ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីនិយាយថា អៀង ធីរិទ្ធ​ឈឺ​មិនអាច​ចូល​រួម​សវនាការ


រូប​ថត​មេ​ដឹកនាំ​ខ្មែរក្រហម​បួន​នាក់​ត្រូវ​កាត់​ទោស​ក្នុង​សំណុំ​​រឿង​០០២ ​មាន​នួន ជា​​ ខៀវ សំផន​ អៀង សារី និង​អៀង ធីរិទ្ធ។
រូប​ថត​មេ​ដឹកនាំ​ខ្មែរក្រហម​បួន​នាក់​ត្រូវ​កាត់​ទោស​ក្នុង​សំណុំ​​រឿង​០០២ ​មាន​នួន ជា​​ ខៀវ សំផន​ អៀង សារី និង​អៀង ធីរិទ្ធ។

អតីត​រដ្ឋ​មន្ដ្រី​សង្គម​កិច្ច​ខ្មែរ​ក្រហម អៀង​ ធី​រិទ្ធ​ ទំនង​ជាកំពុង​ស្ថិត​ក្រោម​ការពិចារណា​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​អំពី​បញ្ហា​សុខ​ភាព​ថា​តើ​គាត់​អាច​ចូល​រួម​កាត់ទោស​បានដែរ​ឬ​ក៏​យ៉ាង​ណា។ ក៏​ប៉ុន្ដែ​សហ​មេធាវី​ និង​មន្ដ្រី​សាលាក្ដី​ខ្មែរ​ក្រហម​អត្ថាធិប្បាយ​ដោយប្រ​យត្ន័ប្រយែង​បំផុត​នៅ​ថ្ងៃ​ចន្ទ័​នេះ។

សហមេធា​វីកម្ពុជា​ ​លោកផាត់ ពៅស៊ាង បានប្រាប់​វីអូអេ​ខ្មែរ​នៅថ្ងៃ​នេះ​ថា កូនក្ដីរបស់លោកមានជំងឺជង្គង់​ ​ជំងឺភ្នែក និងមានជំងឺ​គេង​មិនលក់។ លោកបាន​បដិសេធការ​ផ្តល់​សេចក្តី​លំអិតទាក់ទងនឹងបញ្ហាសុខភាពកូនក្ដីរបស់លោកអាស្រ័យដោយ​គ្មាន​របាយការណ៍ជាផ្លូវ​ការពីក្រុម​គ្រូ​ពេទ្យ។

យោង​តាម​ច្បាប់​អន្ដរ​ជាតិ ជន​ជាប់​សង្ស័យ​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​ត្រូ​វ​ទទួល​បាន​ការ​ពិនិត្យ​អំពី​សម្បទា​សម្រាប់​ចូល​រួម​សវនា​ការ​ដោយ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​របស់​ក្រុម​គ្រូ​ពេទ្យ។ យោង​តាម​ប្រភព​ស្និទ្ធនឹង​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ​អៀង​ ធីរិទ្ធ​ អាយុ ​៦៩ ​ឆ្នាំ​ទំនង​ជានឹង​ត្រូវទទួល​បានការ​លើកលែង​ណាមួយ​ក្នុង​ពេល​ខាងមុខ​នេះ​ដោយ​សារ​តែ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ បន្ទាប់​ពី​មាន​ការវាយ​តម្លៃ​របស់​ក្រុម​គ្រូ​ពេទ្យ។

លោក​សហ​មេធាវី ​ផាត់​ ពៅ​ស៊ាង​ មាន​ប្រសាសន៍​ដោយ​មិន​ច្បាស់​លាស់​ដែល​ទំនង​ជា​លោក​ចង់​ស្នើ​ឲ្យ​កូន​ក្ដី​របស់​លោក​ស្ថិត​នៅ​ក្រៅ​ការ​កាត់​ទោស​ដោយ​មូល​ហេតុ​សុខ​ភាព។ លោក​ថ្លែង​ថា៖

«នៅ​ដំណាក់​កាល​នៃ​ការ​ឃុំ​ខ្លួន យើង​សុំ​នៅ​ក្រៅ​ឃុំ​ដោយសារ​មូល​ហេតុ​សុខ​ភាព។ ដល់​ដំណាក់​កាលឈាន​ដល់​ជំនុំ​ជម្រះ យើង​ឈាន​ដល់​ដំណាក់​កាល​មួយ​ទៀត»។

លោក​ឡាស ​អល​សិន ​មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍ថា​ ជន​ជាប់​ចោទ​មួយ​ចំនួន​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​បួន​នាក់​ក្នុង​សំណុំ​រឿង​ទី​ពីរ​ទទួល​បាន​ការវាយ​តម្លៃ​ពី​សម្បទារបស់​ពួកគេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ចុង​ចោទ​មួយ​ចំនួន​នៅ​ក្នុង​សំណុំ​រឿង ​០០២ ​បាន​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលាដំ​បូង​ធ្វើ​ការ​វាយ​តម្លៃ​ថាតើ​ពួក​គេ​អាច​មាន​សុខ​ភាព​មាំ​ទាំ​គ្រប់​គ្រាន់​សម្រាប់​នាំ​ខ្លួន​ចូល​កាត់​ទោស​ឬ​យ៉ាង​ណា។​ ការវាយ​តម្លៃ​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។ ប្រសិន​បើ​ចុង​ចោទ​ណា​ម្នាក់នឹង​ត្រូវទទួលបានការ​លើក​លែង​ពី​សាលា​ដំបូង​យើង​នឹង​ជូន​ដំណឹង​ជាសាធា​រណៈ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោង​តាម​ប្រភព​ស្និទ្ធ​នឹង​សាលា​ក្ដី​ខ្មែរ​ក្រហមដែលស្នើសុំមិនបញ្ចេញឈ្មោះ ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​ស្ថានភាព​សុខភាព​របស់​អៀង ​ធី​រិទ្ធ ធ្វើ​រាល់​ហើយ។

អៀង ​ធី​រិទ្ធ ​មាន​ឈ្មោះ​ដើម​ខៀវ​ ធី​រិទ្ធ ​និង​ត្រូវ​ជា​ប្អូន​ថ្លៃ​ស្រី​របស់​ប៉ុល​ ពត ដែល​ជា​មេស្ថាបនិករបបខ្មែរ​ក្រហម​ដ៏​ប្រល័យ។ បង​ស្រី​របស់​គាត់​ ខៀវ​ ប៉ុណ្ណា​រី​ ប្រពន្ធ​ដើម​របស់​ប៉ុល ​ពត​ បានស្លាប់​កាល​ពី​ថ្ងៃ​ទី១ ​ខែ​កក្កដា ​ឆ្នាំ ​២០០៣ ​បន្ទាប់​ពី​មាន​ជំងឺ​វិក​លច​រិក​ជា​ច្រើន​ឆ្នាំ​។

អៀង ធីរិទ្ធ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ និង​បទ​ប្រល័យ​ពូជសាសន៍​ដូច​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​០០២​ដែរដែល​រួម​មាន​នួន​ ជា​ ខៀវ​ សំផន និង​ប្ដី​របស់​គាត់ ​អៀង​ សារី។

លោក​ស្រី​ ក្លែរ ឌុហ្វ៊ី (Clair​ Duffy) អ្នក​ឃ្លាំ​មើល​សាលា​ក្ដី​ខ្មែរ​ក្រហម​មក​ពី​អង្គការ​គំនិត​ផ្ដួច​ផ្ដើម​យុត្តិធម៌​សង្គម​សេរី ​(OSJI)​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អា​មេរិក​អធិប្បាយ​ថា​ លោក​ស្រី​មិន​បាន​ដឹង​អំពី​ករណី​ពិសេស​ទាក់ទង​នឹង​អៀង​ ធី​រិទ្ធ​នោះ​ទេ ​ក៏​ប៉ុន្ដែ​លោក​ស្រី​បាន​ដឹង​ថា ​មាន​ជន​ជាប់​ចោទ​បី​នាក់​ ដោយ​លើក​លែងតែខៀវ​ សំផន​ តែ​ប៉ុណ្ណោះ​បាន​ទទួល​ការ​ពិនិត្យ​ពី​សម្បទា​សម្រាប់​ការ​ចូលរួម​ការ​កាត់​ទោស​របស់​ពួកគេ។ ការ​កាត់​ទោស​នៃ​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ទាំង​បួន​ត្រូវ​បាន​រំពឹង​ថា​ អាច​នឹង​ចាប់​ផ្ដើម​ក្នុង​អំ​ឡុង​ខែ​សីហា ​ឬ​ខែ​កញ្ញា​ខាង​មុខ​នេះ៕

XS
SM
MD
LG