មន្រ្តីបសុព្យាបាលកម្ពុជា នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ការនាំជ្រូកចូលពីប្រទេសជិតខាង ដែលរួមមានប្រទេសថៃ និងវៀតណាម បានថយចុះក្រោយពីរដ្ឋាភិបាលកម្ពុជា បានប្រកាស់ផ្អាកការនាំចូលជ្រូកពីបរទេស។
កាលពីដើមខែសីហានេះ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយដោយបង្គាប់ឲ្យអាជ្ញាធរ ទាំងអស់ចូលរួមទប់ស្កាត់ការនាំជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា។ ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពីកម្ពុជាបានផ្ទុះជំងឺត្រចៀកខៀវជ្រូក និងជំងឺប៉េសជ្រូក ដែលជំងឺនេះបានចម្លងតាមរយៈការនាំចូលជ្រូកពីប្រទេសជិតខាង។
អាជ្ញាធរកម្ពុជាបានសម្លាប់ជ្រូករាប់រយក្បាល ក្រោយពីជំងឺនេះ បានរីករាលដាលនៅក្នុងខេត្ត ក្រុងមួយចំនួន។ ក៏ប៉ុន្តែបានបញ្ជាក់អះអាងថា ជំងឺប៉េសជ្រូក និងជំងឺត្រចៀកខៀវជ្រូកមិនបានឆ្លងដល់មនុស្សទេ ។
លោកហាស ពិសិដ្ឋ អនុប្រធានផលិតកម្ម និងបសុព្យាបាល បានមានប្រសាសន៍ថា ការនាំចូលជ្រូករស់ពីប្រទេសជិតខាងបានថយចុះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោកហាស ពិសិទ្ឋ បានមានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យមានការថយចុះនេះ ដោយសារតែគ្រប់អាជ្ញាធរសមត្ថកិច្ចទាំងអស់បានចូលរួមទប់ស្កាត់។ លោកថ្លែងដូច្នេះថា៖
«គឺសមត្ថកិច្ចនៅព្រំដែនក៏ដូចជាអ្នកត្រួតពិនិត្យផ្ទៃក្នុងហ្នឹង គឺមានការរឹតបណ្តឹងដាច់ខាតតែម្តង អញ្ចឹងមិនមានការយល់យោគណាមួយទេ»។
ក្រោយពីរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាកការនាំជ្រូកចូលពីប្រទេសជិតខាង យ៉ាងតិចមានជ្រូកចំនួន១០ក្បាលមកពីខេត្តកំពង់ចាម និង១៩ក្បាលផ្សេងទៀតមកពីខេត្តស្វាយរៀងត្រូវបានអាជ្ញាធរ ឃាត់ចាប់ក្រោយពីបានព្យាយាមនាំជ្រូកចូលមកពីប្រទេសវៀតណាម។ ការទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាងនេះត្រូវបានទទួលការស្វាគមន៍ពីក្រុមសមាគមចិញ្ចឹម ជ្រូកនៅក្នុងប្រទេស។
លោកស៊ុន ពៅ អនុប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជា បានមានប្រសាសន៍ថា វាជាការល្អប្រសើរ មួយ ដែលកម្ពុជាបានទប់ស្កាត់នាំចូលជ្រូកពីប្រទេសជិតខាង។ លោកបានមានប្រសាសន៍ទៀតថា កសិករនៅក្នុងស្រុក និងខិតខំបង្កើនការចិញ្ចឹមជ្រូករបស់ខ្លួន ដើម្បីផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេស។ លោកបន្តទៀតថា៖
«កសិករយើងប្រឹងប្រែងចិញ្ចឹម កាលណា វាមានតម្លៃមួយសមស្រប គឺគាត់ខំចិញ្ចឹម ដល់ខំចិញ្ចឹម វាឆាប់រីកដុះដាល ហើយយើងមិនបាច់បង្ហូរលុយទៅលើគេ»។
កម្ពុជាត្រូវការជ្រូកប្រមាណ៤០០០ក្បាល នៅក្នុងមួយថ្ងៃ សម្រាប់ការផ្គត់ផ្គង់ម្ហូបអាហារ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ការផ្គត់ផ្គង់នេះ មិនបានគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារទេ។
លោកស៊ុន ពៅបានមានប្រសាសន៍ថា នៅក្នុងមួយថ្ងៃយ៉ាងតិច មានសត្វជ្រូកប្រមាណ២០០០ ក្បាលប៉ុណ្ណោះ ដែលបានផ្គត់ផ្គង់ទីផ្សារ។