ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​គ្រោង​ជូន​លិខិត​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អសប


ភ្នំពេញ៖ ​ក្រុម​អ្នក​ជំនាញ​បាន​ហៅ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជូន​ទៅ​អង្គការ​សហ​ប្រជាជាតិ​នេះ​ថា​ ជា​នយោបាយ​ការ​ទូត​ដ៏​សំខាន់​ ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​ដឹង​ឮ​ និង​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ​ និង ​ដាក់​ការ​គាប​សង្កត់​ទៅ​លើ​ភាគី​ថៃ​កុំ​ឱ្យ​ប្រើ​កម្លាំង​កងទ័ព​ដោះស្រាយ​បញ្ហា​ព្រំដែន។ ​ចំណែក​ឯ​រដ្ឋាភិបាល​ថៃវិញ ​នឹង​សរសេរ​លិខិត​ទៅ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ពន្យល់​ថា​ ​ប្រទេស​ថៃ​មិន​បាន​រំលោភ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ​ទេ​ ហើយ​ប្រទេស​ថៃ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​សន្តិ​សហ​វិជ្ជមាន ​និង​ច្បាប់​ ​ដោយ​មិន​ផ្លាស់ប្តូរ​ជំហរ​ចង់​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ និង​ចែក​រំលែក​ផល​ប្រយោជន៍​រួម​នោះ​ទេ។

ក្រុម​អ្នក​វិភាគ​នៅ​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ​ជូន​ទៅ​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់់​របស់​អង្គការ​សហ​ប្រជាជាតិ​អាច​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ទប់ស្កាត់​ប្រទេស​ថៃ​ មិន​ឱ្យ​ប្រើ​អំពើ​ហិង្សា​លើ​បញ្ហា​ជម្លោះ​ព្រំដែន​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សរសេរ​លិខិត​ទៅជូន​ប្រធាន​ក្រុម​ប្រឹក្សា​ សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​និង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ដោយ​អះអាង​ថា​ ​លោក​ នាយក​រដ្ឋមន្ត្រី​ថៃ​Abhisit Vejjajiva​ បាន​គំរាម​ប្រើ​កម្លាំង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន។

លោក​ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ ​បាន​ថ្លែងថា​ ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ ​ជា​ការ​ផ្តល់​ព័ត៌មាន​ដល់សហគមន៍​អន្តរ​ជាតិ​ឱ្យ​ជួយ​ដឹង​ឮ ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ​ និង​គាប​សង្កត់ទៅ​លើ​ភាគី​ថៃ​កុំ​ឱ្យ​ប្រើ​អាវុធ។

«លិខិត​នេះ​ ជា​ការ​ឆ្លើយតប​ ​និង​ជា​ការ​ផ្តល់​សម្ពាធ​ដល់​ថៃ។ ​ប្រទេស​កម្ពុជា ​ជា​ប្រទេស​តូច​ ​មាន​តែ​ប្រើ​យន្តការ​ពហុភាគី​ ​ជាពិសេ​សអង្គការ​សហ​ប្រជាជាតិ។​ ដូច្នេះ​ ​នេះ​ជា​នយោបាយ​ការទូត​មួយ​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ថៃកុំ​ឱ្យ​ប្រើ​អាវុធ​ផ្តេស​ផ្តាស។ ​ខ្ញុំ​គិត​ថា​ ​នេះ​ជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​រាំង​ខ្ទប់​បញ្ហា​ជម្លោះ​ព្រំដែន​កុំ​ឈាន​ទៅដល់​ការ​ធ្វើ​សង្គ្រាម​និង​ការ​បង្ហូរឈាម»។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​នៅ​តែ​ឈ្លោះ​ប្រកែក​គ្នា​លើ​ផ្ទៃដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ការរ៉េ​ នៅក្បែរ​ប្រាសាទ​ព្រះវិហារ​ ​ដែល​ត្រូវ​បាន​ធ្វើ​ជា​កន្លែង​បេតិក​ភ័ណ្ឌ​ពិភព​លោក​របស់​អង្គការ​Unesco​ ​ក្រោម​ការ​ការពារ​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ២០០៨។ ​កងទ័ព​រាប់ពាន់​នាក់​ពី​ភាគី​ទាំងពីរ​ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ព្រំដែន​ដោយ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាច្រើន​លើក​ដែល​បាន​សម្លាប់​ទាហាន​យ៉ាងតិច​៨នាក់។

ជម្លោះ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត​កាល​ពី​ឆ្នាំ២០០៩​ ​បន្ទាប់​ពី​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​Thaksin Shinawatra​ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់​រដ្ឋាភិ​បាល​កម្ពុជា។

លោក​ជាង សុខា ​ប្រធាន​ក្រុម​ការងារ​ដើម្បី​សន្តិភាព​ ​បាន​ថ្លែង​ថា​ ​យើង​បាន​អបអរ​សាទរ​លិខិត​របស់​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​សំដៅ​បញ្ជៀស​អំពើ​ហិង្សា​ប្រដាប់អាវុធ​រវាង​ខ្មែរ ​និង​ថៃ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព ​និង​ការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​របស់​ប្រជា​ពលរដ្ឋ​ នៅ​តាម​បណ្តោយ​ព្រំដែន។

«ខ្ញុំ​គិត​ថា​ ​លិខិត​ទៅ​អង្គការ​សហ​ប្រជាជាតិ​ជា​ជំហ៊ាន​ឈាន​ទៅ​រក​របៀប​នៃ​ការ​ដោះ​ស្រាយ​មួយ​តាម​សន្តិវិធី​ និង​អាច​ជួយ​ដោះ​ស្រាយ​ ​ដោយ​មាន​អន្តរាគមន៍​ពី​អង្គការ​សហ​ប្រជាជាតិ។ ​លិខិត​នេះ​ ជាការ​ពឹង​ពាក់​សហ​គមន៍​អន្តរ​ជាតិ​ឱ្យ​ធ្វើ​ទៅ​លើ​បញ្ហា​ជម្លោះ​ខ្មែរ-ថៃ ​និង​ជា​ការ​ជូន​ដំណឹង​ទុក​ជាមុន ​ទៅអង្គការ​សហ​ប្រជាជាតិ​អំពី​លទ្ធភាព​ដែល​ប្រទេស​ថៃ​អាច​នឹង​ប្រើ​កម្លាំង​យោធា​ឈ្លាន​ពាន​បូរណ​ភាពទឹក​ដី​កម្ពុជា​ ​ហើយទៅ​ថ្ងៃមុខ​ ​បើវា​កើត​មាន​អំពើ​ហិង្សា​ប្រដាប់​អាវុធ​ ​ដោយ​ប្រការ​ណាមួយ​ ​វា​ជារឿង​មួយ ​ដែល​គួរ​ឱ្យ​សោក​ស្តាយ​ដែរ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ថា​ ​លោក​ស្នើ​សុំ​ឱ្យ​មាន​អន្ត​រាគមន៍​របស់​សហ​គមន៍​អន្តរ​ជាតិ​ អំពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា និងថៃ។

«ក្រសួង​ការបរទេស​ឥឡូវ​រៀបចំ​លិខិត​រួច​ឱ្យ​អស់​ ​ត្រៀម​ចាំ​តែ​ចុះ​ព្រឹត្តិ​ការណ៍​ខែ​ ថ្ងៃ​ ​បញ្ចូន​ឱ្យ​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ។​ យើង​ត្រូវ​ដំណើរ​ការ​ពីរ​ទិស៖ ​ទីមួយ​ទប់ទល់​នឹង​សង្គ្រាម​ឈ្លានពាន​ (របស់​ថៃ) ​នៅក្នុង​ទឹកដី​របស់​ខ្លួន​ និង​ទី២​ ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កោះ​ប្រជុំ​បន្ទាន់​លើ​សភាព​ការណ៍​ព្រំដែន​កម្ពុជា​ និង​ថៃ»។

កាសែត​បាងកក​ប៉ុស្តិ៏​បាន​រាយ​ការណ៍​នៅ​ថ្ងៃច័ន្ទ​នេះ​ថា​ ​ក្រុម​មន្ត្រី​ថៃ​កំពុង​រៀបចំ​លិខិត​ឆ្លើយតប​ទៅអង្គការ​សហ​ប្រជាជាតិ​ ​ដោយអះអាង​ថា​ ​ប្រទេស​ថៃ​មិន​ដែល​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​ចង់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជាប់​ខាង​របស់​ខ្លួន​ និង​ចែក​រំលែក​ផល​ប្រយោជន៍​រួម​នោះ​ទេ៕

XS
SM
MD
LG