លោកវេជ្ជបណ្ឌិត ចន ខាំបែល បាននិយាយនៅថ្ងៃអង្គារនេះថា ស្ថានភាពជំងឺរបស់អៀង ធីរិទ្ធ មានសភាពធ្ងន់ធ្ងរ ហើយអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចខ្មែរក្រហមរូបនេះ នឹងមិនអាចចូលរួមសវនាការកាត់ទោសឲ្យបានពេញលេញនោះទេ។
លោក ចន ខាំបែល (John Campbell) បានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងសវនាការអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមដែលបានបើកសវនាការស្តីពីបញ្ហាសុខភាពជនជាប់ចោទអៀង ធីរិទ្ធ និងនួន ជា នៅក្នុងសំណុំរឿង០០២ ដែលបានឈានមកដល់ថ្ងៃទីពីរនៅថ្ងៃនេះ។
សវនាការដែលគ្រោងនឹងធ្វើមានរយៈពេលបីថ្ងៃ។ វេជ្ជបណ្ឌិតសញ្ជាតិនូវែលសេឡង់ដដែល បានធ្លើយតបនឹងសហមេធាវីអន្តរជាតិលោកស្រី ដាយអាណា អាលី្លស (Diana Allis) និងសហព្រះរាអាជ្ញាកម្ពុជា តាមរយៈការបកប្រែភាសាថា ខួរក្បាលរបស់អៀង ធីរិទ្ធ មានដំណើរការមិនប្រក្រតីនោះទេ។
«ឃើញថា ខួរក្បាលទាំងមូលមិនដំណើរការធម្មតា។ កត្តាមួយចំនួនមានសម្ពាធរងក្នុងការឃុំខ្លួន គឺជាការចុះខ្សោយគឺមានកម្រិតធ្ងន់»។
អៀង ធីរិទ្ធ អាយុ៧៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០០៧។ គាត់បានចូលរួមសវនាការស្តីពីបញ្ហាសុខភាពតាំងពីម្សិលមិញមកម៉្លេះជាមួយនឹងនួន ជា អតីតប្រធានសភាខ្មែរក្រហម។
លោក ចន ខាំបែល បានមានប្រសាសន៍ថា អឿង ធីរិទ្ធ មានជំងឺ Alzheimer គឺជាប្រភេទជំងឺដែលមានភាពច្របូកច្របល់ក្នុងខួរក្បាល បាត់ការចងចាំ ហើយគាត់មិនអាចមើលឃើញអ្វីដែលគាត់បានធ្វើ ឬមិនបានធ្វើនៅក្នុងចន្លោះពេលគាត់កាន់អំណាចនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។
លោក ចន ខាំបែល បញ្ជាក់ថា អៀង ធីរិទ្ធ ពិបាកក្នុងការចោទជាសំណួរនៅក្នុងសវនាការ ថែមទាំងមិនអាចចូលរួមសវនាការតាមរយៈវីដីអូភ្ជាប់ចូលទៅកាន់បន្ទប់គាត់បាននោះទេ ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិតដដែលបានបញ្ជាក់ទៀតថា ការកាត់បន្ថយការប្រើប្រាស់ថ្នាំមួយចំនួន ការប្តូរទីកន្លែង អាចជួយសម្រួលដល់សតិរបស់អៀង ធីរិទ្ធ ឡើងវិញបានខ្លះ។ ក៏ប៉ុន្តែ នៅតែមិនអាចធានាថា អៀង ធីរិទ្ធ អាចនឹងចូលរួមសវនាការបានពេញលេញនោះដែរ។
ការបើកសវនាការស្តីពីសុខភាពជនជាប់ចោទនៅពេលនេះ ធ្វើឡើងខណៈដែលសំណុំរឿង០០២ដែលមានជនជាប់ចោទខៀវ សំផន អៀង សារី នួន ជា និងអៀង ធីរិទ្ធ ត្រូវគេជឿថា អាចនឹងត្រូវបានធ្វើឡើងនៅខែឧសភា ឆ្នាំ២០១២ ហើយអៀង ធីរិទ្ធ អាចនឹងទទួលបានការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងររបស់គាត់។
លោក ឌឹម សុវណ្ណរុំ មន្រ្តីទទួលបន្ទុកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមមិនបដិសេធលទ្ធភាពនេះទេ។
«បើសិន អ្នកជំនាញជាតិ និងអន្តរជាតិវាយតម្លៃថា លោកស្រីអៀង ធីរិទ្ធ មិនមានកាយសម្បទាគ្រប់គ្រាន់ទេ ជាពិសេសខាងផ្នែកវិកលភាពហ្នឹង តុលាការនឹងធ្វើការដោះលែងលោកស្រីអៀង ធីរិទ្ធ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»។
ក៏ប៉ុន្ត នៅក្នុងពេលនេះ លោកវេជ្ជបណ្ឌិតចន ខាំបែល បានលើកទឹកចិត្តឲ្យមានការធ្វើកោសល្យវិច័យអំពីសុខភាពអៀង ធីរិទ្ធ ឡើងវិញ៕