នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ដែលកាន់កាប់អំណាចយូរ បានព្រមាននៅថ្ងៃពុធនេះ មិនឲ្យមានការប្រៀបធៀបវាសនារបស់លោកទៅនឹងវាសនាមេដឹកនាំផ្ដាច់ការនៅប្រទេសលីប៊ី គឺលោក មូអាម៉ា កាដាហ្វ៊ី (Moammar Gadhafi)។
លោក កាដាហ្វ៊ី ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី ២០ ខែតុលា កន្លងទៅដោយកំហឹងកងទ័ពតស៊ូ ដែលចាប់ខ្លួនរូបលោកបាន បន្ទាប់ពីមានអន្ដរាគមន៍របស់កងទ័ព ណាតូ ជាច្រើនខែ។
ម៉ូអាម៉ា កាដាហ្វ៊ី បានកាន់កាប់អំណាចផ្ដាច់ការក្នុងដៃយ៉ាងណែនអស់រយៈពេល ៤២ ឆ្នាំ មុននឹងលោកត្រូវបណ្ដេញចេញពីអំណាចដោយកម្លាំងប្រជាជនដែលងើបឡើងបះបោរតៗគ្នាក្នុងពិភពនៃបណ្ដាប្រទេសអារ៉ាប់។
លោក នាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីសម្ពោធការដ្ឋានសាងសង់ស្ពានជ្រោយចង្វារទីពីរក្នុងទីក្រុងភ្នំពេញ ដោយយោងទៅរកការរិះគន់ការកាន់អំណាចរយៈពេលយូររបស់លោក។ លោក ហ៊ុន សែន យល់ថា ការប្រៀបធៀបរូបលោកជាមួយនឹងវាសនារបស់ កាដាហ្វ៊ី គឺជាចេតនាចង់ឲ្យមានសង្រ្គាម។
«យកខ្ញុំទៅប្រៀបធៀបជាមួយ កាដាហ្វ៊ី! ពីព្រោះ កាដាហ្វ៊ី ស្លាប់ដោយសារគេវាយ(គេបាញ់) ដូច្នេះ លោកឯងចង់លោកឯងចង់វ៉ៃគ្នា? លោកឯងចង់វ៉ៃគ្នា អូខេ។ បើអ្នកឯងចង់សង្រ្គាម ខ្ញុំសុំជូនអាវុធ មួយឃ្លាំង។ កុំសង្ឃឹមថា ហ៊ុន សែន ឆាប់ងាប់»។
លោក ហ៊ុន សែន បានកាន់កាប់អំណាចអស់រយៈពេល២៦ឆ្នាំហើយ គិតមកទល់នឹងឆ្នាំ២០១១នេះ។
កាលពីថ្ងៃអាទិត្យទី ២៣ ខែតុលា ក្នុងពិធីរំលឹកខួបទី២០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក គង់ គាំ អនុប្រធានគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា បានថ្លែងដោយមិនបញ្ចេញចំឈ្មោះ ដោយសំដៅទៅលើការកាន់អំណាចយូររបស់មេដឹកនាំកម្ពុជា នឹងនាំឲ្យមានវាសនាដូចលោក កាដាហ្វ៊ី ដែរ។
លោក គង់ គាំ បានបដិសេធថា សេចក្ដីថ្លែងការណ៍របស់លោកជាចេតនាដែលនឹងនាំឲ្យមានសង្រ្គាមនោះ។ ប៉ុន្ដែលោកអះអាងថា ការកាន់អំណាចយូរដែលមិនសុចរិតនឹងនាំទៅរកទីបញ្ចប់។
«នៅកម្ពុជាបើមានមេដឹកនាំកាន់អំណាចយូរ ហើយធ្វើបាបប្រជារាស្ត្រ មុខជាមិនមានវាសនាយូរអង្វែង និងល្អទេ»។
លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ប្រតិកម្មរបស់លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន នោះគឺជាប្រតិកម្មធម្មតាតបទៅនឹងការរិះគន់លើរូបលោក។ ប៉ុន្ដែលោកស្រីកត់សម្គាល់ ជាទូទៅថា នៅក្នុងប្រទេសផ្ដាច់ការ «មេដឹកនាំមិនចង់ឲ្យមានការរិះគន់លើខ្លួនទេ»៕