ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទោស​ឌុច​បន្ថែម


កាំង ហ្កិចអ៊ាវ ហៅ ឌុច ដែល​ធ្លាប់​ជា​អ្នក​​​ចាត់ចែង​នៅ​ក្នុង​អតីត​​មន្ទីរ​ឃុំ​ឃាំង​​គុក​ទួល​ស្លែង សំពះ​ជម្រាប​សួរ​មន្ត្រី​អង្គ​ជំនុំ​ជម្រះ​ក្តី​ខ្មែរ​ក្រហម​ដែល​ត្រូវ​គាំទ្រ​ដោយ​អ.ស.ប.​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០១១។ ឌុច​ដែ
កាំង ហ្កិចអ៊ាវ ហៅ ឌុច ដែល​ធ្លាប់​ជា​អ្នក​​​ចាត់ចែង​នៅ​ក្នុង​អតីត​​មន្ទីរ​ឃុំ​ឃាំង​​គុក​ទួល​ស្លែង សំពះ​ជម្រាប​សួរ​មន្ត្រី​អង្គ​ជំនុំ​ជម្រះ​ក្តី​ខ្មែរ​ក្រហម​ដែល​ត្រូវ​គាំទ្រ​ដោយ​អ.ស.ប.​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០១១។ ឌុច​ដែ

សហ​ព្រះរាជអាជ្ញា​បាន​ទទូច​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូលនៃ​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ចំនួន​៤៥ឆ្នាំ ​ ដោយ​សំអាង​ថា អតីត​ប្រធាន​គុក​ទួល​ស្លែង​នេះ​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្មប្រ​ឆាំង​មនុស្សជាតិ​យ៉ាងធ្ងន់​ធ្ងរ។

ការទាមទារ​ដែល​ជាការ​ស្នើ​ឲ្យ ដំឡើង​ទោស​ឌុច ​បន្ទាប់ពី​សហព្រះរាជ​អាជ្ញា​ឃើញថា​ អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ខកខាន​ក្នុងការ​កំណត់​ទោស​ឲ្យ​បាន​គ្រប់គ្រាន់​សម​តាម​បទល្មើស​របស់​ឌុច។

កាល​ពី​ខែ​ កក្កដា​ ឆ្នាំ ២០១០ ​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម ​បាន​សម្រេច​ផ្ដន្ទាទោសឌុចឲ្យ ជាប់​ពន្ធនាគារ​ចំនួន​៣៥ឆ្នាំ​ ហើយ​ដោយ​មាន​ការ​បន្ធូរ​បន្ថយ​ទោស​មក​ត្រឹម​១៩ឆ្នាំ​វិញ ដោយសារ​ហេតុផល​នៃ​ការ​ឃុំខ្លួន​ឌុច ​ខុសច្បាប់ ​និង​ការ​សហការ​របស់​ឌុច​ជាមួយ​នឹង​សាលាក្ដី​ពិសេស។

លោក អ៊ែនឌ្រូ​ ខាលីយ៍ (Andrew Carley) សហព្រះរាជអាជ្ញា​អន្ដរជាតិ ​បាន​ថ្លែង​នៅ​ក្នុង​សវនាការ​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍ករណី​ឌុច ​ថ្ងៃ​ទីពីរ​នៅថ្ងៃ​នេះ តាមរយៈ​ការ​បកប្រែ​ការ​កំណត់​ទោស​ ឌុច​ ដោយ​សាលា​ដំបូង​មានកម្រិត​ទាប​ពេក​មិន​សម​នឹង​ទំហំ​ឧក្រិដ្ឋកម្ម​ ដែល​បាន​កើត​ឡើង​នៅ​មន្ទីរស​២១ ឬ​គុក​ទួលស្លែង​នោះទេ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«យើង​បាន​ស្នើ​សុំ​ឲ្យ​មាន​ការផ្ដន្ទាទោស​អស់​មួយជីវិត​មែន​ ប៉ុន្ដែ​យើង​ត្រូវការ​បន្ថយ​រយៈពេល​នោះមក​ត្រឹម​រយៈពេល​កំណត់​ដោយសារ​តែ​មាន​ការ​ឃុំខ្លួន​ដោយ​ខុសច្បាប់​ពី​តុលាការ​យោធា។ គឺ​គួរ​តែ​ឲ្យ​ស្រប​ទៅ​នឹង​អ្វី​ដែល​យើង​បាន​ស្នើ​គឺ (ទោស​ជាប់​ពន្ធនាគារ) ៤៥ ឆ្នាំ ឬ​លើស​ពីនេះ »។

សហ​ព្រះរាជ​អាជ្ញា​ទាំង​ពីរ​រូប​ បាន​ព្យាយាម​ទាញ​ទឡ្ហីករ​ដែល​ពាក់ពន្ធ័​នឹង​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​គុកទួល​ស្លែង​ជា​ច្រើន​ចំពោះ​មុខ​ក្រុម​ចៅក្រម​ចំនួន​ប្រាំពីរ​រូប​របស់​តុលាការ​កំពូល​ និង​ចៅក្រម​បម្រុង​ពីរ​រូប​នៅ​ក្នុង​វេទិការ​កាត់​ក្ដី​នោះដែរ។ សហព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​ថា ​បើ​ផ្អែក​តាម​មាត្រា​ទី​៣៩​ នៃ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​ជន​ជាប់​ចោទ​អាច​នឹង​ប្រឈម​នឹង​ការ​ដាក់​ទោស​ពីប្រាំ​ឆ្នាំ​រហូត​ទៅ​ដល់​ជាប់​ពន្ធនាគារ​អស់​មួយជីវិត។ ដំណាល​គ្នា​នោះ ​លោក​សហ​ព្រះរាជអាជ្ញា​ជាតិ​អង់គ្លេស​ អ៊ែនឌ្រូ ខារលីយ៍ (Andrew Carley) ​បាន​សង្កត់ធ្ងន់​ថា​ ការ​បន្ធូរបន្ថយ​ទោស​ ឌុច ​គឺជា​កំហុស​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។

ក៏ប៉ុន្ដែ​លោក​សហមេធាវី ​កង ឬទ្ធារី ​ការពារក្ដី​ឲ្យ​ ឌុច ​បាន​ឆ្លើយតប​ថា ​សាលាដំបូង​បាន​ដាក់​ទោស​ឌុច ​ដោយ​ផ្អែក​លើ​គុណសម្បត្តិ​របស់​ ឌុច ​និង​ល័ក្ខខ័ណ្ឌ​ដែល ​ឌុច ​បាន​បំពេញ​ការងារ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ក្រោម​សម្ពាធ។ លោក​សហមេធាវី​ មាន​ប្រសាសន៍​ថា​ បើ​យោងតាម​មាត្រា​ទី ៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ ២០០៩ ​ប្រសិន​បើ​ ឌុច ​ទទួលបាន​ស្ថាន​សម្រាល​ទោស​ ឌុច ​គួរ​តែ​ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់គុក​ត្រឹមតែ​១៥ ឆ្នាំ ​ឬ​ច្រើន​បំផុត៣០ ឆ្នាំ​ គឺ​ផ្ទុយ​ពីការ​ទទួល​ទោស​របស់ឌុច​ បច្ចុប្បន្ន​ដែល​ត្រូវ​ជាប់ពន្ធនាគារ​រហូតដល់​៣៥ ឆ្នាំ។ លោក​សហមេធាវី​ កង ឫទ្ធារី ​គូស​បញ្ជាក់ថា ​ឌុច ​គ្មាន​ជម្រើស​ទេ​នៅពេល​នោះ។ លោក​ ឫទ្ធារី និយាយថា៖

«វាជា​ជម្រើស​រវាង​កាតព្វកិច្ច​និង​ជីវិត។ វា​គ្មាន​ជម្រើស​មួយ​ឲ្យ​ ឌុច​ ទាល់តែ​សោះ​នៅក្នុង​ពេល​ដែល​គាត់​កំពុង​អនុវត្ត​បទឧក្រិដ្ឋ​ដែល​កើត​នៅ​គុក​ទួលស្លែង។ បើ​សិន​ជា​យើង​ជា​ចៅក្រម ​ឬ​ក៏​ជា​ព្រះរាជ​អាជ្ញា​ ជា​មេធាវី ​ជា​អស់លោក​ទាំងអស់​ដែល​មានវត្តមាន​នៅថ្ងៃនេះ ​ជា​ឌុច​នៅ​ក្នុង​សភាពការណ៍​នៃ​ឆ្នាំ​១៩៧៥ ​ហើយ​ដែល​ត្រូវ​ សុន សេន ​បញ្ជា​ឲ្យ​ធ្វើ​ តើ​យើង​នឹង​សម្រេច​ចិត្ត​យ៉ាង​ដូចម្ដេច?»

សូម​បញ្ជាក់​ថា កាំង​ ហ្គិចអ៊ាវ​ ហៅឌុច ​បាន​កាន់​កាប់​មុខតំណែង​ជា​ប្រធាន​គុក​ទួលស្លែង​ចាប់​ពី​ឆ្នាំ ១៩៧៦ដល់​ឆ្នាំ១៩៧៩។​ អ្នកទោស​នៅ​ទីនេះ​យ៉ាង​តិច​ចំនួន​១២.៣៨០នាក់​ ត្រូវបាន​ធ្វើ​ទារុណកម្ម​យ៉ាងឃោរឃៅ​ មុន​នឹង​ត្រូវ​យក​ទៅ​សម្លាប់​ចោល៕

XS
SM
MD
LG