រាំបី។​

«តា​មារ​ជីដូន​មួយ​គាត់​ថា​ ឯង​ពិការ​ភ្នែក​អញ្ចឹង រៀន​ចាប៉ី​ឲ្យ​ចេះ​ទៅ​ ក្រែងលោ​គ្រាន់​បើ។​ គាត់​ថា​ អញ្ចឹង។​ ដល់​រៀនៗ​ទៅ ​ចេះ​មែន»។​

រី​ឯ​ខាង​វប្បធម៌​អក្សរ​សាស្រ្ត​វិញ ​លោក​ជា​កូន​សិស្ស​របស់​លោក​សង្ឃ​ព្រះ​នាម​អេតសែន​ក្នុង​វត្ត​ប្រមរ។​ ព្រះ​សង្ឃ​បាន​បង្ហាត់​បង្រៀន​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ​ដល់​រូប​លោក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​សម្បូរវោហារ​ និង​ចេះ​ដឹង​ផ្នែក​អក្សរ​សាស្ដ្រ​បាន​ច្រើន។​

ក្រោយពី​រៀន​ចេះ​វិជ្ជា​ដេញ​ចាប៉ី​ដងវែង​ហើយ ​ទស្សនិក​ជន​ដំបូង​របស់​លោក​គឺ​អ្នករួម​ស្រុក​ទាំង​ឡាយ។​

លោក​ប្រាជ្ញ ឈួន​គឺ​ជា​អ្នក​ចម្រៀង​ចាប៉ី​ដែល​មាន​សំឡេង​ធំ​មូល​ក្រអួន​ប្រកប​ដោយ​ទឹក​ដម​និង​ភាព​ប៉ិន​ប្រសព្វ។​

ក្រោយ​មក​នៅ​ឆ្នាំ​១៩៦២ ​លោក​បាន​ចូល​រួម​«ការ​ប្រឡង​ប្រជែង​ដើម្បី​ជ្រើសរើស​អ្នក​ចេះ​ដឹង​ផ្នែក​ចាប៉ី​ដង​វែង»​របស់​វិទ្យុ​ជាតិ​ ហើយ​ក៏​បាន​ឈ្នះ​ការ​ប្រកួត​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​២០​នាក់។​

ចាប់​តាំងពី​ពេល​នោះ​មក ​លោក​តា​ក៏​ចាប់​ផ្តើម​ច្រៀង​ដាក់​វិទ្យុ​ជាតិ​នៅ​ឯ​ភ្នំពេញ។​ ខ្លឹម​សារ​នៃ​ចម្រៀង​គឺ​ត្រូវ​បាន​កំណត់​ដោយ​ចាងហ្វាង​វិទ្យុ​ ដែល​ក្នុង​នោះ​ច្រើនតែ​ទាក់ទង​នឹង​ប្រវត្តិ​សាស្រ្ត ​នយោបាយ ​និង​អ្នក​ល្បីៗ​ជា​ច្រើន​នៅ​ក្នុង​សហ​ប្រជាជាតិ។​

លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ច្រៀង​ចាប៉ី​តម្រូវ​ឲ្យ​អ្នក​ច្រៀង​ចេះ​កំណាព្យ​ ពាក្យ​កាព្យ​ និង​ពាក្យ​ជួន​ឲ្យ​បាន​ច្រើន​ ហើយ​ចំពោះ​ការ​ដេញ​ចាប៉ី​វិញ​ គឺ​ត្រូវ​ចេះ​ដេញ​ឲ្យ​ស្ទាត់​នូវ​ទំនុក​ចម្រៀង​ទាំង​៧​របស់​ចាប៉ី​ដង​វែង។​
ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​កម្ពុជា​ដទៃ​ទៀត​ដែរ ​លោក​ប្រាជ្ញ ឈួនត្រូវ​ពួក​ខ្មែរ​ក្រហម​ជម្លៀសចេញ​ពី​ភ្នំពេញ​ទៅកាន់​ទី​ជន​បទ​នៅ​ឆ្នាំ​១៩៧៥។ ​ ​ក្រោយ​មក ​លោក​បាន​ត្រឡប់​មក​កាន់​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​តាកែវ។​ នៅ​ទីនោះ​ លោក​ត្រូវ​ធ្វើ​ស្រែ​រាល់​ថ្ងៃ។​ លោក​ទទួល​រង​ការ​គំរាម​សម្លាប់​ចោល​ ប៉ុន្តែ​សំណាង​ល្អ​លោក​បាន​រួច​ខ្លួន​វិញ។​

«គេ​ចង់​កកេរ​កករ​ហៅ​ទៅ​សម្លាប់​ដែរ​ ប៉ុន្តែ​គេ​ថា​ អ្នក​ធំៗ​គេ​ថា​ អេ!​ អាហ្នឹង​វា​មាន​ចេះ​បាញ់​ឯ​ណា​វា!​ ច្រៀងតែ​ចាប៉ី​ហ្នឹង! ​សម្លាប់​វា​នាំ​តែ​ចង្រៃ​បដិវត្ត​យើង!​ អញ្ចឹង​ទុក​វា​ទៅ! ​គង់តែ​វា​ងាប់​ខ្លួន​វា​ក៏​បាន។​ គេ​ថា​អញ្ចឹង»។​

ក្រោយ​ពី​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ​នៅ​ថ្ងៃ​ទី​៧​មករា​ឆ្នាំ​១៩៧៩​ លោក​ប្រាជ្ញ ឈួនបាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​ច្រៀង​ចាប៉ី​ឡើង​វិញ។​ លោកបាន​ត្រឡប់​មក​ភ្នំពេញ​និង​បាន​ច្រៀង​នៅ​កម្ម​វិធី​វិទ្យុជាតិ​កម្ពុជា។​ក្រៅ​ពី​នោះ​ លោក​ក៏​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​ដែរ។​

បច្ចុប្បន្ន​លោក​ប្រាជ្ញ ឈួន​មាន​កូន​ចំនួន​៥​នាក់​ ក្នុង​នោះ​មាន​៣​នាក់​ដែល​រស់​នៅ​ជាមួយ​គាត់។​

មួយ​ជីវិត​របស់​លោក​កាន់​ដង​ចាប៉ី​ជា​ប្រចាំ។ ហើយ​ដោយ​សារ​ភាព​ល្បី​ល្បាញ​របស់​លោក​ លោក​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ច្រៀង​នៅ​តាម​ខេត្តនិង​រាជធានី​មួយ​ចំនួន​ដូច​ជា​ខេត្ត​រតនគីរី ​មណ្ឌលគីរី ​ឧត្តរមានជ័យ ​និង​រាជធានី​ភ្នំពេញ​ជាដើម។​

លើសពី​នេះ​ទៅ​ទៀត ​លោក​តា​ក៏​ធ្លាប់​ទៅ​បញ្ចេញ​សំនៀង​នៅ​ឯ​បរទេស​ផង​ដែរ​ ដូចជា​នៅ​សហ​រដ្ឋ​អាមេរិក​២​ដង ​ប្រទេស​បារាំង​បាន​៣​ដង​ និង​ទៅ​ប្រទេស​សឹង្ហ​បុរីបាន​ម្តង។​

ចម្រៀង​របស់​លោក​មាន​ជា​កំប្លែង​ខ្លះ​ ហើយ​ភាគ​ច្រើន​គឺ​ផ្តល់​ជា​ការ​អប់រំ។​ លោក​ចូលចិត្ត​ច្រៀង​រៀបរាប់​ច្បាប់​ស្រី ​ហើយ​លោក​តា​ចេះ​ច្រៀង​ច្បាប់​ក្រម​ង៉ុយ​ដល់​ទៅ​៤​ច្បាប់។ ​មិនតែ​ប៉ុណ្ណោះ ​លោក​នៅ​ចេះ​តែង​បទ​ចម្រៀង​ភ្លាមៗ​ស្រប​ពេល​នឹង​កំពុង​ច្រៀង​ទៀត​ផង ​ហើយ​ឃ្លា​ឃ្លោង​ក៏​ជួន​គ្នា​បាន​ល្អ​ទៀត។​

ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​ដែល​កូនៗ​ទាំង​ប្រាំ​របស់​លោក​ប្រាជ្ញ ឈួន​ មិន​បាន​រៀន​ចាប៉ី​បន្ត​តំណែង​របស់​លោក​ទេ។​

«ខ្ញុំ​ច្រៀង​ពិបាក​ពេក​ មិន​ចង់​ឲ្យ​កូនៗ​ចេះ​ ចុះ​ថ្នាក់​ច្រៀង​៥​ម៉ោង​អី​ នរណា​ដែល​ច្រៀង​ ហើយ​ឈប់​តែ​បន្តិចៗ​ទេ។ ​ច្រៀង​ឥត​ព្រៀង​អញ្ចឹង​ពិបាក​ណាស់»។​

ប៉ុន្តែ​ម្យ៉ាងវិញ​ទៀត​ភាព​មិន​សូវទាក់ទាញ​នៃ​វិជ្ជា​ច្រៀង​ចាប៉ី​ទំនង​ដោយសារ​ការ​រក​កម្រៃ​មិន​សូវ​កាក់កប។​

យ៉ាង​ណា​ក៏​ដោយ ​លោក​ប្រាជ្ញ ឈួន​ក៏ឆ្លៀត​បង្ហាត់​បង្រៀន​កូន​សិស្ស​បាន​មួយ​ចំនួន​ដែរ។​ ប៉ុន្តែ​ពួក​គេ​មិន​មាន​ថ្វី​ដៃ​ល្អ​ដូច​លោក​ទេ។​

សព្វ​ថ្ងៃ​ អ្នក​ចម្រៀង​ចាប៉ី​ល្បី​ល្បាញ​រូប​នេះ​រស់​នៅ​ជាមួយ​នឹង​ក្រុម​គ្រួសារ​និង​កូន​ទាំង​៤​នាក់​របស់​គាត់។ ដោយសារ​វ័យ​ជរា ​លោក​ក​រុំ​ព័ទ្ធ​ដោយ​រោគា​ជាច្រើន​ដូច​ជា​ជំងឺ​បេះដូង ​និង​ជំងឺ​ទឹក​នោម​ផ្អែម។​ លោក​ហាក់​ដូច​ជា​ទទួល​ស្គាល់​នូវ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​ខ្លួន។​

«អាយុ​វែង​ពេក​ មិនចូល​ចិត្ត​នៅ​ទេ!​ បើ​មច្ចុរាជ​យក​ទៅ​ក៏អរ​ដែរ​ ព្រោះ​នៅ​ធ្វើការ​ឲ្យ​គេ​មិន​កើត​ដដែល»។​

ពេញ​មួយ​ជីវិត​នៃ​អាជីព​ជា​អ្នក​រស់​ដោយ​ប្រើ​សំឡេង​ លោកប្រាជ្ញ ឈួន​បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​ជា​មរតក​សំនៀង​ជាច្រើន។​

«កេរ​តំណែល​ថត​សាយ័នណារា។​ គេ​ថត​ឲ្យ​ហ្នឹង​ មាន​ច្បាប់​ក្រម​ង៉ុយ​៥​ច្បាប់​ អាចារ្យ​ចុង​១​ច្បាប់​ ហើយ​សុវណ្ណសាម​១​ច្បាប់ ​ពុទ្ធ​ប្រវត្ត​១​ច្បាប់ ​រាម​កេរ្តិ៍​១​ច្បាប់។​ បើ​អញ្ចឹង​មានតែ​ប៉ុណ្ណឹង​ទេ​ដែល​សេស​សល់។ ​ឥឡូវ​យូរៗ​ឮ​សូរ​អ្នក​ស្រុក​គេ​ចាក់​ម្តង​ដែរ​ ​ហើយ​ឥឡូវ​រ៉ាដ្យូ​ (វិទ្យុ)​គោកធ្លក​នោះ​ចាប់​ថ្ងៃអាទិត្យ ​ថ្ងៃ​សៅរ៍ ​ថ្ងៃ​សុក្រ​ គេ​ចាក់​កន្លះៗ​ម៉ោង។ ​នៅ​សល់តែ​ប៉ុណ្ណឹង​ទេ។ ​តា​គ្មាន​អី​នៅ​សល់​ទេ»។​

បើ​ទោះ​ជា​ភាព​ល្បី​រន្ទឺ​នៃ​កេរ្តិ៍​ឈ្មោះ​របស់​លោក​យ៉ាង​នេះ​ក្តី ​ក៏​ភាព​ល្បី​ល្បាញ​នេះ​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​ប្រាជ្ញ ឈួន​ឋិត​ក្នុង​ជីវិត​ចុង​ក្រោយ​ក្នុង​ភាព​ជា​អ្នក​មាន​បាន​ដូច​សិល្បករ​ សិល្បការិនីបែប​បុរាណ​ជា​ច្រើន​ទៀត​ទេ។​

ថ្វី​បើ​បែប​នេះ​ក្តី​ ក្តី​ស្រឡាញ់​វិស័យ​សិល្បៈ​បាន​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​បេះ​ដូង​របស់​អ្នក​ចម្រៀង​ចាប៉ី​ជើង​ចាស់​រូប​នេះ។​

ស្ថិត​ក្នុង​ជីវិតចុង​ក្រោយ ​លោកប្រាជ្ញ ឈួន​នៅតែ​បារម្ភ​ចំពោះ​អនាគត​សិល្បៈ​ចាប៉ី​មួយ​នេះ។​

«របស់​នេះ​ជា​របស់​ខ្មែរ​យើង​ បើ​សិន​ណា​ជា​ចៅ​ឯង​ចេះ​ថែ​រក្សា​ទុក​អញ្ចឹង​ កុំ​ឲ្យ​បាត់​បង់ ​ព្រោះ​យើង​ស្តាយ​របស់​ខ្មែរ។ ​ហើយ​ក្រៅពី​ហ្នឹង ​ល្ខោន​បាសាក់​ ភ្លេង​សម័យ​អី ​មិន​ខ្វះ​គេ​គាំទ្រ​ទេ។​ ប៉ុន្តែ​ចាប៉ី​នេះ​មិន​ងាយ​ទេ»។​

XS
SM
MD
LG