នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ពីទីក្រុងភ្នំពេញឆ្ពោះទៅខេត្តកំពត លោកនាយករដ្ឋមន្ត្រីបានព្រមានជាសាធរណៈថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងអ្នករិះគន់ដែលបានប្រដូចជោគវាសនារបស់គាត់ទៅនឹងលោកកាដាហ្វី។
«កុំលេងកាដាហ្វី ខ្ញុំនឹងធ្វើសកម្មភាព។ អត់ឱនមិនបានទេ ព្រោះនេះគឺជាការប្រមាថអាយុជីវិត។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនធ្វើសកម្មភាពហិង្សាទេ ខ្ញុំនឹងធ្វើសកម្មភាពតាមផ្លូវច្បាប់។ ឲ្យតែចាប់បានការធ្វើសកម្មភាពបែបនេះទៀត ខ្ញុំនឹងធ្វើសកម្មភាព»។
លោក ម៉ូម៉ា កាដាហ្វី មេដឹកនាំផ្តាច់ការនៃប្រទេសលីប៊ី ក្រោយពីបានដឹកនាំប្រទេសអស់រយៈពេលជាង៤២ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយក្រុមបដិវត្តន៍លីប៊ី ហើយសាកសពរបស់លោកត្រូវបានដាក់ជាសាធារណៈមុនពេលយកទៅបញ្ចុះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំ មានប្រសាសន៍ថា នេះគឺជាការប្រមាថដល់អាយុជីវិតរបស់លោក ហើយលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីប្រឆាំងនឹងអ្នកនោះ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បើទោះបីជាលោកមិនបានបញ្ចេញឈ្មោះក៏ដោយ ក៏ត្រូវ បានគេដឹងថា កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅនេះ លោក គង់ គាំ ប្រធានស្តីទីគណបក្សប្រឆាំង បានមានប្រសាសន៍នៅទីស្នាក់ការគណបក្សសម រង្សី ដោយបានធ្វើការប្រដូចចំៗថា វាសនារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលអនាគត នឹងអាចដូចមេដឹកនាំផ្តាច់ការកាដាហ្វី។
លោក គង់ គាំ ប្រធានស្តីទីគណបក្សប្រឆាំងនៅថ្ងៃច័ន្ទនេះ មិនអាចស្នើសុំបំភ្លឺបានទេចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ក៏ប៉ុន្តែលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្សី បានមានប្រសាសន៍ថា វិធានការជាច្រើនដែលលោកហ៊ុន សែន ត្រូវចាត់វិធានការផ្លូវច្បាប់ដូចជា ការកាប់បំផ្លាញព្រៃឈើ ការរឹបអូសដីធ្លីប្រជាពលរដ្ឋដោយខុសច្បាប់ ការប្រព្រឹត្តិអំពើពុករលួយនឹងការជួញដូរថ្នាំញៀនជាដើម ហើយលោកហ៊ុន សែន មិនគួរចាប់
អារម្មណ៍ចំពោះអ្វីដែលមន្ត្រីគណបក្សសម រង្សី បានលើកឡើងទេ។
«យើងរិះគន់ ដើម្បីផ្តល់ន័យស្ថាបនា ដើម្បីកសាងសង្គមជាតិ។ អ្នកណាមានមតិយ៉ាងណា គឺជារឿងរបស់គេ។ ខ្ញុំមិនខ្វល់ខ្វាយ រឿងកាដាហ្វី រឿងមិនកាដាហ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខាងដីធ្លី ខាងអំពើពុករលួយ»។
លោក ធន់ សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បាននិយាយថា ការបញ្ចេញមតិត្រូវគោរពតាមសេរីភាពបញ្ចេញមតិ ហើយយើងមិនត្រូវធ្វើការប្រមាថអាយុជីវិតទេ ជាពិសេសលើថ្នាក់ដឹកនាំ។
លោកបានមានប្រសាសន៍ថា ការដួលរលំនៃរបបមេដឹកនាំប្រទេសមួយមិនមានជោគវាសនាដូចគ្នាទាំងអស់នោះទេ។
«ការស្លាប់នេះ មិនមែនសុទ្ធតែដួលរបបមួយទៅ អ្នកដឹកនាំមានវាសនាដូចលោកកាដាហ្វីនោះទេ។ មិនមែនទេ វាខុសៗគ្នាមិនដូចនៅអារ៉ាប់ទាំងបួន ក៏មែនដួលរលំ សុទ្ធតែត្រូវស្លាប់ដូចលោកកាដាហ្វីទាំងអស់នោះទេ»។
លោកបណ្ឌិត ឡៅ មុងហៃ អ្នកវិភាគឯករាជ្យបានមានប្រសាសន៍ថា ជាបុគ្គល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន យ៉ាចយល់ឃើញថា ជាការប៉ះពាល់ដល់កិត្តិយសរបស់លោក វាអាស្រ័យលើបរិបទអ្នកនិយាយតែប៉ុណ្ណោះ។
«អានេះ ស៊ីសងអ្នកបញ្ចេញមតិនេះ។ បញ្ចេញមតិតិះតៀនត្រង់ៗ របៀបប្រមាថគឺអាហ្នឹង គេអាចចោទទ្រកាន់បាន។ ទៅប្រៀបធៀបបរិបទ និងការគ្រប់គ្រង់រដ្ឋផ្សេងៗ។ អាហ្នឹងគឺជាការបញ្ចេញមតិ ជាការប្រៀបធៀបត្រឹមត្រូវ»។
លោក សុខ សំអឿន នាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បាននិយាយថា តាមផ្លូវច្បាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចប្តឹងបាន ក៏ប៉ុន្តែវាអាស្រ័យលើចៅក្រម វាអាស្រ័យលើចៅក្រម និងព្រះរាជអាជ្ញា ថាតើការបំពេញការងាររបស់ខ្លួន ឯករាជ្យ ឬមិនឯរាជ្យ។
«បើប្តឹង ប្តឹងបទបរិហាកេរ្តិ៍។ បរិហាកេរ្តិ៍ត្រឹមពិន័យហ្នឹង ហើយបើសិនគ្រាន់តែប្រៀបប្រដូចអីញ្ចឹង។ ទស្សនៈដូចជាមិនបរិហាកេរ្ត៍ទេ។ ប៉ុន្តែមិនដឹងដែរ គ្រាន់ច្បាប់វាខុសគ្នា។ គេយល់ឃើញខុសគ្នា»។
ការដួលរលំនៃរបបពិភពគ្រប់គ្រងនៃអារ៉ាប់ បានបង្កឲ្យមេដឹកនាំគណបក្សប្រឆាំង និងមន្ត្រីគណបក្សប្រឆាំងមួយចំនួនវាយប្រហារទៅលើរបបគ្រប់គ្រងកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្រដែងគ្នាទៅនឹងបណ្តាលប្រទេសដែលបានដួលរលំទាំងនោះ។ ក៏ប៉ុន្តែ លោកហ៊ុន សែន បាននិយាយថា កម្ពុជាផ្ទុយស្រឡះ ដោយកម្ពុជា មាននាយករដ្ឋមន្ត្រី បានជ្រើសចេញពីការបោះឆ្នោត៕