អង្គបុរេជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហមទើបតែបានសម្រេចកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ថា អៀង សារី ដែលត្រូវកាត់ទោសរួចម្តងហើយកាលពី៣២ឆ្នាំមុន អាចកាត់ទោសម្តងទៀតបានដោយសារតែសវនាការកាលពីពេលនោះមិនមានភាពឯករាជ្យគ្រប់គ្រាន់។
ក្រុមមេធាវីការពារក្តីឲ្យអតីតឧបនាយករដ្ឋមន្រ្តីខ្មែរក្រហមទទួលបន្ទុកកិច្ចការបរទេសរូបនេះបានប្តឹង ប្រឆាំងនឹងដីកាដំណោះស្រាយ ឬហៅថាដីកាបញ្ជូនរឿងទៅជំនុំជម្រះរបស់សហចៅក្រមស៊ើបអង្កេតកាលពីឆ្នាំមុនថា កូនក្តីរបស់ផងខ្លួនត្រូវបានកាត់ទោសរួចម្តងហើយ កាលពីខែសីហាឆ្នាំ១៩៧៩។ ដោយ តុលាការរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ហើយបើតាមគោលការណ៍ច្បាប់ ជនជាប់ចោទនឹងមិនត្រូវបានកាត់ទោសសារឡើងវិញ ឬកាត់ទោសជាលើកទីពីរចំពោះបទល្មើសដូចគ្នានោះទេ។
ក្រុមមេធាវីបានលើកឡើងថា អៀង សារី ត្រូវបានលើកលែងទោសដោយព្រះមហាក្សត្ររួចទៅហើយកាលពីឆ្នាំ១៩៩៦។ ក៏ប៉ុន្តែនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនចំពោះបណ្តឹងរបស់ក្រុមមេធាវី អង្គបុរេជំនុំជម្រះសម្អាងថា តុលាការនៃរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជានោះមិនមានភាពឯករាជ្យ ព្រមទាំងមានកំហុសជាច្រើននៅក្នុងនីតិវិធីដូចជាមេធាវីការពារក្តីឲ្យជនជាប់ចោទ បែរជាឆ្លើយដាក់បន្ទុកទៅលើកូនក្តីរបស់ផងខ្លួនទៅវិញ។
សាក្សីមិនធ្លាប់ស្គាល់ជនជាប់ចោទ ហើយមិនមានសវនាការសួរដេញដោល រវាងគូបដិបក្ខ រួមទាំងការកាត់ទោសហាក់បីដូចជា មានការរៀបចំទុកជាមុន សម្រាប់ដាក់ទោសជនជាប់ចោទ។ អង្គបុរេជំនុំជម្រះលើកឡើងថា ការលើកលែងទោសរបស់ព្រះមហាក្សត្រចំពោះ អៀង សារី មិនមានអនុភាពលើយុត្តាធិការរបស់សាលាក្តីខ្មែរក្រហមនៅពេលនេះទេ។
សហមេធាវីកម្ពុជាការពារក្តីឲ្យអៀង សារី លោកអាង ឧត្តម មានប្រសាសន៍ថា ការសម្រេចរបស់អង្គ បុរេជំនុំជម្រះលើបញ្ហាខាងលើបង្កឲ្យមានភាពចម្រូងចម្រាស ខណៈពេលដែលលោកកំពុងតែរង់ចាំការ សម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងលើបញ្ហាកាត់ទោសអៀង សារី ជាលើកទីពីរដូចគ្នានេះដែរ។ លោក ថ្លែងដូច្នេះថា៖
«ចាំតទៅទៀត ព្រោះបើសាលាដំបូងគាត់យករឿងហ្នឹងមកកាត់ គាត់ត្រូវតែកាត់ហើយ ព្រោះយើងប្តឹងតវ៉ាទៅគាត់។ រឿងការកាត់ទោសពីរដង។ អានេះ ចាំមើលតទៅទៀត ដឹងខែណាបានចេញ»។
អៀង សារី អាយុជិត៨៦ឆ្នាំទៅហើយ គាត់ត្រូវបានចោទប្រកាន់ជាមួយ និងជនជាប់ចោទបីនាក់ ផ្សេងទៀតនៅក្នុងសំណុំរឿង០០២ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យ ពូជសាសន៍។ ក្រុមមេធាវីការពារក្តីបានតវ៉ាចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ ប្រឆាំងនឹងការចាប់ឃុំខ្លួន និងនាំខ្លួន អៀង សារី យកមកកាត់ទោសឡើងវិញនេះ៕