ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អៀង សារី ឲ្យ​នៅ​ក្រៅ​ឃុំ


អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​សម័យ​ខ្មែរក្រហម​។
អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​សម័យ​ខ្មែរក្រហម​។

សហ​មេ​ធាវី​របស់​អៀង​ សារី​ បាន​ទទូច​សារ​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​ ឲ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដោះលែង​កូន​ក្ដី​របស់​ខ្លួន​ជា​បន្ទាន់​ដោយ​អះអាង​ថា ​ការ​ឃុំ​ខ្លួន​កូន​ក្ដី​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្នខុស​ច្បាប់រហូត​មក​ទល់ពេល​នេះ។

ក្រុម​មេធាវី​ការពារ​ក្ដី​បាន​ថ្លែង​នៅ​ក្នុង​សវនា​ការ​លើក​ទី១​លើ​រឿង​ក្តី​របស់​អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេសខ្មែរ​ក្រហមថា ​វិធាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​អនុញ្ញាត​ឲ្យ​បន្ដ​ការ​ឃុំឃាំង​បណ្ដោះ​អាសន្ន​ចំពោះ​ជន​ជាប់​ចោទ​ត្រឹម​តែ​បី​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ហើយ​អាច​បន្ដ​ការ​ឃុំ​ខ្លួន​បន្ថែមទៀត​សម្រាប់​រយៈ​ពេល​បួន​ខែ​មុន​នឹង​មាន​ការ​ជម្រះ​ក្ដី។ ក៏​ប៉ុន្ដែ​ក្រោយ​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​បញ្ជូន​ដីការ​ដំណោះស្រាយ​ ឬ​ដីការ​បញ្ជូន​រឿងទៅ​ជំនុំ​ជម្រះ​នៅ​កាន់​សាលាក្ដី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១០​ រហូត​មក​ទល់​ពេល​នេះ​អៀង សារី​ ត្រូវ​បាន​ឃុំ​ខ្លួនលើស​រយៈពេល​កំណត់​ជាង​បី​ខែ​ទៅ​ហើយ។

លោក​ អាង​ ឧត្តម ​សហ​មេធាវី​កម្ពុជា​របស់​អៀង​ សារី​ បាន​ទាមទារ​ថា ការ​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក​ជាបណ្ដោះ​អាសន្ន គួរ​តែ​ត្រូវ​ចាត់​ទុក​ជា​មោឃៈ ហើយ​លើក​ឡើង​ថា​ ការ​ដោះ​លែង​លោកអៀង សារី គឺ​ជា​ដំណោះ​ស្រាយ​យ៉ាង​សក្ដិ​សម​បំផុត ហើយ​ត្រូវ​ដាក់​លោក​អៀង​ សារី ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួ​ត​ពិនិត្យ​របស់​តុលាការ​ជា​បន្ទាន់។

អតីត​បង​ធំ​ទី​៣​រូប​នេះ​មាន​អាយុ​ប្រហែល​៨៥ឆ្នាំ​ហើយ។ គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្កាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជ​សាសន៍​ជាមួយ​នឹង​ប្រពន្ធ​របស់​គាត់​គឺ​អៀង ធីរិទ្ធ​ អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​កិច្ច​ការ​នារី​សម័យ​ខ្មែរ​ក្រហម​ ជាមួយ​នួន​ ​ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​ និងខៀវ ​សំផន​ អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ។ បទចោទ​ទាំង​នេះ​ទាក់ទង​ទៅ​នឹ​ង​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ជិត​២​លាន​នាក់​ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​កាន់​កាប់​អំណាច​ចន្លោះ​ពី​ឆ្នាំ ​១៩៧៥-៧៩។

កាល​ពី​ចុង​ខែ​មករា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​សម្រេច​មិន​ដោះលែង​ជនជាប់​សង្ស័យ​អៀង​ ធីរិទ្ធ​ នួន ​ជា ​និង​ខៀវ ​សំផន​ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​នោះ​ទេ ដោយ​សំអាង​ហេតុផល​ដែល​អាចបង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្ដិសុខ​សង្គម ​ការរត់​គេច​ខ្លួន ​និង​ការ​គំរាម​កំហែង​ដល់​សក្សី​ជា​ដើម។ សហ​មេធាវី​បរទេស​របស់​អៀង​ សារី ​លោក ​ម៉ៃឃ័ល កាណាវ៉ាស (Michael ​Karnavas) មាន​ប្រសាសន៍​ថា ​ការ​ឃុំខ្លួន​អៀង​ សារី ​នៅ​ផ្ទះ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នឹង​ធានា​ដល់​វត្តមាន​របស់​គាត់នៅ​ពេល​ដែល​មានសវនាការ។ ហើយ​ជន​ជាប់​ចោទ​នឹង​មិន​រ​ត់គេច​ខ្លួន​នោះទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​សហ​ព្រះ​រាជ​អជ្ញា​បរទេស​ លោក​ ដេល លីសាក់ (Dale​ Lysak) បាន​លើក​ឡើង​ថា​ វា​នឹង​មាន​ហានិ​ភ័យ​ខ្ពស់​ដល់​ការ​រត់​គេច​ខ្លួន​របស់​អៀង​ សារី ​ប្រសិន​បើ​គាត់​ត្រូវ​ឃុំឃាំង​នៅ​ផ្ទះ​របស់គាត់នោះ។ សហ​ព្រះ​រាជ​អាជ្ញា​បរទេស​ដដែល​បាន​ផ្ដល់​ហេតុផល​ថា ​ជន​ជាប់​ចោទ​មាន​ធនធាន ​ហើយជន​ជាប់​ចោទ​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា​ និ​ង​ធ្លាប់​កាន់​លិខិត​ឆ្លង​ដែន​ចិន​ផង​ដែរ៕

XS
SM
MD
LG