ភ្នំពេញ៖ ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរ បានបញ្ចេញប្រតិកម្មខ្លាំងៗចំពោះលិខិតរបស់នាយករដ្ឋមន្ត្រីថៃផ្ញើទៅអង្គការសហប្រជាជាតិដែលបានលើកឡើងថា កម្ពុជាជាអ្នកឈ្លានពានដែនដីរបស់ថៃ។ ប្រមុខរដ្ឋាភិបាលខ្មែរបានហៅការលើកឡើងបែបនេះថា រឿងគួរឲ្យអស់សំណើច។
នាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុន សែន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីថៃ Abhisit Vejjajiva ដែលថា កម្ពុជាបានទន្ទ្រានចូលដែនដីរបស់ថៃនោះ គឺជារឿងគួរឲ្យអស់សំណើច។
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាបានថ្លែងបែបនេះ នៅក្នុងពិធីបិទកិច្ចប្រជុំមួយក្នុងទីក្រុងភ្នំពេញស្តីពីវិធានការការពារតំបន់ជុំវិញបឹងទន្លេសាប។
«គេនិយាយថា កម្ពុជាឈ្លានពានថៃ។ វាជារឿងគួរឲ្យសំណើចខ្លាំងណាស់។ នរណាឈ្លានពាននរណា? នរណាបានលើកកងទ័ពចូលមកក្នុងថ្ងៃ១៥ កក្កដា ឆ្នាំ២០០៨ ហើយឥឡូវនៅសល់១០នាក់។ ម៉េចមិននិយាយផង? អាកងទ័ពដែលចុះមកឈ្លានពានទឹកដីគេ មិននិយាយផង»។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ លោក Abhisit Vejjajiva បានសរសេរលិខិតពីរច្បាប់កាលពីថ្ងៃអង្គារ ទី១០ ខែសីហានេះ ផ្ញើទៅមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបបំភ្លឺចំពោះលិខិតរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានលើកឡើងដោយផ្អែកតាមបណ្តាញសារព័ត៌មានថៃថា ប្រទេសថៃបានគំរាមប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជានោះ។
នៅថ្ងៃនេះ លោកហ៊ុន សែនបានថ្លែងថា ការគំរាមប្រើប្រាស់កម្លាំងយោធាជាមួយកម្ពុជានេះ ជាការប្រមាថដ៏ធំដល់ប្រជាជនកម្ពុជា ដោយសារកន្លងមក មិនធ្លាប់មាននាយករដ្ឋមន្រ្តីថៃណាម្នាក់ហ៊ាននិយាយបែបនេះទេ។
«តាំងពីសម័យដើមរហូតមកដល់ពេលនេះ មិនទាន់មាននាយករដ្ឋមន្ត្រីណាម្នាក់ហ៊ាននិយាយថា ប្រើកម្លាំងយោធា ប្រើកម្លាំងទាហានជាមួយកម្ពុជាទេ គឺមានតែមួយគត់ គឺឯកឧត្តម Abhisit Vejjajiva។ ជាការប្រមាថដ៏ធំ មិនមែនចំពោះតែជាតិសាសន៍កម្ពុជាទេ ក៏ប៉ុន្តែទៅលើធម្មនុញ្ញសហប្រជាជាតិ»។
លោក Abhisit Vejjajiva បានសរសេរនៅក្នុងលិខិតរបស់លោកថា បញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ កើតឡើងដោយសារការចូលទន្ទ្រានរបស់កម្ពុជាទៅលើដែនដីរបស់ថៃ។
លោក Abhisit ក៏បាននិយាយថា លោកនាយករដ្ឋមន្រ្តីកម្ពុជាដកស្រង់សម្តីរបស់លោកតាមបណ្ដាញព័ត៌មានរបស់ថៃនោះ គឺជាជាការស្រង់សម្តីរបស់លោកមិនបានត្រឹមត្រូវ យល់ច្រឡំនិងខុសបរិបទ។
ប៉ុន្តែលោកហ៊ុន សែន នៅថ្ងៃនេះ នៅតែចាត់ទុកថា ការដែលលោក Abhisit Vejjajiva មិនទទួលស្គាល់សម្តីរបស់ខ្លួននោះគឺជាការទម្លាក់កំហុសទៅលើបណ្ដាញព័ត៌មានរបស់ថៃ ដូចដែលរដ្ឋមន្រ្តីការបរទេសថៃ កាស៊ីតភារម្យាបានធ្វើកន្លងមក។
មន្រ្តីស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយណាមួយបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
ចំណែកលោក Panitan Watanayakorn អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលោកមានប្រសាសន៍ប្រាប់VOA ពីទីក្រុងបាងកកថា លោកកំពុងជាប់ប្រជុំ។
តែទោះយ៉ាងណាក៏ដោយ លោកហ៊ុន សែនចង់ឲ្យមានការចូលរួមពីសំណាក់អង្គការសហប្រជាជាតិ ឬពីសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ដែលហៅកាត់ថា អាស៊ាន ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដែលអូសបន្លាយពេលអស់ជាង ២ឆ្នាំកន្លងមកនេះ ហើយដែលបានបណ្តាលឲ្យទាហាននៃភាគីទាំងសងខាងស្លាប់និងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធ ជាច្រើនលើកច្រើនសារមកហើយនោះ៕