ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ហ៊ុន​សែន​បាន​ប្រយោជន៍​ពី​​អន្តរគមន៍​ក្នុង​ជម្លោះ​​សហជីពកម្មករ​​និងរោងចក្រ​


លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​​រវាង​កម្មករ​និង​​ក្រុមហ៊ុន​​រោង​ចក្រ​កាត់ដេរ​​ អំពើ​ប្រាក់​បៀវត្សរ៍​អប្បបរមា។
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​​រវាង​កម្មករ​និង​​ក្រុមហ៊ុន​​រោង​ចក្រ​កាត់ដេរ​​ អំពើ​ប្រាក់​បៀវត្សរ៍​អប្បបរមា។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ព្យាយាម​បញ្ចប់​ជម្លោះ​ការងារ​រវាង​ថៅកែ​រោងចក្រ​និង​សហជីព​ ដើម្បី​បញ្ចៀស​ការខូចខាត​ផលប្រយោជន៏​ផ្នែ​កឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា។ អំពី​នេះ​ផ្តល់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នូវ​ផល​ចំណេញ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។ ដោយ​មាន​ការផ្លាស់ប្តូរ​ចរឹក​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ពី​ការរិះគន់​មក​ការ​សម្រុះ​សម្រួល​ការធ្វើកូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​នេះ ក្រុម​អ្នក​វិភាគ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រនេះ​ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​ដំណោះស្រាយ​ឈ្នះឈ្នះ ​ដើម្បី​បញ្ចៀស​ការខូចខាត​ដល់​ផលប្រយោជន៍ឧស្សាហកម្ម​សំលៀក​បំពាក់ដ៏​ធំ​របស់​ប្រទេស​កម្ពុជា។

លោក​អ៊ំ សំអាត ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​បញ្ជាក់ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កំពុងតែ​ផ្លាស់ប្តូរ​ចរឹក​នយោបាយ​របស់​លោក​ពី​ការ​គាំទ្រ​ថៅកែ​រោង​ចក្រ​មក​គាំទ្រ​កម្មករ​ ដែល​កាយ​វិការ​នេះ​អាច​ជា​ការ​ឆ្លៀត​ឱកាស​មួយ​សម្រាប់​ការ​ចំណេញ​នយោបាយ​ពី​ជម្លោះ​ការងារ​នេះ​ក្នុង​ការ​ទាក់ទាញ​សំឡេង​គាំទ្រ​របស់​កម្មករ​ចំពោះ​នយោបាយ​របស់​លោក​ ខណៈ​ដែល ការ​បោះឆ្នោត​នឹង​ចូល​មកដល់​នៅ​ក្នុង​ឆ្នាំ២០១២​ និង​ឆ្នាំ២០១៣។ លោក​សំអាត​ថ្លែង​ដូច្នេះ​ថា៖

«ជា​ធម្មតា ​អ្នក​នយោបាយ​ធ្វើ​អ្វី​ក៏​តែងតែ​ឆ្លៀត​កេង​យក​ផល​ចំណេញ​នយោបាយ​ នៅក្នុងជម្លោះ​នោះ​ផងដែរ»។

រោងចក្រ​១៧​បាន​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​ ដោយ​និយាយថា ការ​ធ្វើ​កូដកម្ម កាលពី​ខែកញ្ញា​ខុសច្បាប់។ រោងចក្រ​ទាំងនេះ​មិន​បាន​អនុញ្ញាត​ឱ្យ​តំណាង​កម្មករ​ចំនួន​១៥០នាក់​ចូល​ធ្វើការ​ទេ ដោយ​រង់ចាំ​សេចក្តីសម្រេច​របស់​តុលាការ។

លោក នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្សអាដហុក បាន​ថ្លែងថា ​ការផ្លាស់​ប្តូរ​នេះ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​ផល​ប្រយោជន៍​របស់​កម្មករ​ ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ លោក​បន្ត​ថា៖

«ខ្ញុំ​ជឿថា​ ប្រាកដ​ជា​មាន​ការ​បោះបង់​ចោល​ពាក្យបណ្តឹង ​ហើយ​និង​ធ្វើការ​ដក​ពាក្យ​បណ្តឹង​ចេញពី​តុលាកា​រវិញ។ អ្វី​ដែល​ជា​ប្រសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​អាច​នឹង​ធ្វើ​ឱ្យ​តុលាការ​ឈប់​បន្ត​ពាក្យ​បណ្តឹង ​ឬ​ក៏​និយោជក​ដកពាក្យបណ្តឹង​ដែល​ខ្លួន​បាន​ប្តឹង​ទៅតុលាការ​ចេញ​វិញដែរ»។

សហជីព​ និង​ថៅកែ​រោងចក្រ​កំពុង​ស្វែងរក​វិធី ​ដើម្បី​រារាំង​ការធ្វើកូដកម្ម​នៅពេល​អនាគត​។ ​ការធ្វើ​កូដកម្ម​រយៈពេល​បួនថ្ងៃ​ បាន​ធ្វើ​ឱ្យ​រោងចក្រ​ខាតបង់​អស់​ប្រហែល​១៥លាន​ដុល្លារ​អាមេរិក និង​បានបណ្តាល​ឱ្យ​អ្នក​បញ្ជា​ទិញ​នៅអាមេរិក​អំពាវនាវ​ឱ្យ​មាន​ដំណោះ​ស្រាយ។

ប្រទេស​កម្ពុជា​មាន​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​មកពី​រដ្ឋាភិបាល​ សហជីព ​និង​សមាគម​រោងចក្រ​កាត់ដេរ ដែល​មាន​តួនាទី​ដោះស្រាយ​ជម្លោះ​ការងារ​ លក្ខខណ្ឌ​ការងារ​ ការ​ដំឡើង​ប្រាក់ឈ្នួល​ ឬ​ប្រាក់​រង្វាន់​ផ្សេងៗ ​និង​ការពារ​សិទ្ធិ​កម្មករ។ ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធិភាព​ទេ ព្រោះ​សហជីព​ទាំងអស់​នៅ​កម្ពុជា​មិនអាច​ធ្វើការ​រួមគ្នាបាន​ទេ ដោយសារ​សហជីព​មួយ​ចំនួន​មាន​និន្នាការគាំទ្រ​គណបក្ស​នយោយបាយ និង​មួយ​ចំនួន​ទៀតអព្យាក្រឹត។ នេះ​បើ​យោងតាម​មន្ត្រី​សហជីព។

លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​បាន​បញ្ជាក់​ថា យន្តការ​ដោះស្រាយ​ជម្លោះ​ការងារ​នេះ​មិនទាន់​មាន​ប្រសិទ្ធិភាពដោយសារ​តែ​និន្នាការ​នយោបាយ ​និង​ប្រយោជន៍​បុគ្គល។ លោក​ថ្លែង​ថា៖

«លោក​នាយករដ្ឋមន្ត្រី​ ចង់​បាន​ការគាំទ្រ​ពី​មហាជន ​និង​កម្មករ ​ហើយ​មិនចង់​ឃើញ​ជម្លោះ​ត​ទៅ​ទៀត ​ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​វឹកវរ​ដល់​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​ដោយសារ​ជម្លោះ។ កុំ​ឱ្យមាន​បញ្ហា​ដល់ វិបត្តិ​សេដ្ឋកិច្ច ​និង​ការចូល​មក​វិនិយោគទុន កុំឱ្យ​មាន​បញ្ហា​ជម្លោះ​នេះ​កាន់​តែ​រីក​ធំ​អន្តរាយ​ត​ទៅ ទៀត​»។

លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​បាន​ថ្លែងថា ថៅកែ​រោងចក្រ​ជា​មនុស្ស​សំខាន់​ក្នុង​ការ​ដោះស្រាយ​រាល់​ជម្លោះ​ការងារ​ ប៉ុន្តែ​គ្រប់​ភាគី​ត្រូវ​មាន​កាតព្វកិច្ច​រួមគ្នា​ដើម្បី​បញ្ជៀស​ជម្លោះ​ការងារ​ដែល​ជាចំណុច​ដ៏​សំខាន់​បំផុត​សម្រាប់​លើក​ទឹកចិត្ត​ដល់​អ្នកបញ្ជា​ទិញ។ លោក​បន្ត​ថា៖

«កម្ពុជា​មិន​សម្រួល​កូដកម្ម​ ឬ​បាតុកម្ម​របស់​កម្មករ ​ក្នុងការ​ផ្តល់​ប្រាក់​ឈ្នួល​ ឬ​ប្រាក់​រង្វាន់ផ្សេងៗ ​ឬ ​លក្ខខណ្ឌ​ការងារ​មិនបាន​ល្អទេ។ អ្នក​បញ្ជា​ទិញ​អាច​បញ្ឈប់​ការ​បញ្ជា​ទិញ​ពី​កម្ពុជា និង​បែរ​ជា​ទៅ​បញ្ជា​ទិញ​នៅ​ប្រទេស​ជិតខាង។ កម្ពុជា​នឹង​ជួប​បញ្ហា ពីព្រោះ​កម្ពុជា​យក​វិស័យ​កាត់ដេរ​ ជា​អាទិភាព»។

លោក យឹម សេរីវឌ្ឍនៈ​ មន្ត្រី​សម្រប​សម្រួល​គម្រោង​ថ្នាក់​ជាតិ​ផ្នែក​អប់រំ​កម្មករ ​និយោជិតរបស់អង្គការ​ពលកម្ម​អន្តរជាតិ​ បាន​ថ្លែង​ថា កង្វះ​យន្តការ​សមស្របនិង​ឆ្លើយតប​ទាន់​ពេលវេលា​ សម្រាប់​ដោះស្រាយ​ជម្លោះ​គូរតែ​ត្រូវ​បាន​ពង្រឹង ​ដើម្បី​ជៀសវាង​ជម្លោះ​នៅកន្លែង​ធ្វើការ​។ លោក​ថ្លែង​ដូច្នេះថា៖

«ទស្សនៈរបស់​សម្តេច​នាយករដ្ឋមន្ត្រី​ គឺជា​ការចូលរួម​ចំណែក​នៅក្នុង​ការបន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នេះ។ ពួកគាត់​ចូលរួម​នៅក្នុង​ការអនុវត្ត​សិទ្ធិ​កូដកម្ម​របស់​គាត់​ដើម្បីឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​ការងារ​ ឬ​ស្ថានភាព​សេដ្ឋកិច្ច​សម្រាប់​ការ​រស់នៅ​សមស្រប​របស់​គាត់នោះ ​ខ្ញុំ​គិតថា គួរ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ដក​ពាក្យបណ្តឹង​ទាំងអស់​នោះ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​កម្មករ ​និង​សហជីព​កាន់តែ​ប្រសើរ​ស្របតាម​អនុសញ្ញា​អន្តរជាតិ»។

លោក​ខេន លូ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថែ្លង​ថា សមាគម​រោងចក្រ​កាត់​ដេរ​មិន​ទាន់​បាន​ផ្អាក់​ករណី​បណ្តឹង​នៅ​តុលាការ​ទេ ប៉ុន្តែ​សមាគម​បាន​ជម្រាប​ទៅ​សមាជិក​របស់​ខ្លួន​អំពី​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ លោក​បន្ត​ថា៖

«សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ​យើង​កោះហៅ​សមាជិក​របស់​យើង។ ប៉ុន្តែជា​ធម្មតាវា​នៅតែ​ អាស្រ័យ​ទៅលើ​សមាជិក​ ថាតើ​ពួកគេ​ចង់ពិចារណា​ដក​ករណី​ពាក្យ​បណ្តឹង​ទាំងអស់​ចេញពី​ តុលាការ​ឬ​យ៉ាងណា។ គ្មាន​នរណា​អាច​បង្ខំ​ឱ្យ​ពួក​យើង​ដក​ករណី​ពាក្យ​បណ្តឹង​ពី​តុលាការ​ទេ»។

លោកខេន លូ ​បាន​បន្តថា ការ​បញ្ជៀស​ជម្លោះ​គឺជា​កិច្ចការ​ដ៏​សំខាន់​ណាស់​ ដើម្បី​ជៀសវាង​ការ​បាត់បង់​ផល​ប្រយោជន៍​របស់​ភាគី​ទាំងពីរ​ ជាពិសេស​រោងចក្រ​មិនអាច​ផលិត កម្មករ​មិន​បាន​ទទួល​ប្រាក់​ឈ្នួលុ៕

XS
SM
MD
LG