ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​៤​នាក់​ត្រូវ​​លោក ​ហ៊ុន សែន ​ផ្លាស់​ប្តូរ​ ក្នុង​នោះ​មាន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ផង​ដែរ


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)

រដ្ឋមន្រ្តី​ចំនួន​៤​នាក់ ​ក្នុង​នោះ​មាន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ផង​ដែរ ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ស្នើ​ផ្លាស់​ប្តូរ​ ដែល​រដ្ឋសភា​បានអនុម័ត​យល់​ស្រប​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៧ ​ខែមីនា ​ដាក់​ទៅ​រដ្ឋសភា ​រដ្ឋមន្រ្តី​ទាំង​៤​នាក់ ​ដែល​ត្រូវ​ដោះដូរ​នោះ​ មាន​ លោក អង្គ វង្ស​វឌ្ឍានា​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក ត្រាំ អ៊ីវតឹក ​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ លោក ពេជ្រ ប៊ុនធិន​ រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ ​និង​លោក ហ៊ឹម ឆែម ​រដ្ឋមន្រ្តី​ក្រសួង​ធម្មការ​ និង​សាសនា។​ ទោះ​ត្រូវ​រុះរើ​ពី​តំណែង​រដ្ឋមន្រ្តី​ប្រចាំ​ក្រសួង​ ​ ពួក​គេ​ទាំង​៤​នាក់​ត្រូវ​បាន​តែង​តាំង​ជា​ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស។​

បើ​តាម​លិខិត​នោះ ​ លោក​ អង្គ វង្សវឌ្ឍានា​ ត្រូវ​បាន​ដាក់​ជំនួស​ដោយ ​លោក កើត រិទ្ធ។ ​លោក ​ត្រាំ អ៊ីវតឹក ​ត្រូវ​ជំនួស​ដោយ​លោក​ ជា វ៉ាន់ដេត ​ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្រ្ត​ខេត្ត​តាកែវ។ ​លោក​ ពេជ្រ ប៊ុនធិន ​ត្រូវ​ជំនួស​ដោយ​លោក​ ព្រុំ សុខា ​ដែល​ជា​រដ្ឋលេខាធិការប្រចាំ​ការ​នៃ​ក្រសួង​មុខងារ​សាធារណៈ។ ​ចំណែកលោក ​ហ៊ឹម ឆែម​ ត្រូវ​ជំនួស​ដោយ​លោក ​ឈិត សុខុន ​ដែល​ជា​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ ​និង​បច្ចុប្បន្ន​ជា​រដ្ឋ​លេខាធិការ​ទីស្តីគណៈ​រដ្ឋមន្រ្តី។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​វិមាន​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ លោក ​ហ៊ុន សែន ​បញ្ជាក់​ថា នេះ​ជា​ការ​ដោះ​ដូរ ​ដើម្បី​តម្រូវ​ការ​ចាំបាច់ ​និង​ធានា​ប្រសិទ្ធ​ភាព​ការងារ ​ដោយ​សារ​ពួក​គេ​មាន​វ័យ​ចំណាស់ ​ហើយ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​វិស័យ​យុត្តិធម៌​ និង​មុខងារ​សាធារណៈ។​ លោក​បញ្ជាក់​ថា​ កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​ឌីជីថល​ ដូច្នេះ​តម្រូវ​ឲ្យ​រដ្ឋមន្រ្តី«​រហ័ស​រហួស ​និង​គំនិត​ផ្តួច​ផ្តើម ​[និង​បំពេញការងារ]​ឲ្យ​ទាន់​ពេល​វេលា»។​

លោក ​ព្រាប កុល ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​មាន​ប្រសាសន៍​ថា ​កន្លង​ទៅ ​ពលរដ្ឋ​កម្ពុជា​បាន​បាត់​បង់​ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ​ដែល​ក្នុង​នោះ​មាន​ទំនាស់​ដី​ធ្លី ​អំពើ​ពុក​រលួយ ​និង​អំពើ​អយុត្តិធម៌​សង្គម​ជាដើម។ ​លោក​បន្ត​ថា​ ក្រសួង​យុត្តិធម៌​ចាំ​បាច់​ត្រូវ​មាន​ថ្នាក់​ដឹកនាំ​ថ្មី​ ដែល​លោក​រំពឹង​តាំង​ពី​៦​ឆ្នាំ​មុន។ ​ លោក​ថា​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក​ ម៉ម ប៊ុន​ហេង​ ក៏​គួរ​ត្រូវ​បាន​ផ្លាស់​ប្តូរផង​ដែរ។

អតីត​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ូ ចន្ទរ័ត្ន ​បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ផ្លាស់​ប្តូររដ្ឋមន្រ្តី«ជា​រឿង​ធម្មតានិង​ល្អ» ​តែ​លោក​ចោទ​សំណួរ​អំពី​ប្រសិទ្ធ​ភាព​ការងារ ​នៅ​ពេល​មាន​ការ​ផ្លាស់​ប្តូរ។​

លោក​បានថ្លែង​ថា៖​ «កន្លង​មក​យើង​ក៏​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ដែរ ​ប៉ុន្តែ​ប្រសិទ្ធ​ភាព​ការងារ​ យើង​មិន​ឃើញ​សូវ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ខ្ញុំ​សង្កេត​ឃើញ​អ៊ីចឹង»។​

លោក​បន្ត​ថា ​គួរ​តែ​មាន​ការ​ផ្តល់​ឱកាស​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​បាន​ច្រើន ដោយ​សារ​ចាស់ៗ​បាន​បំពេញ​ការងារ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ដូច្នេះ​គួរ​តែ​ផ្តល់​ឱកាស​ដល់​អ្នក​ជំនាន់​ក្រោយៗ​ទៀត​ ដែល​មាន​សក្តា​នុពល​ មាន​សមត្ថភាព​ខ្ពស់​ ហើយ​អាច​នឹង​មាន​ការ​យល់​ដឹង​ច្រើន​ ហើយភាព​ស្អាត​ស្អំ​អី សីលធម៌​អី ​អាច​នឹង​មាន​អ្នក​ពូកែ​ជាង ​និង​យល់ដឹង​ច្រើន»៕

XS
SM
MD
LG