នាយករដ្ឋមន្ដ្រីកម្ពុជាបានបញ្ជាឲ្យមានការស៊ើបអង្កេតលើក្រុមហ៊ុននាំពលករទៅក្រៅប្រទេស។ បទបញ្ជានេះធ្វើឡើងបន្ទាប់ពីមានការស្លាប់ពលការិនីជាបន្តបន្ទាប់ នៅពេលដែលពួកគេរៀបចំខ្លួនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
លោកហ៊ុន សែន នៅថ្ងៃសុក្រទី១៨ខែមិនាសប្តាហ៍មុននេះ បានបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយនៃរដ្ឋាភិបាលរបស់លោកធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុននាំពលករទៅក្រៅប្រទេសប្រយោជន៍ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការគាំពារពួកគេ នេះបើយោងតាមប្រភពពីមន្ដ្រីជាន់ខ្ពស់កម្ពុជា។
បទបញ្ជានេះធ្វើឡើង បន្ទាប់ពីមានពលការិនីចំនួនពីរនាក់ស្លាប់ជាបន្ដបន្ទាប់កាលពីខែកុម្ភៈ និងខែមិនានេះ ក្នុងលក្ខខណ្ឌគ្រប់គ្រងដោយក្រុមហ៊ុននាំពលករទៅក្រៅប្រទេសគឺក្រុមហ៊ុនអាយអាយអេស និងក្រុមហ៊ុន T&P ក្នុងពេលដែលពួកគេកំពុងរង់ចាំការចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ហើយស្ដ្រីម្នាក់ទៀតបានព្យាយាមរត់គេចខ្លួន ហើយបានបណ្ដាលឲ្យបាក់ជើងទាំងពីរ។ ប្រតិកម្មជាច្រើនបានលើកពីការសង្ស័យអំពីលក្ខខណ្ឌអាក្រក់ក្នុងការផ្ដល់ការស្នាក់នៅរបស់ពលការិនីទាំងនោះ។
លោកខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) នៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកឱម យិនទៀង ស៊ើបអង្កេតបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុននាំពលករទៅក្រៅប្រទេសទាំងនៅក្នុងក្រុងភ្នំពេញ ទាំងនៅតាមបណ្ដាខេត្តនានា។ ក៏ប៉ុន្ដែលោកខៀវ កាញារិទ្ធ មិនបានបញ្ជាក់ថា តើលោកហ៊ុន សែនបានចេញបញ្ជានេះនៅពេលណាក្នុងខណៈអ្វីនោះឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា បទបញ្ជានេះធ្វើឡើងបន្ទាប់ពីមានអត្ថបទសារព័ត៌មាននិងវិទ្យុដែលរាយការណ៍ពីបញ្ហានេះជាច្រើន។
លោកកែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ និងលោកខៀវ កាញារិទ្ធមិនអាចទាក់ទងតាមទូរស័ព្ទបានទេនៅថ្ងៃនេះ។
ចាប់តាំងពីចុងឆ្នាំ២០១០រហូតមកដល់ដើមខែមិនានេះមានពលការិនីចំនួនបីនាក់បានស្លាប់បាត់ បង់ជីវិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចំនួនបីផ្សេងៗគ្នា។ ក្រុមអាជ្ញាធរប៉ូលិសបានអះអាងអំពីគ្រោះថ្នាក់ដែលបណ្ដាលមកពីជំងឺគាំងបេះដូង ក៏ប៉ុន្ដែមន្ដ្រីសង្គមស៊ីវិលបានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនថា ហេតុផលនេះគួរឲ្យសង្ស័យ ហើយពួកគេបានពិនិត្យឃើញថា «មានលក្ខខណ្ឌរស់នៅអាក្រក់ក្នុងមណ្ឌលស្នាក់នៅរបស់ក្រុមពលករ ហើយការហូបចុកមិនបានគ្រប់គ្រាន់»។
លោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចបានចាប់ផ្ដើមស៊ើបអង្កេតករណីស្លាប់ពលការិនីចុងក្រោយ ហើយការណីនេះនឹងត្រូវបញ្ជូនទៅកាន់តុលាការ។
«យើងធ្វើតាំងពីមានគ្រោះថ្នាក់ភ្លាមម្ល៉េះ គឺតាំងពីគាត់លោតមកបាក់ជើង។ យើងបានធ្វើការស៊ើបអង្កេត។ ហើយដល់ពេលសម្តេចមានប្រសាសន៍ យើងក៏បន្តខិតខំធ្វើការងារបន្តទៀត។ ក្នុងករណីនេះគឺត្រូវតែរៀបចំធ្វើការស៊ើបអង្កេត បញ្ជូនសំណុំរឿងទៅតុលាការធ្វើការវិនិច្ឆ័យ»។
លោកឧត្តមសេនីយ៍ប៊ិត គឹមហុង ដែលទទួលបន្ទុកស៊ើបអង្កេតសំណុំរឿងចុងក្រោយនេះ មិនអាចទាក់ទងបានទេ ដោយសារតែទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។ កាលពីថ្ងៃពុធ ក្រុមអង្គការសង្គមស៊ីវិលបានជួបប្រជុំគ្នាដើម្បីប្រមូលទិន្នន័យដែលពួកគេស្រង់អំពីការគ្រោះថ្នាក់របស់ពលការិនី។ លោកមឿន តុលា ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលនឹងចងក្រងនូវលទ្ធផលស៊ើបអង្កេតរបស់ខ្លួនលើគ្រោះថ្នាក់នៃពលការិនីនៅក្រុមហ៊ុន T&P ទៅជូនក្រសួងមហាផ្ទៃ និងក្រសួងការងារក្នុងពេលឆាប់ៗនេះ។
«យើងសាទរចំពោះអន្តរាគមន៍របស់នាយករដ្ឋមន្រ្តី ព្រោះរឿងហ្នឹង វាមិនមែនជារឿងមួយដែលលេង ស៊ើចទេ ព្រោះថាគ្រាន់តែដើមឆ្នាំ២០១១ មនុស្សពីរនាក់បានស្លាប់ ហើយម្នាក់រងរបួសធ្ងន់រហូតដល់បាក់ជើងពីរ»។
មានក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេសយ៉ាងតិចចំនួន៣០នៅប្រទេសកម្ពុជា។ ពលករភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ ក្នុងសប្ដាហ៍នេះ លោកសុន ឆៃ តំណាងរាស្ដ្ររបស់គណបក្សជំទាស់ បានសរសេរលិខិតមួយច្បាប់ទៅស្ថានទូតម៉ាឡេស៊ីក្នុងទីក្រុងភ្នំពេញ ដើម្បីស្នើឲ្យរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីជួយពិនិត្យលើលក្ខខណ្ឌនៃការនាំពលករពីប្រទេសកម្ពុជាទៅកាន់ម៉ាឡេស៊ី៕