ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន​ សែន​គាំទ្រ​សាលក្រម​កាត់​ទោសឌុច


ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​បាន​ប្រកាស​ថា​ ​រាជ​រដ្ឋា​ភិបាល​គោរព​ការ​សម្រេច​របស់​តុលាការ​ពិសេស​ខ្មែរ​ក្រហម​ ​ ពី​ព្រោះតុលាការ​ឯករាជ្យ​ ​ហើយ​រាជ​រដ្ឋា​ភិបាល​ត្រូវ​គោរព​ភាព​ឯករាជ្យ​របស់​តុលាការ។​ ​ប៉ុន្តែក្រុម​អ្នក​សង្កេត​ការណ៍ ​និង​ជន​រង​គ្រោះ​បាន​សង្ស័យ​ថា​ ​សេចក្តី​សម្រេច​របស់​សាលាក្តី​ខ្មែរ​ក្រហម​នេះ​ទំនង​ជា​មិន​ឯករាជ្យ​ និង​មាន​ការ​ជ្រៀត​ជ្រែក​ពី​ឥទ្ធិ​ពល​នយោបាយ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​កោត​សរសើរ​ដល់​ការកាត់​ទោស​របស់​សាលាក្តី​ខ្មែរ​ក្រហម​ប្រឆាំង​នឹង​ឌុច​ ​អតីត​ប្រធាន​គុក​ទួលស្លែង។ ការ​កោត​សរសើរ​នេះ​ធ្វើ​ឡើង​ ​ជា​សាធារណៈ​លើក​ទី​មួយ ចាប់​តាំង​ពី​សេចក្តី​សម្រេច​របស់​សាលាក្តី​នេះ​ចេញ ​កាល​ពី​ថ្ងៃ​ទី​២៦​ ​ខែ​កក្កដា។

កាំង ហ្គេកអ៊ាវ ​ហៅ​ឌុច​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៩​ឆ្នាំ​ ​កាល​ពី​ខែ​មុន​ ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ការ​ធ្វើ​ទារុណ​កម្ម​ និង​ការសម្លាប់​នៅ​ក្នុង​តួនាទី​ជា​ប្រធាន​មន្ទីរ​ស-២១​ ហៅ​ថា​គុក​ទួលស្លែង​ ​ជា​កន្លែង​ដែល​មនុស្ស​ជាង​១២​០០០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម ​និង​សម្លាប់។ ​ប៉ុន្តែ​ក្រុម​ជនរងគ្រោះ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​កាត់​ទោស​បន្ធូរ​បន្ថយ​បែប​នេះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ថា​ ​តុលាការ​បាន​ធ្វើ​ការ​សម្រេច​ដោយ​ឯករាជ្យពី​ឥទ្ធិ​ពល​នយោបាយ។

«រាជ​រដ្ឋា​ភិបាល​គោរព​ការសម្រេច​របស់​តុលាការ​ ​ពី​ព្រោះ​តុលាការ​ឯករាជ្យ។​ យើង​គោរព​ភាព​ឯករាជ្យ​របស់តុលាការ។​ អញ្ចឹង​តុលាការ​កាត់​(ទោស​ឌុច​ ​អតីត​ប្រធាន​គុក​ស-២១)ប៉ុណ្ណា​ វា​ជា​រឿង​របស់​តុលាការ ដែលរាជ​រដ្ឋា​ភិបាល​គោរព។​ កន្លង​ទៅ​គេ​មិន​ដែលឃើញ​នាយក​រដ្ឋមន្ត្រី​និយាយ​ផង ​ស្រាល​ ឬ​ ធ្ងន់​ទេ។​ អញ្ចឹង​ខ្ញុំ​សូម​ជម្រាប​ខ្លី​ថា​ ​រឿង​សាល​ក្រម​កាត់​ទោស​ឌុច​នេះ​ ​ខ្ញុំ​គោរពសាល​ក្រម​របស់​តុលាការ។ ​ការ​សម្រេច​របស់​តុលាការ​អាស្រ័យ​ទៅ​លើ​តុលាការ។​ រាជ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ជ្រៀត​ជ្រែក​ ឬ​ដាក់​ការ​បង្ខំ​ណា​មួយ​ទៅ​លើ​តុលាការ​ទេ»។

លោក​ឡុង បញ្ញា​វុធ​ មន្ត្រី​កម្ម​វិធី​នៃ​អង្គការ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​ (Cambodian​ Justice ​Initiative) ​បាន​ថ្លែង​ថា​ ​យើង​រីក​រាយ​ជាមួយ​នឹង​ការគាំទ្រ​របស់​រាជ​រដ្ឋា​ភិបាល​លើ​ដំណើរ​ការ​ឯករាជ្យភាព​របស់​សាលាក្តី​ខ្មែរ​ក្រហម។​ ការគាំទ្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ​នឹង​ធ្វើ​ឱ្យ​សាលាក្តី​នេះ​ធានា​បាន​នូវ​ឯក​រាជ្យភាព​ ​ហើយ​សាលាក្តី​ត្រូវ​បង្ហាញ​ថា​ ​ខ្លួន​បាន​បំពេញ​ការងារ​ដោយ​ឯករាជ្យ។

«សាលាក្តី​កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ឯករាជ្យ​ភាព​ និង​បញ្ហា​កង្វះ​ឯករាជ្យ​ភាព​ទាក់​ទង​នឹង​ការ​កោះ​ហៅ​សាក្សី និង​ការ​រីក​ចម្រើន​លើ​សំណុំ​រឿង​លេខ​០០៣ ​និង​លេខ​០០៤​ ​ហើយ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​ចាប់​ជន​សង្ស័យ​បន្ថែម»។

លោក​ឡាត់ ​គី​ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​សាលាក្តី​ខ្មែរក្រហម​របស់​សមាគម​សិទ្ធិ​មនុស្ស​ (Adhoc)​បាន​ថ្លែង​ថា​ ​វា​ជា​សញ្ញា​វិជ្ជមាន​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ពី​ឯករាជ្យ​ភាព​របស់​សាលាក្តី​ខ្មែរក្រហម​ ​ខណៈ​ដែលតុលាការ​ និង​រដ្ឋា​ភិបាល​ហាក់​បី​ដូច​ជា​មិន​បាន​បង្ហាញ​ពី​ភាព​ឯករាជ្យ​តាម​វិជ្ជាជីវៈ​របស់​តុលាការ​ទេ​ និង​ហាក់បី​ដូច​ជា​មាន​ការ​ជ្រៀត​ជ្រែក​ ឬ​អន្តរាគមន៍​ ដោយសារតែ​រដ្ឋា​ភិបាល​មាន​កង្វល់​ពី​បញ្ហា​សន្តិភាព។

«​សម្រាប់​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ ​ខ្ញុំ​យល់​ឃើញ​ថា​ ​តុលាការ​ដើរ​តួនាទី​ឯករាជ្យ​ ​ប៉ុន្តែ​ការ​បំពេញ​បេសក​កម្ម​នៅ​ក្នុងកាលៈ​ទេសៈ​បច្ចុប្បន្ន​នេះ​ ហាក់​បី​ដូច​ជា​រួញ​រា​ចំពោះ​ធ្វើការ​ឱ្យ​បាន​ឯករាជ្យ​ពេញ​លេញ​តាម​វិជ្ជា​ជីវៈ​របស់​ខ្លួន។​ ថ្វី​ត្បិត​តែ​តុលាការ​នេះ​ជា​តុលាការ​កូន​កាត់​ដែល​មាន​សហ​ចៅក្រម​ចម្រុះ​ជាតិ​ និង​អន្តរ​ជាតិ​ក៏​ដោយ»។

លោក​ប៊ូ​ ម៉េង​ អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​ ​បាន​ថ្លែង​ថា​ ​សាលក្រម​របស់​តុលាការ​នេះ​ប្រហែល​ជា​មិន​មាន​ភាព​ឯករាជ្យ​ និង​មាន​ការជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​ណា​មួយ។

«ខ្ញុំ​និយាយ​ថា​ ​សាលក្រម​របស់​តុលាការ​ដូច​ជា​រឿង​មួយ​ ​មាន​គំនាបអ្វី​មួយ​ពី​មជ្ឈដ្ឋាន​ណា​មួយ​ ឬ​ពី​អ្នក​ណាមួយ​ជា​មិន​ខាន។​ ប៉ុន្តែ​ត្រង់​សម្តេច​តេជោ​និយាយ​ថា​ ​វា​ជា​រឿង​ឯករាជ្យ​របស់​តុលាការមិន​ជ្រៀតជ្រែក។​ វា​ជា​រឿង​សិទ្ធិ​របស់​គាត់​និយាយ។​ រឿង​សិទ្ធិ​ជន​រង​គ្រោះ​របស់​ខ្ញុំ​ជា​រឿង​ផ្សេង»។

លោក​រាជ​ សម្បត្តិ​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ថា​ ​សាលក្រម​របស់សាលាក្តី​ខ្មែរក្រហម​នេះ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​សហ​រដ្ឋ​អាមេរិក​ ​ ប្រទេស​ជប៉ុន​ និង​សហគមន៍អឺរ៉ុប។​ សាលក្រម​នេះ​ត្រូវ​បាន​សម្រេច​ដោយ​មាន​ការ​យល់ព្រម​ពី​ចៅក្រម​កម្ពុជា​ និង​អន្តរជាតិ៕

XS
SM
MD
LG