ទ្វីបអាស៊ី អាចជួបប្រទះទៅនឹងការផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ចសារជាថ្មីម្តងទៀតនាពេលអនាគត ប្រសិនបើប្រទេសទំាងឡាយក្នុងទ្វីបនេះមិនចាប់ផ្តើមកែទម្រង់មូលដ្ឋានទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនទេនោះ។ នេះជាការព្រមានរបស់លោក Dominique Strauss Kanh នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅក្នុងសិន្និសិទសេដ្ឋកិច្ចក្នុងទ្វីបអាស៊ី ដែលរៀបចំឡើងនៅទីក្រុង ដែជុន នៃប្រទេសកូរ៉េខាងត្បូង។
សន្និសិទអន្តរជាតិរយៈពេល២ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃច័ន្ទហើយបានបញ្ចប់នៅថ្ងៃអង្គារនេះ ផ្តោតការពិភាក្សាលើប្រធានបទ “ទ្វីបអាស៊ីក្នុងសតវត្សរ៍ទី២១ ដំណើរឆ្ពោះទៅមុខ”។
លោក Dominique Strauss Kanh បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចទ្វីបអាស៊ី ដែលអាចកើតមាននាពេលខាងមុខនោះអាចបណ្តាលមកពីភាពចលាចលរូបិយវត្ថុនៅទ្វីបអឺរ៉ុប ដែលកើតឡើងពីវិបត្តិនៅប្រទេសក្រិច កំណើនយឺតយ៉ាវជាងមុននៃសេដ្ឋកិច្ចពិភពលោក ដែលនឹងធ្វើឲ្យការនាំចេញរបស់ទ្វីបអាស៊ីទៅកាន់អឺរ៉ុបស្រុតចុះ និងហានិភ័យនៃការធ្លាក់ចុះនៃលំហូរប្រាក់វិនិយោគពីបរទេស ឬការកើនឡើងខ្ពស់ពេកនៃលំហូរប្រាក់វិនិយោគពីបរទេស ដែលអាចប៉ះពាល់ដល់អត្រាប្តូរប្រាក់និងបង្កឱ្យមានអតិផរណាប្រាក់ក្នុងស្រុក។
លោក Dominique និយាយថា បណ្តាប្រទេសក្នុងទ្វីបអាស៊ីត្រូវតែប្រុងប្រៀបខ្លួនដើម្បីទប់ទល់នឹងបញ្ហាប្រឈមទំាងនេះ។
"ពិភពលោកកំពុងតែផ្លាស់ប្តូរហើយ ហើយមធ្យោបាយដែលទ្វីបអាស៊ីបានប្រើដើម្បីទាញយកកំណើននិងភាពរីកចំរើនដល់សេដ្ឋកិច្ចរបស់ខ្លួននោះក៏ផ្លាស់ប្តូរដែរ។ ការផ្លាស់ប្តូរទំាងនេះប្រហែលជាប៉ះពាល់ទៅដល់ដំណើរការសេដ្ឋកិច្ចរបស់ទ្វីបអាស៊ីនៅឆ្នាំខាងមុខ។ មានន័យថា អ្នកបង្កើតគោលនយោបាយត្រូវតែព្យាយាមទប់ទល់នឹងការជ្រួលច្របល់ជាអវិជ្ជមាន។ ដូច្នេះ ទ្វីបអាស៊ីចាំបាច់ត្រូវតែធ្វើកិច្ចការដែលអាចធ្វើឲ្យកំណើនមានតុល្យភាពឡើងវិញ"។
អាស៊ីគឺជាទ្វីបដែលធំជាងគេ និងមានប្រជាជនច្រើនជាងគេបំផុត។ ទ្វីបនេះមាន ៤៧ ប្រទេស ដែលមានប្រជាជនសរុបប្រហែល ៤ ពាន់លាននាក់ ដែលតំណាងឲ្យ ៦០% នៃប្រជាពលរដ្ឋសរុបក្នុងពិភពលោក។ ចាប់តំាងពីពាក់កណ្តាលឆ្នាំ ២០០៨ មក សេដ្ឋកិច្ចរបស់ទ្វីបអាស៊ីបានរងគ្រោះយ៉ាងខ្លំាងដោយសារវិបត្តិហិរញ្ញវត្ថុសាកលដែលផ្ទុះឡើងនៅសហរដ្ឋអាមេរិក។ ប៉ុន្តែ ទ្វីបនេះកំពុងងើបឡើងពីវិបត្តិនេះលឿនជាងគេ។ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា នៅឆ្នាំ ២០៣០ ទ្វីបអាស៊ីនឹងក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំបំផុតនៅក្នុងពិភពលោក។
លោក Jeung Hyun Yoon រដ្ឋមន្ត្រីយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានថ្លែងថា នៅពេលដែលសេដ្ឋកិច្ចរបស់អាស៊ីមានកំណើនលូតលាស់នោះ ផលចំណេញពីសេដ្ឋកិច្ចក៏កាន់តែមិនមានតុល្យភាព។ ជាក់ស្តែង បច្ចុប្បន្ននេះប្រជាជន ២៤% នៃប្រជាជនសរុប ៤ ពាន់លាននាក់ក្នុងទ្វីបអាស៊ី កំពុងរស់នៅជាមួយនឹងភាពក្រីក្រ ហើយអត្រានៃភាពក្រីក្រក្នុងប្រទេសនីមួយៗ កំពុងគំរាមដល់ស្ថេរភាពសេដ្ឋកិច្ចរបស់អាស៊ី។
ដូច្នេះលោកនាយក Dominique Strauss Kanh បញ្ជាក់បន្ថែមថា កិច្ចការដែលទ្វីបអាស៊ីត្រូវធ្វើជាចំាបាច់នោះមានដូចជា ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម ឬធ្វើឲ្យប្រជាជនក្នុងប្រទេសមានជីវភាពធូរធារ ធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញការវិនិយោគ និងការពង្រីកវិស័យហរិញ្ញវត្ថុដែលអាចបំរើសេចក្តីត្រូវការរបស់ប្រជាជនទូទៅនិងវិនិយោគគិន។
សន្និសិទនេះមានការចូលរួមពីថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី សរុបចំនួន ៣០០ នាក់។ ក្នុងនោះក៏មានលោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា លោក អូន ព័ន្ធមោនីរ័ត្ន រដ្ឋលេខាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ជា ចាន់ទោ អគ្គទេសាភិបាលធនាគារជាតិ និងលោក ស៊ំ សន្និសិត អគ្គនាយកធនាគារជាតិផងដែរ។ ក៏ប៉ុន្តែមន្រ្តីខ្មែរទាំងអស់មិនបានផ្តល់យោបល់ណាមួយទៅលើការព្រមានពីបញ្ហាប្រឈមក្នុងទ្វីបអាស៊ីនេះទេ។
នៅក្នុងវេទិកាសួរដេញដោលអំពីបញ្ហាប្រឈមរបស់អាស៊ីកាលពីថ្ងៃច័ន្ទនៃសន្និសិទនោះ លោក Eiji Hirano អនុប្រធាននាយកប្រតិបត្តិនៃសាជីវកម្មសេវាកម្មហិរញ្ញវត្ថុតូយ៉ូតា នៃប្រទេសជប៉ុនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១នៅអាស៊ី និងលេខ២ក្នុងពិភពលោកបាននិយាយថា សេដ្ឋកិច្ចរបស់ទ្វីបអាស៊ីទំនងជាមានសេ្ថរភាពតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែទ្វីបនេះអាចប្រឈមនឹងអស្ថេរភាពក្នុងរយៈពេលមធ្យមនិងវែង។ ដូច្នេះ អ្វីដែលទ្វីបអាស៊ីត្រូវយកចិត្តទុកដាក់នោះគឺ ការបង្កើនតម្រូវការក្នុងស្រុក។ នៅក្នុងកិច្ចពិភាក្សាតុមូលអំពីការនាំមុខកំណើនសេដ្ឋកិច្ចពិភពលោកនៅថ្ងៃអង្គារ លោក Chhong Soo Kim អភិបាល ធនាគារកណ្តាលកូរ៉េខាងត្បូង បានប្រាប់ពីវិធីសាស្ត្រជម្រុញតម្រូវការក្នុងស្រុក។
"ជាទូទៅផ្សាររបស់សេដ្ឋកិច្ចអាស៊ីមិនធំពេកនោះទេ ដូច្នេះអ្វីដែលអាចបង្កើននូវតម្រូវការនៅក្នុងស្រុកបាននោះគឺអាចធ្វើឡើងតាមរយៈការជម្រុញការវិនិយោគនៅក្នុងវិស័យធនធានមនុស្ស ហេត្ថារចនាសម្ព័ន្ធ វិស័យផ្សេងៗទៀតដែលនិងពង្រឹងឥទ្ធពលរបស់ប្រទេសអាស៊ី ហើយធ្វើឱ្យសេដ្ឋកិច្ចមានតុល្យភាព"។
ប៉ុន្តែ លោក Tharman Shanmugaratnam រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរីបាននិយាយថា អ្វីដែលជាបញ្ហានៅពេលនេះ គឺទ្វីបអាស៊ីត្រូវគិតគូរពីបង្កើនផលិតផល ដោយការនាំចូលនូវបច្ចេកវិទ្យាថ្មីៗ ដែលអាចឲ្យទ្វីបអាស៊ីរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់។
លោក Haruhiko Kuroda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB បានលើកឡើងថា ការរក្សាឲ្យបានកំណើនខ្ពស់ ជាពិសេសដូចប្រទេសចិននោះ ប្រហែលជាពិបាកនឹងធ្វើបាននៅក្នុងប្រទេសតូចៗជាច្រើននៅក្នុងតំបន់អាស៊ី។ ដូច្នេះ ដើម្បីរក្សានិរន្តភាពសេដ្ឋកិច្ច សំណាញ់សុវត្ថិភាពសង្គម ជាការចំាបាច់ណាស់សម្រាប់ប្រទេសទំាងនោះ។
ទន្ទឹមនឹងនោះ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញដូចគ្នាថា កញ្ចប់ថវិកាបំរុងអន្តរជាតិ ដើម្បីប្រើប្រាស់ដើម្បីជួយសង្គ្រោះប្រទេសដែលមានវិបត្តិក៏ចំាបាច់ផងដែរ។ ភាពក្រីក្រនិងអតុល្យភាពនៃកំណើនក្នុងចំណោមប្រទេសនៃទ្វីបអាស៊ី ក៏ជាក្តីកង្វល់មួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទ្វីបអាស៊ីផងដែរ។
ថ្នាក់ដឹកនាំនៃប្រទេសអភិវឌ្ឍន៍និងប្រទេសដែលមានចំណូលទាប ដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះនិយាយថា ការបង្កើនលទ្ធភាពប្រកួតប្រជែងដើម្បីជម្រុញការនំាចេញនិងការវិនិយោគ ការបណ្តាក់ទុនវិនិយោគក្នុងវិស័យអប់រំ និងបង្កើតសំណាញ់សុវត្ថិភាពសង្គមឲ្យបានរឹងមាំ នឹងជួយកាត់បន្ថយហានិភ័យបង្កពីគម្លាតភាពក្រីក្រនេះ។
លោក Dominique Strauss Kanh នៃមូលនិធិរូបិយវត្ថុអន្តរជាតិនិយាយថា ដើម្បីសម្រេចបានគោលដៅទំាងអស់ខាងលើ បណ្តាប្រទេសទ្វីបអាស៊ី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានច្រើនថែមទៀត ទៅលើការបង្កើតគោលនយោបាយសេដ្ឋកិច្ចនិង ការធ្វើកំណែទម្រង់ហិរញ្ញវត្ថុជាដើម៕