ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​សម្រាប់​អាណត្តិ​ក្រោយៗ


នៅ​ថ្ងៃច័ន្ទ​នេះ បញ្ហា​សុខភាព​បាន​ជំរុញ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន អវត្តមាន​ពី​ព្រឹត្តិការណ៍​រំលឹក​ខួប​ឆ្នាំ​ទី​៥៩​នៃ​ថ្ងៃ​បង្កើត​គណបក្សប្រជាជន​កម្ពុជា ក្នុង​ខណៈ​ដែល​គណបក្ស​បាន​ប្រកាស​គាំទ្រ​បេក្ខភាព​លោក​ជា​នាយក​រដ្ឋ​មន្ត្រី ​សម្រាប់​អាណត្តិ​ក្រោយៗទៀត ។ លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​សមាជិក​គណបក្ស​គ្រប់​ជាន់​ថ្នាក់​ឱ្យ​ពង្រឹង​សាមគ្គីភាព និង​ឯក​ភាព​ផ្ទៃ​ក្នុង ​ដើម្បី​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ឱ្យ​ទទួល​បាន​ជោគជ័យ​ធំៗថ្មី​ទៀត ក្នុងការ​កសាង និង​ការ​ពារ​មាតុ​ភូមិ​កម្ពុជា។

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចូលរួម​ដោយ​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា ប្រធាន​ព្រឹទ្ធសភា លោក​ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា មន្ត្រី​ជាន់​ខ្ពស់ និង​សមាជិក​គណបក្ស​ប្រមាណ ១០ ០០០ នាក់ ព្រមទាំង​តំណាង​អង្គទូត​បរទេស​ និង​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នក​ចាត់​ចែង​កម្ម​វិធី​បាន​ប្រកាស​ថា លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះទេ ដោយសារ​លោក​មាន​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន។

កាល​ពីសប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​ត្អូញត្អែរ​អំពី​ការ​ឈឺ​ភ្នែក​ខាង​ឆ្វេង​របស់​លោក​ ដែល​បាន​ទទួល​រង​របួស​នៅ​ក្នុង​សង្គ្រាម​នា​ទសវត្សរ៍ឆ្នាំ​១៩៧០ បាន​លប់​ចោល​ជំនួប​ជាមួយ​លោកស៊ុរីយ៉ា ស៊ុបិឌី (Surya Subedi) ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាតិ​ប្រចាំ​កម្ពុជា។

លោក ​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា ក្នុង​ឱកាស​នេះ គណបក្ស​ប្រជាជន​កម្ពុជា សូម​បញ្ជាក់​យ៉ាង​ឧឡារិក​ជា​ថ្មី​ម្តង​ទៀត​នូវ​ការ​គាំទ្រ​បេក្ខភាព​សម្តេច​ អគ្គ​មហា​សេនា​បតី តេជោ​ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​សូម​អំពាវនាវ​ដល់​គណៈកម្មាធិការ​គ្រប់​ថ្នាក់ និង​មន្ត្រី​គណបក្ស​គ្រប់ៗ​រូប ចូរ​បន្ត​ពង្រឹង​សាមគ្គី​ភាព​ឯកភាព​ផ្ទៃ​ក្នុង អនុវត្ត​ខ្ជាប់​ខ្ជួន​កម្ម​វិធី​នយោបាយ​របស់​គណបក្ស លុប​បំបាត់​រាល់​សកម្មភាព​អសកម្ម ខិតខំ​ពង្រីក​តែ​អំពើ​ល្អ ដែល​ឆ្លើយ​តប​ទៅ​នឹង​ជំនឿ​របស់​ប្រជាជន​មក​លើ​គណបក្ស​យើង»។

លោក ​ជា ស៊ីម បាន​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​គោល​នយោបាយ និង​វិធានការ​ដ៏​ម៉ឹងម៉ាត់​របស់​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​និង​ជល​ផល និងការ​បញ្ឈប់​រាល់​សកម្មភាព​អនា​ធិបតេយ្យ​ទន្ទ្រាន​យក​ដី​រដ្ឋ​គ្រប់ប្រភេទ ការ​ថែ​រក្សា​និរន្តរភាព​នៃ​បរិស្ថាន និង​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​វិចារណញ្ញាណ និង​ការ​ទទួល​ខុស​ត្រូវ។

គណបក្ស​ប្រជាជន​កម្ពុជា សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ព្រម​ទាំង​គាំទ្រ​ចំពោះ​ការ​ខិត​ខំ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយបញ្ហា​ ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដោយសន្តិ​វិធី សំដៅ​កសាង​ខ្សែ​ព្រំដែន​មួយ​ប្រកប​ដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ ​និង​អភិវឌ្ឍន៍​លើ​មូលដ្ឋាន​ការពារ​ដាច់​ខាត​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា។

លោក​ជា ស៊ីម បាន​បញ្ជាក់​ថា «យើង ​ថ្កោល​ទោស​យ៉ាង​ម៉ឹង​ម៉ាត់ ចំពោះមជ្ឈដ្ឋានណា ដែលឃោសនា​មួល​បង្កាច់​ការ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល បង្ក​សកម្មភាព​រារាំង និង​បំផ្លាញ​ដំណើរ​នេះ ដែល​ជា​អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ផលប្រយោជន៍​ជាតិ»។

លោក ​ជា ស៊ីម បាន​បញ្ចាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​ចំពោះ​ដំណើរ​ការ​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៃ​តុលាការ​ពិសេស​ខ្មែរក្រហម ដើម្បី​វិនិច្ឆ័យ​ឧក្រឹដ្ឋ​កម្ម​របស់​ពួក​មេ​ដឹកនាំ​ខ្មែរ​ក្រហម សំដៅផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ខ្មែរ។ ប៉ុន្តែ​បដិសេធ​ចំពោះ​ការ​ប៉ុនប៉ង​ណា​មួយ​ដែល​ចង់​ប្រើ​ប្រាស់​សាលាក្តី​នេះ ក្នុង​បំណង​មិនល្អ​ប៉ះពាល់​ដល់​សន្តិភាព​ស្ថិរភាព និង​ការ​បង្រួប​បង្រួម​ជាតិ ដែល​ប្រជាជន​កម្ពុជា​ខិត​ខំ​ដណ្តើម​បាន​មក​យ៉ាង​លំបាក​បំផុត។

XS
SM
MD
LG