នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ដែលទទួលរងការរិះគន់ពីការក្ដោបក្ដាប់អំណាចយ៉ាងយូរបានព្រមានជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍នេះចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារណាមួយដើម្បីផ្ដួលរំលំរូបលោក។
ថ្លែងនៅក្នុងពិធីសម្ពោធមន្ទីរពេទ្យមួយក្នុងខេត្តកំពង់ចាម លោកប្រមុខរដ្ឋាភិបាលខ្មែរបានលើកពីអ្នកនយោបាយខ្មែរមួយដោយលោកមិនបញ្ចេញឈ្មោះចំៗដោយបង្ហាញថាអ្នកនយោបាយដែលកំពុង ស្នាក់នៅក្រៅប្រទេសនោះ បានប៉ុនប៉ងញុះញង់ឲ្យមានការបះបោររំលំអំណាចរបស់លោកតាមរបៀបការធ្វើរដ្ឋប្រហារនៅប្រទេសទុយនីស៊ី។ លោកហ៊ុន សែន បានប្រកាសទុកជាមុនថា លោកនឹងធ្វើការបង្រ្កាបប្រសិនបើមានការបះបោរនោះ។
«ខ្ញុំសូមផ្តាំទៅអ្នកឯងចង់ឲ្យមានកុបកម្មបែបទុយនីស៊ី។ ខ្ញុំនឹងបិទទ្វារវាយឆ្កែ (បង្ក្រាប) ហើយពេលនេះប្រាប់ឲ្យហើយ កុំលេង។ បើអ្នកឯងប្រមូលគ្នាបានសូមអញ្ជើញមក»។
កាលពីថ្ងៃទី១៣ ខែមករានេះ ប្រជាពលរដ្ឋប្រទេសទុយនីស៊ី ដែលស្ថិតនៅក្នុងទ្វីបអាហ្រ្វិកបានងើបបះបោរបណ្តេញប្រធានាធិបតីរបស់ខ្លួន គឺលោក ហ្ស៊ីន អែល អាប់ឌីន អាលី (Zine El Abdine Ben Ali) ចេញពីតំណែងដោយសារតែវិបត្តិអត់ការងារធ្វើនិងដោយសារតែអំពើពុករលួយ។
លោកហ៊ុន សែន ដែលកាន់កាប់ តំណែងនាយករដ្ឋមន្រ្តីចាប់តាំងពីឆ្នាំ១៩៨៥មក គឺអស់រយៈពេល ២៦ឆ្នាំមកហើយ បានបង្ហាញប្រតិកម្មបែបនេះ ដោយយោងទៅលើការរិះគន់ទៅលើរូបលោកទាក់ទង ទៅនឹងការកាន់អំណាចយ៉ាងយូរនៅក្នុងការផ្សាយមួយរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃច័ន្ទ។
នៅក្នុងការផ្សាយនោះ ដោយមានការប្រៀបធៀបពីស្ថានភាពនៃការងើបឡើងបះបោរនៅក្នុងប្រទេសទុយនីស៊ី ជាមួយនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជាដែលអាចវិវត្តឈានដល់ដំណាក់កាល ដូចគ្នានោះ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលជាគណបក្សជំទាស់មួយនៅក្នុងរដ្ឋសភាថា លោកមិនមានការភ្ញាក់ផ្អើលចំពោះការព្រមានរបស់លោកនាយករដ្ឋមន្រ្តីខ្មែរនោះទេ។
«យើងដឹងគាត់ច្បាស់ហើយ តាំងពីដើមមក។ កាលណានិយាយអ្វីទៅប៉ះពាល់ដល់សម្តេចក៏គាត់តែង តែប្រតិកម្មអញ្ចឹងឯង។ វាគ្មានអ្វីដែលថា យើងទៅធ្វើអ្វីគាត់កើតទេ»។
ដោយឡែកលោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតទៅលើការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុកលើកឡើងថាប្រជាពលរដ្ឋកម្ពុជាមិនទាន់មានភាពក្លាហានគ្រប់គ្រាន់សម្រាប់ឈានដល់ដំណាក់កាលដូចនៅប្រទេសទុយនីស៊ី ដែលគួរឲ្យព្រួយបារម្ភនោះទេ។
«ខ្ញុំគិតថា ប្រជាជនយើងមិនអាចដូចជាប្រទេសទុយនីស៊ី ហើយយ៉ាងដូច្នេះ ខ្ញុំគិតថារដ្ឋាភិបាលមិន គួរភ័យពីរឿងបញ្ហាហ្នឹងទេ»។
ជាមួយគ្នានេះ លោកចាន់ សាវ៉េត ក៏បានលើកឡើងដែរថា ការងើបឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាមិនមែនជាកត្តាគួរឲ្យធ្វេសប្រហែសនោះទេ។ ដូច្នេះរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ទៅលើការបែងចែកការលូតលាស់ផ្នែកសេដ្ឋកិច្ចឲ្យបានស្នើៗគ្នារវាងអ្នកក្រនិងអ្នកមាននិងជំរុញឲ្យមានការយកចិត្តទុកដាក់ជាបន្ថែមទៀតទៅលើការគោរពសិទ្ធិមនុស្ស។
សូមបញ្ជាក់ថា ថ្វីបើលោកហ៊ុន សែន កាន់កាប់តំណែងជានាយករដ្ឋមន្រ្តីរហូតទៅដល់ឆ្នាំ២០១៣គឺមានន័យថា រហូតទៅដល់ចប់អាណត្តិរដ្ឋាភិបាលបច្ចុប្បន្ន។ ពោលគឺតំណែងនាយករដ្ឋមន្រ្តីរបស់លោក និងឈានទៅដល់ឆ្នាំទី២៨។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកបានប្រកាសបេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោកជាថ្មីម្តងទៀតសម្រាប់ការ បោះឆ្នោតនៅពេលខាងមុខនេះ៕