នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការវាយប្រហារ ជាថ្មីម្ដងទៀត ទៅលើអង្គការ Global Witness របស់ប្រទេសអង់គ្លេស។ ការវាយប្រហារនេះគឺជាការឆ្លើយតបមួយរបស់លោកនាយករដ្ឋមន្ដ្រីខ្មែរ ចំពោះការរិះគន់របស់អង្គការ Global Witness កាលពីពេលថ្មីៗនេះ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែនបានវាយប្រហារអង្គការ Global Witness របស់ ប្រទេសអង់គ្លេស ដោយប្រើពាក្យសំដីធ្ងន់ៗ នៅថ្ងៃពុធនេះ ដោយលោកបានស្នើដល់ស្ថានទូតអង់គ្លេស ប្រចាំក្រុងភ្នំពេញ ជួយអន្ដរាគមន៍ដើម្បីរម្ងាប់ការរិះគន់របស់អង្គការការពារបរិដ្ឋានមួយនេះ។
“ខ្ញុំព្រមានអាឃ្លោបលវិតណេស។ អាហ្នឹងក្រុមមេចោរ ព្រោះអានេះមិនដឹងថា វាធ្វើអ្វីខ្លះទេ ចេះតែជេររដ្ឋាភិបាល។ មើលអគ្គរដ្ឋទូតអង់គ្លេស ជួយប្រាប់ អាពួកហ្នឹងបន្ដិចមើល!"
ប្រតិកម្មរបស់លោកប្រមុខរដ្ឋាភិបាលខ្មែរបានធ្វើឡើងក្នុងការថ្លែងសុន្ទរកថា បើកសន្និសីទអន្ដរជាតិក្នុងទីក្រុងភ្នំពេញ ស្ដីពីការធ្វើអាជីវកម្មរ៉ែ។ សន្និសីទដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីអ្នកជំនាញខាងរ៉ែជាតិ និងអន្ដរជាតិ រួមទាំងតំណាងក្រុមហ៊ុនឯកជន សរុបប្រមាណ៣០០នាក់។
ប្រតិកម្មរបស់លោកហ៊ុន សែន បន្ទាប់ពីមានការលើកឡើងអំពីក្រុមហ៊ុនរុករករ៉ែមាស BHP Billiton របស់ប្រទេសអូស្ត្រាលី ត្រូវជាប់សង្ស័យថា បានផ្ដល់សំណូកចំនួន២,៥លានដុល្លារអាមេរិក ទៅឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានសិទ្ធិរុករករ៉ែនៅខេត្តរតនគិរី។
នៅក្នុងរបាយការរបស់ខ្លួន កាលពីខែមេសា អង្គការ Global Witness បានលើកឡើងថា ក្រុមហ៊ុន BHP មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលបានផ្ដល់សំណូកដល់រដ្ឋាភិបាលខ្មែរនោះទេ។ ពោលគឺ នៅមានក្រុមហ៊ុនរុករករ៉ែជាច្រើនទៀត បានផ្ដល់ប្រាក់សំណូកយ៉ាងសម្បើមដល់រដ្ឋាភិបាលខ្មែរ ដែលប្រាក់ទាំងនេះមិនត្រូវបានដាក់ចូលទៅក្នុងគណនីរបស់ប្រទេសកម្ពុជាទេ។
លោក ហ៊ុន សែនបានព្រមានបន្ថែមទៀតនៅចំពោះមុខអង្គទូត និងមន្ដ្រីមកពីស្ថាប័នហិរញ្ញវត្ថុ នានាថា អង្គការ Global Witness រាប់ទាំងស្ថាប័នរូបិយវត្ថុអន្ដរជាតិធំៗផងដែរ មិនត្រូវផ្ដល់មេរៀនពីការ ចាត់ចែងចំណូលពីធនធានធម្មជាតិដល់ប្រទេសកម្ពុជាច្រើនពេកនោះទេ។
“មិនគួរផ្ដល់មេរៀនច្រើនពេកដល់កម្ពុជាលើការចាយលុយនោះទេ។ ប៉ុន្មានថ្ងៃនេះ ក្រុមចោរមួយ ក្រុម នៅក្រុងឡុងដ៍ ស្រែកទៀតហើយ។ វាសួរថា អាហ្នឹងយកទៅដាក់នៅឯណា? វាសួរទៅធនាគារអភិវឌ្ឍន៍ជនបទ។ វាសួរថា តើមានដាក់មូលនិធិសង្គមហ្នឹងទេ"។
សូមបញ្ជាក់ថា ដើម្បីទទួលបានសិទ្ធិរុករករ៉ែគ្រប់ក្រុមហ៊ុនវិនិយោគទាំងអស់ចាំបាច់ត្រូវបង់ប្រាក់រង្វាន់ពេលចុះហត្ថលេខាដល់រដ្ឋាភិបាល ហើយក្រុមហ៊ុនខ្លះទៀតផ្តល់ប្រាក់ជំនួយផ្នែកមូលនិធិសង្គមបន្ថែមពីលើប្រាក់រង្វាន់ចុះហត្ថលេខានោះទៀត ដោយផ្អែកតាមការចរចាជាមួយរដ្ឋាភិបាល
ប៉ុន្តែបញ្ហាទាំងនេះ រួមជាមួយនឹងតម្លាភាពនៃការគ្រប់គ្រងចំណូលពីធនធានធម្មជាតិ បានក្លាយជា ក្តីកង្វល់របស់អង្គការសង្គមស៊ីវិល និងម្ចាស់ជំនួយមួយចំនួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក Jenny Bromley អ្នកនាំពាក្យមួយរូបរបស់អង្គការ Global Witness ទទួលបន្ទុកចំពោះករណីទាក់ ទងនឹងប្រទេសកម្ពុជា មិនអាចទាក់ទងដើម្បីសុំសេចក្ដីអត្ថាធិប្បាយបានទេ ដោយសារទូរស័ព្ទ របស់លោករោទ៍ដោយគ្មានអ្នកទទួល៕