ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្មែរ​អាមេរិកាំង​នឹង​ជួបជុំ​នៅ​រដ្ឋ​ Massachusetts​ ដើម្បី​រក​វិធី​ផ្សះផ្សា​ផ្លូវចិត្ត


ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​​ក្រុង​ឡូវែល​ រដ្ឋ​ម៉ាស្សាឈូស៊ែត សហរដ្ឋ​អាមេរិក។
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​​ក្រុង​ឡូវែល​ រដ្ឋ​ម៉ាស្សាឈូស៊ែត សហរដ្ឋ​អាមេរិក។

វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អនុវត្តន៍​សង្គម​នៃ​កម្ពុជា​រៀប​ចំការ​ជួប​ប្រជុំនៅ​ថ្ងៃ​សៅរ៍​ទី​១៤​សីហា​ជាមួយ​ពលរដ្ឋខ្មែរ​អាមេរិកាំង​ដែល​បាន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​ពួកគេ​ជួប​ប្រទះ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ផ្សះផ្សា​របួស​ផ្លូវចិត្ត​របស់​ពួកគេ។

តាម​សេចក្តី​ប្រកាស​ព័ត៌មានឱ្យ​ដឹង​ថា​ការ​ជួបប្រជុំ​ដែល​នឹង​រៀបចំ​នៅ​ក្នុងទី​ក្រុងឡូវ៉ែល​ រដ្ឋ​ម៉ា​ស្សា​ឈូ​សេតនេះ​ក៏​ដើម្បី​បញ្ជាក់​ប្រាប់​សហគមន៍​ខ្មែរ​អាមេរិកាំងពីព័ត៌មាន​ថ្មី​ៗ​ទាក់​ទង​នឹង​ពាក្យបណ្តឹងដែល​ពួកគេ​បាន​ដាក់​ទៅ​សាលាក្តី​ខ្មែរ​ក្រហម​តាមរយៈវិទ្យាស្ថាន​ស្រាវជ្រាវ​អនុវត្តន៍សង្គមនៃ​កម្ពុជា​និង​មាន​ការ​ពិភាក្សា​ផ្តោត​លើ​សំណង​ដល់​ជនរង​គ្រោះ​ផងដែរ។

លោកស្រី​បណ្ឌិត​ នូ លក្ខិណា​ នាយិកា​ប្រតិបត្តិនៃ​វិទ្យាស្ថាន​នេះ​ បាន​បញ្ជាក់​ប្រាប់​វីអូអេសំឡេងសហ​រដ្ឋអាមេរិក​ថា វា​ជាការ​សំខាន់ណាស់​ដែល​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​មិនថា​អ្នក​នៅ​ក្នុង​ប្រទេស​ឬ​ក្រៅ​ប្រទេសទេត្រូវ​ស្វែងរក​វិធី​សាស្រ្ត​នានា​ក្នុង​ការ​ផ្សះផ្សា​ផ្លូវចិត្ត​ដោយ​កុំពឹង​ផ្អែក​តែទៅ​លើយន្ត​ការតុលាការ​តែ​មួយ​មុខ។

«តុលាការ​គឺ​ជា​យន្តការ​មួយ​ដែល​នឹង​ជួយ​ធានា​ថា​វប្បធម៌​នៃ​ការ​រួចទោសពៃរ៍​នឹង​មិន​ត្រូវ​បាន​លើកទឹក​ចិត្ត​ ឬ​បញ្ឈប់​ឱ្យ​បាន​ ប៉ុន្តែ​វា​នឹង​មិនផ្សះផ្សា​បាន​ទាំង​ស្រុង​នូវ​របួស​ពី​ការ​ឈឺចាប់​ដែល​អ្នក​នៅ​រស់​រាន​មាន​ជីវិត​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ទទួល​រង​ទេ​ ដូច្នេះ​យើង​ទាំងអស់​គ្នា​ក្នុង​នាមជាសហ​គមន៍​ត្រូវការ​បោះ​ជំហាន​តទៅមុខ​ទៀត​តាម​វិធី​ឱ្យ​បាន​ល្អ​និង​ប្រកប​ដោយ​ផលិតភាពដើម្បី​ធានា​ថា​មរតក​នៃ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​នឹង​មិន​មានតែការ​កាប់​សម្លាប់​មួយ​មុខ​ទេ»។

លោកស្រី​បណ្ឌិត​ ​នូ លក្ខិណា​ ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថាការ​ជួប​ប្រជុំ​ក្នុង​សហគមន៍​គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​យល់​ឱ្យ​បាន​ច្បាស់​ពី​ដំណាក់​កាល​នៃ​ការស្វែង​រក​យុត្តិធម៌​និង​កំណត់​ឱ្យ​ច្បាស់​ពី​អ្វី​ដែល​គេ​ចង់​បាន​ក្នុង​ការ​ផ្សះផ្សា​ផ្លូវចិត្ត។

ការ​ជួបជុំ​នៅ​ចុង​សប្តាហ៍​នេះ​នឹង​ដើរ​តួ​ជា​វេទិកា​ដែល​ប្រមូល​ពលរដ្ឋ​ឱ្យ​មក​ជួបជុំ​គ្នា​ បង្កើតជា​ការ​ពិភាក្សា​ និង​ធ្វើការ​រួមគ្នា​លើ​បញ្ហា​យុត្តិធម៌​ ការ​រំលឹក​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​ទទួល​យក​ការ​ផ្សះផ្សា​ផ្លូវចិត្ត។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សហ​ប្រជា​ជាតិ​បាន​កាត់​ទោស​អតីត​មេគុក​ទួលស្លែង​ ឈ្មោះ​ កាំង​ ហ្កេកអ៊ាវ ​ហៅ​ឌុច​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣៥ឆ្នាំ។​ ក្រោយ​ពី​ការ​កាត់​ទោស​ មាន​ប្រតិកម្ម​ចម្រុះ​ពី​អតីត​ជនរង​គ្រោះ​ដោយ​មាន​អ្នក​ខ្លះ​ពេញ​ចិត្ត​ទទួល​យក​ និង​អ្នក​ខ្លះ​នៅ​មិន​ទាន់​ពេញ​ចិត្ត​នៅ​ឡើយ។​ ពួកគេ​ក៏​ស្នើ​សុំ​ផង​ដែរ​ថា​បើ​គ្មានសំណង​ជា​បុគ្គល​ទេ​ ក៏​គួរ​មាន​ជា​សំណង​សមូហភាព​ដែល​មាន​ដូច​ជា​វិមាន​រំលឹក​អនុស្សាវ​រីយ៍​ជាដើម។

មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ដទៃ​ទៀត​ដែល​មាន​នួន ជា ​ខៀវ សំផន​ អៀង សារី ​និង​អៀង ធីរិទ្ធ ​នឹង​ប្រឈម​មុខ​នឹង​ការកាត់​ទោស​នៅ​ចុងឆ្នាំ​នេះ​ ឬនៅ​ឆ្នាំ​២០១១៕

XS
SM
MD
LG