ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តួចផ្តើមគំនិតឱ្យមានការជួបពិភាក្សាការងារទ្វេភាគីជាមួយលោក នាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva ក្នុងការសម្រាកពិសារកាហ្វេពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅទីក្រុង Brussels នាដើមខែតុលា សំដៅដោះស្រាយបញ្ហាព្រំដែន បន្ទាប់ពីទំនាក់ទំនងការទូតរវាងប្រទេសទាំង ពីរបានវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ បើបញ្ហាព្រំដែននៅតែមិនអាចរកដំណោះស្រាយបាន ភាគីទីបី គឺជាតម្រូវការពិតប្រាកដដោយប្រទេសកម្ពុជាមិនអាចរង់ចាំដំណោះស្រាយយូរពេកទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោងនឹងធ្វើការពិភាក្សាជាមួយសមភាគីថៃរបស់លោក អំពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលបានអូសបន្លាយពេលជាងពីរឆ្នាំកន្លងមកនេះ នៅឯកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបក្នុងទីក្រុង Brussels នៅដើមខែតុលាខាងមុខនេះ។
ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ បានផ្ទុះឡើងបន្ទាប់ពីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាបានត្រូវចុះនៅក្នុងបញ្ចីបេតិកភណ្ឌពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០០៨។
ចាប់តាំងពីជម្លោះបានចាប់ផ្តើមឡើង កងទ័ពនៃប្រទេសទាំងពីរ បានប្រមូលផ្តុំគ្នានៅតំបន់ជម្លោះព្រំដែន ក្បែរប្រាសាទព្រះវិហារ និងការវ៉ាយប្រយុទ្ធគ្នាជាច្រើនលើកបានសម្លាប់កងទ័ពយ៉ាងតិចប្រាំបីនាក់ និង រងរបួសជាច្រើននាក់ទៀត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ័នៅវិទ្យាស្ថានជាតិអប់រំថាលោកត្រៀមខ្លួនធ្វើការពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva ហើយការជួបគ្នាបែបនេះ នឹង ត្រូវបានសិក្សាពីយុត្តាធិការ និងព្រឹត្តិការណ៍ជាច្រើននៅពេលខាងមុខនេះ ដូចជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Brussels នៅថ្ងៃទី៣ដល់ថ្ងៃទី៦ខែតុលា កិច្ចប្រជុំកំពូលអាស៊ាននឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសវៀតណាមនៅចុងខែតុលានិងកិច្ចប្រជុំរបស់មេដឹកនាំ ACMECS នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅខែវិច្ឆិកា។
«យើងចាប់ដៃគ្នា និងសួរគ្នាថា ឥឡូវ យើងជួបគ្នាម៉ោងប៉ុន្មាន និងបន្ទប់លេខប៉ុន្មាន។ អ្នកការទូតធ្វើបែបនេះ។ ការធ្វើបែបនេះជាពិសោធន៍របស់ខ្ញុំមួយជីវិតហើយ។ នៅពេលគេឈប់សម្រាកពិសារកាហ្វេ យើងដឹកដៃគ្នាដើរទៅប្រជុំ។ អត់មានអ្នកណាបាក់មុខ និងអត់មានអ្នកណាសុំអ្នកណាទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ការចរចាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនេះ នឹងផ្តោតទៅលើការដោះស្រាយបញ្ហាព្រំដែន វិនិយោគពាណិជ្ជកម្ម ការដឹកជញ្ចូន ការការពារបរិស្ថាន តាមព្រំដែន ការប្រឆាំងចោរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ និងការទប់ស្កាត់ជម្ងឺឆ្លង។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តថា ការជួបប្រជុំបែបនេះមិនចាំបាច់មានអ្នកសម្រុះសម្រួលទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្ថែមថា បើបញ្ហាព្រំដែននៅតែមិនអាចរកដំណោះស្រាយបាន ភាគីទីបី គឺជាតម្រូវការពិតប្រាកដ ដោយប្រទេសកម្ពុជាមិនអាចរង់ចាំដំណោះស្រាយយូរពេកទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាទំនាក់ទំនងការទូតវិលត្រឡប់មករកភាព ប្រក្រតីឡើងវិញ ក៏ដោយ ក៏លោកមិនសប្បាយចិត្តទេ នៅពេលដែលកងទ័ពថៃ មិនទាន់ដកចេញពីទឹក ដីកម្ពុជានៅវត្តកែវសិក្ខាគីរីស្វារៈក្បែរប្រាសាទព្រះវិហារនោះ។
«ដរាបណាកងទ័ពថៃ មិនទាន់ដកចេញពីទឹកដីកម្ពុជា ទំនាក់ទំនងជាប្រក្រតីមិនទាន់ធម្មតា។ ការកែ សម្រួលកងទ័ព ត្រូវធ្វើឡើងដោយកម្រិតទ្វេភាគី។»
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវដល់រដ្ឋសភាថៃ ឱ្យអនុម័តកិច្ចព្រមព្រៀងចំនួនបីដែល បានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ សំដៅជួយដោះស្រាយបញ្ហាជម្លោះព្រំដែន៕