សហមេធាវីអន្ដរជាតិលោកស្រី ដាយអាណា អាលីស បានស្នើសុំនៅថ្ងៃព្រហស្បតិ៍នេះឲ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមដោះលែងកូនក្ដីរបស់ខ្លួនគឺអ្នកស្រីអៀង ធីរិទ្ធ ដោយសារតែបញ្ហាសុខភាព។
ក្រុមគ្រូពេទ្យជំនាញខាងមនុស្សចាស់ និងខាងវិកលវិទ្យាបានបង្ហាញនៅក្នុងសវនាការស្ដីពីបញ្ហា សុខភាពរបស់អ្នកស្រីអៀង ធីរិទ្ធ កាលពីថ្ងៃពុធ និងនៅថ្ងៃព្រហស្បតិ៍នេះថា អតីតរដ្ឋមន្រ្ដីក្រសួងសង្គមកិច្ចរបស់ខ្មែរក្រហមអាយុ៧៩ឆ្នាំរូបនេះ មានរោគសញ្ញានៃការចុះខ្សោយសតិបញ្ញា និងបាត់បង់ការចងចាំ។
លោកស្រីដាយអាណា អាលីសមានប្រសាសន៍ដោយយោងដល់របាយការណ៍របស់គ្រូពេទ្យថា៖
«ការចុះខ្សោយក្នុងការផ្ចង់អារម្មណ៍ និងការចុះខ្សោយនៃការចងចាំ គឺជាការបង្ហាញយ៉ាងរឹងមាំពីអសមត្ថភាពរបស់អៀង ធីរិទ្ធ នៅក្នុងការតស៊ូក្នុងដំណើរការកាត់ទោសលើរូបគាត់»។
លោកស្រីមេធាវីសញ្ជាតិអង់គ្លេសដដែលនេះបានសំអាងថា នឹងមិនមានយុត្តិធម៌សម្រាប់កូនក្ដីរបស់គាត់ទេ ល្គឹកណាកូនក្ដីមិនមានលទ្ធភាពយល់ដឹងពីដំណើរនីតិវិធីកាត់ទោស និងប្រាស្រ័យទាក់ទងជាមួយមេធាវីនោះ។ ហើយលោកស្រីបានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងសម្រេចបញ្ឈប់នីតិវិធីប្រឆាំងនឹងកូនក្ដីរបស់ខ្លួន។
«មិនមានអ្វីជាការសង្ស័យទេថា អៀង ធីរិទ្ធមិនមានលទ្ធភាពនឹកឃើញពីអ្វី ដែលបានកើតឡើងក្នុងជីវិតរបស់គាត់ សម្រាប់ការចូលរួមការកាត់ទោសនៅចំពោះមុខអង្គជំនុំជម្រះ។ ជនជាប់ចោទគួរត្រូវរកឃើញថា មិនមានលទ្ធភាពចូលរួមការកាត់ទោស»។
យ៉ាងណាក៏ដោយ សហព្រះរាជអាជ្ញារងបានជំទាស់ទៅនឹងសំណើរនោះ ហើយបានអះអាងថា អៀង ធីរិទ្ធនៅមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ ដោយសាររបាយការណ៍គ្រូពេទ្យបញ្ជាក់ថា គាត់មានជំងឺបាត់បង់ការចងចាំក្នុងកម្រិតមធ្យមនៅឡើយ រួមទាំងមានលទ្ធភាពអង្គុយក្នុងសវនាការបាន។ ម្យ៉ាងវិញទៀត ជនជាប់ចោទទាំងបួននាក់ក្នុងសំណុំរឿង០០២នេះមានស្ថានភាពសុខភាពមិនខុសគ្នាប៉ុន្មានទេ។
លោកច័ន្ទ តារារស្មី សហព្រះរាជអាជ្ញារងជាតិកម្ពុជានិយាយថា៖
«វត្តមានរបស់គាត់ពិតជាមានសារៈសំខាន់ណាស់ មិនត្រូវគប្បីឲ្យជនជាប់ចោទ អៀង ធីរិទ្ធ នៅក្រៅឃុំនោះទេ ពីព្រោះការឃុំខ្លួនគាត់នៅទីនេះសមស្របទៅនឹងលក្ខខណ្ឌសុខភាពរបស់គាត់ដែលត្រូវការការតាមដានជាចាំបាច់ក្នុងការត្រួតពិនិត្យសុខភាពរបស់គាត់»។
មេធាវីនាំមុខដែលតំណាងឲ្យខាងភាគីជនរងគ្រោះយល់ស្របនឹងសហព្រះរាជអាជ្ញាដែរ។ ហើយបានគាំទ្រឲ្យមានការបំបែកនីតិវិធី ខណៈដែលមេធាវីរបស់នួន ជា មេធាវីរបស់អៀង សារី និងមេធាវីរបស់អៀង ធីរិទ្ធទាមទារឲ្យមានការបំបែកនីតិវិធី ដើម្បីធ្វើការកាត់ទោសជនជាប់ចោទដាច់ដោយឡែកពីគ្នា។
សាលាក្ដីខ្មែរក្រហមគ្រោងនឹងបើកសវនាការកាត់ទោសពេញអង្គសេចក្ដីលើជនជាប់ចោទទាំងបួននាក់ក្នុងសំណុំរឿង០០២ ដែលរួមមានមាននួន ជា អៀង សារី អៀង ធីរិទ្ធ និងខៀវ សំផន ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១នេះតទៅ។ លោកខៀវ សំផន និងមេធាវីរបស់ខ្លួនមិនបានចូលរួមក្នុងសវនាការស្ដីពីបញ្ហាសុខភាពរបស់អៀង ធីរិទ្ធ ក្នុងរយៈពេលពីរថ្ងៃនេះទេ៕