នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនមន្ត្រីក្រសួងសង្គមកិច្ចណាដែលប្រព្រឹត្តអំពើពុករលួយទាក់ទងនឹងរឿងប្រាក់សោធនរបស់មន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាពនិងចូលនិវត្តន៍។
លោកហ៊ុន សែន ថ្លែងថាអតីតមន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាពនិងចូលនិវត្តន៍មិនបានទទួលប្រាក់សោធនពេញលេញរបស់ពួកគាត់ដែលបានផ្តល់ជូនដោយរដ្ឋាភិបាលនោះទេ ពីព្រោះមានមន្ត្រីសង្គមកិច្ចមួយចំនួនបានទិញបញ្ជីបើកប្រាក់សោធន ពីអតីតមន្ត្រីបាត់បង់សមត្ថភាព និងចូលនិវត្តន៍ទាំងនោះ ដោយតម្លៃថោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងទិវាអតីតយុទ្ធជនកម្ពុជាថាការិយាធិបតេយ្យនិងការមិនអើពើពីសំណាក់មន្ត្រីសង្គមកិច្ចបើកប្រាក់សោធនដល់ពួកគាត់ទាន់ពេលវេលា។ ពួកគេធុញទ្រាន់ចំពោះការធ្វើដំណើរជាច្រើនលើកពីទីឆ្ងាយមកបើកប្រាក់សោធនរបស់ពួកគាត់មិនបាន ហើយបន្ទាប់មកពួកគាត់បានលក់បញ្ជីបើកប្រាក់សោធនរបស់ពួកគាត់ដោយតម្លៃថោកទៅមន្រ្តីសង្គមកិច្ច។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា លោកសូមធ្វើការព្រមានជាសាធារណៈដល់មន្ត្រីសង្គមកិច្ចឱ្យបញ្ឈប់ការទិញបញ្ជីបើកប្រាក់សោធនរបស់មន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាពនិងចូលនិវត្តន៍ហើយប្រគល់បញ្ជីបើកប្រាក់សោធនទៅពួកគាត់វិញ។ បើសិនមន្ត្រីសង្គមកិច្ចណានៅតែបន្តធ្វើបែបនេះទៀត ពួកគេនឹងប្រឈមនឹងការចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយពីបទប្រព្រឹត្តអំពើពុករលួយ។
«ថ្ងៃក្រោយសូមព្រមាននៅនឹងកន្លែង ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញគ្រប់ទិដ្ឋភាពអស់ហើយ។ ថ្ងៃក្រោយគឺចាប់ខ្លួនតែម្តង បើសិនជាមានមន្រ្តីអតីតយុទ្ធជនធ្វើបែបនេះជាបន្ត។ ក្នុងការលក់បញ្ជីបើកប្រាក់សោធន មិនមែនត្រឹមតែអតីតយុទ្ធជន មានទាំងនិវត្តន៍ជន»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តថាមន្ត្រីសង្គមកិច្ច ដែលបានទទួលផលប្រយោជន៍ពីញើសឈាមនិងទុក្ខវេទនារបស់មន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាព និងចូលនិវត្តន៍ គួរតែបោះបង់ចោលអំពើបែបនេះទៅ។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ធ្លាប់បានថ្លែងថា ក្នុងឆ្នាំ២០១០ ជនពិការនិងអ្នកចូលនិវត្តន៍ចំនួន២៦៨.០៨២នាក់ បានទទួលការគាំទ្រពីរដ្ឋ ហើយប្រាក់ចំនួនជាង១.៥០០.០០០ដុល្លារអាមេរិកត្រូវបានចំណាយទៅលើជនពិការ និងអ្នកចូលនិវត្តន៍ទាំងនោះ។
លោកយឹម ម៉ារ៉ា អាយុ៥៦ឆ្នាំយុទ្ធជនពិការភ្នែកនៅក្នុងសង្គ្រាមទសវត្សរ៍១៩៨០ បានបញ្ជាក់ថា លោកត្រូវបានទទួលប្រាក់សោធនចំនួន១៤០.០០០រៀលប៉ុន្តែលោកបើកបានតែ១២០.០០០រៀល ដោយបាត់ អស់២០.០០០រៀល។ ប្រាក់សោធនរបស់លោកបើកមិនទៀងទាត់ ពីព្រោះពេលវេលាបើកប្រាក់សោធននេះមិនមានកំណត់។ «សម្រេចតែគេថាខែនេះ លើសមួយសប្តាហ៍ ពីរសប្តាហ៍ ទើបគេបើកឱ្យ ហើយជួនកាលទៅលើសតែមួយថ្ងៃ ពីរថ្ងៃ គេបើកឱ្យទៅ។ ការណ៍ហ្នឹងហើយដែលពិបាក»។
លោកគឹមសួរ ភីរិទ្ធ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថាមន្ត្រីសង្គមកិច្ចតែងតែទិញបញ្ជីបើកប្រាក់សោធនពីមន្ត្រីចូលនិវត្តន៍និងជនពិការក្នុងតម្លៃតែ៥០ភាគរយប៉ុណ្ណោះនៃតម្លៃសរុប។ មន្ត្រីទាំងនេះបានកេងប្រវ័ញ្ជចំណេញលើប្រាក់សោធនរបស់និវត្តន៍ជននិងជនពិការ។ ហើយគណបក្សសម រង្ស៊ី មិនអាចទទួលយកបាននូវអំពើកេងប្រវ័ញ្ជបែបខុសច្បាប់នេះទេ។
«វាអាចចាត់ទុកជាអំពើពុករលួយមួយហើយ។ គេមិនអនុញ្ញាតឱ្យមន្ត្រីដែលធ្វើកិច្ចការនៅក្នុងហ្នឹង ទៅប្រកបរបរខុសច្បាប់ជាមួយអ្នកចូលនិវត្តន៍និងជនពិការដែលមានតួនាទីត្រូវទទួលបានប្រាក់ឧបត្ថម្ភបែបហ្នឹងទេ។ នេះជាបញ្ហាពុករលួយ ហើយជាបញ្ហាល្មើសច្បាប់ ដែលមិនត្រូវអត់ឱនឱ្យមាននិទណ្ឌភាព ហើយត្រូវតែ លុបបំបាត់កុំឱ្យកើតមានជាបន្តទៀតនៅក្នុងសង្គមកម្ពុជាយើង»។
លោកលឹមអែល ដ្យូរ៉ាដូ អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានថ្លែងថាបើមន្ត្រីណារំលោភលើប្រព័ន្ធប្រាក់សោធនរបស់មន្ត្រីរដ្ឋាភិបាលបាត់បង់សមត្ថភាពនិងចូលនិវត្តន៍ មន្ត្រីនោះត្រូវទទួលការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់។
«ចាប់ពីឥឡូវនេះ បើមានអ្នកទិញ អ្នកលាក់ឈ្មោះបង្កព្យុះភ្លៀង អ្នកនោះត្រូវប្រឈមមុខនឹង ការទទួលខុសត្រូវចំពោះមុខច្បាប់ហើយ»។
គ្រួសារយុទ្ធជនពលី យុទ្ធជនពិការ អ្នកចូលនិវត្តន៍ អ្នកដែលបានបាត់បង់សមត្ថភាពការងារ បានទទួលប្រាក់សោធនពីរដ្ឋាភិបាល៕