លោកនាយកខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ការធ្វើរូបសំណាកលោក ហ៊ុន សែន ដែលខុសពីទំនៀមទម្លាប់ខ្មែរ ខណៈដែលលោកនៅមានជីវិតនៅឡើយ។ ការរិះគន់នេះ បានធ្វើឱ្យរូបសំណាកនេះត្រូវបានដកចេញនិងមានការសុំអភ័យទោសជាសាធារណៈចំពោះលោកនាយករដ្ឋមន្ត្រី។
លោកជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
ទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដករូបសំណាកលោកនាយករដ្ឋមន្ត្រីចេញពីក្នុងបរិវេណនៃស្ថាប័ន ប្រឆាំងអំពើពុករលួយនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីនាយកខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកសាងរូបសំណាកលោក ហ៊ុន សែន ដើម្បីដាក់តាំងក្នុងបរិវេណនៃស្ថាប័នប្រឆាំងអំពើពុករលួយសម្រាប់ ទុកជាការដឹងគុណការគោរព និងការស្រឡាញ់ដ៏ជ្រៀលជ្រៅបំផុតចំពោះលោក។
លោក ហូ សិទ្ធី នាយកខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងសេចក្តី ថ្លែងការណ៍ថា ការធ្វើបែបនេះគឺជាការខុសនឹងទំនៀមទម្លាប់នៃប្រទេសជាតិយើង ដែលហាមមិនឱ្យធ្វើរូបសំណាក ឬក៏ឆ្លាក់រូបរបស់មនុស្សដែលកំពុងនៅមានជីវិតនៅឡើយ។
លោក មៀច ប៉ុណ្ណ ទីប្រឹក្សាផ្នែកជំនុំទំនៀមទម្លាប់ខ្មែរនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានថ្លែងថា ក្រោយពីវីរៈជនល្បីៗដែលមានគុណប្រយោជន៍ចំពោះជាតិ បានស្លាប់ទៅ ទើបគេធ្វើរូបសំណាកទុកជាការគោរព និងការដឹងគុណ ដូចជា រូបសម្តេចព្រះសង្ឃរាជ ជួន ណាត លោកតាក្រម ង៉ុយ និង លោកយាយពេញ ជាដើម។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា លោកបានដករូបសំណាកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីបរិវេណនៃស្ថាប័នប្រឆាំងអំពើពុករលួយហើយ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន បានធ្វើការសុំទោសជាសាធារណៈ ចំពោះការធ្វើរូបសំណាក សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។
លោក ឱម យ៉ិនទៀង បានបញ្ជាក់នៅក្នុងលិខិតសុំទោសជាសាធារណៈថា ខ្ញុំបាទសូមធ្វើការសុំទោសជាសាធារណៈ ហើយសូមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មេត្តាអភ័យទោសដល់រូបខ្ញុំបាទដោយអនុគ្រោះ។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ការកសាងរូបសំណាកនេះ មិនបានឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹងទេ ដោយឯកចិត្តតាមតែទឹកចិត្ត និងមនោសញ្ចេតនាផ្ទាល់ខ្លួនរបស់លោក ដែលដឹងគុណគោរព និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះលោកហ៊ុន សែន។
លោក ហូ សិទ្ធី នាយកខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នរដ្ឋ និងសាធារណៈទាំងអស់ សូមបញ្ឈប់នូវការដាក់តាំង ឬក៏ដាក់លក់នូវរូបសំណាកទាំងអស់ ហើយនិងបញ្ឈប់ការឆ្លាក់ ឬចាក់ពុម្ពរូបសំណាកថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនេះ ចាប់ពីពេលនេះតទៅ៕