ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជានៅថ្ងៃពុធនេះឱ្យលោកនាយឧត្តមសេនីយ៍នេត សាវឿនអគ្គស្នងការប៉ូលីសជាតិតាមរកក្មួយប្រុសរបស់លោកដែលបានចុះចេញពីផ្ទះទៅនៅ សណ្ឋាគារជាមួយស្រីស្នេហ៍និងមានការសង្ស័យថាអាចជាប់ពាក់ព័ន្ធជាមួយពួកជួញដូរ គ្រឿងញៀន។
ការចេញបញ្ជានេះធ្វើឡើងខណៈដែលអាជ្ញាធរប៉ូលីសបានចាប់ជនសង្ស័យជួញដូរគ្រឿងញៀននិងរឹបអូសបានថ្នាំញៀនប្រមាណ៧លានគ្រាប់នៅទីក្រុងភ្នំពេញក្នុងសប្តាហ៍នេះ។
លោកហ៊ុន ជា ជាកូនប្រុសរបស់លោកហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធស្ពានអាកាសនៅក្នុងទីក្រុងភ្នំពេញថា លោកហ៊ុន ជា បានចុះចោលប្រពន្ធនិងកូនស្រីពីរនាក់ទៅនៅសណ្ឋាគារជាមួយស្រីស្នេហ៍ថ្មីហើយ លោកហ៊ុន ជា អាចមានបក្សពួកជាអ្នកជួញគ្រឿងញៀនទៀតផង។
«ខ្ញុំសូមអំពាវនាវចំពោះលោកក្មួយហ៊ុន ជាសូមអញ្ជើញចូលផ្ទះ។ ឥឡូវនេះតាមការស៊ើបដឹងវាបានចុះចេញពីផ្ទះទៅនៅសណ្ឋាគារជាមួយស្រីម្នាក់ហើយវាអាចមានបក្សពួកគ្រឿងញៀនទៀតផង។ លោកឧត្តមសេនីយ៍នេត សាវឿន ក្នុងឋានៈជាបងជីដូនមួយត្រូវតាមរកលោកហ៊ុន ជាឱ្យឃើញ។ បើក្មួយហ៊ុន ជា បានឮដំណឹងហើយក្មួយត្រូវត្រឡប់មកផ្ទះឱ្យលឿន។ ឪពុកមាមិនអាចអត់ឱនឱ្យបានទេ។ ម្តាយឪពុកខ្លួនឯងឈឺនិងម្តាយក្មេកឈឺ។ ប្រពន្ធដេកយំនៅផ្ទះជាមួយកូនពីរនាក់ខ្លួនឯងទៅជាមួយស្រីក្មេងបាត់ទៅ»។
លោក នេត សាវឿន គឺជាក្មួយប្រសាររបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ហ៊ុន សែន បានបញ្ជាក់ថាឥឡូវនេះលោក នេត សាវឿន ទទួលខុសត្រូវចំពោះការនាំយកប្អូនចូលផ្ទះនិងជួបជុំប្រពន្ធកូនវិញ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវដល់ម្ចាស់សណ្ឋាគារដែលមានលោកហ៊ុន ជា ស្នាក់ នៅ ត្រូវបណ្តេញលោកហ៊ុន ជា ចេញពីសណ្ឋាគារ។
ប៉ូលីសប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញ រួមសហការជាមួយប៉ូលីសប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានចាប់ខ្លួនមនុស្ស៧នាក់ និងរឹបអូសបានថ្នាំគ្រាប់ប្រភេទអែហ្វហ្វេទ្រីន ប្រមាណ៧.០០០.០០០គ្រាប់ នៅខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខនៅថ្ងៃពុធដែលជាសារធាតុផ្សំគ្រឿងញៀនសម្រាប់ផលិតគ្រឿង ញៀនប្រភេទមេតំហ្វេតាមីនប្រភេទទឹកកកឬគ្រីស្តាល់ (ICE ឬ Crystal)។
លោកគៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការប៉ូលីសជាតិ បានថ្លែងថាករណីនេះគឺជាករណីគ្រោះថ្នាក់ បំផុតនិងជាករណីដ៏ធំទីពីរនៅក្នុងឆ្នាំ២០១០ បន្ទាប់ពីការចាប់បានថ្នាំញៀនជិត១៣.០០០.០០០គ្រាប់ នៅក្រុងប៉ោយប៉ែតក្នុងខែសីហា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានថាគ្មានការយោគយល់ចំពោះក្រុមគ្រួសាររបស់លោក ដែលប្រព្រឹត្តខុសច្បាប់ទេបើពួកគេពាក់ព័ន្ធជាមួយនឹងការជួញដូរគ្រឿងញៀន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថាយើងត្រូវវាយកម្ទេចឫសគល់នៃគ្រឿងញៀនបង្ក្រាបពួកពាក់ព័ន្ធជាមួយគ្រឿងញៀននិងត្រូវរកឱ្យឃើញក្រុមប៉ូលីសដែលធ្វើការជួញដូរគ្រឿងញៀន៕