ប្រទេសកម្ពុជាបានប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឲ្យមានការធ្វើអន្ដរាគមន៍ណាមួយដើម្បីធ្វើការដោះលែងជនជាតិថៃដែលត្រូវចាប់ខ្លួនកាលពីចុងខែមុននោះទេ។ កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ដ្រីថៃបានប្រកាសថា លោកនឹងស្វែងរកលទ្ធភាពក្នុងការបញ្ជូនពលរដ្ឋរបស់ខ្លួនមកកាន់ប្រទេសថៃវិញ។
លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែនបានព្រមានជាថ្មីម្ដងទៀតនៅថ្ងៃច័ន្ទនេះថា លោកនឹងមិនធ្វើការដោះលែងជនជាតិថៃដែលកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ននោះទេ បើទោះជាមានអន្ដរាគមន៍បែបណាក៏ដោយ រាប់ទាំងអន្ដរាគមន៍ពីអង្គការសហប្រជាជាតិផង។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ដ្រីខ្មែរបានរំឭកឡើងវិញថា នេះគឺជាសំណុំរឿងរបស់តុលាការ។
«ខ្ញុំគ្រាន់តែបញ្ជាក់ខ្លីថា នេះជាសមត្ថកិច្ចតុលាការ គ្មានអ្នកណាម្នាក់អាចលូកដៃបានទេ។ រដ្ឋាភិបាលមិនអាចបង្គាប់បញ្ជាសម្រួលគ្នាជានយោបាយ ដើម្បីបង្គាប់តុលាការ គឺអត់។ សូមប្រាប់ទៅចុះ អន្ដរាគមន៍មកពីជ្រុងណាក៏អត់បានដែរ មកពីអង្គការសហប្រជាជាតិក៏អត់បានដែរ»។
ការព្រមានរបស់លោកហ៊ុន សែនធ្វើឡើងស្របពេលដែលតុលាការក្រុងភ្នំពេញបានចោទប្រកាន់បន្ថែមលើជនជាប់ចោទចំនួនពីរនាក់ក្នុងចំណោមជនជាតិថៃទាំងប្រាំពីរនាក់ដែលត្រូវចាប់ខ្លួន នៅរសៀលថ្ងៃនេះ។ ជនទាំងពីរនាក់នោះ គឺលោកវីរ៉ា សុំខ្វាមគិត (Veera Somkwamkit) សហមេដឹកនាំបណ្ដាញជនស្នេហាជាតិថៃ និងសហការីរបស់គាត់ម្នាក់ទៀតត្រូវចោទពីបទដែលអាចធ្វើឲ្យប៉ះពាល់ដល់ការការពារជាតិរបស់ប្រទេសកម្ពុជា តាមមាត្រា២៤ និងមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌ នេះបើតាមការបញ្ជាក់របស់លោកសុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ។
«ខ្ញុំចោទបន្ថែមពីបទប៉ុនប៉ងប្រមូលផ្ដុំព័ត៌មានដែលអាចធ្វើឲ្យអន្ដរាយដល់ការការពារជាតិ»។
ទាហានកងវរៈការពារព្រំដែនលេខ៥០៣របស់ប្រទេសកម្ពុជាបានចាប់ខ្លួនជនជាតិថៃទាំង៧នាក់នេះកាលពីថ្ងៃទី២៩ ខែធ្នូ នៅពេលដែលពួកគេបានចូលមកកាន់ស្រុកអូរជ្រៅនៅក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនជាមួយខេត្តស្រះកែវ ប្រទេសថៃ។ អ្នកទាំងនោះដឹកនាំដោយលោកប៉ានីច វីគិត ស្រេត (Panich Vikitsreth) តំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ ដែលមានតួនាទីនៅក្នុងគណៈកម្មការមួយរបស់រដ្ឋាភិបាល ទទួលបន្ទុកដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា។
លោកកួយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា ក្រុមគ្រួសារជនជាប់សង្ស័យ រួមជាមួយមន្ដ្រីស្ថានទូតថៃប្រចាំក្រុងភ្នំពេញ ត្រូវបានអនុញ្ញាត្តឲ្យចូលជួបសាច់ញ្ញាតិរបស់ពួកគេក្នុងមន្ទីរឃុំឃាំងកាលពីព្រឹកមិញនេះ។
យោងតាមកាសែតថៃ The Nation នៅថ្ងៃនេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ដ្រីថៃអាភីស៊ីប វិចាជីវ៉ាបាននិយាយកាលពីថ្ងៃអាទិត្យថា លោកចង់ស្វែងរកការធ្វើមាតុភូមិនិវត្តន៍នៃជនជាតិរបស់ខ្លួនទាំងប្រាំពីរនាក់មកវិញ។ ប៉ុន្ដែលោកមិនបានបង្ហាញពីគម្រោងការច្បាស់លាស់ណាមួយទេ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៍ថា លោកមិនទាន់ទទួលបានសញ្ញាពីការរៀបចំចរចាណាមួយរវាងប្រទេសទាំងពីរក្នុងការដោះស្រាយវិបត្តិនៃការចាប់តំណាងរាស្ដ្រថៃនោះទេ។
លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែនបានសង្កត់បន្ថែមកាលពីព្រឹកម៉ិញថា ការស្វែងរកការដោះសា្រយណាមួយមិនគួរត្រូវធ្វើឲ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរនោះឡើយ៕