ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​អះអាង​ពី​ការ​កែ​ទម្រង់​ឡូតិ៍​នេសាទ


លោក​ហ៊ុន ​សែន ​​ចាត់ទុក​ថា ​ប្រសិន​បើ​មិនមាន​វិធានការ​នេះ​ធនធាន​ត្រី​កម្ពុជា​នឹង​​ទទួល​​រងការបង្ហិនបង្ហោច​ដែល​មិន​អាច​ស្ដារឡើង​វិញ​បាន។
លោក​ហ៊ុន ​សែន ​​ចាត់ទុក​ថា ​ប្រសិន​បើ​មិនមាន​វិធានការ​នេះ​ធនធាន​ត្រី​កម្ពុជា​នឹង​​ទទួល​​រងការបង្ហិនបង្ហោច​ដែល​មិន​អាច​ស្ដារឡើង​វិញ​បាន។

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ពី​ការធ្វើការ​កែទម្រង់​ស៊ីជម្រៅ​មួយ​លើ​ឡូតិ៍​នេសាទ​នៅក្នុង​បឹងទន្លេសាប​ បន្ទាប់ពី​មាន​ការរិះគន់​ពី​ការហិនហោច​ធនធាន​ត្រី​ជាច្រើន​ឆ្នាំ​កន្លង​មក។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខមួយ​ក្នុង​ខេត្តកណ្ដាល​នៅថ្ងៃ​អង្គារ​នេះ​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរបាន​ប្រាប់​ឯកអគ្គរដ្ឋទូត​មកពី​ប្រាំពីរ​ប្រទេស​ភាគច្រើន​ក្នុង​ទ្វីបអាស៊ី ​ថា​លោក​បាន​ដាក់បញ្ជា​ឲ្យព្យួរ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ឡូតិ៍នេសាទ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​គឺ​ខេត្តកំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ សៀមរាប​ និង​កំពង់ធំ។ ហើយ​ការ​ព្យួរ​អាជ្ញាប័ណ្ណ​នេះ​នឹង​បន្ដ​រហូត​ដល់​ឆ្នាំ​២០១៤។

លោក​ ហ៊ុន​ សែន ​បញ្ជាក់​ថា ​វិធានការ​នេះ​គឺ​ដើម្បី​ស្ដារ​ធនធាន​ត្រី​នៅ​ក្នុង​សមុទ្រទឹកសាបរបស់​កម្ពុជា​នេះ។

«មិត្ត​ទូត​នានា​ដែល​អញ្ជើញ​មកថ្ងៃ​នេះដឹង​ហើយ​ថាខ្ញុំ​យក​វិធានការ​នេះ​ខ្លាំងណាស់។ មាន​ទូតជប៉ុន​ ចិន ​ភូមា​ អេស្ប៉ាញ ​ វៀតណាម ​ថៃ ​ម៉ាឡេស៊ី ​ដូច្នេះ​កំណែ​ទម្រង់​ឡូតិ៍នេសាទ ​នៅ​ក្នុង​ទន្លេសាប​ដំណើរការ​ពេញ​លេញ​តែម្ដង»។

លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ចាត់ទុក​ថា ​ប្រសិន​បើ​មិនមាន​វិធានការ​នេះ​ធនធាន​ត្រី​កម្ពុជា​នឹងទទួល​រងការបង្ហិនបង្ហោច​ដែល​មិន​អាច​ស្ដារឡើង​វិញ​បាន។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា​ ជា​រៀងរាល់ឆ្នាំបឹង​ទន្លេសាប​ផ្ដល់​នូវ​ផលត្រី​ចំនួន ​២៣០.០០០​ តោន ​ហើយ​ផលត្រី​នេះ​អាច​ចិញ្ចឹម​ប្រជាពលរដ្ឋកម្ពុជា​បាន​ចំនួន​បី​លាន​នាក់។ ទោះជាយ៉ាងណាក្រុមប្រជា​សហគមន៍​នេសាទ​តែងតែ​លើកឡើង​មិនចេះ​ដាច់​ពីការបន្ដ​វិនាស​ពូជ​ត្រី​ក្នុងបឹង​ទន្លេសាប​ដែល​ជា​ជង្រុក​ត្រី​យ៉ាង​សំខាន់​របស់​ប្រទេសកម្ពុជា​ ក៏ប៉ុន្ដែ​មន្ដ្រី​ផ្លូវការ​របស់​រដ្ឋបាល​ជលផល​តែងតែ​ពន្យល់​ថា ​ការសង្កេត​ពី​ការថយចុះ​នូវ​ផលត្រីរបស់ប្រជានេសាទ​ដោយសារ​តែ​ចំនួន​អ្នកនេសាទ​មាន​ការកើនឡើង។ ការពន្យល់​នេះ​ហាក់​ដូចជា​មានការបញ្ច្រាស​គ្នា​អំពី​ការវាយតម្លៃ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​នៅ​ថ្ងៃនេះ។ លោក​ហ៊ុន សែន​បាន​ស្ដីបន្ទោស​ដល់​ក្រុមហ៊ុន​ឡូតិ៍នេសាទ​ដែល​បាន​បង្ក​ឲ្យ​មាន​ការខូចប៉ះពាល់​ដល់​ផលត្រីក្នុងបឹង​ទន្លេសាប។

លោក​ យឹម រឿន ​តំណាង​សហគមន៍​នេសាទ​ត្រពាំងធំ​ ក្នុង​ខេត្តសៀមរាប​បាន​អបអរសាទរ​បទ​បញ្ជារបស់​លោកហ៊ុន ​សែន។

«យើង​ឃើញថា​វាល្អ​ប្រសើរ​ហើយ។ ពីមុន​យើង​រាយមង​១០០​ម៉ែត្រ ​ធ្លាប់បាន​បួន ដប់គីឡូតិ៍​ ដល់ពេល​ក្រុមហ៊ុន​ធំៗចូលមក ​យើងរាយ១០០​ម៉ែត្រ ​បានបី បួន គីឡូតិ៍។ ជួប​ការលំបាក​ដូច្នោះឯង។​ ក្រុមហ៊ុន​ធំៗ​រក(ត្រី) សឹងតែឲ្យផុតពូជ»។

ក៏ប៉ុន្ដែ​លោក ​យឹម ​សុវណ្ណ​ តំណាង​រាស្ដ្រ​និង​ជា​អ្នកនាំពាក្យ​ឲ្យ​គណបក្ស​សម រង្ស៊ី ​បាន​ហៅ​បទបញ្ជានោះ​ថា​ គឺជា​ការធ្វើប្រជាភិថុត​ដើម្បី​ការបោះឆ្នោត​ឃុំសង្កាត់​នៅ​ខែ​មិថុនា ​ឆ្នាំ​ក្រោយ​នេះ​របស់​គណបក្សប្រជាជន​កម្ពុជា។

«ការប្រកាស​បែបហ្នឹង​គ្រាន់តែ​ធ្វើឡើង​មុនការ​បោះឆ្នោត​ឃុំ​ពីព្រោះ​គាត់ដឹងថា ការណ៍​ដែល​ផ្ដល់សិទ្ធិ​ឡូតិ៍នេសាទ​ហ្នឹងចំណេញតែ​ក្រុមហ៊ុនឯកជន​មួយក្ដាប់តូច​ជាមួយនឹង​មន្ដ្រី​ពុករលួយ។ ដូច្នេះ​កុំឲ្យ​ចាញ់បោក​មេដឹកនាំ​មួយចំនួនដែល​គ្រាន់តែ​ធ្វើ​ដើម្បី​បន្លប់​ប្រជាពលរដ្ឋមួយរយៈ​តូច»។

កាលពី​ថ្ងៃ​ទី១ ​ខែកក្កដា ​លោក​ ហ៊ុន ​សែន ​បាន​បញ្ជា​ឲ្យមាន​ការដក​តំណែង​មន្ដ្រី​ជលផល​ក្នុង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ចំនួន​ប្រាំ​ដោយ​ស្ដីបន្ទោស​ថា ​មន្ដ្រី​ទាំងនោះ​ខកខាន​ក្នុង​ការបង្រ្កាប​បទល្មើសនេសាទ៕

XS
SM
MD
LG