នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្ដីកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមថា រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃនឹងជួយស្ដារទំនាក់ទំនងទ្វេភាគីឲ្យបានល្អប្រសើរឡើងវិញ។ អ្នកវិភាគកម្ពុជាក៏យល់ស្របលើទស្សនៈនេះដែរ។
លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជារំពឹងថា ប្រទេសកម្ពុជានិងប្រទេសថៃនឹងអាចឈានទៅរកការដោះស្រាយបញ្ហាទ្វេភាគីដោយសន្ដិវិធី បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ថៃត្រូវបានបង្កើតឡើង។
ប្រទេសទាំងពីរបានធ្លាក់ក្នុងជម្លោះប្រដាប់អាវុធនៅតាមខ្សែក្រវ៉ាត់ព្រំដែន ចាប់តាំងពីខែកក្កដាឆ្នាំ ២០០៨មកម្ល៉េះ។ មានការប្រយុទ្ធគ្នាយ៉ាងហិង្សាជាច្រើនលើក ហើយបានបង្កឲ្យមានការស្លាប់និងរបួសទាំងសងខាង។ ប្រជាជនស៊ីវិលជាច្រើនម៉ឺននាក់បានទទួលរងផលប៉ះពាល់។
សុទិដ្ឋិនិយមរបស់លោកប្រមុខរដ្ឋាភិបាលខ្មែរធ្វើឡើងក្នុងពិធីសម្ពោធការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាលនៅថ្ងៃពុធនេះ។
«យើងសង្ឃឹមយ៉ាងមុតមាំថា គ្រប់បញ្ហានឹងត្រូវបានដោះស្រាយដោយសន្ដិវិធី។ យើងឈានឆ្ពោះទៅរកសករាជថ្មីនៃសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ»។
សេចក្ដីថ្លែងការណ៍នេះត្រូវគេមើលឃើញថា គឺជាសារឆ្លើយឆ្លងគ្នាដោយប្រយោលរវាងមេដឹកនាំប្រទេសដើម្បីស្វែងរកការដោះស្រាយភាពតានតឹងនៅឡើយ។
កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ប្រទេសថៃបានឲ្យដឹងថា អនាគតនាយករដ្ឋមន្ដ្រីថៃក្នុងរយៈពេលដ៏ខ្លីបំផុតនេះគឺលោកស្រី Yingluck Shinawatra បានប្រកាសថា ការស្ដារទំនាក់ទំនងជាមួយប្រទេសកម្ពុជាឡើងវិញគឺជាអាទិភាពចម្បង រួមទាំងការស្ដារទំនាក់ទំនងជាមួយប្រទេសជិតខាងដទៃទៀត។
ប្រទេសថៃបានធ្វើការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។
លោកស្រី Yingluck Shinawatra មេដឹក នាំគណបក្សភឿថៃ និងជាប្អូនស្រីបង្កើតរបស់លោកThaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវទម្លាក់ដោយរដ្ឋប្រហារយោធានោះ បានឈ្នះឆ្នោតយ៉ាងលើសលុប។ លោកស្រីនឹងក្លាយជាស្ដ្រីថៃទីមួយដែលបានឡើងកាន់តំណែងនាយករដ្ឋមន្ដ្រី។ លោក Thaksin Shinawatra ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន។ ហើយការតែងតាំងនេះបានបង្កឲ្យមានអរិភាពការទូតរវាងក្រុងភ្នំពេញ និងក្រុងបាងកក។
លោកហ៊ុន សែនសង្ឃឹមថា រដ្ឋាភិបាលរបស់លោកស្រី Yingluck នឹងមិនគ្រាន់តែជាដៃគូសហប្រតិបត្តិការជាមួយកម្ពុជាតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែរដ្ឋាភិបាលថ្មីនេះក៏នឹងក្លាយជាដៃគូសហការល្អជាមួយនឹងប្រទេសក្នុងតំបន់និងក្នុងសមាគមអាស៊ានផងដែរ។
កាលពីថ្ងៃច័ន្ទ លោកហោណាំ ហុង ប្រមុខការទូតខ្មែរបានថ្លែងអបអរសាទរជ័យជម្នះរបស់លោកស្រីYingluck ហើយក៏បានផ្ដោតក្ដីសង្ឃឹមដែរថា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនឹងត្រូវដោះស្រាយ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា កម្ពុជានិងថៃអាចនឹងទទួលបានភាពសុខដុមជាមួយគ្នាតាមរយៈរដ្ឋាភិបាលថ្មីរបស់លោកស្រី Yingluck ដោយសារតែការដឹកនាំថ្មី ចំណងមិត្តភាពល្អបន្សល់ទុកពីលោក Thaksin និងដោយសារការគិតគូរពីបញ្ហាសេដ្ឋកិច្ច។
«ទីមួយគឺមនុស្សថ្មី គណបក្សថ្មី គំនិតថ្មី ជំហថ្មី។ តាមរយៈទំនាក់ទំនងមិត្តភាពរវាងអតីតនាយករដ្ឋមន្ដ្រី Thaksin និងសម្តេចនាយករដ្ឋមន្ដ្រីខ្មែរយើងនេះជាកត្តាមួយទៀតជួយជំរុញឲ្យមានការស្រុះស្រួលគ្នា។ ទីបី គឺទាំងសងខាងខ្មែរក្តី ថៃក្ដី ដូចជាមិនបានចំណេញពីជម្លោះហ្នឹងទេ»។
លោកឡៅ ម៉ុងហៃ លើកឡើងថា អតីតរាជរដ្ឋាភិបាលចាស់របស់លោកអាប់ភីស៊ីតមានជំហររឹងត្អឹងខ្លាំងនិងមាននិន្នាការឈ្លានពាននិងវាយលុកបែបយោធា ដែលធ្វើឲ្យខូចខាតដល់ទំនាក់ទំនងទ្វេភាគី។
គណបក្សជំទាស់សម រង្ស៊ី កាលពីថ្ងៃច័ន្ទ ក៏បានចេញសេចក្តីថ្លែងការណ៍សម្តែងការគាំទ្រនិងលើកទឹកចិត្តដល់រដ្ឋាភិបាលថ្មីរបស់ថៃផងដែរ៕